ជំងឺកញ្រ្ជិលផ្ទុះ​ទ្បើងវិញ បន្ទាប់​ពីប្រកាស​ដាក់​ប្រទេស​គ្មានជំងឺ​នេះ

ជំងឺកញ្រ្ជិលបានផ្ទុះ​ទ្បើងវិញ បន្ទាប់​ពីប្រទេស​នេះបាន​ប្រកាស​ថាជាប្រទេស​​បានលុប​បំបាត់​ជំងឺ​កញ្រ្ជិល​ទាំង​ស្រុង​ កាល​ពីខែ​មិនា ឆ្នាំ​២០១៥ កន្លង​មក​នេះ។

23232យោងតាមសេចក្តីប្រកាស​ព៌តមាន​រួមរបស់​ក្រសួង​សុខា​ភិបាល និង​អង្គការ​​សុខភាព​ពិភព​លោក បាន​ចេញ​កាលពី​ថ្ងៃទី​៨​ តុលា កន្លង​មកថា ជំងឺ​កញ្រ្ជិល​មួយក​រណី​ត្រូវបាន​អះអាង​ថា​កើតទ្បើង​នៅក្នុង​ខេត្ត​ក្រចេះ កាលពី​ថ្ងៃទី៤ តុលា យោង​​តាម​​តេស្ត​មន្ទីរ​ពិសោធន៍​ដែលបាន​ធ្វើទ្បើង ដោយវិទ្យា​ស្ថានជាតិ​សុខភាព​សាធារណៈ ទៅ​លើ​ករណី​សង្ស័យ​មួយ​ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃទី១៥ កញ្ញា ឆ្នាំ​២០១៥​ កន្លងមក។

ករណីជំងឺកញ្រ្ជិលបានកើត​ទ្បើង​បន្ទាប់​ពីកម្ពុជា បានទទួល​វិញ្ញា​បន​បត្រ​ទទួ​ល​​ស្គាល់ពី​គណៈ​កម្មការ​វាយតំលៃ​ថ្នាក់​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ ថ្ងៃទី២៧ មិនា​ឆ្នាំ២០១៥ កន្លង​មកថា​ប្រទេស​កម្ពុជា​សម្រេច​បានជោគ​ជ័យ​ក្នុងការ​​លុបបំបាត់​ជំងឺ​កញ្រ្ជិល ដោយកត់​សំគាល់​ថា ពុំមាន​ការ​រាយ​ការណ៍​ណាមួយ​អំពី​ករ​ណី​ជំងឺ​កញ្រ្ជិល ដែលបាន​បញ្ជាក់​ដោយ​មន្ទីរ​ពិសោធន៍​នៅក្នុង​ប្រទេស​នេះ។

យោងតាមសេចក្តី​ប្រកាសព៌ត​មានដដែល​បានឲ្យដឹង​ថា បន្ទាប់ពី​ទទួល​បាន​ឋានៈ​ជាប្រទេស ដែលបាន​លុបបំបាត់​ជំងឺ​ កញ្រ្ជិល​កន្លង​មក កម្មវិធី​ជាតិផ្តល់​ថ្នាំបង្កា​​របស់ក្រសួង​សុខាភិបាល បាន​និ​ង​កំពុង​បន្តតាម​ដានមើល​ជំងឺនេះ ដើម្បី​ស្រាវ​ជ្រាវ​​រក​មេរោគ​កញ្រ្ជិល​ដែលនាំចូល​ពីប្រទេស​ដទៃ ព្រមទាំង​ធានា​អនុវត្ត​វិធាន​ការទប់​ស្កា​ត់សម​ស្របនានា។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល បានកោះ​ប្រជុំ​បន្ទា​ន់​មួយ ព្រមទាំង​បាន​បញ្ជូន​ក្រុមអ្នក​ជំនាញ​ទៅ​កាន់ខេត្ត​ទាំងពីរ ដើម្បីធ្វើ​ការស៊ើប​​អង្កេត​បន្ថែម​ទៀត និងរៀប​ចំត្រៀម​សម្រាប់​ការឆ្លើយ​តប​បន្ទាន់។

លោកបន្តថា “យើង​កំពុង​ចាត់វិធាន​ការណ៍​ចាំបាច់​ទាំងអស់ រួមទាំង​យុទ្ឋនា​​ការផ្តល់​ថ្នាំបង្ការ​បន្ទាន់ ដើម្បី​បញ្ឈប់​ការចម្លង​ជំងឺ​កញ្រ្ជិល ដើម្បី​ការពារ​ប្រជាជន​​កម្ពុជា”។

លោកវេជ្ជបណ្ឌិត ដុងអ៊ីល អាន តំំណាង​អង្គការ​សុខភាព​ពិភព​លោកប្រចាំ​កម្ពុ​ជា បានថ្លែង​ថា “ក្នុង​នាមជា​ដៃគូ​យើង​កំពុង​ធ្វើការ​ជាមួយ​ក្រសួង​សុខា​ភិបាល ដោយ​ខិត​ខំប្រឹងប្រែង​បន្តស្រាវ​ជ្រាវ​រកជំងឺ​កញ្រ្ជិល​ដែលអាច​មាន ព្រម​ទាំងយុទ្ឋ​នា​ការ​ផ្ត​ល់​ថ្នាំ​បង្ការ ក្នុងតំបន់​ដែលប៉ះ​ពាល់ ដើម្បី​បង្ការ​ការចំលង​ជំងឺនេះ​ក្នុង​សហគមន៍”។​ លោកបន្ត​ថា “  អង្គការ​សុខភាព​ពិភព​លោកនឹង​គាំទ្រដល់​ការបញ្ជូន​វត្ថុវិភាគ ទៅកា​ន់​មន្ទីរ​ពិសោធន៍​​​ របស់​អង្គការ​សុខភាព​ពិភព​លោក​នៅក្រៅ​ប្រទេស ដើម្បី​ធ្វើ​តេស្ត​បន្ថែម​ទៀត ក្នុងគោល​បំណង​កំណត់​ថា តើមេរោគ​នេះគឺជា​មេរោគ​នាំចូល​ពីប្រទេស​ជិតខាង​ឬយ៉ាង​ណា”។

លោកស្រី ដេប៉រ៉ា ខូមីនី តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា​បានថ្លែង​ថា “​ការផ្ទុះ​ជំងឺ​កញ្រ្ជិល​នេះបាន​បង្ហាញ​ពីសារៈសំ​ខាន់​ ដែលត្រូវ​បន្តធានា​ការគ្រប​ដណ្តប់ ការផ្តល់​ថ្នាំបង្ការ​ជំងឺ​កញ្រ្ជិល​ឲ្យបាន​ក្នុងកម្រិត​ខ្ពស់ ក៏ដូចជា​ការអនុវត្តន៍​សកម្ម​ភាព​​ផ្តល់​ថ្នាំបង្ការ​នៅថ្នាក់​មូលដ្ឋាន​ផ្ទាល់ ដោយផ្តោត​គោល​ដៅលើ​កុមារ និង​សហគមន៍​​ដែលងាយ​រងគ្រោះ​បំផុត”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែ​តុលា ឆ្នាំ២០១៥  

Google Analytics Alternative