គ្រូពេទ្យចំលង​មេរោគ​អេដស៍ នៅតែ​បដិសេធ​ថាខ្លួន​មិនបាន​ចំលង​មេរោគ​អេដស៍ នៅ​ភូមិ​រកា

លោកយ៉ែម ជ្រិន ដែល​ត្រូវបាន​អ្នកភូមិ​ចោទ​ប្រកាន់​ថា ជាអ្នក​ចម្លង​មេរោគ​អេដស៍ ជំងឺ​អេដស៍​ដល់​អ្នក​ភូមិ​រកា​ជាង​២០០​នាក់ នៅតែ​បន្ត​បដិសេធ​ការចោទ​ប្រកាន់​ពី​ការ​ចំលង​មេរោគ​អេដស៍​ដល់អ្នក​ភូមិរកា ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់​ដំបង។

099 (1)​លោក​យ៉ែម ជ្រិន ដែល​​ជា​ជន​​ជាប់​​សង្ស័យ​​បាន​ថ្លែង​​នៅក្នុង​​អង្គ​​សវនា​ការ​​បន្ទាប់​ពី​​ចៅក្រម​ បាន​​អាន​​ចប់​​បទ​​ចោទ​​មក​លើ​​រូប​​គាត់​​ទាំង​បី​​ចំណុច​កាលពី​ថ្ងៃម្សិល​ម៉ិញ​ថា “​លោក​សុំ​​បដិសេធ​​បទ​ចោទ​ទាំង​បី​ម​ក​លើ​រូប​​លោក ​ពីព្រោះ​​លោក​​មិន​បាន​​ដឹង​រឿង​​នោះ​ទេ​​លោក​គ្រាន់​តែ​ ជា​គ្រូ​ពេទ្យ​ម្នាក់​​ព្យាបាល​​អ្នក​ជំងឺ​​ឲ្យ​ជា​​តែ​​ប៉ុណ្ណោះ​”។

លោក​បាន​បន្ត​ថា​ “ខ្ញុំ​សុំ​​ឲ្យ​តុលា​ការ​​មេត្តា​​រក​យុត្តិ​ធម៌​​ដល់​រូប​​ខ្ញុំ ​ដោយ​ធ្វើ​ការស្រាវ​​ជ្រាវ​​ឲ្យ​បាន​​ច្បាស់​លាស់​​ទាក់ទិន​​ទៅ​នឹង​​បញ្ហា​​នេះ។ ខ្ញុំ​មិន​​មាន​គំនុំ​​អី​ជា​មួយ​ពួក​គាត់​ទេ​​គឺ​ខ្ញុំ​​ព្យាបាល​​ដើម្បី​​ឲ្យ​ពួកគាត់​​ជាសះ​​ស្បើយ​គ្រួ​សារ​​ខ្លះ​ក្រ​​ខ្ញុំ​​ព្យាបាល​​ឲ្យ​គាត់​​នៅ​ពេល​ណា​​ដែល​​មាន​​លុយ​​ឲ្យ​ក៏​​បាន​”។

លោកយ៉ែម ជ្រិន ត្រូវ​បាន​​តុលា​ការ​​ចោទ​​ប្រកាន់​៣បទ​​ល្មើស​​គឺ​ទី​ ១ ប្រព្រឹត្ត​​ក្នុង​​ចេតនា​​ចម្លង​​មេរោគ​​អេដស៍​​ទៅ​អ្នក​​ដទៃ​​តាម​មាត្រា​ ១៨, ៥០ នៃ​​ច្បាប់​​ស្តីពី​​ការ​​បង្ការ​ និង​ការ​​ប្រយុទ្ធ​​ទប់ស្កាត់​​ការ​​រីក​រាល​ដាល​​មេរោគ​​អេដស៍/ជំងឺ​​អេដស៍​,ទី​ ២ ឃាតកម្ម​​ដោយ​​អំពើ​​ឃោរឃៅ​​តាម​​មាត្រា​ ២០៥​ នៃ​ក្រម​​ព្រហ្ម​ទណ្ឌ​ និង​ទី ៣ បើក​​កន្លែង​​ពិគ្រោះ​​ព្យាបាល​​ជំងឺ​​ដោយ​គ្មាន​​ការ​​អនុញ្ញាត​​ពី​ក្រសួង​​សុខាភិបាល។

​លោក​ ជ្រិន ​បាន​ថ្លែង​​បន្ត​នៅ​ក្នុង​រង្វង់​​ក្រចក​​សេះ​ទៅ​​កាន់​​តុលាការ​​ថា​លោក​​បាន​ ចាប់​ផ្តើម​​ប្រកប​​មុខ​របរ​​នេះ​បន្ទាប់​ពី​រូប​​លោក​​បាន​​ត្រឡប់​​មកពី​​ជំរំ​នៅ​​ប្រទេស​​ថៃ​​វិញ​​នៅក្នុង​​ឆ្នាំ​​១៩៩៣ ប៉ុន្តែ​​ពលរដ្ឋ​​ក្នុង​ភូមិ​​​ចាប់ផ្តើម​​ស្គាល់​​លោក​​ចាប់​តាំង​ពី​ឆ្នាំ​​១៩៩៥​ រហូត​​ដល់​​សព្វថ្ងៃ​។ លោក​​តែងតែ​​ជិះ​ម៉ូតូ​​ទៅ​ចាក់​​ថ្នាំ​​ឲ្យ​ពលរដ្ឋ​​នៅក្នុង​​ភូមិ​​នៅពេល​​ដែល​គេ​តេ​​មក​​រក​រូប​​លោក​​ឲ្យ​ជួយ​​ព្យា​បាល​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative