កម្ពុជានឹងកាត់បន្ថយការ​ចំលង​មេរោគ​អេដស៍ មកត្រឹម​៣០០​នាក់​ក្នុង១​ឆ្នាំ នៅ​ឆ្នាំ​២០២០

តាម​របាយការណ៍​របស់​​មជ្ឈ​មណ្ឌល​​ជាតិ​ប្រយុទ្ធ​​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​​កាម​រោគ បាន​បង្ហាញ​ថា​នៅឆ្នាំ​ ២០១៥​ កម្ពុជា​គ្រោង​នឹងកាត់​បន្ថយ​អត្រា​ចំលង​មេរោគ​អេដស៍​ថ្មី ឲ្យធ្លាក់​នៅក្រោម​៥% មកនៅ​ត្រឹម​ក្រោម​២ ភាគ​រយ​ពោលគឺ​ប្រមាណ​៣០០​នាក់ ក្នុង១​ឆ្នាំ នៅឆ្នាំ​២០២០ ខាងមុខ​នេះ។

3425ការកាត់បន្ថយការចំលង​​មេរោគ​​អេដស៍​​ធ្លាក់​ចុះ ​មក​នៅ​​ត្រឹម​​អត្រា​​ក្រោម​ ៣០០​​នាក់​ក្នុង​​មួយឆ្នាំ នៅ​ឆ្នាំ​​២០២០​ នេះ​ គ្រោង​​នឹង​​ចំណាយ​​ថវិកា ប្រមាណ​​២៥​​លាន​​ដុល្លារ​ ក្នុង​​មួយឆ្នាំៗ។​

តាមរបាយការណ៍ដដែលបានឲ្យ​ដឹងទៀត​ថាសព្វ​ថ្ងៃ មាន​អ្នករស់​នៅ​ជាមួយ​មេរោគ​អេដស៍ ប្រមាណ​ ៧២,០០០​ នាក់ ដោយ​ក្នុងចំណោម​នេះ មានអ្នក​ត្រូវការ​ឱសថ ប្រឆាំង​នឹងមេរោគ​អេដស៍ ប្រមាណ​ជា ៦០,០០០​នាក់។  ក្នុងមួយ​ឆ្នាំៗ​មានអ្នក​ស្លាប់ដោយ​សារជំងឺ​អេដស៍ (AIDs) ​ជិត​១០០០​នាក់។

អត្រាផ្ទុកមេរោគអេដស៍គឺ​ត្រូវបាន​រកឃើញ​ទៅលើ​ក្រុម​បុរស​ស្រឡាញ់​បុរស (MSM) មាន​ចំនួន​២.២ ​ភាគរយ​ ខណៈ​ដែលអត្រា​អ្នកផ្ទុក​មេរោគ​អេដស៍​លើមនុស្ស​ទូទៅ​មានចំនួន​តែ០.៧​ភាគរយ​ប៉ុណ្ណោះ។ តាមការ​ប៉ាន់​ ស្មាន​គឺមាន​ក្រុម​បុរស​ស្រឡាញ់​បុរស​ផ្ទុក​មេរោគ​អេដស៍​ប្រហែល​ជា​២៦,០០០​នាក់ នៅទូ​ទាំង​ប្រទេស​ ដែល​ ក្នុងនោះ​លើសពី​៥,០០០​នាក់ ទៅ​៦,០០០​នាក់ ស្ថិត​នៅក្នុង​រាជធានី​ភ្នំពេញ។

បើតាមលោក​វេជ្ជបណ្ឌិត​ ទា ផល្លា អនុ​ប្រធាន អាជ្ញា​ធរ​​ជាតិ ប្រយុទ្ធ​​ប្រឆាំង​​ជំងឺ​អេដស៍ បាន​​និយាយ​​ថាការ​​ឆ្លង​​រីក​រាល​ដាល នៃ​​ជំងឺ​អេដស៍​​ថ្មី ក្នុង​​ប្រទេស​​កម្ពុជា មាន​ការ​​ថយ​ចុះ​​ជា​​មធ្យម ពី​ជាង​​១០០​នាក់ មក​សល់​ត្រឹម ៣​ ទៅ​៤នាក់​ក្នុងមួយ​ថ្ងៃ។ ការថយ​ចុះនេះ គឺបណ្តាល​មកពី​ការយល់​ដឹង របស់​ប្រជាពល​រដ្ឋ អំពី​ជំងឺ​អេសដស៍​ ពិសេស​ការប្រើ​ប្រាស់​ស្រោម​អនាម័យ​បាន​១០០%​នៅពេល​រួមភេទ​ជាមួយដៃ​គូខាង​ក្រៅ។

ប្រទេសកម្ពុជាបានទទួលជោគ​ជ័យយ៉ាង​ត្រចះ​ត្រចង់ ក្នុងការ​កាត់​បន្ថយ​អត្រាឆ្លង​មេរោគ​អេដស៍ ក្នុង​ចំណោម​ មនុស្ស​ពេញវ័យ​ដែលមាន​អាយុ​ចាប់ពី​១៥ឆ្នាំ​ដល់អាយុ​៤៥ឆ្នាំ។ នៅឆ្នាំ​១៩៩៨​ប្រទេស កម្ពុជា មាន​អត្រា​ផ្ទុក​ ជំងឺ​អេដស៍ ខ្ពស់​គឺមាន​ប្រមាណ​២% ប៉ុន្តែ​បន្ទាប់​ពីរាជរដ្ឋា​ភិបាល បានដាក់​ចេញនូវ​យុទ្ធសាស្រ្ត​ការ​ប្រើ​ប្រាស់​​ស្រោម​អនាមយ័​១០០%​ នៅក្នុងឆ្នាំ​១៩៩៩ មកអត្រា​ឆ្លងជំងឺ​អេដស៍ បានធ្លាក់​ចុះជាបន្ត​បន្ទាប់ រហូត​មក​ដល់​ បច្ចុប្បន្ន​នេះនៅត្រឹម​ប្រមាណ​៧២៥១២​នាក់ ហើយកំពុង​បន្តធ្លាក់​បន្តទៀត​នាពេល​ខាងមុខ​នេះ។ ភាព​ជោគ​​ជ័យ​នេះ​បាន​ធ្វើឲ្យ​​កម្ពុជា​ទទួលបាន​ការសសើរ​ពីអង្គការ​សហប្រជាជាតិ​ថាជាប្រទេស​មួយឈាន​មុខគេក្នុង​ការកាត់​បន្ថយ​អត្រា​ឆ្លងមេរោគ​អេដស៍។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ធ្លាប់​បានមាន​ប្រសាសន៍​ថា ជំងឺ​អេដស៍ នៅ​កម្ពុជា ​នៅមិន​ទាន់ចប់​នៅឡើយ​ទេ ព្រោះជំងឺ​នេះនៅតែ​បន្តគំរាម​គំហែង​ដល់​ប្រជាពលរដ្ឋ​យើងនៅ​ឡើយ។ ដូចនេះ​ វិធាន​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​ក៏នៅមិន​​ទាន់ចប់​ដែរត្រូវ​បន្តប្រើ​វានៅពេល​មានដៃគូ​ខាងក្រៅ​ដោយសារ​នៅកម្ពុជា​ការឆ្លង​ជំងឺ​អេដស៍​គឺតាម​រយះ​ការរួម​ភេទ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative