អគ្គស្នងការនគរបាល​ជាតិ ចាត់​វិធាន​ការតឹង​រឹងចំពោះ​រថយន្ត​ឈ្នួលមិន​គោរព​ច្បាប់​ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាន​នាយក​ដ្ឋាននគរ​បាល​ចរា​ចរណ៍​ និង​សណ្តាប់​ធ្នាប់​សាធា​រណៈ បាន​ថ្លែង​ថា នៅក្នុង​ពិធី​បុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ឆ្នាំ​២០១៥ នាយក​ដ្ឋាន​នគរបាល​ចរា​ចរណ៍ និង​សណ្តាប់​ធ្នាប់​សាធា​រណៈ​ បានរៀប​ចំកម្លាំង​ចំនួន​១៥០នាក់ សហការ​ជាមួយ​កម្លាំង​ស្នងការ​ដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ចុះត្រួត​ពិនិត្យ​បង្ការ​ទប់ស្កាត់ អនុវត្ត​ច្បាប់ និងសម្រួល​ចរា​ចរណ៍​តាមបណ្តា​ច្រកចេញ​-ចូល​សំខាន់ៗ និងខ្សែ​ក្រវាត់​រាជធានី​ភ្នំពេញ ដូចជាផ្លូវ​ជាតិ​លេខ​១ ,២, ៣, ៤, ៥ និង​លេខ៦។

4555លោកបន្តក្នុង​ការចុះ​អនុវត្ត​នោះយើង​នឹងចាត់​វិធានការ​យ៉ាងម៉ឺង​ម៉ាត់​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ ពិសេស​រថយន្ត​ក្រុង និងរថយន្ត​ឈ្នួលដឹក​អ្នកដំណើរ​ដែលប្រព្រឹត្ត​ល្មើសនឹង​ច្បាប់ ស្តីពី​ចរា​ចរណ៍ ផ្លូវគោក ដូចជា​ការប្រើ​ប្រាស់​ល្បឿន​លើស​កំណត់​ ដឹកសំពីង​សំពោង ផ្ទុក​មនុស្ស ឬទំនិញ​លើស​ចំណុះ បើកបរ​ក្នុងស្ថានភាព​ស្រវឹង។ល។

លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា​ បាន​ព្រមាន​ថា « បើសិន​ក្នុងករណី​មិនព្រម​អនុវត្ត​តាមច្បាប់ នាយក​ដ្ឋាន​នគរបាល​ចរា​ចរណ៍ និងសណ្តាប់​ធ្នាប់​សាធារណៈ​នឹងធ្វើការ​ឃាត់ និង​ពិន័យ​ទៅតាម​ច្បាប់ក្នុង​មាត្រា​ទី៦៦ នៃច្បាប់​ស្តីពីចរា​ចរណ៍​ផ្លូវ​គោក​»៕

គេសង្កេតឃើញថា​នៅថ្ងៃទី០៩ ខែ​តុលា ដែត្រូវ​នឹងពិធី​កាន់បិណ្ឌ​ទី១២ នៅតាម​ដងផ្លូវ​នានា​ក្នុងរាជធានី​ភ្នំពេញ​ក៏ដូចជា​ច្រកផ្លូវចេញ​ចូលទៅ​កាន់តាម​បណ្តាខេត្ត​នោះមាន​​សភាព​កកស្ទះ ដោយសារ​តែបងប្អូន​កម្មករ​ក៏ដូចជា​ប្រជាពល​រដ្ឋបាននាំ​គ្នា​សំរុក​ធ្វើដំណើរ​ទៅកាន់​ស្រុក​កំណើត​រៀងៗខ្លួន​ដើម្បីចូល​រួមពិធី​បុណ្យភ្ជុំ​ដែលនឹង​ប្រព្រឹត្ត​ទៅនៅ ថ្ងៃទៅ១២ តុលា នេះ​ហើយ​។

ជាការពិតបញ្ហាគ្រោះ​ថ្នាក់​ចរា​ចរណ៍ គឺជា​បញ្ហាដ៏ក្តៅ​មួយរបស់​សង្គម​កម្ពុជា​ព្រោះ​ថាវាបាន​សំលាប់​មនុស្ស​ប្រមាណពី ៥ទៅ ៦នាក់ និងរង​របួស២០ទៅ​៣០នាក់ជា​រៀងរាល់ថ្ងៃ។ វាមិនត្រឹម​តែធ្វើ​ឲ្យខាតបង់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេវាថែម​ទាំងធ្វើ​ឲ្យបាត់​បង់ធន​ធានមនុស្ស​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែ​តុលា ឆ្នាំ២០១៥  

Google Analytics Alternative