វិធី​បំបាត់អង្គែ

អង្គែ​ជាបញ្ហាមួយ​រំខានដល់សកម្មភាព​ការងារប្រចាំថ្ងៃ​បុរស និងស្ដ្រី។ អង្គែធ្វើឱ្យរមាស់ អាចធ្វើឱ្យក្បាលរបស់យើងទំពែកបាន ដែលទាមទារឱ្យបុរស និងស្ដ្រីគ្រប់រូប​ត្រូវយក​ចិត្ដទុកដាក់។ អ្នកខ្លះ​តែងតែ​ព្យាយាម​ជ្រើសរើស​យកសាប៊ូ​ដែលមាន គុណភាព​ល្អមកកក់​សម្អាត​ស្បែកក្បាល។ ប៉ុន្ដែចំពោះ​អ្នកខ្លះទៀត ទោះបីជា​ខិតខំជ្រើស និងប្ដូរ​ផលិតផល​សាប៊ូជា​ច្រើនម៉ាក​យ៉ាងណា ក៏ដោយ ក៏ក្បាលរបស់​គាត់នៅតែ​រមាស់ដដែល។

រូបភាពទស្សនាវដ្តីសុខភាពយើង

អង្គែ ជាអ្វី?

ពាក្យថាអង្គែ ជារោគសញ្ញា​មួយដែលមាន​នៅលើ​ស្បែកក្បាល។ យើងមិនអាច​កំណត់អង្គែ​ថាជា​ជម្ងឺអ្វីមួយ​ពិតប្រាកដ​បានទេ ពីព្រោះអាច​មានជម្ងឺ២ ឬ៣ប្រភេទ ដែលឱ្យ​រោគសញ្ញា​ជាអង្គែក្បាល​ដូចគ្នា។ ប្រជាពល​រដ្ឋខ្មែរ នៅពេលដែល​អេះក្បាល​មកមាន ហុយៗ ឬក៏មានក្រមរ តែងហៅថា​ជាអង្គែទាំងអស់។ ដើម្បីដឹង​ថាជាជម្ងឺអ្វី​មួយពិតប្រាកដ គេត្រូវស្រាវ​ជ្រាវរកសញ្ញា​គួបផ្សំរបស់វា ផ្សេងទៀត​តាមរយៈការ​ពិនិត្យផ្ទាល់​របស់គ្រូពេទ្យ។ តាមប្រសាសន៍​របស់លោក​ស្រីវេជ្ជបណ្ឌិត​ហ៊ាងមុំ​អ្នកឯកទេស​ជម្ងឺសើស្បែក និងកាមរោគ បានឱ្យ​ដឹងថា​អ្នកជម្ងឺ​ដែលមកពិនិត្យ​ជម្ងឺប្រភេទ​នេះស្ទើរតែ៩០% តែងតែ​ត្អូញត្អែរ​ថាក្បាលគាត់​មានអង្គែ។ អ្នកជម្ងឺមួយ ចំនួនទៀត​មិនហ៊ាន​មកមន្ទីរពេទ្យទេ គាត់ព្យាយាម​រកសាប៊ូ​មកកក់ រកថ្នាំ​មកលាប​ដោយខ្លួនឯង ជួនកាលក៏​ធូរស្រាល ជួនកាលក៏មិន ធូរស្រាល។ រហូតគាត់​ជួបនឹងដំណាក់​កាលមួយ មានចេញ​ជាកន្ទួល​នៅត្រង់គល់សក់ ជួនកាល​អាចរាលដាល​ដល់ផ្ទៃមុខ ទើបគាត់ សម្រេចចិត្ដ​ឱ្យគ្រូពេទ្យ​ពិនិត្យ។ ព្រោះ​ជម្ងឺខ្លះ​រមាស់នៅនឹងក្បាល មើលទៅហាក់​ដូចជាធម្មតា មិនមាន​អ្វីប្លែកទេ។ ពេលទុកយូរ វា រមាស់មក​ដល់ចិញ្ចើម មានរបក​ជាក្រមរពណ៌ស​នៅកៀនច្រមុះ និងនៅលើផ្ទៃ​មុខទៀតផង។

ជម្ងឺដែលបង្កអង្គែ

ជម្ងឺដែលចេញ​រោគសញ្ញា​ជាអង្គែមាន​បីប្រភេទ​ដែលគេជួបប្រទះ​ញឹកញាប់ ​៖ ប្រភេទទីមួយ១ គឺជម្ងឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថាយណូកាពីទីស (Tinou capitis) និងប្រភេទ​ទី២ គឺជម្ងឺស៊ីបូរ៉េក ក្លែម៉ាទីទីស (Seborrheic clermatitis). ជម្ងឺទាំងពីរ​ប្រភេទនេះ នៅពេលកើត ឡើង ឱ្យរោគសញ្ញា​ជាអង្គែពណ៌ស​ហុយៗ​នៅលើក្បាល​ដូចគ្នា។ វាបង្កឡើង​ពីពពួក​មេរោគផ្សិត ឬបាក់តេរី។ ជម្ងឺនេះ​កើតនៅលើ ក្បាលជាមុន បន្ទាប់មក​ទើបវាកើត​បន្ដទៅលើ​មុខទៀត។ ជម្ងឺប្រភេទទី៣ គឺជម្ងឺ​ផ្សូរីយ៉ាស៊ីស (Psoriasis) វាមានលក្ខណៈ​ជាក្រមរ តែក្រមរ​នោះហាក់ដូច​ជាមិនមាន​លក្ខណៈហុយៗទេ ប្រជាពល​រដ្ឋខ្មែរហៅ​ថាអង្គែដែរ។ នៅពេលអេះ មានរបក​ជាផ្ទាំងៗ។ វាមិនមែន បង្កឡើង​ពីពពួកផ្សិត ឬបាក់តេរីទេ វាជា​ប្រភេទ​ជម្ងឺដែលបង្ក​នៅលើ​ស្បែកក្បាល បណ្ដាលមក​ពីស្បែកក្បាល​វិវឌ្ឍន៍លឿន​ហួសពី ធម្មតា។ ហើយវាកើត​មិនត្រឹមតែ​នៅលើស្បែកក្បាល​តែប៉ុណ្ណោះទេ វាអាចកើតនៅ​លើខ្លួន នៅលើ​ក្រចកទៀត​ក៏មានដែរ។

មូលហេតុកើតអង្គែ

អង្គែអាច​បណ្ដាលមក​ពីពពួក​មេរោគផ្សិត ជាពិសេសចេញ​នៅលើកុមារ​ភាគច្រើន។ មួយទៀត​បណ្ដាលមក​ពីក្រពេញម្យ៉ាង នៅគល់សក់។ ដោយសារ​នៅស្រុកខ្មែរ មានធូលី​ហុយច្រើន ជួនកាលអាច​បណ្ដាលមក​ពីធូលីនេះដែរ។ ព្រោះថាពេលខ្ល្លះ នៅក្នុងធូលី មានមេរោគផ្សេងៗ​ជាច្រើនរួច​ទៅហើយ ចំណែកពួក​ផ្សិតក៏មាន​នៅក្នុង​នោះដែរ។ ជួលកាល​ដៃប៉ះធូលី ហើយយកទៅ​អេះក្បាលដែល មានដាច់​រហែកតិចតួច តែមិនបាន​ចាប់អារម្មណ៍។ ពេលនោះ មេរោគ​បានចូល​ទៅក្នុង​ស្បែកក្បាល​រួចជាស្រេច​ទៅហើយ។

ស្ដ្រេស្ស​ក៏ជាកត្ដាមួយ​ជំរុញឱ្យកើត​មានអង្គែដែរ ជាពិសេស​កើតមានទៅ​លើអ្នកដែល​មានការងារច្រើន ប្រើខួរក្បាល​ខ្លាំង។ នៅពេលមាន​បញ្ហាស្ដ្រេស្ស​កាន់តែខ្លាំង ក្បាលរមាស់​កាន់តែខ្លាំងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការព្យាបាលអង្គែ

ដោយសារ​អង្គែជា​រោគសញ្ញា​មួយរបស់​ជម្ងឺទាំងប៉ុន្មាន​ប្រភេទខាងលើ។ ពេលនោះ គ្រូពេទ្យ​ត្រូវតែសាកសួរ​រកសញ្ញា​រួមផ្សំ របស់វា ដោយការ​ពិនិត្យផ្ទាល់ថា​តើអង្គែកើត​មានលក្ខណៈ​បែបណា ហើយវា​អាចកើតមាន​នៅកន្លែង​ផ្សេងទៀត ឬទេ។ លុះគ្រូពេទ្យ ទទួលបាន​សញ្ញាទាំងអស់​នោះមក ទើបសន្និដ្ឋាន​ចេញជា​រោគវិនិច្ឆ័យ​មួយបាន ទើប​គ្រូពេទ្យ​ធ្វើការព្យាបាល​មួយបាន​ត្រឹមត្រូវ។ ស្ដ្រេស្សជាកត្ដាផ្ទាល់ខ្លួន គ្រូពេទ្យ​គ្រាន់តែ​ជួយផ្ដល់ដំបូន្មាន​ឱ្យអ្នកជម្ងឺនេះ​ថាស្ដ្រេស្ស​ជាកត្ដាជំរុញ​ឱ្យកើតអង្គែ​ដែលមានស្រាប់ ហើយ កាន់តែមាន​ខ្លាំងឡើង។ ចំពោះការ​ព្យាបាល សាម៉ីខ្លួន​ត្រូវចេះដោះ​ស្រាយបញ្ហា ដោយត្រូវ​សម្រួលអារម្មណ៍​របស់ខ្លួន​ទើបអាចជា​សះស្បើយ។ អង្គែអាចរើ នៅពេលណា​ជួបបញ្ហា​ប៉ះពាល់ផ្លូវចិត្ដ​ខ្លាំងឡើងវិញ។ តែបើបញ្ហា​ស្ដ្រេស្ស​នៅតែខ្លាំង នៅតែបន្ដ ថ្នាំគ្រាន់តែ ព្យាបាលឱ្យ​ធូរស្រាល​តែប៉ុណ្ណោះ។

អ្នកជម្ងឺគួរ​តែមកពិនិត្យ​នៅមន្ទីរពេទ្យ នៅពេលមាន​អាការមាន​អង្គែច្រើនប្លែក​ពីធម្មតា ជួនកាល​ឃើញមានកន្ទួល នៅ តាមជើងសក់ គល់សក់ ឬមានរោគសញ្ញាផ្សេងទៀតនៅលើស្បែកក្បាល។ នៅពេលខ្លះ គាត់ប្រើសាប៊ូកក់សក់ ជួនបាន​ជោគជ័យ ជួន មិនបាន​ជោគជ័យទេ។ ប្រសិនបើ​មិនទទួល​ជោគជ័យ មិនមែន​ជារឿងអង្គែក្បាល​ធម្មតាទេ វាអាចជា​ជម្ងឺផ្សេងទៀត ដែលទាមទារ ឱ្យគាត់ត្រូវស្វែង​រកការព្យាបាល​ឱ្យបានត្រឹមត្រូវ។

ផលវិបាកអង្គែ

នៅពេលដែល​អង្គែកើត​នៅត្រង់ណាហើយ ធ្វើឱ្យកន្លែង​នោះជ្រុះសក់ ហើយសក់​នោះអាចដុះ​ឡើងវិញ។ ជួនកាល​ទៀតសក់ មិនអាចដុះ​ឡើងវិញទេ ដែលធ្វើឱ្យក្បាល​ទំពែក។ ផលវិបាក​មួយទៀត គឺអង្គែ​រំខានការទទួលទាន​ដំណេកធ្វើឱ្យ​គេងមិនបាន ធ្វើការ មិនកើត អារម្មណ៍មិនមូល ព្រោះរវល់តែ​រមាស់អេះជាដើម។

វិធានការបង្ការអង្គែ

ដោយសារ​នៅប្រទេសយើង​សម្បូរ​ដីហុយច្រើន ជួនកាល​មានមេរោគនៅ​ក្នុងធូលីនោះស្រាប់ អាចធ្វើ​ឱ្យកើតមាន​ជាអង្គែ។ ជួនអាច​បណ្ដាលមក​ពីនៅពេល​រមាស់ក្បាល យើងយក​ដៃទៅអេះ ហើយ​ស្បែកក្បាល​មានការដាច់​រលាត់​បន្ដិចបន្ដួច យើងមិនបាន​ចាប់អារម្មណ៍ ពេលនោះ​មេរោគ​អាចជ្រៀត​ចូលទៅ​ក្នុងស្បែក​ក្បាលបាន។ ស្បែកក្បាល​របស់មនុស្ស​ម្នាក់ៗ ខុសៗគ្នា ស្បែកក្បាល​អ្នកខ្លះ ងាយរង​ប្រតិកម្មជាង។ ឧទាហរណ៍ អ្នកខ្លះ​ប្រើសាប៊ូ​ប្រភេទ​នេះត្រូវ ឯអ្នកខ្លះ​ទៀតបែរ​ជាប្រើមិនត្រូវ នាំឱ្យមាន​អាលែកហ្ស៊ី ឬ រមាស់​នៅលើ​ស្បែកក្បាល។ ប៉ុន្ដែ​មានសាប៊ូ​ខ្លះអាចមាន​លាយសារធាតុ​មួយដែល​ប្រឆាំងនឹង​សារធាតុផ្សិត ប្រសិនបើ​គាត់កើតអង្គែ បណ្ដាលមក​ពីពពួក​ផ្សិត​គាត់អាច​ធូរស្រាល​បាន។ គួរកត់​សម្គាល់ផង​ដែរថាអង្គែ​មិនបណ្ដាល​មកពី​ចំណីអាហារ​នោះទេ។ លោកស្រី វេជ្ជបណ្ឌិត​ហ៊ាង​មុំ បាន​បដិសេធ​ផងដែរ​ចំពោះទស្សនៈ​ដែលថា​ការបរិភោគ​ដូងច្រើន​នាំឱ្យមាន​កើតអង្គែ។

ដំបូន្មាន​អ្នកជំនាញ

គួរប្រើ​សាប៊ូទៅតាម​ស្បែកក្បាល​របស់យើង ដើម្បី​សម្អាត​ស្បែកក្បាល និងសូម​ចៀសវាងនូវ​ការកក់សក់​រាល់ថ្ងៃ។ អាច​កក់សក់​ជាមួយ​សាប៊ូក្នុង១សប្ដាហ៍២ ឬ​៣​ដងជាការ​គ្រប់គ្រាន់។ យើងធ្វើ​អនាម័យ​ស្បែកក្បាល ដោយប្រើ​សាប៊ូកក់​សក់ធម្មតា​ដែលត្រូវ ទៅតាម​ស្បែកក្បាល តែចៀស​វាងការ​កក់សក់​រាល់ថ្ងៃ។ កក់សក់​២ ទៅ​៣​ដងក្នុង១​សប្ដាហ៍ជាការ​គ្រប់គ្រាន់ ព្រោះថានៅ​ពេលកក់ ច្រើនដង​នាំឱ្យសារធាតុ​ល្អដែលមាន​នៅលើ​ស្បែកក្បាល​សម្រាប់​ការពារ​មេរោគ​ផ្សេងៗ​នោះជ្រះអស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative