កម្ពុជា​នឹង​រៀបចំ​ទិវា​រត់ប្រណាំង​អន្តរជាតិ​​ពាក់​កណ្តាល​​ម៉ា​រ៉ា​​តុង​ នៅ​អង្គរ​វត្ត​​លើក​ទី​២០​នៅ​ដើម​ខែ​​ធ្នូ

គណៈកម្មការ​ជាតិ​​អូឡាំពិក​​កម្ពុជា ​សហការ​​ជាមួយ​​ក្រុមហ៊ុន មេ​នូ​​ឡាយ​ហ្វ៍ ខេ​ម​​បូ​ឌា ដែល​ជា​អ្នក​​ឧបត្ថម្ភ​​ធំ​​នឹង​​រៀប​ចំ ទិវា​រត់​ប្រណាំង​​អន្តរ​ជាតិ ពាក់​កណ្តាល​​ម៉ា​រ៉ា​តុង នៅ​អង្គរ​វត្ត​លើក​ទី​២០ នៅ​ថ្ងៃ​ទី០៦​ ខែធ្នូ ​ឆ្នាំ​២០១៥ ខាង មុខ​​ដើម្បី​​ប្រមូល​​ថវិកា​​ជួយ​ដល់​​អង្គការ​​មនុស្សធម៌​​នានា​​ដែល​គាំទ្រ​​ដល់​កុមារ​កំព្រា​ ​និង​​ជនរង​គ្រោះ​​ដោយ​សារ​​គ្រាប់​មីន​​នៅ​កម្ពុជា​ដូចជា មន្ទីរ​ពេទ្យ​​គន្ធបុប្ផា មន្ទីរ​ពេទ្យ​កុមារ​​អង្គរ និង​កាក​បាទ​ក្រហម​កម្ពុជា​​ជាដើម។

e45345លោក វ៉ាត ចំរើន អគ្គលេខា​ធិការ​​គណៈ​កម្មកា​រ​​ជាតិ​​អូឡាំពិក​​កម្ពុជា​ ​និង​ជា​​អនុរដ្ឋ​លេខាធិ​ការ​​ក្រសួង​ទេស​ចរណ៍​​មានប្រសាសន៍​ថា៖ «យើង​​ពិតជា​​រីករាយ​​ក្នុងការ​ចាប់​ដៃ​គូ​ជា​មួយ​ក្រុម​ហ៊ុន មេ​នូ​​ឡាយ​ហ្វ៍ ខេ​ម​​បូ​ឌា។ កីឡា​រត់​ប្រណាំង​​អន្តរជាតិ ពាក់​កណ្តាល​​ម៉ា​រ៉ា​តុង នៅ​​អង្គរ​វត្ត មិន​​ត្រឹម​តែ​ក្លាយជា​​ព្រឹត្តិការណ៍​​ប្រមូល​​ថវិកា​​ដ៏​ធំ​បំផុត​​មួយ​នៅ​​កម្ពុជា​​ដើម្បី​​ជួយ​កុមារ​កំព្រា និង​​ជនពិការ​​ប៉ុណ្ណោះ​​ទេវា​ក៏​ដើរ​តួនាទី​​យ៉ាង​សំខាន់​​ក្នុង​ការ​ជួយ​​បង្កើន​​ចំនួន​​ភ្ញៀវ​​ទេស​ចរណ៍​​នៅ​កម្ពុជា​​ផងដែរ»។ លោក​បាន​​បន្តថា​​កាលពី​ឆ្នាំ​១៩៩៦​ដែល​កម្ពុជា​​យើង​បាន​រៀបចំ​​ព្រឹត្តិ​ការ​ណ៍​​ពាក់​កណ្តាល​​រត់​ម៉ា​រ៉ា​​តុង​​មាន​អ្នក​ចូលរួម​​ប្រមាណ​​តែ៤​ទៅ​៥០០​នាក់​ទេ ​ដែល​ភាគ​ច្រើន​​អ្នកចូល​រួម​​ជា​ជន​បរទេស ​រស់នៅ​​និង​ស្នាក់​នៅ​ក្នុង​ប្រទេស​​កម្ពុជា។ ចំនួន​នេះ​​បាន​កើន​​ឡើងជា​​បន្តបន្ទាប់​រ​ហូត​​ដល់​ឆ្នាំ​២០១៤ កន្លង​ទៅ​មាន​អ្នក​ចូលរួម​ព្រឹត្តិ​ការណ៍​នេះ​ប្រមាណ​៨ពាន់​​នាក់​ ហើយ​នៅ​​ឆ្នាំនេះ​​សង្ឃឹមថា​នឹង​កើន​ឡើង​ដល់​​ជាង​៨ពាន់​​នាក់​ ដែល​​រហូត​មក​ដល់​ពេលនេះ​​មាន​ជន​បរទេស​​បាន​ចុះ​ឈ្មោះ​​ប្រមាណ​​ជិត៤ពាន់​​នាក់​​ហើយ​សង្ឃឹម​ថា​ជន​បរទេស​​នឹង​បន្ត​​ចុះឈ្មោះ​​ប្រមាណ​១ពាន់​​នាក់​ទៀត​​ព្រោះថា​​ពេលវេលា​​នៅសល់​ជាង​១ខែ​​ទៀត។

លោក ​វ៉ា​ត ចំរើន ​បាន​​បន្ថែមថា​​ចំពោះ​​បងប្អូន​​កម្ពុជា​​យើង​នៅ​មិន​ទាន់បាន​​ចុះឈ្មោះ​​នៅឡើយ​​ទេ​តែ​​ពួកគាត់​​នឹង​ចុះ​ឈ្មោះ​នៅ​ពេល​ជិត​​ចូល​មក​ដល់​ដែល​​នេះ​គឺជា​​ទំលាប់​​របស់​​ពួគគាត់​​ទៅហើយ។

ការចុះឈ្មោះ​មុននេះ​សំរាប់​​ជនបរទេស​​អាច​ចំណេញ​​ថវិកា​​បាន​មួយ​ចំនួន​​ដែរ​បើ​តាម​​លោក ​វ៉ាត ​ចំរើន ​ការ​ចុះ ​ឈ្មោះ​​នៅក្នុង​ខែ​តុលា​​នេះ ​ចំពោះ​​ការ​ត់​​ចំងាយ​២១​គីឡូម៉ែត្រ​​តំលៃ​តែ​៤៥​ដុល្លា​ទេ ​តែបើ​​ចុះ​ចាប់​ពី​ថ្ងៃទី​១ដល់​​ថ្ងៃ​ទី១៤ វិច្ឆិកា​ នឹងត្រូវ​​បង់​តំលៃ​៥៥​ដុល្លា​​សំរាប់​​ជនជាតិ​ខ្មែរ​​បង់១៥​ដុល្លា។ សំរាប់​​រត់​ចំងាយ​១០គីឡូ​​ត្រូវ​​បង់​ ៤០​ដុល្លា​ សំរាប់​​ជនបរទេស​​តែបើ​ចុះ​ឈ្មោះ​នៅ​​ខែក្រោយ​​ត្រូវ​បង់​៥០ដុល្លា ​និង​​សំរាប់​​ជនជាតិ​ខ្មែរ​​បង់១២ដុល្លា​​និង​ចំងាយ​៣គីឡូ​​ វិញ​សំរាប់​​បរទេស​​បង់​តំលៃ​២០ដុល្លា ​សំរាប់​​នៅក្នុង​​ខែតុលា​​តែបើ​ចុះ​ឈ្មោះ​នៅ​​ខែក្រោយ​​ត្រូវ​​បង់​៣០​ដុល្លា ​និង​​ជនជាតិ​ខ្មែរ​បង់​៥ដុល្លា។

កាលពី​ខែកក្កដា ឆ្នាំ២០១៥ កន្លង​ទៅ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​​បូ​ឌា បាន​ចុះ​​កិច្ចព្រម​ព្រៀង​​ដែល​មាន​​រយៈ​ ពេល​៥ឆ្នាំ​ ជាមួយ​​គណៈកម្មការ​​ជាតិ​​អូឡាំពិក​​កម្ពុជា​ ដើម្បី​​ក្លាយជា​​អ្នក​​ឧបត្ថម្ភ​ធំ​​សម្រាប់​​ព្រឹត្តិ​ការណ៍​​រត់​ប្រណាំង​​អន្តរ​ជាតិ ពាក់​កណ្តាល​​ម៉ា​រ៉ា​តុង​​នេះ។ កាលពី​​ឆ្នាំ២០១៤ ក្រុមហ៊ុន​មេ​នូ​ឡាយ​ហ្វ៍​​ខេ​ម​បូ​ឌា​​គឺជា​អ្នក​​ឧបត្ថម្ភ​​ធំ​សម្រាប់​​ព្រឹត្តិ​ការណ៍​​រត់ប្រណាំង​​ពាក់កណ្តាល​​ម៉ា​រ៉ា​តុង​​នេះ។

លោក Robert Elliott អគ្គនាយក​​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​​រប​ស់​​ក្រុមហ៊ុន​មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​​បូ​ឌា​ មាន​ប្រសាសន៍​ថា «ចាប់តាំង​ពី​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍​​ធ្វើ​អាជីវកម្ម​​របស់ខ្លួន​​នៅ​កម្ពុ​ជា​ជាង៣ឆ្នាំ​​កន្លង​ទៅ ពួក​យើង​​បាន​ប្តេជ្ញា​ចិត្ត​ជួយ​​ប្រជាជន​​កម្ពុជា និង​បុត្រ​​ធីតា​​របស់​​ពួកគេ​​កសាង​​អនាគត​ដ៏​ល្អប្រសើរ​​មួយ»។

លោក​បាន​បន្តថា«សុខមាលភាព គឺជា​ការ​យកចិត្ត​​ទុក្ខ​ដាក់​​យ៉ាងសំខាន់​​របស់​​ក្រុមហ៊ុន ដូច្នេះ​​ការគាំ​ទ្រ​ដល់​​ការ​រត់​ប្រណាំង​​ដែល​ជួយ​​ផ្សព្វផ្សាយ​​អំពី​​សារៈ​សំខាន់​​នៃ​សុខភាព គឺជា​​ឱកាស​ល្អ​បំផុត​​សម្រាប់​​ក្រុមហ៊ុន​មេ​នូ​ឡាយ​​ហ្វ៍ ហើយ​​ឆ្នាំនេះ​​គឺជា​ខួប​​គម្រប់​២០ឆ្នាំ​​របស់​​ព្រឹត្តិ​ការណ៍រ​​រត់ប្រណាំង​​នេះ»។

ការរត់​ប្រណាំង នឹង​ចាប់ផ្តើម​​នៅ​តំបន់​រមណីយ​ដ្ឋាន​​ប្រវត្តិ​​សាស​ប្រាសាទ​អង្គរវត្ត​​ខ្លោង​ទ្វារ​​ខាងលិច ដែលជា​​កន្លែង​​គោរព​​សាសនា​​ធំជាង​គេ​បង្អស់​​នៅលើ​សាកល​លោក ហើយ​រត់​តាម​​ឧទ្យាន​​បុរាណ​​អង្គរ​​នៃ​​ប្រាសាទ​​សាសនា​​ហិណ្ឌូ​​និង​ព្រះពុទ្ធ​សាសនា​​នា​សម័យ​បុរាណ​​ដែលមាន​​ទេសភាព​​ស្រស់​បំព្រង។

ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍​ នឹង​​សហ​ការណ៍​​គាំទ្រ​​ព្រឹត្តិ​ការណ៍​រ​ត់ប្រណាំង​​អន្តរជាតិ ​ពាក់​កណ្តាល​​ម៉ា​រ៉ា​តុង​​នៅ​​អង្គរ​វត្ត​​សម្រាប់​​រយៈ​ពេល៥ឆ្នាំ​​គឺ ឆ្នាំ​ទី១​នៅ​ថ្ងៃទី០៦ ខែធ្នូ​ ឆ្នាំ​២០១៥  ឆ្នាំ​ទី​២ នៅ​ថ្ងៃ​ទី០៥ ខែធ្នូ ឆ្នាំ​២០១៦ ឆ្នាំ​ទី​៣ នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ ឆ្នាំ​ទី​៤ នៅ​ថ្ងៃ​ទី០៣ ខែធ្នូ ឆ្នាំ​២០១៨ និង​ឆ្នាំ​​ទី៥ នៅ​ថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ២០១៩ ខាង មុខ​។

លោក ​វ៉ា​ត់​ ចំរើន​ បាន​បញ្ជាក់ថា​​នៅក្នុង​កិច្ច​សហការ​​ជាមួយ​​ក្រុមហ៊ុន​មេ​នូ​ឡាយ​ហ្វ៍​​ក្នុង​រយៈ​ពេល៥​ឆ្នាំនេះ​​យើង​សង្ឃឹម​ថា​នឹងមាន​​អ្នកចូល​រួម​រត់​ប្រណាំង​​ពាក់កណ្តាល​​ម៉ា​រ៉ា​តុង​​នេះ​ប្រមាណ​​ជាង១ម៉ឺន​​នាក់។

គួរ​បញ្ជាក់ថា​ដើម្បី​​ចុះឈ្មោះ​​ចូលរួម​រត់​ប្រណាំង​​អន្តរជាតិ ពាក់​កណ្តាល​​ម៉ា​រ៉ា​​តុង នៅ​អង្គរ​វត្ត​លើក​​ទី២០ សូម​ទៅ​កាន់​​គេហទំព័រ www.angkormarathon.org  ឬ​ទំនាក់​ទំនង​​តាមរយៈ​​ទូរស័ព្ទ​​លេខ ០២៣ ២១៣ ៥២។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative