ឥរិយាបទ​បីពទារក

ចាប់ពី​ទើបនឹង​កើតរហូត​ដល់ចេះដើរ ទារក​ខិតខំ​ប្រឹងប្រែង​ដើរដោយ​ខ្លួនឯង ជាទូទៅ​ត្រូវចំណាយ​ពេលជាង​មួយឆ្នាំទើបដើរបាន។ អំឡុង​ពេលនេះ អ្នកម្ដាយ​ទាំងឡាយ​មានភារៈ​កិច្ចក្នុង​ការបី​​​ព​​​បុត្រ​​​ធីតា​​​​របស់ខ្លួន។ ថ្វីត្បិត​តែជាការ​ងាយស្រួល​ក្នុងការបីព ទារក ប៉ុន្ដែ​អ្នកម្ដាយ​ទាំងឡាយ​ក៏ត្រូវ​ជ្រាបពី​វិធីសាស្ដ្រ​មួយចំនួន​ក្នុងការ​បីពទារក​ផងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកមក​ជម្រាប​ជូនអ្នកម្ដាយ​ទាំងឡាយ​អំពី​វិធីសាស្ដ្រ និង​ឥរិយាបទ​បីពទារកតាម រយៈកិច្ច​សម្ភាសន៍​ជាមួយ​លោកវេជ្ជបណ្ឌិត វេង ថៃ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ។

ការបីពទារក ជារឿង​សំខាន់

ការបី ឬពទារក​មិនមែន​ជាការ​លំបាកទេ។ ផ្ទុយទៅវិញ បើអ្នកម្ដាយ​ប្រើកាយ​វិការ​ក្នុងការ​បីពមិន​បានសម​ស្របនោះ អ្នក ម្ដាយផ្ទាល់​ងាយមាន​អាការ​ឈឺខ្នង​ឈឺចង្កេះ។ ចំណែក​ទារក​របស់​លោកអ្នក​នាងនឹង​មានភាព​មិនប្រក្រតី​មួយចំនួន ដូចជា​បៅមិនឆ្អែត ឈ្លក់ ប៉ះពាល់​ដល់ការ​លូតលាស់​របស់ឆ្អឹង អាចធ្វើ​ឱ្យទារក​ពេលធំ​ឡើងខូច​ដំណើរ​ជាដើម។ សម្រាប់​ម្ដាយដែល​មានភារៈ​លើកព ឬបី ត្រកង​ថែទាំ​កូនពេញ​មួយថ្ងៃនោះ ត្រូវប្រកាន់​យកឥរិយាបថ ឬ​កាយវិការ​ណាមួយ​ដើម្បី​កុំឱ្យ​មានកើត​ជម្ងឺចុក​រោយចង្កេះ ឬខ្នង។

ក្នុងអំឡុង​ពេលមាន​ផ្ទៃពោះ រាងកាយ​របស់​លោកស្រី​បានទទួល​រងនូវការ​កែប្រែ​នៃសរីរសាស្ដ្រ​ដើម្បី​ឱ្យទារក​នៅក្នុង​ផ្ទៃធំ ធាត់ឡើង។ ក្រោយ​ពេលសម្រាល​កូនរួច​ហើយភ្លាម និងនៅ​ពេលដែល​រាងកាយ​មិនទាន់​បានរឹងពឹង​វិញ​ក៏ដោយ ក៏​អ្នកម្ដាយ​ត្រូវលើកព ឬ​បីកូន​យ៉ាងតិច​ក៏មួយ​ឆ្នាំដែរ ទម្រាំ​តែកូន​ចេះដើរ។ បើសិន​ជាទារក​កើតមក​មានទម្ងន់​បីគីឡូ​ក្រាម វាអាច​ឡើង​ទម្ងន់ដល់​១០គីឡូ ក្រាម នៅពេល​អាយុមួយឆ្នាំ គឺពិត​ជាធ្ងន់​ណាស់។ ដូច្នេះ​គ្មានអ្វី​ដែល​ចម្លែកទេ បើលោក​ស្រីជា​ម្ដាយជួប​អាការ​ចុករោយ​ចង្កេះ ឬខ្នង ដោយសារ​ការបីព​ទារកនោះ។

ឥរិយាបថ​បីពបំបៅកូន

របៀប​បីពទារក និងរបៀប​ដាក់ដោះ​ម្ដាយចូល​ក្នុងមាត់​ទារក មានសារៈ​សំខាន់​ណាស់។ ការបី​ទារក​ក្នុងស្ថាន​ភាពល្អ ធ្វើឱ្យ ទារកមាន​ភាពងាយ​ស្រួលក្នុង​ការបៅដោះ ដោយបៅ​ឱ្យបាន​ពេញមាត់ និងជញ្ជក់​បានល្អ។ កាយ​វិការសម្រាប់​បំបៅទារក ដែល​ទើបនឹង ប្រសូត្រគឺ ៖

– ខ្លួនទារក​ទាំងមូល​បែរចំមករក​ម្ដាយ

– ទារក​កៀក​ទៅម្ដាយ

ឥរិយាបទ​អង្គុយ​បំបៅកូន

អ្នកម្ដាយ​មិនត្រូវ​មើលស្រាល​ចំពោះ​ស្ថានភាព​បែបនេះទេ ពីព្រោះ​ខ្នងអាច​ចុករោយ​នៅពេល​១០នាទី​ក្រោយមក។

– ប្រសិន​បើអ្នក​ម្ដាយចង់​អង្គុយ​បំបៅកូន​លើឥដ្ឋ ឬកម្រាល ៖ ស្ថានភាព​ងាយស្រួល និងត្រឹមត្រូវ ម្ដាយ​ត្រូវអង្គុយ​ពែនភ្នែន ផ្អែកលើ​ជញ្ជាំង ដោយដាក់​ខ្នើយមួយ​កល់ជា​ទ្រនាប់។ អ្នកម្ដាយ​ត្រូវផ្ដេក​ក្បាលកូន​ទៅលើ​ប្រហោង​កែងដៃ និងទ្រខ្នង​កូនដោយ​កំភួន ដៃម្ខាង​ទៀត។

– ប្រសិន​បើអ្នក​ម្ដាយចង់​អង្គុយបំបៅ​កូនលើកៅ​អីមាន​ធ្នាក់ដៃ ៖ អ្នកម្ដាយ​គួរតែ​ជ្រើសរើស​យកកៅអី​រាងទាប​មានធ្នាក់ដៃ និងបង្អែក​ខ្ពស់ដែល​ជួយឱ្យ​ផ្អែកក្បាល​បាន។ អ្នកម្ដាយ​ត្រូវផ្អែក​ខ្នងឱ្យ​ស៊ប់​នឹង​បង្អែក​កៅអី រួចដាក់​ប្រអប់ជើង​ទាំងពីរ​របស់​លោកស្រី លើកូន​កៅអី​សម្រាប់​កល់ជើង។ អ្នកម្ដាយ​ត្រូវបី​កូនដូច​ក្នុងស្ថានភាព​អង្គុយ​លើឥដ្ឋ ឬ​កម្រាលដែរ។

– ប្រសិនបើ​អ្នកម្ដាយ​ចង់អង្គុយ​បំបៅកូន​នៅលើ​គ្រែដេក បើ​អ្នកម្ដាយ​ជ្រើសរើស​យក​ឥរិយាបទ​អង្គុយ ត្រូវកល់​ខ្នងនឹង ខ្នើយ​ឱបតូច​មួយ។ សូមដេក​ទម្រេត​ដែលជា​ស្ថានភាព​ប្រសើរ​សម្រាប់​ការបំបៅ​ទារកដោយ​ទឹកដោះ​ម្ដាយ ហើយ​ត្រូវផ្ដេក​ទារក​ក្បែរ ខ្លួន។ បន្ទាប់​មកអ្នកម្ដាយ​ត្រូវលាត​សន្ធឹង​ដៃដែល​ត្រូវបំបៅ និង​ទ្រកញ្ជឹងក​ខ្លួនដោយ​ខ្នើយឱប​តូចមួយ។ ផ្ដេក​ទារក​ក្បែរខ្លួន​ម្ដាយ ដោយដាក់​វាឱ្យចំពី​មុខម្ដាយ។

ឥរិយាបទ​ផ្ដេកទារក​ឱ្យដេក​លើគ្រែ

ក្នុងអំទ្បុង​ពេលពីរ​បីខែដំបូង បើសិន​ទារក​ដេក​នៅក្នុង​អង្រឹង​ដែលទូទៅ​ស្ថិតក្នុង​ស្ថានភាព​ខ្ពស់ វាគ្មាន​បង្កបញ្ហាទេ។ បន្ទាប់ មក អ្នកម្ដាយ​ត្រូវដាក់​ឱ្យទារក​ដេកលើគ្រែ​ដែលមាន​របាំង។ ប្រការ​ល្អឥត​ខ្ចោះនោះ អ្នកម្ដាយ​ត្រូវជ្រើសរើស​យកគ្រែដែល​មានជ្រុង ដោះចេញ​បានដើម្បី​ងាយស្រួល​លើកបីពទារក​ចេញ​ពីគ្រែ។ ផ្ទុយ​ទៅវិញ សូម​ចៀសវាង​គ្រែណា​ដែលអាច​បត់បាន ព្រោះវាមាន​លក្ខ ណៈជ្រៅពេក អាចបង្ក​ទុក្ខទោស​ដល់ខ្នង​របស់អ្នក​ម្ដាយ។

ហេតុថា​កូនតូច​មិនទាន់​ចេះងើប​ឈរ លោកស្រី​ត្រូវដាក់​កូនលើ​គ្រែកម្ពស់​៨០សង់​ទីម៉ែត្រ។ ដើម្បី​ផ្ដេក​ទារក អ្នកម្ដាយត្រូវ ឈរ​ចម្ងាយ​៣ភាគ៤​ពីគ្រែ ញែកជើង​ទាំងពីរ​ឃ្លាតគ្នា​ចំកោង​ខ្នងបន្ដិច និងបង្ហើប​កែងជើង​ដែលនៅ​ខាងក្រោយ។ បន្ទាប់​មកត្រូវផ្ដេក ទារក​លើពូក និងងើប​ខ្លួនមក​វិញដោយ​សន្សឹមៗ។ ប្រសិន​បើគ្រែ​របស់កូន​លោកស្រី​មានជ្រុងម្ខាង​អាចដោះ​ចេញ ត្រូវទម្លាក់​វាចុះ។ បន្ទាប់មក​បីកូន​នៅដៃ អ្នកម្ដាយ​ត្រូវលត់​ជង្គង់​ម្ខាងទៀត មុននឹង​ដាក់ផ្ដេក​កូនលើគ្រែ។ ដើម្បី​លើក​កូនចេញ​ពីគ្រែ អ្នកម្ដាយ​ត្រូវប្រកា ន់ឥរិយាបទ​ដូចដាក់​ឱ្យដេកដែរ។

ឥរិយាបទ​ពេលព​ទារក

ជានិច្ច​ជាកាល​អ្នកម្ដាយ​ត្រូវបី​ត្រកងផ្អឹប​កូននឹងខ្លួន និងពក្នុង​កម្ពស់ស្មើ​ដើមទ្រូង។ កាលណា​ទារក​មានទ​ម្ងន់ធ្ងន់ លោក​​ស្រីអាច ពច្រក​គៀវ​ប្រទ្បោះចង្កេះ ប៉ុន្ដែ​លក្ខណៈបែបនេះ​អាចពបាន​នៅពេល​ទារកមាន​អាយុចាប់​ពីមួយ​ឆ្នាំឡើង​ទៅ។ បើមិន​ដូច្នោះទេ វាអាច ប៉ះពាល់​ដល់ការ​លូតលាស់​នៃឆ្អឹង​របស់​ទារក។ នៅពេល​ឱនឈ្ងោក​លើកកូន​ពីឥដ្ឋ ឬពី​កម្រាល អ្នកម្ដាយ​ត្រូវបន្ទន់​ជើងទាំងពីរ រួចលើក ពវាមកផ្អឹប​នឹងខ្លួនរបស់​អ្នកម្ដាយ និងងើប​ឈរដោយ​សន្សឹមៗ។

ដំបូន្មាន់​អ្នកជំនាញ

គ្រប់កាយ​វិការដែល​បីពទារក សុទ្ធតែ​ត្រូវមានការ​ប្រុងប្រយ័ត្ន​ទាំងអស់។ បើមាន​ការធ្វេស​ប្រហែស​បន្ដិច អាចនាំ​ឱ្យមាន បញ្ហាដល់​អ្នកទាំងពីរ ទាំងម្ដាយ​ទាំងកូន​តូចជា​ទីស្រឡាញ់។ យកល្អ​លោកលោក​ស្រីជាឪពុក​ម្ដាយ​គួរតែជួប​ជាមួយអ្នក​មាន​បទពិសោធន៍​ឬ​ក៏គ្រូពេទ្យ​ជំនាញ​ដើម្បី ពិភាក្សា​របៀបបីព​ទារកនេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative