ក្រសួងសុខាភិបាល ព្រមានមន្ត្រី​ក្រោម​ឱវាទ​​កុំសេព​គ្រឿង​​ស្រវឹង និង​​លេង​ល្បែង​​ក្នុង​ពេល​​បំពេញ​​ការ​ងារ

ក្រសួង​សុខាភិបាល​ បាន​ព្រមាន​​ដល់​មន្ត្រី​​ក្រោម​​ឱវាទ ពិសេស​​ប្រធាន​​មន្ទីរ​​សុខា​ភិបាល​​រាជធានី ​ខេត្ត ឲ្យ​ត្រួត​ ពិនិត្យ និង​​ពង្រឹង​​លើ​ការងារ​​គ្រប់គ្រង​​មន្ត្រី​​សុខាភិបាល​​មួយ​ចំនួន ដើម្បី​​ជៀសវាង​​ការ​ប្រើ​ប្រាស់​​គ្រឿង​​ស្រវឹង និង​​លេង​ល្បែង​​ក្នុង​ពេល​​បំពេញ​​ការងារ ឬ​ពេល​​ប្រចាំ​ការ​​នៅ​​មន្ទីរពេទ្យ។

56y6654យោងតាម​សេចក្ដី​ប្រកាស​​មួយ​​របស់​ក្រសួង​​សុខាភិបាល កាល​ពី​ថ្ងៃ​​ទី​២២ តុលា ដោយ​ណែនាំ​ឲ្យ​ប្រធាន​​មន្ទីរ​​សុខា​ភិបាល​​រាជធានី​​ខេត្ត ឲ្យ​មន្ត្រី​​បុគ្គលិក​​មន្ទីរ​ពេទ្យ ឬ​​មណ្ឌល​​សុខភា​ព​​បញ្ឈប់​​ការ​ប្រើ​ប្រាស់​​គ្រឿង​​ស្រវឹង និង​​លេងល្បែង​​ក្នុង​ពេល​​បំពេញ​​ការងារ ឬ​ពេល​​យាម​​ប្រចាំ​ការ​​នៅ​មន្ទីរ​ពេទ្យ។

សេចក្ដី​ប្រកាស​ដដែល​​បាន​សរសេរ​​ថា ក្រសួង​​បាន​ទទួល​​ព័ត៌មាន​​អំពី​​មន្ត្រី​​រាជការ​​ផ្នែក​​សុខាភិបាល​​មួយ​​ចំនួន​​ បាន​​បន្ត​ប្រើ​ប្រាស់​​គ្រឿង​ស្រវឹង​​លេង​បៀ​​នៅ​ក្នុង​​ម៉ោង​​ការងារ ឬ​យាម​​ប្រចាំ​ការ​​នៅ​មន្ទីរ​ពេទ្យ​​ដែល​ជា​​ទង្វើ​​អាក្រក់​​អាច​រាំង​ស្ទះ​យឺត​យ៉ាវ ​ការងារ​​ក្នុង​ករណី​​មាន​ជំងឺ​​ត្រូវ​ការ​​សេវា​សង្គ្រោះ​​បន្ទាន់។ ចំណែក​​អ្នក​ផ្ដល់​​សេវា​​វិញ​មាន​​អាក​ប្ប​កិរិយា​​មិន​សម​រម្យ​​ជាមួយ​​អ្នក​ជំងឺ ដែល​នាំ​​ឲ្យ​អ្នក​​ជំងឺ​នឹង​​ទទួល​​រង​នូវ​​សម្ពាធ​​ច្រើន​នឹង​​អាច​កើត​​មាន​បញ្ហា​ ​មិន​​ប្រក្រតី។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បានមាន​ប្រសាសន៍ កាលពី​រសៀល​ថ្ងៃទី​២៤ តុលា ថា​សេចក្តី​ប្រកាស​នេះគ្រាន់​តែធ្វើ​ការណែនាំ​ដល់គ្រូ​ពេទ្យ ឬមន្ត្រី​បុគ្គលិក​មួយចំនួន​តូច ដែល​កន្លង​មក​បាន​ ប្រើ​ប្រាស់​គ្រឿង​ស្រវឹង ពេល​បំពេញ​ការងារ​ដែលធ្វើ​ឲ្យបាត់​បង់​តំលៃ​ជាគ្រូពេទ្យ។ លោករដ្ឋ​មន្ត្រី បាន​បន្ត​ថា​ «មាន​គេ​ប្តឹងមក​ខ្ញុំថាមាន​ពេទ្យ​និង​បុគ្គលិក​មន្ត្រី​រាជការ​មួយចំនួន​ពេលយប់​ទទួល​ទាន​ស្រា​ពេល​បំពេញ​ការងារ។ តែមាន​ម៉ាចំនួន​តូច ទេអញ្ចឹង​ហើយទើប​ក្រសួង បានចេញ​សេចក្តី​ប្រកាស​ណែនាំ ដល់​ប្រធាន​មន្ទីរ​ សុខាភិបាល​រាជធានី​ខេត្ត ត្រូវធ្វើ​ការណៃ​នាំ​ដល់ពេទ្យ និង​បុគ្គលិក ដែលបាន​ប្រព្រឹត្តិ ដូច​សេចក្តី​ណែនាំ​ ខាងលើ​ដើម្បី​ធានា​បាន​នូវសេចក្តី​ថ្លៃថ្នូរ​ជាគ្រូពេទ្យ​ដែល​ប្រជាពលរដ្ឋ​គោរព​ស្រលាញ់»។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នក​នាំ​ពាក្យ​​ក្រសួង​​សុខាភិបាល មាន​​ប្រសាសន៍​​ថា ដើម្បី​​ពង្រឹ​ង​​លើ​​ការងារ​សុខា​ភិបាល ក្រសួង​​បាន​ប្រកាស​​ជា​ថ្មី​​ទៀត ដោយ​ដាស់​តឿន​​ឲ្យ​មន្ត្រី​​សុខា​ភិបាល​​គោរព​​ក្រម​សីលធម៌​​វិជ្ជាជីវៈ​​របស់​​ខ្លួន​ ក្នុង​ពេល​​បំពេញ​​ការងារ​​ក្នុង​ការ​​យក​ចិត្ត​​ទុកដាក់​​ថែទាំ​អ្នក​​ជំងឺ។

លោក​ថា គ្រូពេទ្យ​ត្រូវ​ជៀសវាង​​ឲ្យ​បាន​នូវ​​ការ​ប្រើ​ប្រាស់​​គ្រឿង​​ស្រវឹង និង​​លេង​​ល្បែង​​ក្នុង​ពេល​​បំពេញ​​ការងារ​​ឬ​​ពេល​​ប្រចាំ​ការ​​នៅ​​មន្ទីរ​ពេទ្យ។ ប៉ុន្តែ​លោក​​មិន​បញ្ជាក់​​ប្រាប់​ថា បញ្ហា​​នេះ​កើត​​ឡើង​នៅ​​ក្នុង​​មន្ទីរ​​សុខា​ភិបាល​​ណា​មួយ​​នោះ​ទេ គឺ​គ្រាន់​​អះអាង​​ថា​ក្រសួង​​បាន​ទទួល​​ព័ត៌​មាន​​ពី​​ប្រជាពល​រដ្ឋ។

លោក លី សូវ៉ាន់ «ករណី​​កើត​ឡើង​​តិចតួច​​ដែល​យើង​​ទទួល​​បាន​​ព័ត៌មាន។ បច្ចុប្បន្ន​​នេះ​​ក្រសួង​​កំពុង​​តែ​ធ្វើ​​កំណែ​​ទម្រង់​​ស៊ី​ជម្រៅ​​ទាំង​​ការ​​គ្រប់គ្រង គ្រប់​ស្ថាប័ន​​ទាំង​អស់​​ទាំង​គ្លីនិក​​មន្ទីរពេទ្យ​​ឯកជន ក៏​ដូច​ជា ឱសថ​ដ្ឋាន​ អ្នក​លក់​​ថ្នាំ​ទាំង​​អស់​ត្រូវ​​មាន​ច្បាប់​​ទាំង​អស់ ដោយ​ឡែក​​ក្នុង​មន្ទីរ​ពេទ្យ​ទាំង​​អស់​ត្រូវ​​តែ​គ្រប់​គ្រង​​ឲ្យ​គ្រូពេទ្យ​ ឲ្យ​​គាត់​យក​​ចិត្ត​ទុក​ដាក់​ឲ្យ​​បាន​ខ្ពស់​​ក្នុង​ការ​ថែ​ទាំ​អ្នក​​ជំងឺ»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative