ការប្រមូល​សំរាម​នៅរាជធានី​ភ្នំពេញ ត្រូវ​អាកខាន​​រយៈ៧​​ថ្ងៃ​ក្នុង​ពិធី​បុណ្យ​​ភ្ជុំបិណ្ឌ

ក្រុមហ៊ុនស៊ិនទ្រី បានអនុញ្ញាតិ​ឲ្យបុគ្គលិក​របស់​ខ្លួនឈប់​សំរាក​ រយៈពេល​​៧​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី​៩ ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី​១៥​ តុលា ឆ្នាំ​២០១៥ ដែលធ្វើ​ឲ្យការ​ប្រមូល​សំរាម​ក៏ត្រូវ​អាកខាន ផងដែរ។

344566ជាមួយការឈប់សំរាក​នេះក្រុម​ហ៊ុន​​ស៊ិន​ទ្រី បាន​អំពាវ​នាវ​ទៅ​ដល់​បង​ប្អូន​​ប្រជាពល​រដ្ឋ គ្រប់​​ស្រទាប់​វណ្ណៈ​​ទាំង​អស់ ដែល​​រស់​នៅ​​ក្នុង​រាជធានី​​ភ្នំពេញ មេត្តា​​មានការ​​យោគយល់​​អធ្យា​ស្រ័យ​​ខ្ពស់ ចំពោះ​​ការរអាក់​រអួល​​ប្រមែ​ប្រមូល​​សំរាម មិនទាន់​​ពេល​វេលា និងសុំឲ្យ​​បងប្អូន ប្រមូល​​សំរាម ឬ កាក់​​សំណល់​​នានា  ទុក​នៅ​​មួយ​កន្លែង ឬ ច្រកចូល​​ក្នុង​ថង់​​ផ្លា​ស្ទិក​​ណាមួយ ចង់ទុក​​នៅ​ខាង​​មុខ​ផ្ទះ​​របស់​ខ្លួន ឬ យក​ទៅ​​ចោល​នៅ​​ធុងសំរាម​​ធំៗ តាម​​ដង​ផ្លូវ ដែល​ក្រុម​ហ៊ុន​​បាន​ដាក់​​ជូន ដើម្បី​​ជា​ការ​​ចូល​រួ​ម ចំណែក​​មួ​យ​ក្នុង​ការ​ជួយ​​គិតគូរ និង​បំពេញ​​ភាពងាយ​ស្រួល​ ដល់​​ក្រុមកម្មករ​​របស់​​ក្រុមហ៊ុន ដើរ​​ប្រមូល។ ក្រោយពី​​ការ​ឈប់​​សំរាក​​ក្រុមហ៊ុន នឹង​ខ្នះ​ខ្នែង រូតរះ​​ក្នុង​​ការ​ចុះ​​ប្រមែ​ប្រមូល​​សំរាម តាម​ទី​សាធារណៈ​​ផ្សេងៗ នៅក្នុង​​រាជធានី​​ភ្នំពេញ ដើម្បី​​ជាការ​រួ​ម​ចំណែក​​ថែរក្សា សោភណ្ឌ​​ភាព និង​​បរិស្ថាន​​នៅក្នុង​​រាជធានី​​ភ្នំពេញ​​ទាំងមូល​​ជា​ធម្មតា៕

តំណាង​ក្រុមហ៊ុន​ប្រាប់​​ឲ្យដឹងថា ក្នុង​រយៈ​ពេល​៧​​ថ្ងៃ នៃ​ការ​ឈប់​សំរាក​​របស់​​ក្រុម​កម្មករ កម្មការិនីស៊ិន​ទ្រី គឺ​​មិន​មែន​ក្រុម​ហ៊ុន​​ផ្តាច់​ការ​​មិន​ប្រមូល​​សំរាម​​ទាំងស្រុង​​នោះ​ទេ គឺ​ក្រុម​ហ៊ុន​មាន​​មនុស្ស​​ប្រចាំ​ការ ក្នុង​ការ​​ទៅ​យក​​សំរាម នៅ​តាម​​ដងផ្លូវ និង​តាម​​ទីសាធារណៈ​​នានា​​ក្នុង​រាជ​ធានី​​ភ្នំពេញ​​ធម្មតា គ្រាន់តែ​​ការ​ប្រមូល​​វា​មិន​បាន​គ្រប់​​ជ្រុង​ជ្រោយ នឹង​ទាន់​​ពេល​វេលា​​ល្អ ( ពោល ​គឺ​រអាក់​រអួល​​បន្តិច ) ព្រោះ​​កម្មករ​​មួយ​ចំនួន​ធំ ពួក​គាត់​ត្រូវ​​ឈប់​សម្រាក ដើម្បី​​ទៅ​ចូល​រួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​​ប្រពៃណី​​ជាតិខ្មែរ នៅឯ​ស្រុក​កំណើត។

បញ្ហានេះខាង តំណាង​​របស់​​ក្រុមហ៊ុន​​ស៊ិន​ទ្រី​​បានធ្វើ​​លិខិត​​មួយ​ជម្រាប​​ជូន​ទៅ លោក​​អភិបាល​​រាជធានី​​ភ្នំពេញ​ អំពី​​ហេតុផល ក្នុង​ការ​​រអាក់រអួល​​ប្រមែ​ប្រមូល​​សំរាម នៅ​រដូវ​​បុណ្យ​​ភ្ជុំ​បុណ្យ​​ខាងមុខ ដោយ​​បញ្ហា​​ចម្បង​​បំផុត គឺ ក្រុម​កម្មករ ផ្នែក​​ដើរ​ប្រមូល​​សំរាម​​មួយចំនួន​ធំ នាំគ្នា​​ឈប់សម្រាក ដើម្បី​​ធ្វើដំណើរ​​ទៅ​ស្រុក​កំណើត ចូលរួម​​ធ្វើ​បុណ្យ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​តាម​​ទំនៀម​ទម្លាប់​​ប្រពៃណី​ខ្មែរ ដើម្បី​​ឧទ្ទិស​​កុសល​​ផល​បុណ្យ ដល់​​បងប្អូន និង​ ញាតិ​​ការ​​ទាំង​៧​​សន្តាន​​ដែល​ចែក​​ឋាន​ទៅ។

សូម​បញ្ជាក់​ឲ្យ​​ដឹង​ថា ការដែល​​ក្រុមហ៊ុន​ស៊ិនទ្រី អនុ​ញ្ញា​តិ​​ឲ្យ​កម្មករ ឈប់​សម្រាក​​រយៈពេល​​៧​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​៩ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៥ គឺ​ធ្វើ​​ឡើង​ទៅ​តាម​លិខិត​​របស់​​ក្រសួង​​ការងារ និង​​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ ដែល​​តម្រូវ​​ឲ្យ​កម្មក​រ ទាំងអស់​​មាន​សិទ្ធ​​សេរី​ភាព​​គ្រប់គ្រាន់ ដើម្បី​ឈប់​សម្រាក ក្នុង​​ឱកាស​​ពេល​មាន​បុណ្យ​ទាន ជាពិសេស ​បុណ្យ​ភ្ជុំបិណ្ឌ​​ប្រពៃណី​​ជាតិខ្មែរ ដែល​កំពុង​តែ​ខិត​ជិត​​ចូល​មក​ដល់​​ខាង​មុខ​នេះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative