៩ខែនេះ ការបង្ក្រាបប​​ឃាត់ខ្លួន​​ឧក្រិដ្ឋ​ជន​​ពាក់ព័ន្ធ​​នឹង​គ្រឿង​ញៀន​កើនឡើង​ជាង​៣០០​ភាគរយ

លោក ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ អគ្គស្នង​ការ​រង​​នគរ​បាល​ជាតិ ទទួល​បន្ទុក​​ប្រឆាំង​​គ្រឿង​ញៀន បាន​ថ្លែង​ថា រយៈ​ពេល​៩​​ខែ​ ដើម​ឆ្នាំ​​២០១៥ សមត្ថកិច្ច​​បាន​បង្ក្រាប​​ឃាត់ខ្លួន​​ឧក្រិដ្ឋជន​​ពាក់ព័ន្ធ​​នឹង​គ្រឿង​ញៀន និង​ដក​ហូត​វត្ថុ​តាង​​បាន​ច្រើន​​ករណី កើន​​ជាង​​បី​រយ​ភាគ​រយ​​បើ​ប្រៀប​ធៀប​ទៅ​​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​​២០១៤ ។​

23444លោកឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ អគ្គស្នង​ការ​រង​​នគរ​បាល​ជាតិ បាន​​មាន​ប្រសាសន៍​ថា នៅ​ក្នុង​​រយៈ​​៩​ខែ ដើមឆ្នាំ​២០១៥​​នេះ ជា​រួម​​កម្លាំង​​សមត្ថកិច្ច ​បាន​បង្ក្រាប​​ក​រ​ណី​​គ្រឿង​ញៀន​​ចំនួន ១៦៦៨​​ករណី ឃាត់​ខ្លួន ៣៤០២​​នាក់ និង​ដក​ហូត​​គ្រឿង​ញៀន​​គ្រប់​​ប្រភេទ​​ចំនួន​​ជាង ៨៧​​គីឡូក្រាម​​កន្លះ បើ​ប្រៀប​ធៀប​​រយៈ​ពេល​ដូច​គ្នា​ក្នុង​​ឆ្នាំ​​២០១៤ សមត្ថ​កិច្ច​​បង្ក្រាប​​បាន​តែ ៥៦៤​​ករណី​ ឃាត់​ខ្លួន ១៣៤៥​​នាក់ និង​ដក​​ហូតគ្រឿ​ង​ញៀន​​គ្រប់​ប្រភេទ​​ចំនួន ៤៣​​គីឡូក្រាម​។ នៅក្នុង​​នោះ​ដែរ សមត្ថកិច្ច​​បង្ក្រាប​​បាន​​ករណី​​ធំៗ​​ជាង ៤០​ករណី និង​​ករណី​​ធំៗ​២​​ករណី សមត្ថកិច្ច​​រឹបអូស​​បាន​គ្រឿង​ញៀន​ប្រភេទ​​មេតំ​ហ្វេ​​តា​មីន​​ប្រហែល​ជិត ៥៥​គីឡូក្រាម និង​មួយ​​ករណី​​ទៀត​រឹប​អូស​បាន​​កញ្ឆា​​ចំនួន ១,៥​តោន និង​​ប្រេង​​កញ្ឆា ១,៥​​គីឡូក្រាម​។

លោក​អគ្គស្នងការ​រង បញ្ជាក់​ថា បច្ចុប្បន្ន​​ទណ្ឌិត​​ដែល​ជាប់​​ពន្ធនា​គារ​​មាន​ចំនួន ៤៧២៤​​នាក់ ពាក់ព័ន្ធ​​ករណី​​គ្រឿង​ញៀន​ ដូច​ជា​រក្សាទុក ជួញ​ដូរ ចែកចាយ និង​សម្រួល​​ឲ្យប្រើ​​ប្រាស់​​ជាដើម​។ ដោយឡែក​​ចំពោះ​​អ្នកប្រើ​ប្រាស់​គ្រឿង​ញៀន​​តាម​​ការ​ស្រាវ​ជ្រាវ​​បឋម​មាន​​ចំនួន​​ជាង ៨​ពាន់​​នាក់ ហើយ​តាម​​ការ​សន្និដ្ឋាន​​អាច​មាន​​ប្រហែល​ជា ២​ម៉ឺន​​នាក់​។ កត្តា​​ដែល​នាំ​ឲ្យ​មាន​​ការ​ប្រើ​ប្រាស់​​គ្រឿង​ញៀន ដោយសារ​តែ​ប្រជាពល​រដ្ឋ​​យើង​ធ្វើ​​ចំណាក់​ស្រុក​ច្រើន​​ទៅ​ធ្វើការ​​នៅ​ ប្រទេស​ជិតខាង និង​មួយ​ចំនួន​​ទៀត​​បាន​យល់​ច្រឡំ​ថា​​គ្រឿងញៀន​​ជា​ឱសថ​​ប៉ូវ​កម្លាំង​​អាច​​បង្កើន ​ប្រសិទ្ធ​ភាព​ការ​ងារ កាត់​បន្ថយ​ភាព​​នឿយហត់ ធ្វើឲ្យ​​មាន​​ភាព​សម្បាយ​​រីករាយ និង​បង្កើន​​សមត្ថភាព​​ផ្លូវភេទ​​ជាដើម​។ ឯកឧត្តម បន្តថា​កន្លង​មក​​ចំ​ពោះ​អ្នក​ប្រើប្រាស់​​គ្រឿងញៀន សមត្ថ​កិច្ច​បាន​​ឲ្យ​ពួកគាត់​​ស្ម័គ្រចិត្ត​​ទៅ​ព្យាបាល ស្តា​នីតិ​សម្បទា តែ​ក្នុង​ករណី​​ពួកគាត់​រឹង​​រុះ​មិន​រាង​ចាល និង​មិន​​ព្រម​​ទទួល​យក​ការ​ស្តា​នី​តិ​សម្បទា សមត្ថ​កិច្ច​នឹង​​អនុវត្ត​​តាម​នីតិវិធី​​ច្បាប់​។​

លោក ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ អគ្គស្នង​​ការ​រង​​នគរបាល​ជាតិ បន្តទៀត​ថា ដើម្បី​​បង្ការបង្ក្រាប​​បទល្មើស​​គ្រឿង​ញៀន មន្ទីរ​ប្រឆាំង​​គ្រឿង​ញៀន នៃ​អគ្គ​ស្នងការ​ដ្ឋាន​​នគរ​បាល​​ជាតិ ក្រសួង​មហាផ្ទៃ បាន​ផ្អែក​​លើ​វិធាន​ការ​ចំនួន​​៥ ទី​១.​ ការកាត់​បន្ថយ​​តម្រូវ​ការ​គ្រឿង​ញៀន​ ទី​២.​ ការកាត់​បន្ថយ​ការ​ផ្គត់ផ្គង់​គ្រឿង​ញៀន​ ទី​៣.​ ការព្យាបាល​ស្តា​នីតិ​សម្បទា និង​​សមាហ​រណកម្ម​ ទី​​៤.​​ ការអនុវត្តន៍​​ច្បាប់ និង​ទី​៥.​ ការធ្វើ​​កិច្ចសហ​ប្រតិបត្តិ​ការ​​អន្តរជាតិ​។​

លោក ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ បាន​បន្ត​ទៀតថា កន្លង​​ទៅ​គ្រឿង​ញៀន​​បាន​ហូរ​​ចូលមក​​ប្រទេស​​កម្ពុជា​​ក៏​មាន​ច្រើន​​ដែរ ប៉ុន្តែ​​ការស្រាវ​ជ្រាវ កិច្ច​សហប្រតិ​បត្តិការ និង​ការ​ចូលរួម​​ពី​ប្រជាពល​រដ្ឋ​​ក្នុង​ការ​បង្ក្រាប​​នៅមាន​កម្រិត ដោយ​ឡែក​នៅ​ក្នុង​ឆ្នាំ​​២០១៥ យើង​សង្កេត​ឃើញថា ការចូល​រួម​ពី​ប្រជាពល​រដ្ឋ និង​មន្ត្រីរាជ​ការ​​មានការ​​ផុលផុស ពិសេស​​ដោយ​មាន​​ការប្រឹង​ប្រែង​​យកចិត្ត​ ទុកដាក់​​ពី​កម្លាំង​​សមត្ថកិច្ច​ប្​រឆាំង​គ្រឿង ទើប​ធ្វើ​ឲ្យ​ការបង្ក្រា​ប​មាន​ការ​​លេចធ្លោ​​គួរឲ្យកត់​សម្គាល់​។

ចំពោះ​ករណី​ថា តើ​មូលហេតុ​​ដោយសារ​​តែ​បរិមាណ​​គ្រឿងញៀន​​ហូរ​ចូល​​កម្ពុជា​​មាន​ច្រើន​​ឬ​ យ៉ាងម៉េច ​? លោក បញ្ជាក់​ថា​ ពិត​ជា​មាន​​ការហូរ​ចូល តែ​វា​មិន​​ខុសប្លែ​ក​​ពី​ឆ្នាំ​មុនៗ​​កន្លង​ទៅ​​នោះ​ទេ ដោយសារ​​សមត្ថកិច្ច​​យើង​រក​ឃើញ​គ្រឿង​ញៀន​​នៅ​​គ្រប់​កន្លែង សូម្បី​​តែ​​នគរបាល​​ប៉ុស្តិ៍​ក៏​​មាន​​សមត្ថភាព​​ស្រាវជ្រាវ​​ចាប់​​បង្ក្រាប​​បានដែរ ដែល​ពី​មុន​ពួកគាត់​​គ្រាន់តែ​​ដឹង តែ​ដោយ​សារ​​ឥឡូវ​​ពួគគាត់​​ទទួលបាន​​ការបណ្តុះ​បណ្តាល​​ជំនាញ ដូច្នេះ​​ពួកគាត់​​មិន​ត្រឹម​តែ​ដឹង​​នោះ​ទេ ថែម​ទាំង​​យល់​អំពី​​ការ​អនុវត្តន៍​​នីតិវិធី​​ក្នុង​ការ​បង្ក្រាប ដកហូត​​វត្ថុតាង និង​​កសាង​​សំណុំ​រឿង​ផង​ដែរ​។​

លោក​អគ្គស្នងការ​រង​​បាន​បន្តែម​ថា « បញ្ហា​​គ្រឿងញៀន​​មិនមែន​ជា​រឿង​​របស់​កម្ពុជា​​តែ​មួយ​នោះ​​ទេ តែ​វា​ជា​​បញ្ហា​​របស់​​សកល​​​ដែល​​ទាមទារ​​ឲ្យ​មាន​ការ​សហការ​គ្នា ដែល​កន្លង​​ទៅ សមត្ថកិច្ច​​យើង​មាន​កា​រទាំ​នក់​​ទំនង​ល្អ​ជា​ប្រទេស​ឡាវ ថៃ វៀតណាម​ ពិសេស​​ជាមួយ​​ប្រទេស​ឡាវ​​ដែល​សមត្ថកិច្ច​​ប្រទេស​​ទាំង​ពីរ​​បាន​បង្កើត​ ការិយា​ល័យ​​ទំនាក់​ទំនង​ព្រំដែន (BLO) ដើម្បី​​បង្ការ​​បង្ក្រាប​​គ្រឿង​ញៀន ដោយ​ធ្វើ​ការ​មិន​​លាក់លៀម​​ត្រង់​ទៅ​​ត្រង់​មក​។  ជាក់ស្តែង​​កន្លងមក​នេះ សមត្ថកិច្ច​​កម្ពុជា​​បាន​​សហការ​​ជាមួយ​​សមត្ថ​កិច្ច​ឡាវ បង្ក្រាបបាន​​៦​ក្រុម​ធំៗ ឃាត់ខ្លួន​​២១​នាក់ និង​ដក​ហូត​ថ្នាំ​ញៀន​ជាង ១២​​គីឡូក្រាម ដែល​ភាគ​ច្រើន​​ជា​មេ​តំ​​ហ្វេ​តា​មីន (ICE) និង​គ្រាប់​»។​

លោក​អគ្គស្នងការ​រង​​នគរបាល​ជាតិ ក៏​បាន​​សំណូម​ពរ​​ឲ្យ​បងប្អូន​​ប្រជាពល​រដ្ឋ​ទាំង​អស់ ជា​ពិសេស​​យុវវ័យ ត្រូវ​ជៀស​​ឲ្យ​ឆ្ងាយ​​ពី​គ្រឿង​ញៀន និង​កុំ​​ព្យាយាម​​សា​កវា​ឲ្យ​សោះ ត្រូវ​​និយាយ​​ថា​ទេ​​ចំពោះ​​គ្រឿងញៀន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative