សិស្សសាលានៅ​ភ្នំពេញ​កំពុង​ប្រឈម​មុខនឹង​បញ្ហា​សុខភាព​គួរឲ្យ​ព្រួយ​បារម្ភ

ចំណីអាហារជាចំណែក​មួយដ៏សំខាន់​​ក្នុងការ​ជួយទ្រទ្រង់​រាងកាយ​ឲ្យរីកធំ​ធាត់តែ​បើចំណី​អាហារ​ណា​មិនមាន​អនាម័យ​ និង​ពោល​ពេញ​ទៅដោយ​សារជាតិ​គីមី​នោះវានឹង​ធ្វើឲ្យប៉ះ​ពាល់ដល់​សុខភាព​ដែលមិន​ធ្វើឲ្យ​មានការ​រីកលូត​លាស់​បានល្អ​ប្រសើរ​។

IMG_5909បើតាមលោកឱសថ​ការី អាំង ហុកស៊្រុន ប្រធាន​ការិយា​ល័យ​សុវត្តិ​ភាព​ចំណី​អាហារ នៃ​នាយក​ដ្ឋាន​ឱសថ​ចំណី អាហារ​បរិក្ខា​ពេទ្យ និងគ្រឿង​សំអាង​បានមាន​ប្រសាសន៍ឲ្យ​ដឹង​ថាចំណី​អាហារ​ដែលដាក់​តាំងលក់​នៅតាម​សាលា​នានា នៅក្នុង​រាជធានី​ភ្នំពេញ​មាន​៨០​ភាគរយ​មិនមាន​អនាម័យ​ទេដែល​ធ្វើឲ្យ​សិស្សានុ​សិស្ស​ទិញបរិភោគ​ប៉ះពាល់​ដល់សុខ​ភាព​ពិសេស​ខ្វះអាហា​រូបត្ថម្ភ​ទៀតផង​ដោយសារ​អ្នកលក់​ប្រើខ្លាញ់​ច្រើនពេក។

លោកបានបន្តថា «មាន​សិស្ស​ប្រមាណ​ពី៧០​ទៅ៨០% បានទិញ​ចំណី​អាហារ​បរិភោគ​នៅក្នុង​សាលា និង​ក្រៅសាលា ជា​អាហារ​សំរាប់​ពេលព្រឹក​ថ្ងៃត្រង់ និង​ពេល​រសៀល​ហើយ​ចំណី​អាហារ ទាំងនោះ​មិនមាន​លក្ខណៈ​អនាម័យ​ត្រឹម​ត្រូវ​នោះទេ»។

លោកបានបន្ថែមថា ដោយសារ​មើលឃើញ​បញ្ហា​ទាំងនេះ​ហើយទើប​ក្រសួង​សុខាភិបាល និងអង្គការ​សុខភាព​ពិភព​លោក​ បាន​រៀបចំវគ្គ​បណ្តុះ​បណ្តាល​មួយដើម្បី​ផ្តល់ចំណេះ​ដឹងទាក់ទិន​នឹងសុវត្តិភាព​ចំណី​អាហារ​ដល់អ្នក​លក់ចំណី​អាហារ​នៅតាម​សាលា​បឋម​សិក្សា​កន្លង​មកនេះ។

លោកឱសថការី អាំង ហុកស៊្រុន បាន​មាន​ប្រសាសន៍​ថាការបើក​វគ្គបណ្តុះ​បណ្តាល​ដល់អ្នក​លក់ចំណី​អាហារ​នៅតាម​សាលា​បឋម​សិក្សា​បន្ទាប់ពី​គេបានរក​ឃើញថាមាន​សិស្សសាលា​មួយចំនួន​ធំពោល​គឺដាក់លក់​មិនមាន​អនាម័យ​ដោយលក់​មិនមាន​គំរបគ្រប​​ការពារ​រុយរោម​លក់នៅជីត​គំនរ​សំរាម​ប្រើប្រាស់​ទឹកកក្វក់​ក្នុងការលាង​ចំណី​អាហារ​ដោយសារ​តែសន្សំ​សំចៃ​ទឹក។​ក្រៅពីនេះ​មានអ្នក​លក់ខ្លះ​បានប្រើ​ប្រាស់​ជាតិខ្លាញ់​លើចំណី​អាហារ​ច្រើនរហូត​ដល់ខ្មៅ​ដែលជាតោ​ខ្លាញ់​នេះវា​ក៏បាន​ធ្វើឲ្យ​សិស្សានុ​សិស្ស​យើងមាន​បញ្ហាកង្វះ​អាហា​រូបត្ថម្ភ​ផងដែរ។

លោកបាន​បញ្ជាក់​ថា«ដើម្បីអភិវឌ្ឍ​កុមារ​សុវត្តិភាព​ចំណី​អាហារ​អាហារូបត្ថម្ភ​ និង​អនាម័យ​មានសារៈ​សំខាន់​ណាស់។ ដូច នេះ​អ្នកលក់​ដូរនៅ​តាមសាលា​ក៏មានតួនាទី​សំខាន់​ដែរក្នុង​ការធ្វើឲ្យ​កុមារ​មានសុខភា​ពល្អ»។

លោកបានបញ្ជាក់ថា​សុវត្តិភាព​ចំណី​អាហារ​មានសារៈ​សំខាន់​ណាស់សំរាប់​សុខភាព​យើងតែ​ការយល់​ដឹងចំពោះ​បញ្ហា​នេះ​នៅមាន​កំរិត​នៅឡើយ។ដូចនេះសូម​អ្នកលក់​ដូរតាម​សាលា​សូមធ្វើជា​គំរូចាប់​តាំងពីកន្លែង​លក់ការ​វេចខ្ចប់​ឲ្យបានល្អ​ស្អាត​អនាម័យ​ដើម្បី​សុខភាព​សិស្សានុ​សិស្ស​រ​បស់​យើង។ លោកមា​នប្រសាសន៍​ថាបើ​ចំណី​អាហារ​របស់​ស្រុកយើង​ប្រកប​ដោយ​អនាម័យ​ ​និងមាន​សុវត្តិភាព​នោះវា​គឺជាការ​ចូលរួម​ចំណែក​ក្នុងការ​ទាក់ទាញ​ភ្លៀវ​ទេសចរណ៍​ និងចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រជាពល​រដ្ឋ​ និង​ប្រទេស​ជាតិ​ផងដែរ។

កាលពីពេលថ្មីៗនេះ​មន្ត្រីកាំកុង​ត្រូលនៅ​រាជធានី​ភ្នំពេញ​បានចុះ​នៅតាម​សាលារៀន​មួយចំនួន​ហើយ​បានរក​ឃើញ​ថានំ​កញ្ចប់​ដែលដាក់​លក់់នៅ​តាមសាលា​មិនមាន​សុវត្តិភាព​ឡើយមាន​ខ្លះលក់​ហួសកាល​កំណត់​ទៀតដែល​នាំឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់សុខភាព​សិស្ស។

ទាក់ទិននឹងបញ្ហានេះដែរ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កាលពីពេល​ថ្មីៗនេះ បានជំរុញ​ឲ្យមន្ត្រី នៃនាយក​ដ្ឋាន​កាំកុង​ត្រូល ទាំងអស់ ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់ ទំនិញគ្មាន​គុណភាព​ឆ្លងកាត់​ព្រំដែន ឲ្យបាន​កាន់តែ​ខ្លាំងក្លា​ថែមទៀត ជាជាង​ការចុះ​ពិនិត្យ​ទំនិញ គ្មានគុណ​ភាព នៅតាម​ទីផ្សារ​រាប់ម៉ឺន​នៅម្ពុជា​នោះ ហើយថា​ការទប់​ស្កាត់បាន​ទំនិញ ឆ្លង​ដែនខូច​គុណភាព គឺងាយ​ស្រួល​ជាងការ​ដើរ​តត្រុក​តាមផ្សារ។

លោក ស៊ុន ចាន់ថុល បានថ្លែង​ទៀតថា «យើង​ត្រូវខិត​ខំប្រឹង​ប្រែង ធ្វើយ៉ាង​ណាការ​ពារ​ឲ្យបាន នូវ​សុវត្ថិភាព​ម្ហូប​អាហារ។ ការការពារ​នេះ យើងមិន​ត្រឹមតែ​ចុះពិនិត្យ​ចំណី​អាហារ តាមផ្សារ​ទេ យើងត្រូវ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់ កុំឲ្យចូល​មកដល់​ក្នុងស្រុក​យើង ទប់ស្កាត់​នៅតាម​ព្រំដែន បើយើង​ទប់ស្កាត់​មិនបាន ហើយយើង​ដើរត្រួត​ពិនិត្យ​ផ្សារ​រាប់ម៉ឺន​ផ្សារ ពិបាក​ណាស់ ត្រូវ​ចាប់​នៅ​តាមព្រំដែន​ឲ្យហើយ កុំឲ្យ​ចូលមក​ដល់ផ្សារ​នោះ​គឺល្អ​ជាង»។

ជាមួយគ្នានេះដែរ លោកទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ជំរុញ​ឲ្យមន្ត្រី​កាំកុង​ត្រូល ធ្វើការ​ពន្យល់​ដល់​ពាណិជ្ជករ​អំពី​ផលវិបាក នៃការ​នាំចូល​ទំនិញ​ខូចគុណ​ភាព និងហួស​ការ​បរិច្ឆេទ​ឲ្យបានកាត់​តែច្បាស់ ដើម្បីឲ្យ​ពួកគាត់​ដឹងថា នៅពេល​ដែលពួក​គាត់នាំ​ចូល អាច​ទទួលរ​ងនៅ​ការខាត​បង់ទំនិញ ថវិការ​ និងអាចមាន​ទោសទណ្ឌ​ថែមទៀត។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែ​តុលា ឆ្នាំ២០១៥    

Google Analytics Alternative