ពលរដ្ឋភាគ​ច្រើនៅ​កម្ពុជា នៅតែ​និយម​ប្រើឱសថ​​គ្មាន​វេជ្ជ​បញ្ជា

បច្ចុប្បន្ននេះប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ នៅតែ​និយម​​ប្រើប្រាស់​​ឱសថ​គ្មាន​វេជ្ជ​បញ្ជា​ដែលបញ្ហា​នេះ​បាន​ និង​​កំពុង​​បង្ក​​ផល​​ប៉ះពាល​​ធ្ងន់ធ្ងរ​​ដល់​​សុខភាព​​​​ប្រជាពល​រដ្ឋ​យ៉ាង​ខ្លាំង​ ។

1វាមិនមែនជារឿងចំឡែក​ទេសំរាប់​នៅប្រទេស​កម្ពុជា ព្រោះថា​ប្រជាពល​រដ្ឋ​មួយចំនួន​ធំនៅពេល​មានបញ្ហា​សុខភាព​មិនបាន​ទៅ​ជួបពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នោះទេ។ ជាដំបូង​ពួកគេតែង​តែទៅ​ពិគ្រោះ​ជាមួយអ្នក​លក់ឱសថ​នៅតាម​ឱសថ​ស្ថាន​នានា រួចហើយ​ឲ្យផ្សំថ្នាំ​ប្រើតែ​ម្តង។  មានខ្លះ​ក៏ប្រើត្រូវ​តែខ្លះ​ទៀតក៏​មិនត្រូវ​ហើយអ្នក​ដែលប្រើ​មិនត្រូវ​ក៏នៅ​តែមិន​បោះបង់​ការទៅ​ទិញថ្នាំ​នៅតាម​ឱសថ​ស្ថាន​នោះទេ​គឺគេទៅ​ស្វែងរក​ទិញថ្នាំ​នៅ​ឱសថ​ស្ថាន​មួយ​ទៀត។ រហូត​ដល់​ស្ថានភាព​ធ្ងន់ធ្ងរ​ទើប​បាន​ទៅរក​គ្រូពេទ្យ។ ករណីនេះ​ភាគច្រើន​ចំពោះ​បងប្អូន​ប្រជាពល​រដ្ឋ​រស់​នៅតាម​ទីប្រជុំ​ជន​និង​ជនបទ។ ដោយ​ឡែក​ចំពោះ​ប្រជាពល​រដ្ឋ​នៅទីក្រុង​វិញ មានមួយ​ចំនួនដែល​នៅតែ​ទំលាប់​ទៅទិញ​ថ្នាំដោយ​គ្មានវេជ្ជ​បញ្ជា​ដែរ។ មូលហេតុ​ដោយ​សារ​តែនៅ​ទីក្រុង​មានមន្ទីរ​ពេទ្យ​ច្រើន​ពិសេស​នៅរាជធានី​ភ្នំពេញ។

លោករតនរស់នៅភ្នំពេញ​បាននិយាយ​ថាមាន​ពេលខ្លះ​លោកក៏​ធ្លាប់ទៅ​ទិញថ្នាំ​ដោយគ្មាន​វេជ្ជបញ្ជា​ដែរតែ​ចំពោះ​តែជំងឺ​ឈឺ​ក្បាល​ឬផ្តាសាយ​តិចតួច​ប៉ុណ្ណោះ។ ទាក់ទង​នឹងជំងឺ​ដែលសង្គម​យើង​កំពុង​យកចិត្ត​ទុកដាក់​ដូចជា​ជំងឺ​ទឹក​នោមផ្អែម​លើស​ ឈាម​ឬជំងឺ​បេះដូង​គឺលោក​តែងតែ​ទៅធ្វើ​តេស្ត​ឈាម​មើលនៅ​ពេលមាន​បញ្ហាអ្វី​ជា​មួយ​គ្រូ​ពេទ្យ​​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យទិញ​ថ្នាំ​ព្យាបាល។ លោក​បានទទួល​ស្គាល់ថា​នៅស្រុក​ខ្មែរទំលាប់​ទិញថ្នាំ​តាមឱសថ​ស្ថាន​នៅតែមាន​ច្រើនដោយ​សារខ្វះ​ការ​យល់ដឹង​និងម្យ៉ាង​ទៀត​ពេទ្យរដ្ឋ​នៅឆ្ងាយ។

ការប្រើឱសថគ្មាន​វេជ្ជបញ្ជា​នេះ ត្រូវបាន​ក្រុម​គ្រូពេទ្យ​លើកឡើង​ថាវាពិត​ជាគ្រោះ​ថ្នាក់ខ្លាំង​ណាស់ដល់​សុខភាព​ប្រជាពល​រដ្ឋ​ និងធ្វើ​ឲ្យមាន​ហានិភ័យ​ដល់សុខភាព​ទៀតផង។​

ទាក់ទិននឹងបញ្ហានេះលោក​វេជ្ជ​បណ្ឌិត សុវណ្ណ កន្និដ្ឋា​ ឯកទេស​​​តំរង​នោម​​ និង​​លាង​​ឈាម​​​នៃមន្ទីរ​​​ពេទ្យ​​​កាល់​​ម៉ែត​​ធ្លាប់​បាន​​ថ្លែង​​ឲ្យ​ ដឹង​កាល​ពី​​ពេល​​ថ្មីៗ​​​នេះ​​​ថា «ការ​​ប្រើប្រាស់​​ថ្នាំ​​ដែល​​ពុំ​មាន​​វេជ្ជបញ្ជា​​​​ត្រឹម​ត្រូវ​​ និងផ្សំ​តាម​ឱសថ​ស្ថាន ដែល​​គ្មាន​អ្នក​ជំនាញ​​ត្រឹមត្រូវ វានឹង​​បង្ក​ឲ្យ​មានផលប៉ះ​ពាល់​ដល់​សរីរាង្គ​​របស់​យើង​​ជា​ច្រើន​​​ដែល​​​វា​​​អាច​ ធ្វើ​ឲ្យ​​អ្នក​ប្រើ​ប្រាស់​​​ត្រូវពុល​ថ្នាំ​ធ្វើ​ឲ្យតុក​ស៊ិក​ និង​ធ្វើ​​ឲ្យ​ខ្សោយ​​នូវ​ប្រព័ន្ឋ​​ការពារ​​រាងកាយ​​​របស់​យើង ​ជាពិ​សេស​​វាអាចប៉ះ​​ពាល់​​ដល់​​​តំរង​​​​នោម​​ និង​ជំងឺ​​ខ្សោយ​​តំរង​​នោម​​​​​ស្រួច​ស្រាវ​​ ដែលយើង​​តែង​តែ​​​បាន​ជួប​អ្នក​ជំងឺ​​ច្រើន​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​​​របស់​​យើង»។

លោកវេជ្ជបណ្ឌិត​ សុវណ្ណ កន្និដ្ឋា​ បាន​បញ្ជាក់​ថា​ការព្យា​បាល​​ជំងឺ​​​ខ្សោយ​តំរង​នោម​​ស្រួច​ស្រាវ​ គឺទាក់​ទង​នឹង​ការ​​លាង​​ឈាម​ និង​​ការ​​សំអាត​ជាតិពុល​​ក្នុងឈាម​។ អ្នកជំងឺ​​បែបនេះ​​​យើងត្រូវ​​​ធ្វើយ៉ាង​​ណា​​ឲ្យ​ការ​​ព្យាបាល​​​បាន​ជា​សះ​​ស្បើយ ​ឆាប់​រហ័ស​​ តែ​បើ​គាត់​រក​​មិនបាន​​​គ្រូ​ពេទ្យ​​​ឯកទេស​​​ត្រឹមត្រូវ​ទេ​ ហើយ​គាត់​​បែរ​ជាងាក​ទៅ​រក​ថ្នាំខ្មែរ​ គឺពិ​ត​ជា​មិន​អាច​ជួយ​ឲ្យជំងឺ​​​គាត់​បាន​ ជា​សះ​​ស្បើយនោះ​ទេ​ ផ្ទុយទៅ​វិញ​​វា​កាន់​​​តែ​រុញ​ឲ្យជំងឺ​​របស់គាត់​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​​ថែម​ទៀត​ និង​រុំារ៉ៃ​​ទៅវិញ​។

លោកបន្តែម​ទៀតថា​ ប្រសិន​​ជាអ្នកជំងឺ​​ទទួល​បានការ​ព្យា​បាល​​ជាមួយ​​គ្រូពេទ្យ​​ជំនាញ​ រយៈ​ពេល​ដែល​គាត់​ត្រូវ​ព្យាបាល​​គឺត្រឹម១​​ ឬ២​​អាទិត្យ​​ប៉ុណ្ណោះ​ តែបើ​គាត់​មិន​រក​សេវា​​ព្យាបាល​បាន​ត្រឹម​ត្រូវគាត់​​​នឹង​ត្រូវ​​លាង​ឈាម​​ មួយ​ជីវិត​ ដែលនេះ​ជាការ​​សោក​ស្តាយ​ មួយ​​​របស់​​គាត់​ ក៏ដូចជា​ប្រជាជាតិ​​របស់​​យើង​ផង​​ដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative