ព្រះមហាក្សត្រព្រះរាជទាន​ព្រះរាជ​ដំណាក់​ខេត្ត​កោះកុង ជូន​ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា

ព្រះមហាក្សត្រ​កម្ពុជា​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី បាន​​ព្រះរាជទាន​នូវ​​ព្រះរាជ​ដំណាក់ ដែល​ជា​​ព្រះរាជ​​ទ្រព្យ​​ផ្ទាល់​​របស់​​ព្រះករុណា​​ព្រះបាទ​​សម្ដេ​ច​ព្រះ នរោត្តម សីហនុ ព្រះ​ម​ហាវីរ​ក្សត្រ ព្រះវរ​រាជបិតា​​ជាតិ​ខ្មែរ នៅ​​ខេត្ត​កោះកុង នា​សម័យ​​សង្គម​រាស្ដ្រ​និយម​ទ​សវត្ស​​ឆ្នាំ​៦០ ជូន​លោក​វេជ្ជបណ្ឌិត​ Beat ​Richner​ ស្ថា​បនិក​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា​។​

233333​ក្នុងព្រះរាជ​សារ​ព្រះរាជទាន​របស់​ព្រះមហាក្សត្រ ផ្ញើជូន​លោក​សាស្ដ្រ​ចា​រ្យ​វេជ្ជបណ្ឌិត Beat RICHNER នាយក​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា កាលពី​​ថ្ងៃ​ទី​១៧ ខែតុលា បាន​​លើក​ឡើង​ថា “យើង​ខ្ញុំមាន​​ព្រះរាជ​ហឫទ័យ​​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង ដោយ​​សំគាល់​​ឃើញ​ថា សមិទ្ធផល​​ដ៏​អស្ចារ្យ​​របស់​លោក​​នាយក​ទាំង​នៅ​​រាជធានី​​ភ្នំពេញ និង​​ខេត្ត​សៀម​រាប កំពុង​​ប្រឈម​មុខ​​នឹង​ការ​លំបាក​​ផ្នែក​​ហិរញ្ញ​វត្ថុ”​។​

ព្រះរាជ​សារព្រះមហាក្សត្រ​បាន​បន្ថែម​ថា ក្នុង​​ព្រះ​បរម​នាម ព្រះ​ករុណា​ព្រះបា​ទ​​សម្ដេច​ព្រះ​នរោ​ត្តម​សីហនុ ព្រះ​មហាវីរ​ក្សត្រ​ ព្រះវ​ររាជ​បិតា​​ជាតិ​ខ្មែរ យើងខ្ញុំ​សូម​ជូន​​ព្រះរាជ​ដំណាក់​​ដែលជា​​ព្រះរាជ​​ទ្រព្យ​​ផ្ទាល់​​របស់ ព្រះករុណា ព្រះបាទ​​សម្ដេ​ច​​ព្រះ​នរោត្តម​សីហនុ ព្រះ​មហាវីរ​ក្សត្រ ព្រះវរ​រាជបិតា​​ជាតិ​ខ្មែរ នៅ​ខេត្ត​កោះ​កុង នា​​សម័យ​​សង្គម​រាស្ដ្រ​និយម ទសវត្ស​​ឆ្នាំ​៦០ ជូន​​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា​។​ នៅក្នុង​​ព្រះរាជ​សារ ដដែល​​បាន​បញ្ជាក់​ថា “យើងខ្ញុំ​ជឿជាក់​ថាព្រះរាជ​​អំណោយ​​នេះ នឹង​ជួយ​​រំលែក និង​ដោះស្រាយ​​ការលំបាក​​ផ្នែក​​ហិរញ្ញ​វត្ថុ នៃ​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា និង​​បំរើ​​ផល​ប្រយោ​ជន៍​​​ជូន​កុមារ​​ទីទ័លក្រ​នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា​”​។​

លោកវេជ្ជបណ្ឌិត Beat Richner បាន​ថ្លែងឲ្យ​ដឹងតាម​ទូរស័ព្ទ​ពីខេត្ត​សៀមរាប​ ថាលោក​បានលឺ​អំពី​ដំណឹង​ពីការ​ព្រះរាជ​ទាន​ ព្រះរាជ​ដំណាក់​នេះពី​ព្រះមហា​ក្សត្រ សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី​ រួច​ហើយ។ លោក​​នឹងលក់​ព្រះរាជ​ដំណាក់​នេះ​ ដើម្បី​យកប្រាក់​មកជួយ​ទ្រទ្រង់​មន្ទីរ​ពេទ្យ​គន្ឋបុប្ឆា ដែល​កំពុង​ខ្វះខាត​ថវិកា​នាពេ​ល​នេះ។ លោកបន្ត​ថា លោក​នឹង​ប្រកាស​ពី​ចំនួន​ថវិកា​បានពីការ​លក់ ព្រះរាជ​ដំណាក់​​នេះនៅ​ពេលក្រោយ​ជាសា​ធារណៈ។

​មន្ទីរពេទ្យគន្ឋបុប្ឆា និងមន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី៧ ខេត្ត​សៀមរាប រៀងរាល់​ថ្ងៃ​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា​មាន​កុមារ​​ជាង៣.០០០​​នាក់ បាន​ទទួល​​ពិនិត្យ​ និង​ព្យាបាល​។ កុមារ​​ឈឺ​ធ្ងន់​​​ជាង ៤០០​​នាក់ វះកាត់​​ចំនួន​៧៥​​ករណី ហើយ​​មាន​ស្ត្រី​​មាន​ផ្ទៃ​​ជាង ៥០០​​នាក់​មក​​សម្រាល​កូន​នៅ​​មន្ទីរ​​គន្ធបុប្ផា​។  ដោយ​​កុមារ​​ទាំងនោះ​​ភាគច្រើន មាន​ជំងឺ​​ធ្ងន់​ដែល​​ស្នើ​​ប្រមាណ ៨៥% ហើយ​ក្នុង​នោះ​កុមារ​​ដែល​មាន​​ជំងឺ​គ្រុន​ឈាម ៩២% បាន​ទៅ​រ​ក​ការ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា​។ គិត​ត្រឹម​​ថ្ងៃ​ព្រហស្បតិ៍​ទី​៦ ខែសីហា ឆ្នាំ​​២០១៥ វេលា​​ម៉ោង៦​​ព្រឹក មាន​​កុមារ​​ឈឺ​ធ្ងន់​​ចំនួន ១.០៧១​​នាក់ និង​ស្ត្រី​​ឆ្លងទន្លេ​​រួច​ចំនួន​១៨៨​​នាក់​កំពុង​​សម្រាក​​ក្នុង​​មន្ទីរ​​គន្ធ​បុប្ផា​។​

​លោកវេជ្ជបណ្ឌិត Beat Richner ធ្លាប់​បាន​មាន​ប្រសាសន៍​ថា មន្ទីរ​ពេទ្យគន្ឋ​បុប្ឆា​គ្រោង​ចំណាយ​ថវិកា​ចំនួន​៤៤​លា​ន​ដុល្លារ ​នៅឆ្នាំ​២០១៥​នេះ ដោយ​សារ​កំណើន​​កុមារ​ចូល​ពិនិត្យ និងព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យ​នេះកើន​ទ្បើង​ប្រមាណ​៣០​ភាគ​រយ ​ដោយសារ​ការផ្ទុះ​ទ្បើងនូវ​ជំងឺ​គ្រុនឈាម និងការ​ពង្រីក​ហេដ្ឋារចនា​សម្ព័ន្ឋ​របស់​រាជរដ្ឋា​ភិបាល​កាន់តែ​មានភាព​ប្រសើរ​ទ្បើង។លោកបន្ត​ថា មន្ទីរ​ពេទ្យ​បច្ចុប្បន្ន​មានបុគ្គ​​លិក​ជាង​២៥០០​នាក់ ដែលបាន​និងកំពុង​ធ្វើការ​ដោយ​ម៉ត់ចត់​និងប្រកដ​ដោយវិជ្ជា​ជីវៈ ក្នុង​ការ​សង្រ្គោះ​កុមារ​រាប់ពាន់​នាក់ ដែលបាន​មកមន្ទីរ​ពេទ្យ​នេះជា​រៀងរាល់​ថ្ងៃ។

​លោកបានមាន​ប្រសាសន៍ថា “ទស្សនៈ​វិជ្ជា​របស់ខ្ញុំ គឺកុមារ​គ្រប់រូប​មានសិទ្ឋិ​ព្យាបាល​គ្រប់​រូប​ទទួល​បាន និង​ប្រកដ​ដោយ​វិជ្ជា​ជីវៈ ក្នុងការ​សង្រ្គោះ​កុមារ​រាប់ពាន់​នាក់ ដែលបាន​មកមន្ទីរ​ពេទ្យនេះ​ជារៀងរាល់​ថ្ងៃ​ទទួល​បានសេវា​ពិនិត្យ និង​ព្យាបាល​ដោយ​ស្មើៗគ្នា និងឥត​គិតថ្លៃ​មិនថា​កូនអ្នក​មានឬ​អ្នកក្រីក្រ​នោះទេ”។ លោកបន្ត​ថា “ខ្ញុំចាស់​ហើយ មិនដឹង​ខ្ញុំអាច​លេង​សែល​ទ្បូ​ដើម្បី​រក​ប្រាក់​ជួយ​មន្ទីរពេទ្យ​នេះបាន​រយៈពេល​ប៉ុន្មាន​ឆ្នាំទៀត​នោះទេ​”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative