រដ្ឋមន្ត្រីសុខាភិបាល ​ជំរុញ​​ប្រជាពល​រដ្ឋ​ប្តឹង​ទៅ​​អាជ្ញាធរ​​លើ​​ករណី​​មាន​ការ​​លក់​​ឱសថ​​ក្លែង​ក្លាយ

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល បាន​ប្រកាស​​ជំរុញ​​ឲ្យ​ប្រជាពល​រដ្ឋ​​គ្រប់​រូប​ត្រូវ​​ធ្វើការ​​ប្តឹង​ទៅ​​អាជ្ញាធរ​ ដែល​នៅ​​ជិត​ខ្លួន ប្រសិន​បើ​រក​ឃើញ​ថា មាន​​អ្នកលក់​​ថ្នាំពេទ្យ ឬ​​ឱសថ​ស្ថាន បានធ្វើ​ការ​​សកម្មភាព​​ផ្សំ​ថ្នាំ​​ព្យាបាល​​ជំងឺ និង​ចែក​ចាយ​​ឱសថ​​ក្លែងក្លាយ​​ជូន​ឲ្យ​​ប្រជាពលរដ្ឋ​​ដើម្បី​​ព្យាបាល​​ជំងឺ​។​

666666នៅក្នុង​​ពិធី​ដុត​​កម្ទេច​​ឱសថ​​ក្លែងក្លាយ​​ប្រមាណ​​៣០​​លាន​គ្រាប់ នៅ​​សង្កាត់​​ជើងឯក រាជ​ធានី​​ភ្នំពេញ កាលពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​​២០១៥ លោក​វេជ្ជ​បណ្ឌិត ម៉ម ប៊ុន ហេង ថ្លែង​ថា « កន្លែង​​លក់​ឱសថ​​មិនមែន​ជា​កន្លែង​​ផ្សំ​ថ្នាំ​​ព្យាបាល​​ជំងឺ​​នោះទេ ពោល​គឺ​មាន​ តែ​គ្រូពេទ្យ​​នោះទេ​​ដែលមាន​​សិទ្ធ​ចេញ​វេជ្ជ​បញ្ជា​ផ្សំ​​ថ្នាំពេទ្យ​ ឲ្យ​អ្នក​ជំងឺ​ទៅ​​ទិញ​​ឱសថ​​តាម​ឱសថ​ដ្ឋាន​​ដើម្បី​​ព្យាបាល​​ជំងឺ​»។​

លោករដ្ឋមន្ត្រីបាន​ជំរុញ​​ឲ្យ​ប្រជាពល​រដ្ឋ​​ត្រូវ​ធ្វើ​ការ​ប្តឹង​ទៅ​ក្រសួង​សុខា​ភិបាល មន្ទីរ​​សុខា​ភិបាល ឬ​ប្តឹង​ទៅ​​នគរ​បាល ឬ​អាជ្ញា​​ធរ​មាន​​សមត្ថកិច្ច​​នៅក្នុង​​មូលដ្ឋាន ប្រសិន​បើ​កន្លែង​​លក់​​ឱសថ​​ធ្វើ​ការ​ខុស​តួនាទី​​នេះ​។ ការជំរុញ​​ឲ្យ​​ប្រជាពល​រដ្ឋ​​បង្កើន​​ប្តឹង​​នោះ បាន​ធ្វើឡើង​​បន្ទាប់ពី​​មាន​ក្រុម​​ពេទ្យ​​លក់​ឱសថ​​គ្មាន​​សញ្ញា​បត្រ ហើយ​មាន​ចំណេះ​​បន្តិច​បន្តួច​​បន្លំ​ខ្លួន​​កេងចំណេញ​​ផ្សំ​ថ្នាំ​​ដោយ​គ្មាន​​ភាពច្បាស់​លាស់​។​

លោក មៀ​ច សុផាន់​ណា អនុរដ្ឋ​លេខាធិការ​​ក្រសួង​មហាផ្ទៃ និង​ជា​​ប្រធាន​​គណកម្ម​ការ​​ប្រយុទ្ធ​ប្រឆាំង​​ផលិត​​ក្លែង​ក្លាយ​ថ្លែង​ ថា នៅក្នុង​​អំឡុង​​ពេលនេះ ក្រុមការ​ងារ​​បាន​កំពុង​​ផ្សព្វ​ផ្សាយ​​ឲ្យ​​ប្រជាពលរដ្ឋ​​គ្រប់រូប​​មានការ​​យល់ដឹង ​អំពី​​ភាព​​ប៉ះពាល់​នៃ​​ផលិត​ផល​ក្លែង​ក្លាយ ពិសេស​​ភាព​ប៉ះ​ពាល​ឱសថ​​ក្លែងក្លាយ ខណៈ​​បច្ចុប្បន្ន​​មាន​មាន​​ពួកឧក្រិដ្ឋជន​​បាន​​កំពុង​​យកមុខ​​របរ​លក់​​ផលិត​ផ​ល​ ក្លែងក្លាយ​​នោះ​ចែក​ចាយ​លួច​លាក់​នៅ​លើ​ផ្សារ​​យ៉ាង​សកម្ម​។​

ចំណែកលោក អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី ​ក្រសួង​យុត្តិធម៌ ចាត់​ទុក​ថា ជាទូទៅ​​ប្រជាពល​រដ្ឋ​ភាគ​ច្រើន​​គឺ​មិន​បាន​យល់​ដឹង​អំ​ពី​​ផលិត​ផល​​ក្លែងក្លាយ​ នោះទេ ហើយ​​បញ្ហា​​នោះ​វា​បាន​ធ្វើ​ឲ្យ​មាន​ការ​ខាត​បង់​ប៉ះ​ពាល់​​ដល់​​សុខភាព និង​គ្រោះ​ថ្នាក់​ដល់​​អាយុ​ជីវិត​​ប្រជាពល​រដ្ឋ​។​ លោក​​រដ្ឋមន្ត្រី​ក្រសួង​​យុត្តិធម៌ បាន​បញ្ជាក់​ថាការដាក់​ទោស​​ទណ្ឌ​​ចំពោះ​​ជនល្មើស​​លក់​ចែក​ចាយ​ឱសថ​​ក្លែង​ក្លាយ គឺ​នៅ​​ភាព​តិច​តួច ពោល​គឺ​តាម​​មាត្រា​​១២​ថ្មី ច្បាប់​​ស្តីពី​គ្រប់​គ្រង​​ឱសថ គឺ​ជន​ល្មើស​​ត្រូវ​ជាប់​ពន្ធនា​គា​រ​​ពី​៥​ទៅ​​១០​ ឆ្នាំ និង​មាន​​ពិន័យ​​ជា​ប្រាក់​​ពី​២០​​លាន​ទៅ​​៥០​លាន​​រៀល ហើយ​​ច្បាប់​​នោះ លោក​ក៏​បាន​ស្នើ​​ឲ្យ​ក្រុម​ការងារ​​ជំនាញ​​ធ្វើការ​​ពិចា​រណា​​ឡើងវិញ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative