ជំងឺ​ឆ្កែឆ្កួត នៅតែ​​ជា​ជំងឺ​​គំរាម​កំហែង​​ខ្លាំង​​បំផុត​​ដល់​​ជីវិត​​មនុស្ស

លោក​វេជ្ជបណ្ឌិត Arnaud ​Tarantola ប្រធាន​​មជ្ឈ​មណ្ឌល​​បង្ការ​​ជំងឺ​​ឆ្កែឆ្កួត ​នៃ​​វិទ្យា​ស្ថាន​​ប៉ាស្ទ័រ​​កម្ពុជា បានឲ្យ​ដឹងថា​ជំងឺ​​ឆ្កែ​ឆ្កួត​ នៅតែ​ជា​​ជំងឺ​មួយ​ដែលគំរាម​កំហែង​​ខ្លាំង​បំផុត​​ដល់​ជីវិត​​មនុស្ស ព្រោះថា​​ក្រោយ​ពេល​ចេញ​រោគ​សញ្ញា អ្នកជំងឺ​​ត្រូវ​​បាត់​បង់​​ជីវិត​១០០%​តែម្តង ។

43555លោក​វេជ្ជ​បណ្ឌិត Arnaud​ Tarantola បានឲ្យ​ដឹងទៀត​ថាវីរុស​​ជំងឺ​​ឆ្កែឆ្កួត (ពួក​ Lyssavirus)​ ដែល​​រស់នៅ​ក្នុង​ទឹក​មាត់​​សត្វ (ឆ្កែ ឆ្មា ឬ​​ថនិក​សត្វ​ ស្រុក ឬ​ព្រៃ​​ផ្សេង​ទៀត)​ ឆ្លង​ទៅ​​មនុស្ស​​ភាគច្រើន​បំផុត​​តាមរយៈ​​ការ​ខាំ ប៉ុន្តែ​វា​​ក៏​អាច​ឆ្លង​តាម​រយៈ​​ការ​​ក្រញៅ ឬ​​ការ​​លិទ្ធ​​ដំបៅ​​នៅ​លើ​ស្បែក ឬ​ការ​​លិទ្ធ​ភ្នាស​សើម​​ផងដែរ។ អ្នក​ដែល​​ត្រូវបាន​​សត្វ​ទាំង​នោះ​ខាំ​​មិន​សុទ្ធ​តែ​ឆ្លង​​ជំងឺ​​ឆ្កែឆ្កួត​​នោះទេ​ប៉ុន្តែ​អ្នក​ដែល​​បាន​ឆ្លង​​ជំងឺ​​ឆ្កែឆ្កួត​​សុទ្ធតែ​​បាត់បង់​ជីវិត។

នៅពេល ​“បង្ក​​រោគ”​  វីរុស​​ជំងឺ​​ឆ្កែឆ្កួត​ ដែល​​ចូល​ក្នុង​​សព៌ាង្គ​កាយ​​សាយភាយ​​នៅ​កន្លែង​​របួស​ ហើយ​​ជ្រៀត​ចូល​ទៅ​តាម​​កោសិកា ​នៃ​សរ​សៃ​ប្រសាទ រួច​បន្ត​​ទៅដល់​​កោសិកា​​ខួរ​ក្បាល​​ដែល​​គ្រប់គ្រង​​បញ្ជា​​ជាពិសេស​​ទៅលើ​ស​កម្មភាព ​បេះដូង ឬ​ការ​ដក​ដង្ហើម។ ក្រោយ​ពី​រយៈ​ពេល​សំ​ងំ​​ពី​ពីរ​​បី​ថ្ងៃ​​ទៅ​ពីរ​​បី​ខែ​ (អាស្រ័យ​​ទៅតាម​​កន្លែង​​សត្វ​ខាំ និង​ភាព​​ធ្ងន់ធ្ងរ​​នៃ​​របួស ប៉ុន្តែ​​ភាគច្រើន​​គឺ​ពី៣​ទៅ៥​សប្តាហ៍) អ្នក​​ដែល​​បាន​ឆ្លង​​រោគ​​នឹង​មាន​ការ​​រលាក​​ខួរក្បាល។  ក្នុង​ករណី “ជំងឺ​​ឆ្កែឆ្កួត ប្រភេទ​​មាន​អាកា​រៈ​កា​ច” (៨០%​នៃ​ករណី​​ឆ្លង​លើ​​មនុស្ស) ជា​ញឹក​ញាប់ រោគ​សញ្ញា​​ដំបូង​​គឺ​ការ​ពិបាក​​លេប​​អាហារ និង​​មាន​វិបត្តិ​​សរសៃ​ប្រសាទ-​ផ្លូវចិត្ត​ផ្សេងៗ ជាពិសេស​​គឺ​ការ​​ខ្វល់ចិត្ត និង​​អាកា​រៈ​​ឡេះ​ឡះ។  ជា​ញឹក​ញាប់ គេ​ឃើញ​​មាន​រោគ​សញ្ញា​​ខ្លាច​ទឹក ឬ​មិន​​ទទួល​យក​ទឹក ដោយ​សារតែ​​មានដំណើរ​​ប្រែប្រួល​​នៃ​រេផ្លិច​​គ្រ​លៀវ​​លេប។ ពេលណា​​ជំងឺ​​ឆ្កែឆ្កួត​​ចេញ​ជា​រោគ​សញ្ញា អ្នកជំងឺ​​វិ​វត្ត​​ទៅរក​​ការ​​សន្លប់​​បាត់​ស្មារតី និង​​ស្លាប់ ភាគ​ច្រើន​​ដោយ​​ប្រព័ន្ធ​​ដក​ដង្ហើម​​លែង​​ដំណើរ​ការ​នៅ​​ពីរ​បី​​ថ្ងៃ​​បន្ទាប់។

លោកវេជ្ជបណ្ឌិត បាន​ណែនាំ​ថានៅពេល​​សង្ស័យ​ថា​មាន​ការ​ឆ្លង​​រោគ​ពី​ស​ត្វ​ដែល​​មិនបាន​​ចាក់​ថ្នាំ​​បង្ការ សត្វ​មិន​​ស្គាល់ ​​ឬ​សត្វ​​ដែលមាន​​រោគ​សញ្ញា​​ខុស​​ប្រក្រតី ត្រូវ​ចាប់​ផ្តើម​ការ​ចាក់​ថ្នាំ​​បង្ការ​​ក្រោយពេល​​សត្វ​ខាំ​​ឲ្យ​បាន​​ឆាប់​ បំផុត​​តាម​ដែល​​អាចធ្វើ​​ទៅ​បាន ល្អ​បំផុត​​គឺ​ក្នុង​រ​យៈពេល​​ពី២៤​ទៅ៤៨ ម៉ោង​​ក្រោយ។  ជាដំបូង​ត្រូវធ្វើ​​ការព្យា​បាល​​ទូទៅ​​លើ​មុខ​របួស​៖ លាង​​សម្អាត​​ជា​មួយ​ទឹក និង​​សាប៊ូ ព្យាបាល​​ដោយ​​ប្រើ​ថ្នាំ​​ផ្សះ និង​ចាក់​​ថ្នាំ​​បង្ការ​​ជំងឺ​​តេតា​ណូស។ បន្ទាប់​មក​ទៀត ត្រូវ​អនុវត្ត​​វិធី​​ជាក់​លាក់​​បង្ការ​​ជំងឺ​​ឆ្កែឆ្កួត ដែល​​សព៌ាង្គ​កាយ​​អាច​ទទួល​យកបាន ល្អ​​បំផុត រួមមាន​​ការចាក់​​ថ្នាំ​​បង្ការ ជួនកាល​​រួមជា​មួយ​​ការ​ព្យាបាល​​ដោយ​​សេរ៉ូម​​ប្រឆាំង​​ជំងឺ​ឆ្កែ​ឆ្កួត​​ក្នុងករណី​ របួស​ធ្ងន់​ធ្ង​រ របួស​​លើ​មុខ ឬ​នៅ​​ចុងដៃ​ចុងជើង។ ការចាក់​ថ្នាំ​បង្ការ​​នេះ​ត្រូវ​ធ្វើ​ឲ្យ​​បាន​ឆាប់​​បំផុត គឺ​ក្នុង​​ប៉ុន្មាន​​ថ្ងៃ​ដំបូង​​ក្រោយ​ពេល​ខាំ មុនពេល​​លេចចេញ​​នូវ​រោគ​សញ្ញា​ដំបូងៗ ដែលជា​​សញ្ញា​​នៃ​ការ​វិវត្ត​​ទៅរក​​សេចក្តី​ស្លាប់​​ដោយ​ចៀស​​មិន​ផុត។

ជំងឺ​ឆ្កែឆ្កួត ជា​ដើម​ហេតុ​​បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់​​ជាង​៥៥ ០០០​នាក់​ ជា​រៀង​រាល់ឆ្នាំ​នៅ​លើ​ពិភព​លោក ជា​ញឹក​ញាប់​​បំផុត​​នោះ គឺ​ឆ្លង​​ពី​សត្វ​​ឆ្កែ ដែល​ឈឺ​​ជំងឺ​​ឆ្កែឆ្កួត។ ក្នុងមួយ​ឆ្នាំៗ មនុស្ស​​ប្រមាណ ១៧លាន​​នាក់​ទទួល​បាន​ការ​ព្យាបាល​​ក្រោយ​ពី​ត្រូវ​បាន​ខាំ​​ដោយ​សត្វ​​មិន​ស្គាល់ ឬ​សត្វ​​ដែល​សង្ស័យ​ថា​មាន​​ជំងឺ​​ឆ្កែឆ្កួត។ ទ្វីបអាស៊ី​​មាន​មនុស្ស​​ស្លាប់​ច្រើន​ជាងគេ គឺ​​ប្រហែល​៣១​ ០០០​នាក់​ក្នុង​​មួយឆ្នាំ នេះ​បើ​តាម​ការ​ប៉ាន់ប្រមាណ​រ​បស់​​អង្គការ​​សុខភាព​​ពិភព​លោក។ នៅ​ប្រទេស​​កម្ពុជា មាន​​មនុស្ស​​ស្លាប់​​ដោយ​សារ​​ជំងឺ​ឆ្កែ​ឆ្កួត​​ចំនួន​៦៣​ករណី​​ត្រូវបាន​​រាយ​ការណ៍​​ទៅ ​ក្រសួង​សុខា​ភិបាល​​នៅ​ចន្លោះ​​ពី​ឆ្នាំ១៩៩៨​ដល់​ឆ្នាំ​២០០០​​។ ប៉ុន្តែ នៅក្នុង​​ការសិក្សា​​មួយ វិទ្យាស្ថាន​​ប៉ាស្ទ័រ​​បាន​ប៉ាន់​ប្រមាណ​​ថា តួលេខ​​នៃ​អ្នក​ស្លាប់​ដោយ​​ជំងឺ​​នេះ​អាច​មាន​​រហូត​ដល់​៨១០​ករណី​​នៅ​ឆ្នាំ​២០០៧ គឺ​មាន​ន័យថា ក្នុង​ចំណោម​​មនុស្ស ១០០ ០០០​នាក់ មាន​៥,៨​នាក់​​បាន​ស្លាប់​​ដោយ​​ជំងឺ​​ឆ្កែឆ្កួត។ នេះ​គឺ​ជា​​អត្រា​​មួយ​ខ្ពស់​ជាង​អត្រា​​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុនចាញ់ ឬ​ជំងឺ​គ្រុនឈាម​​ទៅទៀត​​នៅ​កម្ពុជា។

នៅ​កម្ពុជា ដែលជា​ប្រទេស​​មាន​ជំងឺ​​ឆ្កែឆ្កួត​​ជាប្រចាំ ចំនួន​​សត្វ​ឆ្កែ​​មាន​លើស​ពី ៥ លាន​​ក្បាល (ប្រជាជន​ ៣នាក់​មាន​​ឆ្កែ ១ ​ក្បាល​​) រីឯ​ការ​ចាក់​ថ្នាំ​​បង្ការ​​ជំងឺ​ឆ្កែ​ឆ្កួត​​លើស​ត្វ​​ចិញ្ចឹម​​វិញ​នៅ​មានកំរិត​ តិចតួច​​បំផុត។ ដូច្នេះ​​សូមកុំ​​ទៅជិត​​ឆ្កែ​មិន​​ស្គាល់​កុំ​​សម្លឹង​មើល​ឆ្កែ​​ចំ​មុខ កុំ​ធ្វើ​បាប​ឆ្កែ កុំ​​បណ្តោយ​​ឲ្យក្មេងៗប៉ះ​ពាល់​​សត្វ​​មិន​ស្គាល់។ មជ្ឈ​ម​ណ្ឌល​​បង្ការ​​ក្រោយ​សត្វ​​ខាំ​មាន​​ចំនួន​​តិចតួច​​នៅ​​ប្រទេស​​កម្ពុជា (រាជធានី​​ភ្នំពេញ ខេត្ត​សៀមរាប ខេត្ត​​ព្រះសីហនុ)។ អាស្រ័យ​ហេតុនេះ ជាការ​​ប្រសើរ គួរ​អ្នក​​ដែល​ចុះ​ទៅ​ទី​ជន​បទ​​នានា​​នៃ​ប្រទេស​​កម្ពុជា គិតគូរ​​រក​ការចាក់​​ថ្នាំ​បង្ការ​​ជំងឺ​ឆ្កែ​ឆ្កួត​​មុន​​សត្វ​ខាំ មុន​នឹង​នឹង​​ទៅ​ប្រឈម​​នឹង​គ្រោះ​ថ្នាក់ ដែល​​ការ​ចាក់​​នោះ​រួម​មាន​ការ​ចាក់​​សាច់ដុំ ឬ​ចាក់​​សើ​ស្បែក​៣ដងនៅ​​ថ្ងៃទី១ ថ្ងៃទី៧ និង​​ថ្ងៃទី២៨ និង​ការចាក់​​រំឭក​​នៅ​មួយ​ឆ្នាំ​​ក្រោយ​។ ធ្វើ​ដូច​​នេះ អ្នក​ដែល​​​ធ្លាប់បាន​​ចាក់​ថ្នាំ​​​បង្ការ​​​នឹង​គ្រាន់​​តែ​ត្រូវ​​ការ​ចាក់​​​រំឭក​​២ដង​ ប៉ុណ្ណោះ​​​នៅពេល​​​សត្វ​ខាំ ដោយ​​​មិន​ចាំ​បាច់​​ស្វែង​រក​​ជាបន្ទាន់​​នូវ​​មជ្ឈ​មណ្ឌល​​ដែល​អាច​​ផ្តល់​​សេរ៉ូម​​អ៊ី​ មុ​ណូ​​ក្លូ​ប៊ុ​យ​​លីន​​ប្រឆាំង​​ជំងឺ​ឆ្កែឆ្កួត​​នោះឡើយ។

ក្រុម​បង្ការ​ជំងឺ​ឆ្កែឆ្កួត​​នៃ​វិទ្យាស្ថាន​​ប៉ាស្ទ័រ​​កម្ពុ​ជា​មាន​ ទំព័រ Facebook ដែល​ផ្តល់​ព័ត៌មាន​​ពាក់ព័ន្ធ​​នឹង​ការ​បង្ការ​​ជំងឺ​​ឆ្កែ​ឆ្កួត គឺ​ www.facebook.com/rpg.at.ipc ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative