វិធីប្រើប្រាស់​សំឡី​អនាម័យ

ធម្មជាតិ​របស់មនុស្ស​ស្រីមានភាព​សាំញុំា​ជាងបុរស​បន្ដិច ទាំងបញ្ហា​តុបតែងខ្លួន ក៏ដូច​ជាបញ្ហា​សុខភាពដែរ។ ស្ដ្រីចាប់​ពីពេល​ពេញវ័យ​តែងមាន​ការធ្លាក់​ឈាមរដូវ​មានធ្លាក់​សជាដើម ដែល​តម្រូវឱ្យ​ស្ដ្រីត្រូវ​មានការ​យកចិត្ដ​ទុកដាក់​ថែទាំ​អនាម័យ​ឱ្យបាន ត្រឹមត្រូវ។ តើស្ដ្រី​គួរជ្រើសរើស​សំឡី​អនាម័យ​បែបណា​នៅពេល​មករដូវ?

រូបភាពទស្សនាវដ្តីសុខភាពយើង

សំឡី​អនាម័យ​ត្រូវបាន​បងប្អូន​ស្ដ្រីប្រើប្រាស់​ជាទូទៅ​នៅពេល​មករដូវ។ នៅអឺរ៉ុប នៅពេល​មករដូវ គេប្រើ​តំប៉ុងវិញ វាជា​សំឡីម្យ៉ាង​រាងមូល​ពណ៌ស​ប៉ុនម្រាមដៃ​គេប្រើវា​ដោយដាក់​ចូលទៅក្នុង​ទ្វារមាស​តែម្ដង។ ប៉ុន្ដែ​ការដាក់​តំប៉ុងធ្វើ​ឱ្យមានការ​ដាច់រហែក សន្ទះ​ព្រហ្មចារី​ចំពោះ​ស្ដ្រីនៅ​ក្រមុំ​ព្រហ្មចារី។ ដោយសារ​នៅបរទេស គេមិន​សូវគិត​ពីបញ្ហា​សន្ទះ​ព្រហ្មចារី វាមិន​ជាបញ្ហា​ចោទ​នោះទេ។

ផលប្រយោជន៍​ក្នុងការ​ប្រើប្រាស់​សំឡី​អនាម័យ

សំឡី​អនាម័យ​មានសារៈ​ប្រយោជន៍​ណាស់​សម្រាប់ស្ដ្រី​ជួយឱ្យ​ចៀសវាង​ការឆ្លង​មេរោគ​ផ្សេងៗ​ផងដែរ នៅពេល​មានធ្ល្កាក់​ឈាមរដូវ។ ក្រៅពីនេះ​វាមានសារៈ​ប្រយោជន៍​ផ្សេងៗ​ទៀតដែល​ទស្សនាវដ្ដី​សុភាពយើង នឹង​បកស្រាយ​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត ជូ ពិន ដូចត​ទៅនេះ។

– វាជាវត្ថុ​ប្រើសម្រាប់​ទ្រឈាមរដូវ ដែលធ្លាក់​មកពី​ទ្វារមាស​របស់ស្ដ្រី​កុំឱ្យប្រឡាក់​គូទខោ ឬសំពត់ ជាការ​អនាម័យ​ដ៏ល្អមួយ។

– ប្រើសម្រាប់​កត់សម្គាល់​ចំណុះឈាម។ ដើម្បីដឹង​ថានារី​ម្នាក់នោះ​មានឈាម​រដូវបរិមាណ​ប៉ុណ្ណា គ្រូពេទ្យ​គ្រាន់តែ​សួរទៅ​កាន់អ្នកជម្ងឺ​ថាតើគាត់​ប្រើសំឡី​អនាម័យ​អស់ប៉ុន្មាន​ដុំតែប៉ុណ្ណោះ។ ឧទាហរណ៍ ប្រសិន​បើស្ដ្រី​នោះមាន​រដូវជោគ​តែសំឡីពីរ​ដុំទេអាច​សម្គាល់បាន​ថានារីនោះ​មានឈាម​រដូវតិច ច្រើន មធ្យម ឬតិច​ពេកជាដើម ព្រមទាំង​សម្រាប់​មើលពណ៌​សម្បុររបស់​ឈាមផង​ដែរ។

– ចំពោះអ្នក​ធ្លាក់ស​គេក៏​ប្រើសំឡី​អនាម័យដែរ។ ប៉ុន្ដែ​យើងគួរ​ប្រើសំឡី​ប្រភេទស្ដើង ព្រោះការ​ធ្លាក់សតិច​ជាងឈាមរដូវ​។ គេប្រើ​ដើម្បី​កុំឱ្យប្រឡាក់​សទៅលើ​ខោទ្រនាប់​របស់គាត់​នៅពេល​ដែលគាត់​ធ្វើដំណើរ​ឆ្ងាយ។ ព្រោះគេ​មិនអាចបោក​ខោទ្រនាប់ ច្រើនដង​បានទេ។

– សំឡី​អនាម័យ​មិនមែន​ប្រើសម្រាប់​តែពេល​មករដូវទេ សូម្បី​តែស្ដ្រី្ដ​ដែលទើប​តែសម្រាល​កូនហើយ ក៏ប្រើ​សំឡី​អនាម័យ ដែរ។​ស្ដ្រី​ដែលទើប​តែសម្រាល​កូនហើយ គាត់នៅ​មានធ្លាក់​ឈាម។ ដូចនេះ​គ្រូពេទ្យ​តម្រូវឱ្យ​គាត់​ប្រើសំឡី​អនាម័យ​ដើម្បី​ឱ្យដឹងថា ឈាមគាត់​ពណ៌អ្វី ដើម្បី​កុំឱ្យហូរ​ឈាម​ប្រឡាក់ខោ ឬ​សំពត់​របស់គាត់ និង​ដើម្បី​ឱ្យគ្រូពេទ្យ​ងាយស្រួល​វាយតម្លៃ​ពីបរិមាណ និងពណ៌ សម្បុរ​របស់ឈាម និង​ការពារ​មេរោគ​ពីខាងក្រៅ​កុំឱ្យចូល​ទៅក្នុង​ទ្វារមាសបាន។

ការ​ជ្រើសរើស​ប្រភេទ​សំឡី​អនាម័យ

សំឡីង​អនាម័យ​មានច្រើន​ប្រភេទ​ទៅតាមការ​ផលិត​របស់​ក្រុមហ៊ុន​នីមួយៗ។ សព្វថ្ងៃ​នេះ សំឡី​អនាម័យ​មានដាក់លក់ មានច្រើនម៉ាក និងច្រើន​ប្រភេទ ដូចជា​ប្រភេទស្ដើង ក្រាស់​ជាដើម។ ស្ដ្រីគួរ​ជ្រើសរើស​សំឡីណា​ដែលនាង​គិតថា​ស្រួលប្រើ ដូចជាសំឡី មានលក្ខណៈទន់ ហើយឆាប់ជក់ទឹក។ ប្រសិន​បើសំឡី​នោះរឹង ហើយមិន​ជក់ទឹក​ទៀតនោះ នាំឱ្យ​ឈាមរដូវ​ហៀរប្រឡាក់ ចេញមក ខាងក្រៅបាន។ សំឡី​ក្រាស់​ប្រើសម្រាប់​ស្ដ្រីដែល​មានឈាម​រដូវច្រីន។ សំឡី​អនាម័យ​ស្ដើងប្រើ​សម្រាប់​ស្ដ្រីដែល​មានឈាម​រដូវតិច ឬ ក៏ប្រើ​សម្រាប់​ថ្ងៃដែល​មានឈាម​រដូវតិច ដូចជា​ថ្ងៃមក​រដូវ​ដំបូង ថ្ងៃចុង​ក្រោយ​ជិតអស់​រដូវជាដើម ដើម្បីកុំ​ឱ្យវា​ហប់ពេក។ ជាការ ប្រសើរ​បងប្អូន​នារីគួរ​តែមាន​សំឡី​អនាម័យ​ប្រភេទ​ស្ដើងផង និង​ក្រាស់ផង។

របៀប​ប្រើប្រាស់​សំឡី​អនាម័យ

នៅពេល​មុនចេញ​ទៅធ្វើការ យើងគួរប្រើវា និងពេល​ត្រឡប់​មកវិញ យើងគួរ​ផ្លាស់វាចេញ។ មានបង​ប្អូននារីខ្លះ មិនចូល ចិត្ដប្រើ​សំឡី​អនាម័យ​នៅពេល​យប់ទេ។ នៅពេលយប់ ប្រសិន​បើយើង​មករដូវ​ច្រើន យើងគួរ​ប្រើវាដែរ​ដើម្បីចៀស​វាងការឆ្លង​រោគជា យថាហេតុ ហើយជា​ការអនាម័យ​ផងដែរ។

នៅកន្លែង​ធ្វើការ យើងគួរ​ដាក់សំឡី​ទៅតាម​ខ្លួនផងដែរ ដើម្បី​បង្ការ។ ព្រោះថា​នៅពេលខ្លះ យើងដាក់​សំឡី​ទើបតែបាន រយៈពេល​៣ម៉ោង​ប៉ុណ្ណោះ ស្រាប់តែ​ឈាមរដូវ​ជោគ​សំឡី។ ដូចនេះ យើង​គួរផ្លាស់​សំឡីមួយ​ទៀត ចៀសវាង​ការហៀរ​ឈាម​ចេញមក ខាងក្រៅ។ ការប្រើ​សំឡី​មិនមាន​កំណត់​ថាក្នុងមួយ​ថ្ងៃប៉ុន្មាន​ដុំនោះទេ គឺប្រើ​នៅពេល​ដែលយើង​យល់ថា​មានឈាម​ជោគសំឡី យើង ត្រូវប្ដូរ​មួយទៀត។ សម្រាប់​អ្នកនៅ​ជនបទ ដែលមិន​មានថវិកា​ទិញសំឡី​អនាម័យ ស្ដ្រីអាច​ប្រើកន្សែង ឬ​ក្រណាត់​ជំនួស​សំឡីបាន។ ប៉ុន្ដែ​កន្សែង ឬ​ក្រណាត់​នោះត្រូវ​ឱ្យមាន​អនាម័យ បោកគក់​ជាមួយ​សាប៊ូ​ឱ្យស្អាត ហាលឱ្យ​ចំកម្ដៅថ្ងៃ ឬអ៊ុតទៀត រិតតែប្រសើរ ដើម្បី ជាការ​សម្លាប់​មេរោគ។ ស្ដ្រីគួរ​ធ្វើការកត់​សម្គាល់ផង​ដែលថា​សំឡីអនាម័យ​ណាដែល​ប្រើទៅ​ធ្វើឱ្យមានកន្ទួល​រមាស់ គួរប្ដូរចេញ ហើយ រកទិញ​សំឡី​អនាម័យ​ប្រភេទ​ផ្សេងវិញ។

មានផល​រំខានខ្លះៗ ដែលបណ្ដាល​មកពីការ​ប្រើប្រាស់​សំឡី​អនាម័យ និងខោ​ទ្រនាប់។ ស្ដ្រីគួរ​កុំប្រើ​ខោរឹបពេក មិន​គួរប្រើ ខោដែល​មានជាតិ​នីឡុងទេ គប្បី​ប្រើខោ​ដែលមាន​ជាតិកូតុង ព្រោះវា​មិនធ្វើ​ឱ្យហប់ពេក។ សំឡី​អនាម័យខ្លះ នៅពេល​យើង​ប្រើនាំឱ្យ មានកន្ទួល​រមាស់​នៅលើ​ស្បែក ដែល​បណ្ដាល​មកពីការ​មានប្រតិកម្ម​រវាង​សារធាតុគីមី ដែលលាយ​ក្នុងបន្ទះ​សំឡី​អនាម័យ។ ការប្រើ ខោក្រាស់ ខោរឹបតឹង​ពេក ឬសើម​ក៏នាំឱ្យ​មានកើត​បញ្ហា​កនួ្ទល​រមាស់​នេះដែរ។

ដំបូន្មាន​អ្នកជំនាញ

ការប្ដូរ​សំឡី​រវាង៤ម៉ោង​ម្ដងជា​ការប្រសើរ ព្រោះវាមិន​ធ្វើឱ្យមានក្លិន។ ស្ដ្រីនៅ​តាមជនបទ គួរចៀស​វាងកុំចុះ​ទឹកត្រញំង ទឹកទន្លេជាដើម គួរដងទឹកមកងូតវិញជាការប្រសើរជាង ដើម្បីការពារកុំឱ្យមានការឆ្លងមេរោគ។ នៅពេលមករដូវ ស្ដ្រីគួរ​សម្អាតខ្លួន ប្រាណឱ្យ​បានស្អាត​បាតផង ចៀសវាង​ការមាន​ក្លិនមិនល្អ។ ហើយគួរ​ទទួលទាន​អាហារ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​កុំឱ្យមាន​ភាពស្លេក​ស្លាំង ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative