ការបំលាស់​ទី​ផ្ទះ​​បណ្តែត​​ទឹក នៅ​ខេត្ត​កំពង់​ឆ្នាំង ដើម្បី​លើក​​កំពស់​​សុខ​មាល​ភាព​​ប្រជា​ពល​រដ្ឋ

អាជ្ញាធរខេត្តកំពង់​ឆ្នាំង បាន​អោយដឹង​​​ថាយើង​ត្រូវបំលាស់​​ទី​ផ្ទះ​​បណ្តែត​​ទឹក​ និងផែរ​ត្រី​​ចេញ​ពីទឹក​ឲ្យ​អស់ច្រាំង​ទន្លេ​​ផ្សារ​ក្រោម​ដើម្បី​រៀបចំ​​សណ្តាប់​ធ្នាប់ សោភ័ណ​ភាព អនាម័យ បរិស្ថាន​​ទឹក​ទន្លេ ក្នុង​ការ​លើក​កំពស់​​ជីវភាព​​រស់នៅ និង​សុខ​ មាលភាព​ ប្រជាពល​រដ្ឋ​​នៅ​ទូ​ទាំង​​ខេត្ត​កំពង់​ឆ្នាំង ក៍​ដូច​ជា​​ប្រជាពលរដ្ឋ​​ដែល​នៅ​ជាប់​​ដង​​ទន្លេ​សាប​​ក្នុង​ប្រទេស​​កម្ពុជា​ ។

434444គិត​មក​ត្រឹម​​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ​នេះ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បាន​បំលាស់​​ទីផ្ទះ​​បណ្តែត​​ទឹក​​បានជាង​​១​ពាន់​​ខ្នង​ ស្មើនឹង​​៩៨% ​នៅសល់​ប្រមាណ​​​២% មិនទាន់​បាន​​បំលាស់​​ទី​ចាក​​ចេញពី​​ទីតាំង​​ចាស់​​របស់​គេ​តាម​​គំរោង​​របស់​ ។

លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាល​រង​ខេត្ត​កំពង់​ឆ្នាំង និង​ជា​​ប្រធាន​​ក្រុមការ​ងារ ​ចុះ​​បំលាស់​​ទី​ផ្ទះ​​បណ្តែត​​ទឹក​បាន​​អោយ​ដឹង​​កាល​ ពី​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​​២០១៥ ​នេះ​ថា​នៅ​ក្នុង​លិខិត​​ជូនដំណឹង​​លេខ ៨៤៦​​សជណ ចុះ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​​២០១៥ ​របស់​​សា​លា​ខេត្ត​​កំពង់​ឆ្នាំង ស្តីពី​ការ​ចាត់​​វិធាន​ការណ៍​​បំលាស់​​ទី​ផ្ទះ​​បណ្តែត​ទឹក និង​​បែរ​ត្រី គឺ​ចាប់ពី​​ថ្ងៃទី​១៥ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​​២០១៥ អាជ្ញាធរ​ខេត្ត និង​​​សមត្ថ​​កិច្ច​​​ពាក់​ព័ន្ធ ត្រូវ​ធ្វើ​ការ​​បំលាស់​​ទី​ផ្ទះ​​បណ្តែត​​ទឹក និង​ទ្រង់​​ចិញ្ចឹម​​ត្រី​ទៅ​កាន់​ទី​តាំង​ថ្មី​​ហើយ​រាល់​ការ​ចំណាយ​ផ្សេង​ក្នុង​ការ​អូស​ទាញ ​ផ្ទះ​ទាំង​នោះ គឺជា​​បន្ទុក​​របស់​​ម្ចាស់ផ្ទះ និង​​ម្ចាស់​​បែរ​ត្រី​។​

លោក ​បាន​បន្ត​ថា​ក្រោយ​ពី​ផ្សព្វផ្សាយ​​លិខិត​​ជូន​ដំណឹង​​រួច គឺ​ចាប់​ពី​ថ្ងៃទី​​០២ រហូត​មកដល់​​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​​២០១៥ ​នេះ​មាន ម្ចាស់​ផ្ទះ​បណ្តែត​​ទឹក​ចំនួន​​៩៨% បាន​ស្ម័​គ​​ចិត្ត​​បំលាស់​​ទី​ផ្ទះ​​របស់​ខ្លួន​ទៅ​កាន់​ទីតាំង​​ថ្មី​ដែល​ អាជ្ញាធរ​​បាន​កំណត់ ក៍​ប៉ុន្តែ​​មានតែ​​បងប្អូន​​ប្រជាពល​រដ្ឋ​​ចំនួន​​២%​​ប៉ុណ្ណោះ ដែល​មិន​ទាន់​បាន​​បំលាស់​​ទី​ចាក​ចេញ​នៅ​ឡើយ​។​

ប្រជាពលរដ្ឋ​ដែល​មិនទាន់​បាន​ចាក​ចេញ​ពី​ទី​តាំង​​ចាស់​​បានអោយ​ដឹងថា​ កត្តា​​ដែល​គាត់​​មិនទាន់​បាន​ចាក​ចេញ​​នោះ គឺ​រង់​ចាំ​​ចល័ត​​ផ្ទះ​របស់​គាត់​នៅ​លើ​គោក​​តាម​ច្រាំង​ទន្លេ និង​បង​ប្អូន​មួយ​ចំនួន​​តូច​ថា​​កង្វះ​​លទ្ធភាព​​ក្នុងការ​​ច​ល័ត​​ផ្ទះទឹក​ របស់​ខ្លួន​។

លោកអភិបាលរងខេត្ត បាន​បញ្ជាក់​ថាទោះជា​​យ៉ាងណា​​ក៍ដោយ គ្រប់​ផ្ទះ​​ប​ណ្តែ​ទឹក​​ទាំងអស់ មិន​​ត្រូវ​បាន​​អនុញាតិ​​អោយ​​ចល័ត​​ទៅ​តាំង​​​នៅតាម​​ច្រាំងទន្លេ​​ទៀតឡើយ ហើយ​ផ្ទះ​​ដែល​បាន​​សង់​​លយចូល​​​ទន្លេ​​ក៍​អាជ្ញាធរ​ខេត្ត​មាន​ វិធាន​ការណ៍​​អោយ​រុះ​រើ​​ចេញ​ដែរ​។ លោកថា​«នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​​២០១៥​ ខាង​មុខ​នេះ អាជ្ញាធរ​ខេត្ត និង​​គណៈ​កម្មការ​​ចំរុះ​​នឹងត្រូវ​​អនុវត្ត​​អោយ​​ខាន​តែ​​បាន​តាម​​គំរោង​​ដែល​បាន​ គ្រោងទុក​​ក្នុងការ​​បំលាស់​​ទី​ផ្ទះ​​បណ្តែត​​ទឹក​ដែល​​នៅ​សេស​សល់ ដើម្បី​​សំរេច​​អោយ​បាន​តាម​​គំរោង​​អភិវឌ្ឍន៍​​ច្រាំង​ទន្លេ​​ផ្សារ​​ក្រោម ការរៀប​ចំ​​សណ្តាប់​ធ្នាប់ សោភ័ណ​ភាព អនាម័យ បរិស្ថាន​​ទឹក​ទន្លេ ក្នុង​ការ​លើក​​កំពស់​​ជីវភាព​​រស់​នៅ និង​​សុខមាល​ភាព​​ប្រជាពល​រដ្ឋ​​នៅ​ទូទាំង​​ខេត្ត​កំពង់​ឆ្នាំង ក៍​ដូច​ជា​​ប្រជាពល​រដ្ឋ​​ដែល​នៅ​ជាប់​ដង​​ទន្លេ​សាប​​ក្នុង​ប្រទេស​​កម្ពុជា​​យើង»​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative