ភោជនីយដ្ឋានល្បី​ឈ្មោះនៅ​ប្រទេស​ថៃ​បើក​សាខា​នៅ​កម្ពុជា

ដោយសារកំនើន​ភ្ញៀវ​ទេស​ចរណ៍ កំនើន​ប្រាក់ចំណូល​របស់​ប្រជាជន​​កាន់តែ​មានភាព​ល្អប្រសើរ និង​រំពឹង​ ទទួល​បានផល​ប្រយោជន៍​ពីការធ្វើ​​សមាហរណ​កម្ម​អាស៊ាន​នៅពេលខាង​មុខ ភោជនីយ​ដ្ឋាន​ល្បី​ឈ្មោះ​មួយ​ នៅ​ប្រទេស​​ថៃ​បានបើក​សាខាទី១​នៅរាជធានី​ភ្នំពេញ។

5555555ម្ចាស់ភោជនីយដ្ឋាន TWHO CHEFS ​ប្រចាំ​កម្ពុជា​លោក ម៉ៅ វុត្ថា បានថ្លែង​ឲ្យក្រុម​អ្នក​សារព៌តមានដឹង​នា​រាត្រី​ថ្ងៃទី​១៦ តុលា កន្លង​មក​ថានេះ​ជាលើកទី១​ដែល​លោកបាន​នាំយក​ភោជនីយ​​ដ្ឋាន​នេះ​មក​កម្ពុជា​ក្រោម​ កិច្ច​សហការ​ជាមួយ​ម្ចាស់​ភោ​ជ​នីយដ្ឋាន​នៅ​ប្រទេស​ថៃ ក្រោមការ​បោះទុន​វិនិយោគ ប្រមាណ​១០ ម៉ឺន​ដុល្លា​រ​អាមេរិក​​។ លោកបន្ត​ថា ភោជនី​យដ្ឋាន​នេះផ្តោត​សំខាន់​លើមុខម្ហូប​អឺរ៉ុប ម៉ិកស៊ីកកូ ថៃ និង​ម្ហូបខ្មែរ ដែល​ ប្រកប​ដោយ​​ភាពច្នៃ​ប្រឌិត​ខ្ពស់ និងមាន​អនាម័យ​ដែលផ្តោត​សំខាន់​លើសុខភាព​របស់​អតិថិជន។

ភោជនីយដ្ឋាន TWO CHEFS មានសាខា​ចំនួន៥​នៅប្រទេស​ថៃ និងបាន​ពង្រីក​​សាខា​មកកាន់​កម្ពុជា​ ជាលើក​ទី១។

លោកបន្តថា “អតិថិជន​គោល​ដៅ​របស់​យើង គឺជា​ប្រជាជន​កម្ពុជា​ដែលមាន​​ជីវភាព​មធ្យម​ទ្បើងទៅ និង ភ្ញៀវ​បរទេស​ចម្រុះ​ជាតិ​សាសន៍ ព្រោះយើង​រំពឹង​ថាពេល​​សមាហរណកម្ម​អាស៊ាន និង​ជីវភាព ប្រជា​ពលរដ្ឋ​ កាន់តែ​ល្អ​ប្រ​សើរ ទើបលោក​សម្រេច​ចិត្តវិនិយោគ​ភោជនីយដ្ឋាន​នេះទ្បើង”។  លោកបន្ត​ថា “អាហារ​​ភោជ នីយ​ដ្ឋាន​នេះ​មានលក្ខណៈ​ពិសេស ដោយយើង​មានអាម៉ុក​ធ្វើពីត្រី​សាល​មុន មានស្ទេក មាន​អាហារបែប ម៉ិកសិកកូ និង​មានការប្រគុំ​តន្រ្តី​ចម្រុះ​សម្រាប់​បំរើ​អារម្មណ៍​​អតិ​ថិ​ជន​ឲ្យបាន​សម្រាក​លំហែរ​ផងដែរ”។

លោកម៉ៅ វុត្ថាបានបន្តថា ទោះជា​មានភោជនីយ​ដ្ឋានថ្មីៗ​បើកកាន់​តែច្រើន​ក្តី ប៉ុន្តែយើង​មិន​ព្រួយ​បារម្ភ ពីការ​ ប្រកួត​ប្រជែង​នោះទេ ព្រោះ​ភោជនីយ​ដ្ឋាន​នេះផ្តោត​ជាសំខាន់​លើគុណ​ភាព​រសជាតិ និង​មាន​សុវត្ថិភាព មាន សេវាកម្ម​ល្អប្រសើរ ដោយធ្វើ​យ៉ាងណា​ឲ្យអិថិជន​មកទទួល​ទាន​អាហារ​នៅទីនេះ មាន​អារម្មណ៍​កក់ក្តៅ​ដូចជា​ ការទទួល​ទានអាហារ​នៅផ្ទះ​របស់ខ្លួន។

ភោជនីយដ្ឋាន TWO CHEFS មានទីតាំង​នៅតាម​បណ្តោយ​ផ្លូវចន្លោះ​អាគារ​ហុងកុង​សេនធើ ជាផ្លូវ​ឆ្ពោះ​ ទៅកាន់​ផ្សារទំនើប​ផេនសល ស្ថិតក្នុង​សង្កាត់​​ចតុមុខ ខ័ណ្ឌដូន​ពេញ រាជធានី​ភ្នំពេញ។

លោល សុង តេង ប្រធាន​សហព័ន្ឋចុង​ភៅកម្ពុជា​បានថ្លែងថា ភ្ញៀវ​ទេសចរណ៍​​មកទស្សនា​កម្ពុជា ក្រៅពី​ទស្សនា​ តាម​រមណីយ​ដ្ឋាន​នានា ពួកគេ​ផ្តោត​លើវិស័យ​ម្ហូប​​អាហារ និង​បដិ​សណ្ឋារកិច្ច​ផងដែរ ព្រោះ​វិស័យ​នេះមាន​ សារៈ​សំខាន់​ណាស់ ប្រសិន​​ជាអតិថិជន​ទទួល​ទាន​អាហារ​មានបញ្ហា​សុខភាព ពួកគេ​នឹង​និយាយ​អាក្រក់​ ពី​កម្ពុជា ប៉ុន្តែ​បើពួកគេ​ទទួល​ទានអាហារ​ឆ្ងាញ់ និងផ្តល់​ឲ្យពួក​គេនូវ​អារម្មណ៍​កក់ក្តៅ ពួកគេ​នឹងផ្សព្វ​ផ្សាយ​ ប្រាប់​គ្នា​គេ​ឲ្យមក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើនថែម​ទៀត។

លោកបន្តថា ដោយមើល​ឃើញពីសារៈ​សំខាន់​លើវិស័យ​ម្ហូប​អាហារ ទើប​​សមាគម​ចុងភៅ​កម្ពុជា សហព័ន្ឋ​ចុង​ភៅ​និង​សមាគម​ដែលធ្វើ​ការពាក់​ព័ន្ឋនឹង​វិស័យ​ទេសចរណ៍​តែងតែ​រៀបចំ​ឲ្យមាន​កម្មវិធី​តាំង​ពិព៌ណ​ម្ហូប​អាហារ​កាន់តែ​ច្រើន ដើម្បី​​ផ្សព្វផ្សាយ​ពីម្ហូប អាហារ​ របស់​ជាតិ​យើង និង​អាហារ​របស់​បណ្តា​ប្រទេសផ្សេងៗ​ទៀត។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative