ក្រសួង​អប់រំ ចេញ​​សេចក្តី​ប្រកាស​​ព័មាន​ជុំវិញ​​​លទ្ធផល​​នៃ​ការ​ដាក់​​ពាក្យ​​ប្តឹង របស់​​បេក្ខជន​​ប្រឡង​​បាក់​​ឌុប​​ឆ្នាំ២០១៥​

ក្រសួង​អប់រំ យុវជន និង​កីឡា​​កាល​ពី​ថ្ងៃទី១៤ ខែតុលា ​បាន​ចេញ​​សេចក្តី​ប្រកាស​​ព័ត៌មាន​​មួយ ដោយ​​បញ្ជាក់​​ពី​លទ្ធផល​នៃ​ការ​ដោះ​ស្រាយ​​ចំពោះ ពាក្យ​បណ្តឹង​​របស់ បេក្ខជន អាណា​ព្យាបាល សិ​ស្សិ​​ប្រឡង​​សញ្ញា​បត្រ​ មធ្យម​សិក្សា​​ទុតិយ​ភូមិ (បាក់​ឌុប) សម្រាប់​​ឆ្នាំ​២០១៥។

23333សេចក្តីប្រកាស​ព័ត៌មាន របស់​​ក្រសួង​​អប់រំ​ បាន​ឲ្យ​​ដឹងថា ក្នុង​​រយៈ​ពេល៣០​ថ្ងៃ ដែល​​ក្រសួង​​អប់រំ​​ទុកពេល​​វេលា​​ឲ្យ​​បេក្ខជន និង​អាណា​ព្យាបាល​​សិស្ស ប្តឹង​តវ៉ា​​ក្រោយ​​ចេញ​លទ្ធផល​​នោះ ក្រសួង​​អប់រំ​​បានទទួល​​នូវ​ពាក្យ​ បណ្តឹង​​មួយចំនួន ហើយ​​ក្រសួង​​បាន​បង្កើត​​ក្រុមការ​ងារ​​កោសល្យ​​វិ​ច្ច័​យ ដើម្បី​​ពិនិត្យ​​យ៉ាង​គ្រប់​​ជ្រុងជ្រោយ លើ​គ្រប់​​ពាក្យ​បណ្តឹង​​ទាំងអស់ ហើយ​ក្រោយ​​ពិនិត្យ​​រួច​ឃើញថា លទ្ធផល​​របស់​​ក្រសួង​​អប់រំ​​គឺ​សុទ្ធតែ​​ត្រឹមត្រូវ និង​ពិត​ជា​មាន​​តម្លាភាព៕

ក្រោយពី​ក្រសួង​​អប់រំ យុវជន និង​កីឡា ត្រួតពិនិត្យ​​លើ​លទ្ធ​ផល​​ប្រឡង​​តាម​ពាក្យ​បណ្ដឹង​​រ​បស់​​សិស្ស​​ឡើងវិញ​​នោះ​ឃើញថា ការ​កំណែ​​លទ្ធផល​​ប្រឡង​​កន្លង​មក​ពិត​ជា​ត្រឹមត្រូវ ពោល​គឺ​សិស្ស​​ដែល​ដាក់​​ពាក្យបណ្ដឹង​​ទាំង នោះ​ពិតជា​ធ្លាក់ ឬ​ទទួល​បាន​និទ្ទេស​​តាម​ការ​ប្រកាស​​កន្លង​មក​មែន។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មា​ន​នោះ បាន​ឲ្យ​​ដឹងថា ក្រសួង​​បាន​បង្កើត​​ក្រុមការ​ងារ​​កោសល្យ​វិច័យ ដើម្បី​​ពិនិត្យ​​យ៉ាង​​គ្រប់​ជ្រុង​ជ្រោយ​លើ​​ពាក្យបណ្ដឹង​​ទាំងអស់។ ក្រសួង​​អប់រំ បាន​ខិត​ខំ​​ដោះ​ស្រាយ​​គ្រប់​​ពាក្យ​ប​ណ្ដឹង​​ចំនួន​ ៣​ប្រ​ភេទ យ៉ាង​យក​ចិត្តទុក​ដាក់ ដោយ​​ឃើញថា ការកែ​​សន្លឹក​​កិច្ចការ​​ និង​ ការផ្ដល​ពិន្ទុ​​នាពេល​​កន្លងមក​​ពិតជា​​ត្រឹម​ត្រូវ ទៅតាម​​អាត្រា​​កំណែ​ដែល​​បានដាក់​​ចេញ។ ការអនុវត្ត​​ការងារ​​បូក​ស្រង់​​ពិន្ទុ​​របស់​​បេក្ខជន​​ដោយ​ប្រព័ន្ធ​​កុំព្យូទ័រ ពិត​​ជាមាន​​តម្លាភាព ហើយ​លទ្ធផល​​នៃ​ការ​ប្រឡង​​ដែល​បាន​ប្រកាស​​គឺ​ពិតជា​​ឆ្លុះបញ្ចាំង​​ទៅលើ​​សមត្ថ​ភាព របស់​​បេក្ខជន។

បន្ទាប់ពី​ក្រសួង​​អប់រំ​​យុវជន​ និង​កីឡា ​បានប្រកាស​​លទ្ធផល​​ប្រលង​​សញ្ញាបត្រ​​មធ្យម​សិក្សា​​ទុ​ទិ​យ​​ភូមិ​​ឬ​បាក់​​ឌុប​ កាលពី​​ថ្ងៃទី១២ កញ្ញា ​សំរាប់​​រាជធានី​​ភ្នំពេញ​ និង​ខេត្ត​កណ្តាល​ និង២៣​ខេត្ត​ទៀត ​ថ្ងៃទី១៣ កញ្ញា​ រួចមក​រហូត​មក​ដល់ពេល​នេះ​មាន​​បេក្ខជន​​ប្រមាណ​​ជាង១០០នាក់ ​បានដាក់​ពាក្យ​​ប្តឹង​ជំទាស់​​លទ្ធផល​​ប្រលង​​ដោយ​ឲ្យ​​ក្រសួង​​ត្រួត​ពិនិត្យ​​សំណេរ​​របស់​​ពួ​ក​គេ​ឡើង​វិញ។

ការតវ៉ា​របស់​បេក្ខជន​​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​​អប់រំ​​យុវជន​ និង​កីឡា ​បានធ្វើ​ការ​ប្រកាស​​ដល់​​បេក្ខជន​​មាតា​បិតា​​អ្នក​អាណា​ព្យាបាល​​ឬ​អ្នកពាក់​ព័ន្ធ​ដែល​​មិន​ពេញ​​ចិត្តនឹង​​លទ្ធផល​​ប្រលង​​សញ្ញាបត្រ​​មធ្យម​សិក្សា​​ទុតិយ​ភូមិ​​ឬ​បាក់​ឌុប​​នៅ​ឆ្នាំនេះ​​អាចមាន​​សិទ្ធិ​ប្ដឹង​តវ៉ា​ក្នុង​​រយៈពេល​៣០​ថ្ងៃ ចាប់​ពីថ្ងៃ​​ប្រកាស​​លទ្ធផល ប្រឡង​​នេះ​​តទៅ។ ដោយ​អ្នក​​ប្ដឹងតវ៉ា​​ត្រូវ​សរសេរ​​ជា​លាយ​លក្ខណ៍​អក្សរ ត្រឹមត្រូវ មាន​​ភស្តុតាង មាន​ឈ្មោះ មុខរបរ អាសយដ្ឋាន​​ច្បាស់​លាស់ និង​មាន​ការ​​ទទួល​ខុស ត្រូវ​ចំពោះ​មុខ​ច្បាប់​​ជា​ធរមាន។ ក្នុង​ករណី​​មាន​ពាក្យ​បណ្ដឹង​ ឬ​ពិនិត្យ​ឃើញថា ការប្រឡង​​មាន​ភាព មិន​ប្រក្រតី​​លើ​កិច្ចការ​​របស់​​បេក្ខជន និង​លើ​​ការ​អនុវត្ត​​ភារកិច្ច​​របស់​​គណៈ​មេប្រយោគ និង​គណៈ​កម្មការ​ផ្សេងៗ ក្រសួង​​ត្រូវបង្កើត គណៈ​កម្មការ​​កោសល្យ​វិច័យ។

ពាក់ព័ន្ធ​នឹង​បញ្ហា​​នេះ​លោក ​ហង់ ​ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រី​ក្រសួង​​អប់រំ​ យុវជន​ និង​កីឡា ​បាន​​មានប្រ​សាសន៍​ថា ​មាន​បេក្ខជន​​ប្រលង​​ធ្លាក់​បាក់​ឌុប​​បានដាក់​​ពាក្យ​ប្តឹង​​នឹង​លទ្ធផល​​ប្រលង​​ប្រមាណ​​ជាង១០០​នាក់ ​ហើយ​ក្រុម​ការងារ​​កំពុង​ធ្វើការ​​ដើម្បី​​ពិនិត្យ​មើល​ពាក្យ​បណ្តឹង​​ទាំងនេះ​​ព្រោះថា​​យើង​មិន​អាច​យក​​ទាំង​ជាង​១០០​នាក់​នោះ​ទេ​គឺ​​យើង​​រើស​តែ​​សំណូម​ពរ​​ណា​ដែល​​ជាក់ស្តែង​​មាន​ហេតុ​ផល។ លោក​រដ្ឋ​មន្ត្រី​ បាន​បន្ត​ថា​តែ​បើ​គ្រាន់​តែ​សួរ​ថា​មូល​ ហេតុ​អ្វី​​បានជា​គាត់​​ប្រលង​​ធ្លា​ក់វា​​ក៏​ពិបាក​ដែរ។ តែបើ​​សិន​គាត់​​រៀន​ពូកែ​​តែ​ស្រាប់​តែ​ធ្លាក់​​ដោយមាន​​ការ​បញ្ជាក់​​អំណះ​អំណាង​​ច្បាស់លាស់​​នោះ​យើង​នឹង​​ពិនិត្យ​មើល​ឡើងវិញ។ លោក​រដ្ឋ​មន្ត្រី​​បាន​បញ្ជាក់​ថា «នៅ​ថ្ងៃ​ទី១២​ តុលា ការ​ត្រួត​ពិនិត្យ​​នឹង​ចប់​​ហើយ​ប្រកាស​​លទ្ធផល​​នៅថ្ងៃ​នោះ​តែ​​តែម្តង»។

តាម​លទ្ធផល​ប្រលង បាន​ឲ្យ​​ដឹងថា បេក្ខជន​​ប្រឡង​​ជាប់​សម័យ​​ប្រឡង​​ឆ្នាំ២០១៥​នេះ មាន​​ចំនួន​៤៦៥៦០​នាក់​​ត្រូវ​ជា៥៥,៨៨​ភាគរយ​​នៃ​បេក្ខជន​​វត្តមាន​​ចំនួន​៨៣៣២៥ នាក់ ក្នុងនោះ​​មាន​បេក្ខ​ជន​​ជាប់​​និទ្ទេស​​A មាន​ចំនួន​ ១០៨​នាក់ និទ្ទេស​B​មាន​១០៨៥ និទ្ទេស​​C​៣២៩២ និទ្ទេស​​D ៦០៩៣ និង​​និទ្ទេស E ៣៥៩៨។ ក្នុង​ចំណោម​​បេក្ខ​ជន​​ជាប់ និទ្ទេស​​Aទាំង​១០៨​នាក់​​នោះ​មក​ពី​រាជ​ធានី​​ភ្នំពេញ​៤៨នាក់ សៀមរាប​១៤នាក់ បាត់​ដំបង​៧នាក់ ត្បូងឃ្មុំ​និង​​តាកែវ​៦នាក់​​ក្នុង១ខេត្ត  ខេត្ត​កណ្ដាល និង​​កំពង់ចាម​៥នាក់​ក្នុង​១ខេត្ត កំពត​៤នាក់ ព្រះ​វិហារ កំពង់ធំ បន្ទាយ​មានជ័យ ក្រចេះ និង​ព្រះសីហនុ​២នាក់​​ក្នុង១ខេត្ត ហើយ​​កំពង់ស្ពឺ ស្វាយរៀង និង​ប៉ៃលិន ម្នាក់​ក្នុង១ខេត្ត ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative