មជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម អំពាវ​នាវឲ្យ​មានការ​ចូលរួម​បរិច្ចាគ​ឈាមក្នុង​អំឡុង​ពេលបុណ្យភ្ជុំបិណ្ឌ

មជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម បានប្រកាស​អំពាវ​នាវឲ្យ​ប្រជាពល​រដ្ឋចូល​រួមបរិច្ចាគ​ឈាម​ក្នុងអំឡុង​ពេល បុណ្យ​ភ្ជុំបិណ្ឌ​ ខណៈ​ ពេលដែល​មជ្ឈ​មណ្ឌល កំពុង​​មានការ​ព្រួយ​បារម្ភ នឹងមាន​ជនរង​គ្រោះ​ចរាចរណ៍​ និង​គ្រោះថ្នាក់​ផ្សេងៗ​នៅក្នុង​អំឡុង​ពេលបុណ្យ​ភ្ជុំបិណ្ឌ។

444444លោក ហុក គឹមចេង ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម មាន​ប្រសាសន៍​ឲ្យដឹងពី ថ្ងៃទី០៨ តុលា ថា​សម្រាប់​ពិធី​បុណ្យភ្ជុំ​បិណ្ឌ ក្នុងឆ្នាំ​នេះមជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម បានធ្វើ​ការ​អំពាវ​នាវ​ទៅកាន់​សម្បុរស​ជន និង​ប្រជាពល​រដ្ឋ​ទាំងអស់ ឲ្យចូល​រួម​ធ្វើ​កុសល​ផល​បុណ្យ​តាម​រយៈ​ការផ្តល់​អំណោយ​ឈាម​សម្រាប់​ជួយ​សង្គ្រោះ​ទៅកាន់​មនុស្ស​ជាទី​ស្រឡាញ់ ដែល​មានមិត្ត ​ភកិ្ត បងប្អូន សាច់ញាតិ ក្រុមគ្រួសារ និង​ជនរង​គ្រោះថ្នាក់​ដោយឧបទ្ទវ​ហេតុ​ផ្សេងៗ។

ការអំពាវនាវខាងលើ​នេះ ធ្វើឡើង​ក្នុងខណៈ​ដែលមាន​ការព្រួយ​បារម្ភ​ថាអាច​នឹងមាន​ជនរង​គ្រោះត្រូវ​ការឈា​មជាចាំ​បាច់​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដែលរង​គ្រោះថា្នក់ ដោយ​សារ​ចរាចរណ៍ និងគ្រោះ​ថ្នាក់ផ្សេងៗក្នុង​អំឡុងពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដើម្បីជួយ​រំលែកទុក្ខ​ទៅដល់​ជនរងគ្រោះ និងសេចក្ដី​ត្រូវការឈា​មនៅតាម​មន្ទីរពេទ្យ។

លោកបញ្ជាក់ថា សព្វថ្ងៃនេះ អំណោយ​ឈាម​ប្រមាណ​៣៥​ភាគរយ បានមក​ពីសប្បុ​រស​ជន និង​ប្រជាពល​រដ្ឋ​ស្ម័គ្រចិត្ដ ហើយ​ប្រមាណ​ជាង​៦០​ភាគរយ​ទៀត បានមក​ពីប្រភព​ក្រុម​គ្រួសារ​អ្នកជំងឺ​ដែលបាន​រួមចំណែក​ជួយបំពេញ​បង្គ្រប់​ទៅតាម​តម្រូវ​ការ របស់​អ្នកជំងឺ ដែល​កំពុង​ត្រូវការ និងតាម​ការ​អំពាវ​នាវ​របស់​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់ឈាម។

លោកបានពន្យល់ថា ជាធម្មតា​កម្មវិធីវះ​កាត់ជំងឺ​ផ្សេងៗ​នៅតាម​មន្ទីរពេទ្យ​ហាក់ដូច​ជាមាន​ការថយ​ចុះក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ ប៉ុន្ដែអ្វី​ដែលជាការ​ព្រួយ​បារម្ភ​នោះ គឺបញ្ហា​គ្រោះថ្នាក់ ចរាចរណ៍​ក្នុងអំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះមជ្ឈមណ្ឌល​ជាតិផ្ដល់​ឈាមបាន​ត្រៀមបំរ៉ុង​ឈាមទុក សម្រាប់​ជួយសង្គ្រោះ​អាយុ ជីវិត​ប្រជាពល​រដ្ឋ​ឲ្យបាន​ទាន់ពេលវេលា។

លោកបានប្រៀបធៀប​ជាមួយថ្ងៃ​ធម្មតា​ទៅនឹងថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ចំពោះ​តម្រូវ​ការឈាម គឺមានការ​ថយចុះ ប៉ុន្ដែ​អ្វីដែល​មជ្ឈ​ មណ្ឌល​មានការ​ព្រួយ​បារម្ភគឺការ ត្រៀម​ឈាមសម្រាប់​ជួយ​សង្គ្រោះ​បន្ទាន់  ខណៈ​ពេលដែល​មានគ្រោះ​ថ្នាក់ចរា​ចរណ៍ ឬ​គ្រោះ​ថ្នាក់ផ្សេង​ក្នុងអំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ក្នុងរយៈ ពេល​ប៉ុន្មាន​ថ្ងៃនេះ។  លោក​បញ្ចាក់​ថា សម្រាប់​ក្នុង​ពិធី​បុណ្យ ភ្ជុំបិណ្ឌ​ឆ្នាំនេះ​មជ្ឈមណ្ឌល​ជាតិផ្ដល់​ឈាមបាន​ត្រៀមស្វែងរក​អំណោយ​ឈាមឲ្យបាន​ច្រើនរាប់រយ​ប្លោក ដើម្បី​ទុកជួយ​សង្គ្រោះ​ដល់​អ្នកដែល​រងគ្រោះ និងអ្នកជំងឺ​អ្នកដែល​ទទួល​រងគ្រោះ​ថ្នាក់ផ្សេងៗ ក្នុងការ​ត្រូវការ​ឈាម​ចាំបាច់។

លោក ហ៊ឹម យ៉ាន អគ្គស្នង​ការ​រងនៃ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជាក់​ថា សម្រាប់​ពិធី​បុណ្យភ្ជំ​បិណ្ឌ​ក្នុងឆ្នាំ​នេះ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បានដាក់​ផែនការ​ដល់អង្គ​ភាព​ក្រោ​មឱវាទ​ទាំងអស់ ត្រូវរឹត​បន្តឹង​ការត្រួត​ពិនិត្យ​រៀបចំ​សណ្ដាប់​ ធ្នាប់​នៅតាម​ដងផ្លូវ ដើម្បី​ជួយសម្រួល​ដល់ការក​កស្ទះ​ធ្វើចរា​ចរណ៍ ពិសេស​អនុវត្ដ​លើយាន​យន្ដដែល​ដឹកល្មើស​ច្បាប់ និង ​ដឹកលើស​ចំណុះ​យានយន្ដ​គ្រប់ ប្រភេទ​មិនគោរព​ស្លាក​សញ្ញា​ចរាចរ ដែលអាច​បង្កឱ្យ​មានគ្រោះ​ថ្នាក់នៅ​តាម​ដងផ្លូវ។ លោកបាន​អំពាវនាវ​ដល់ប្រជាពល​រដ្ឋ​ដែលធ្វើដំណើរ​នៅតាមដង​ផ្លូវទាំងអស់ ក្នុងពិធី​បុណ្យ​ភ្ជុំបិណ្ឌ ត្រូវគោរព​ច្បាប់​ចរា​ចរណ៍​ឲ្យបាន​គ្រប់ៗគ្នា ព្រោះនៅ​ក្នុងថ្ងៃ​បុណ្យទាន​ម្ដងៗ បញ្ហា​គ្រោះថ្នាក់​ចរាចរ​បានកើនឡើង​ទ្វេដង​ពីថ្ងៃធម្មតា​ដែលបណ្ដាល​ឲ្យ​មនុស្ស​រងគ្រោះ​ដល់ស្លាប់ និងរង​របួស​ជាច្រើន​នាក់។

យោងតាមរបាយការណ៍​របស់​គណៈកម្មា​ធិការ​ជាតិ សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក បាន​បង្ហាញ​ថា ក្នុងឆ្នាំ​២០១៤ កន្លង​មកនេះ​មានគ្រោះ​ថ្នាក់​ចរាចរ​ណ៍​ចំនួន​៤៦៤៥​ករណី ក្នុងនោះ​បណ្ដាល​ឲ្យមនុស្ស រង​របួស​ចំនួន​១៥៣១៥​នាក់ និង​ស្លាប់​ចំនួន​២២២៦ នាក់​នៅទូទាំង​ប្រទេស៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែ​តុលា ឆ្នាំ២០១៥  

Google Analytics Alternative