រដ្ឋាភិបាល លុប​ចោល​ប្រាក់​ពន្ឋ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ម៉ូតូ និង​ម៉ូតូ​កង់បី

ក្នុងគោលដៅសម្រាល​ការលំបាក​របស់​ប្រជាពល​រដ្ឋ រាជ​រដ្ឋាភិបាល បាន​ប្រ​កាស​ថានឹង​លុបចោល​ការ​យក​ពន្ឋ​លើ​ទោចក្រ​យានយន្ត និង​ត្រីចក្រ​យានយន្ត​(ម៉ូតូ​កង់បី) ដែល​ធ្វើឲ្យ​រដ្ឋា​ភិបាល​ខាតបង់​ប្រាក់​ជិត​១.៥​លាន​ដុល្លារ​អាមេរិក។

88លោកផៃ ស៊ីផាន អ្នកនាំ​ពាក្យទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី បានថ្លែង​បញ្ជាក់​ឲ្យដឹង​​នៅព្រឹក​ថ្ងៃទី​២១ តុលា នេះ​ថាតាម​សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១៦ ដែល​គណៈ​រដ្ឋមន្រ្តី បាន​អនុម័ត​នៅថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​២០១៥ នេះ​រាជ​ រដ្ឋា​ភិបាល បាន​សម្រេច​លុបចោល​បា្រក់​ពន្ធ ការយក​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​មួយ​ចំនួន​(ពន្ធផ្លូវ) ​ដូចជា​ទោ​ចក្រ​យាន​យន្ត (ម៉ូតូ) និងត្រី​ចក្រ​យាន​យន្ត (ម៉ូតូ​កង់៣) ដើម្បី​កាត់​បន្ថយ​បន្ទុក​ចំណាយ របស់​ប្រជាពល​រដ្ឋ ដែល​មាន​បា្រក់​ចំណូល​ទាប ។

​លោកបន្តថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី ហិរញ្ញ​វត្ថុ​សម្រាប់​គ្រប់​គ្រង​ឆ្នាំ​២០១៦ ដែលត្រូវ​បាន​គណៈ​រដ្ឋមន្រ្តី​អនុម័ត​នៅថ្ងៃ​នេះ នឹងបញ្ជូន​ទៅកាន់​រដ្ឋសភា ដើម្បី​ប្រជុំ​ពិនិត្យ និង​អនុម័ត​យ៉ាងយូរ​នៅចុង​ខែធ្នូ ឆ្នាំ​២០១៥ ហើយ​នៅពេល​រដ្ឋ​សភា​អនុម័ត​ចូលជា​ធរ​មាន ពេល​នេះ​ការយក​ពន្ធផ្លូវ​សម្រាប់​ម៉ូតូ និងត្រី​ចក្រយាន​យន្ត នឹង​ត្រូវចាប់​ផ្តើម ប៉ុន្តែ​សម្រាប់​ពេលនេះ​ការបង់​ពន្ធ​ផ្លូវ​នៅអនុវត្ត​ធម្មតា។

​តាមសេចក្តីព្រាង​ច្បាប់​ដដែល រាជ​រដ្ឋាភិបាល ក៏បាន​សម្រេច​នឹងលុប​ចោល​ការ​យកពន្ធ​លើមធ្យោបាយ​ដឹក​ជញ្ជូន ដូចជា​ត្រាក់​ទ័រ និង​គ្រឿង​យន្ត​ប្រហាក់​ប្រ​ហែល ដើម្បី​លើកស្ទួយ​ដល់វិស័យ​កសិកម្ម ពិសេស​ដើម្បី​លើកទឹក​ចិត្ត​ និង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​កសិករ។

​លោកផៃ ស៊ីផាន បានបន្ត​ថា បន្ថែម​លើសនេះ​ទៀត នៅក្នុង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញ​វត្ថុ សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១៦​ ដដែល រាជ​រដ្ឋា​ភិបាល ក៏នឹង​លុបចោល​ការ​យកពន្ធ​លើជល​យាន​ធុនតូច (ទូក ​កាណូត​ កប៉ាល់) ដើម្បី​កាត់​បន្ថយ​បន្ទុក​ចំណាយ​របស់​ប្រជាពល​រដ្ឋ ដែលប្រើ​ប្រាស់​ជលយាន​យន្ត​ទាំងនោះ ជា​មធ្យោបាយ​ដឹក​ជញ្ជូន និង​ប្រកប​អាជីវកម្ម​ជាលក្ខណៈ​គ្រួសារ ។

លោក ស្រី ចន្ឋី អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​បានថ្លែង​ថា ការ​ដែល​រដ្ឋា​ភិបាល​លុបចោល​ការ​យកពន្ឋ លើ​មធ្យោ​បាយ​ដឹក​ជញ្ជូន​ធុនស្រាល​ទាំងនេះ​ជារឿង​ម្យ៉ាង តែជាទូ​ទៅ​ប្រជាជន​ក្រីក្រ​ពួកគាត់​មិនសូវ​មាន​​ម៉ូតូ និង​ម៉ូតូ​កង់បី​នោះ​ទេ ហើយ​ការ​បង់​ពន្ឋ​លើ​ម៉ូតូ និង​ម៉ូតូ​កង់បី​មិនជា​ច្រើន​នោះទេ វាមិន​មែន​ជាបន្ទុក​សម្រាប់​ពួកគាត់​​នោះទេ ។ បើលើក​លែង​ពន្ឋបែប​នេះ អ្នក​មាន​ជីវភាព​ខ្ពស់ក៏​ដូចខ្លួន ដូចនេះ​បើ​រដ្ឋា​ភិបាល​ចង់ជួយ​អ្នកក្រីក្រ​ពិតប្រាកដ​មែន រដ្ឋាភិបាល​ក៏មាន​បញ្ជីរ​ឈ្មោះ​អ្នកក្រីក្រ​ពិត​​ប្រាកដ​ប៉ុន្មាន​ដែរ។ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​លើកលែង​ពន្ឋ​សម្រា​ប់​តែអ្នក​ក្រីក្រ និង​យកប្រាក់​ពន្ឋពី​អ្នកមាន​លទ្ឋភាព​ ដើម្បី​យក​ថវិកា​មក​កសាង​ផ្លូវ​ឬហេដ្ឋា​រចនា​សម្ព័ន្ឋ​​ផ្សេងៗ​ទៀត។

លោកបន្តថា “ប្រសិន​ជារដ្ឋា​ភិបាល​យកពន្ឋ​ពីអ្នកមាន​ជីវភាព​មិនក្រីក្រ រដ្ឋាភិបាល​អាច​ចំណេញ​បីយ៉ាង​ទី១ ជា​ទម្លាប់​មួយ​ដែល​ជំរុញ​ឲ្យ​ប្រជាពល​រដ្ឋ​គោរព​ច្បាប់ ទី២ បើពួក​គេបង់​ពន្ឋ​ជា​ប្រចាំ ពួកគេ​ក៏អាច​មាន​ប័ណ្ណ​កម្មសិទ្ឋិ និង​រក្សា​បាន​នូវ​ប័ណ្ណ​កម្មសិទ្ឋិ​ស្រប​ច្បាប់​លើទោ​ចក្រ​យានយន្ត ឬ​ត្រីយន្ត​យានយន្ត​បានល្អ និងទី៣ រដ្ឋាភិបាល​អាចមាន​ប្រាក់​ទៅ​​កសាង​ហេដ្ឋារចនា​សម្ព័ន្ឋ​នានា ហើយ​រដ្ឋាភិបាល​ក៏គួរ​បង្ហាញ​ពី​គណនេយ្យ​ភាព​ថាយក​​ថវិកា​ពី​ប្រជាពល​រដ្ឋ​ទៅធ្វើអ្វី​ផង​ដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative