៩ខែឆ្នាំនេះ​មន្ទីរ​គ្រឿង​ញៀន​ ឃាត់ខ្លួន​ជន​សង្ស័យ​បានជាង​៣០០០​នាក់​បញ្ជូន​ទៅ​តុលា​ការ​

លោកឧត្តមសេនីយ៍ឯក ខៀវ សាម៉ន ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន បាន​ថ្លែងថា​ក្នុង​រយៈ​ពេល ៩​ខែឆ្នាំ​២០១៥ (គិតពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ដល់ ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០១៥) មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃអគ្គ​ស្នង​ការ​នគរបាល​ជាតិ​ បានធ្វើ​ការ​បង្ក្រាប​ករណី ជួញដូរ​គ្រឿង​ញៀន បាន​ចំនួន​១៦៦៨​ករណី ឃាត់​ខ្លួន​ជន​សង្ស័យ ចំនួន​៣៤០២​នាក់ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅតុលា​ការ ។ 

65666លោកឧត្តមសេនីយ៍ឯក ខៀវ សាម៉ន បានថ្លែង​ឲ្យដឹង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹកថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០១៥ ទៀត​ថាក្នុង​ចំណោម​ការ​បង្ក្រាប​ករណី ជួញដូរ​គ្រឿង​ញៀន បាន​ចំនួន​១៦៨៨​ករណី ឃាត់​ខ្លួន​មនុស្ស​៣៤០២​នាក់ ក្នុងនោះ​មានស្ត្រី​ ៩៩​នាក់ ដកហូត​គ្រឿង​ញៀន​ជាង៨៧​គីឡូក្រាម ហើយ​បើប្រៀប​ធៀបនឹង​៩ខែ​នៅឆ្នាំ​មុខ បង្ក្រាប​បានតែ​ជាង​៥០០​ករណី​ ដក​ហូត​គ្រឿង​ញៀន​តែ ៣៧​គីឡូក្រាម​ប៉ុណ្ណោះ។ ជនសង្ស័យ​ទាំង​នោះ មានជន​ជាតិខ្មែរ ចំនួន​៣៣០៣​នាក់ វៀត​ណាម​ ៧០​នាក់ ឡាវ​៧នាក់ ថៃ​ម្នាក់ ចិន២​នាក់ អង់គ្លេស​៧នាក់ អ៊ុយ​រ៉ាហ្គាយ​ម្នាក់ និង​នីហ្សេរីយ៉ា​៩នាក់ ។ ជាមួយ​គ្នានោះ​ដែរ​ជន​សង្ស័យ​ដែល​ត្រូវ បានចាប់​ខ្លួន តាមដី​កាតុលា​ការ មាន​ចំនួន​១១៥នាក់។  ដោយ​ឡែក​សម្រាប់​​ការបង្ក្រាប​ករណី​គ្រឿង​ញៀន​ធំៗ បាន​ចំនួន៤៣​ករណី ឃាត់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​ធំៗ ចំនួន​៨៨​នាក់ រីឯ​បង្ក្រាប​ករណី​ជួញដូរ​កញ្ឆា​ស្ងួត សរុប​ចំនួន​១៤៨៧​គីឡូក្រាម និង​ប្រេង​កញ្ឆា ចំនួន​១,៥​គីឡូក្រាម​ផងដែរ។

លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ទទួល​ផែន​បង្ក្រាប​គ្រឿង​ញៀន ដែលបាន​ដឹកនាំ​កិច្ចប្រជុំ​វាយតម្លៃ តម្លៃ​សកម្មភាព​ការងារ​បង្ការ ទប់​ស្កាត់ និង​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន នៅ​រយៈ​ពេល៩​ខែ ឆ្នាំ​២០១៥ កន្លង​ទៅនេះ​។ ជាមួយគ្នា​នេះដែរ លោកអគ្គ​ស្នង​ការរង ក៏បាន​បើកិច្ច​ពិភាក្សា​ដើម្បី​រកចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់ មន្ទីរ​ប្រឆាំង​គ្រឿង​ ញៀន ដើម្បី​រៀបចំ​របាយ​ការណ៍ ដាក់ជូន​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ជាតិ​ស្តីពី​ការបង្ការ និង​បង្រ្កាប​គ្រឿង​ញៀន​នៅពេល​ខាងមុខ​នេះ។

លោកឧត្តមសេនីយ៍​ឯក បាន​យក​វេទិកា​នេះ ថ្លែង​អំណរ​គុណ​ដល់​លោក​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តល់​ជា​ថវិកា​ គាំ​ទ្រ​ជាប្រចាំ​ខែចំនួន​១០លាន​រៀល ជូន​ដល់កម្លាំង​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន ដើម្បី​ធ្វើជំរុញ​លើកទឹក​ចិត្ត​នគរបាល​អនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿង​ញៀន ខណៈ​ដែល​អភិបាល​ខេត្ត​២៤​ផ្សេង​ទៀត មិន​ទាន់​ឃើញ​ចូលរួម​នៅឡើយ​នោះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative