មជ្ឈមណ្ឌលឯក​សារ​កម្ពុជា​ ប្រកាស​រកគ្រួសារ​សាច់ញាតិ​អដិ្ឋធាតុ​​​កោដ្ឋ​ចំនួន ៤៦៤​នៅ​វត្ត​លង្កា

មជ្ឈមណ្ឌលឯកសារ​កម្ពុជា និងវត្ត​លង្កា បានប្រកាស​សួរ​រក​ក្រុម​គ្រួសារ​ដែលស្វែង​រក​​​​អដ្ឋិធាតុ​សាច់ញាតិ​កោដ្ឋ​ចំនួន ៤៦៤ ដែលបាន​យកមក​ដាក់នៅ​ក្នុងវត្ត​លង្កា​ ដែលមាន​អាយុកាល​ចាប់ពី​ទសវត្សរ៍​ឆ្នាំ១៩៧០​ដល់ ទសវត្សរ៍​ឆ្នាំ​១៩៩០។

543444មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ មាន​បញ្ជី​ឈ្មោះ និងសៀវ​ភៅ​កត់ត្រា​ឡុកដើម្បី​ជួយ​សម្រួល​ក្នុងស្វែង​រកអដ្ឋិ​ធាតុ​ទាំងនេះ។​

ទន្ទឹមនឹង​ប្រកាស​ស្វែងរក​អ្នកស្លាប់​ទាំងនោះ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា និងវត្ត​លង្កា​នឹងរៀប​ចំពិធី​បង្សុកូល​នៅវត្ត​លង្កា​ដល់​អដ្ឋិធាតុ​ចំនួន​៤៦៤ ដែលត្រូវ​បានរក​ឃើញនៅ ក្រោម​បល្ល័ង្ក​ព្រះកាល​ខែកុម្ភៈ ឆ្នាំ​២០១៥ កន្លង​នៅថ្ងៃ​ទី១២ ខែតុលា ឆ្នាំ​​២០១៥​ វេលា​ម៉ោង​៣ រសៀល ទៅដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ក្នុងឱកាស​រដូវបុណ្យ​បិណ្ឌ​ភ្ជុំ​នេះជូន ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​ដែលបានលា​ចាកឋាន​ទៅកាន់ លោក​ខាងមុខ។ពិធីបង្សុ​កូលនេះ​នឹងមាន ការចូល​រួមពី​សំណាក់​ពុទ្ធ​បរិស័ទ និង​​សិស្សានុ ​សិស្ស​។

ពាក់ព័ន្ធនឹងកោដ្ឋ​ចំនួន​៤៦៤ ប្រហែល​ជាអ្នក​ស្លាប់ស្ថិត​នៅក្នុង​របប​សាធារណ​រដ្ឋខ្មែរ ព្រោះថានា​ថ្ងៃបញ្ចប់​នៃរបប​សាធារ​ណ​ រដ្ឋ​ខ្មែរនៅដើម​ទសវត្សរ៍​ឆ្នាំ១៩៧០ ប្រទេស​កម្ពុជា​ជួបនូវ​ស្ថានភាព​វឹកវរ​ និងច្របូក​​ច្របល់ យ៉ាងខ្លាំង។ ផ្ទៃដី​មួយ​ភាគ​ធំត្រូវ​បាន​គ្រប់​គ្រងដោយ​ខ្មែរក្រហម និងមាន​ការបាញ់​ផ្លោងមកលើ​ក្រុងភ្នំពេញ ព្រម​ទាំង​ការទម្លាក់ គ្រាប់បែក​នៅ​តាម​បណ្តា​ខេត្តនានា។​ គ្មាននរណាដឹង​អំពីជោគ​វាសនាថា​នឹងមានអ្វី​កើតឡើងនា​ពេល​ក្រោយ​មក​ទៀតនោះ​ទេ ហើយ​ក៏​គ្មានទី​កន្លែងណា​ដែលមាន​សុវត្ថិភាព​ជាងវត្ត​អារាម​នោះដែរ។

កោដ្ឋទាំងនេះត្រូវបាន​ប្រទះឃើញ​នៅក្រោម​បល្ល័ង្ក​ព្រះ ​នៅវត្ត​លង្កា ដែលជា​ទីវត្ត​អារា​មធំទីពីរ​នៅ​ក្នុង​ទីក្រុង​​ភ្នំពេញ។ ប្រការ​នេះធ្វើ​ឲ្យយើង​ជឿថា អ្នករស់​នៅទីក្រុង​ភ្នំពេញបាន​ជ្រើសរើស​វត្តអារាម​ដែល​ជាទី​កន្លែង​មានសុវត្ថិភាព​​ដើម្បី​​​​​រក្សា​អដ្ឋិ​ធាតុ​​របស់​ឪពុក​ម្តាយ និងជីដូន​ជីតា​របស់ខ្លួន។

៤០ឆ្នាំកន្លងមក មានអ្នកមក​វត្តលង្កា​តិចតួច​ប៉ុណ្ណោះ ដើម្បី​ស្វែងរកអដ្ឋិ​ធាតុរបស់​ក្រុមគ្រួសារ​ខ្លួន។ ក្រុមគ្រួសារ​​មួយ​ចំនួន​ធំបាន​ស្លាប់ទៅ មុនពេល​ដែលអាចប្រាប់​ព័ត៌មាន​អំពីទីតាំង​នៃកន្លែង​តម្កល់​អដិ្ឋធាតុ​​​​ទៅកាន់សាច់​ញាតិដទៃ​​របស់​ខ្លួនឲ្យបាន​ដឹង។ ស្លាកព័ត៌​មានប្រវត្តិរូប​សម្គាល់អដ្ឋិធាតុ​ជាច្រើនត្រូវ​រកឃើញ​ស្ថិតក្នុងសភា​ពពុក​ផុយ ។

បើតាមលោកកេង ម៉េងឡុង អតីត​ព្រះសង្ឃ បច្ចុប្បន្ន​មានមុខ​របរ​​ជាអ្នកបើក​តាក់ស៊ី បានមក​ស្នាក់នៅ​វត្តលង្កា​ដើម្បី​រៀនសូត្រ​នៅ ឆ្នាំ​១​៩៩១។​ ម៉េងឡុង​ បាននិយាយ​ថា «ពេលខ្ញុំ​នៅជា​លោក​នេន គ្រូ​របស់ខ្ញុំ​បានឲ្យខ្ញុំ​ជួយរក​អដិ្ឋធាតុ​កោដ្ឋ​នៅក្រោម​​បល្ល័ង្ក ព្រះក្នុង​ព្រះវិហារ។ ខ្ញុំបាន​អុជទៀន​ឆ្លុះមើល​រកឈ្មោះ​ដែលដាក់ជាប់​នឹងកោដ្ឋ​ទាំងនោះប៉ុនែ្ត​មានកោដ្ឋ​ខ្លះពុំមានឈ្មោះ​​ឬខែឆ្នាំ មរណ​ភាព​បិទភ្ជាប់ទេ។ អ្នកដែល​បានរកឃើញ​ឈ្មោះ​សមាជិក​ក្រុមគ្រួសារ សាច់ញាតិ​របស់​ខ្លួនបាន​យំ​យ៉ាង​​ខ្លាំង​ ហើយបាន​នឹក ឃើញ​អនុស្សាវរីយ៍​កន្លងមក។ ប៉ុន្តែ​គួរឲ្យ​ស្តាយ ដែល​សមាជិក​ក្រុមគ្រួសារ​ខ្លះ ពុំអាច​រក​សាច់​ញាតិរបស់​ខ្លួន​ឃើញ​ដោយសារ តែគ្មាន​ព័ត៌មាន​ច្បាស់​លាស់ និងពុំ​អាចធ្វើ​ការប៉ាន់​ស្មាន​អដ្ឋិធាតុ​មួយណា ដែលជា​​របស់​សមាជិក​គ្រួសារ​ខ្លួនបាន»។

អដិ្ឋធាតុមួយភាគធំ ពុំធ្លាប់​មានការប៉ះ​ពាល់ទាល់​តែសោះ ​រហូតដល់​ខែកុម្ភៈ ឆ្នាំ​២០១៥ នៅពេល​ដែលលោក  ​ឆាំង យុ បានប្រទះ​ឃើញក្នុង​អំឡុង​ពេលដែល​បងស្រី​របស់​លោក​ទទួល​មរណភាព​ និងធ្វើបុណ្យ​នៅវត្ត​លង្កា។

អដិ្ឋធាតុ​​កោដ្ឋចំនួន ៤៦៤ ធ្វើឡើង​ពីថ្មកែវ ដីដុត ប្រាក់ និងសំរឹទ្ធិ ដែលក្នុង​នោះមាន​មួយចំនួន​បានដាក់​ក្នុង​ចានកែវ​​ភ្ជាប់​ជា​មួយនឹង​រូបថតអ្នក​ស្លាប់ ហើយអដ្ឋិ​ធាតុមួយ​ចំនួន​ទៀត ត្រូវខ្ចប់​ដោយ​ក្រណាត់​ពណ៌ស។ អដ្ឋិធាតុ​​មួយ​​ចំនួន​តូចដាក់​​ស្លាក​​ សម្គាល់​ឈ្មោះ​ និងខែឆ្នាំ​មរណភាព ​របស់​អ្នកស្លាប់​​ និងអដ្ឋិ​ធាតុ​ផ្សេងទៀត​ផ្ទុក​កំណត់​សម្គាល់​ជា​ព័ត៌មា​ន​​នៅខាង​ក្នុង។​ ​ក្នុង ចំណោម​អដ្ឋិធាតុ​ទាំងអស់ មានអដ្ឋិធាតុ​មួយជា​របស់​ក្មេងស្រី​ដែលមាន​អាយុ​មួយខួប។

បច្ចុប្បន្នទោះបីជាអដ្ឋិធាតុ​ដែលបាន​បូជា​ប្រមាណ​៤០ឆ្នាំ​ប្លាយ​ត្រូវបាន​កប់ទុក​មួយកន្លែង​ក៏ពិត​មែន​ប៉ុនែ្ត​អដ្ឋិធាតុ​ទាំងនោះ​ក៏នឹង​អាចមាន​ឱកាស​បានជួបសាច់​ញាតិជា​ទីស្រលាញ់​នៅពេលណា​មួយមិនខាន។

ថវិកាសម្រាប់គម្រោងនេះ​ត្រូវបាន​ផ្តល់ជូន​ដោយទីភ្នាក់​ងារ​អភិវឌ្ឍន៌​អន្តរជាតិ​សហរដ្ឋ​អាមេរិក ​​(USAID) ស្ថាន​ទូតសហរដ្ឋ​អាមេរិក​ប្រចាំ​នៅរាជធានី​ភ្នំពេញ និង​​កង​នាវា​របស់​សហរដ្ឋ​អាមេរិក (Seabees​ of NMCB ​FIVE)។​ គម្រោង​នេះត្រូវ​បាន​គាំទ្រ​ដោយផែ្នក​សិក្សា​​អំពី​ប្រវត្តិ​សិល្បៈ​ និងបុរាណ​វិទ្យា​នៃសាលា​សិក្សា​អំពី​អាស៊ី​ និង​អាហ្វ្រិក​នៃសាកល​វិទ្យាល័យ​ឡុនដុន​ ​ចក្រ​ភព​អង់គ្លេស ផ្នែកសិក្សា​ពីភូមិ​សាស្រ្ត​នៃសកល​វិទ្យាល័យ​ខេនស្តេត សហរដ្ឋ​អាមេរិក មជ្ឈ​មណ្ឌល​សិក្សាពី​សិទ្ធិ​មនុស្ស​​ ជម្លោះ​ និង​អំពើ​ប្រល័យ​ពូជ​សាសនា នៃសកល​វិទ្យាល័យ​រ៉ាត់គើស សហរដ្ឋ​អាមេរិក​ និងក្រុម​គ្រួសារ​លោក​យាយ​ កែវ ណាន រាជធានី​ភ្នំពេញ៕​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែ​តុលា ឆ្នាំ២០១៥    

Google Analytics Alternative