សមត្ថកិច្ចព្រមាន​ថា អ្នករត់​តាក់​ស៊ី និង​រថយន្ត​ក្រុង​ណា​ហ៊ាន​ល្មើស​ច្បាប់​ចរា​ចរណ៍​នឹង​ចាប់ឃាត់រថយន្តទុកតែម្តង

ដើម្បីរឹតបន្តឹង​បញ្ហា​ចរា​ចរណ៍ នៅក្នុង​ឱកាស​បុណ្យភ្ជុំ​បិណ្ឌ ដែលនឹង​មកដល់​នៅពេល​ប៉ុន្មានថ្ងៃខាង​មុខ​នេះ លោក​ឧត្តមសេនីយ៍​ឯក រុន រ័ត្នវាសនា ប្រធាន​នាយក​ដ្ឋាន​នគរបាល​ចរា​ចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ បាន​ព្រមាន​ថា « ប្រសិន​បើ​រថយន្ត​ណាមួយ​ហ៊ានល្មើស​ច្បាប់​ចរា​ចរណ៍ លោកនឹង​ចាប់ឃាត់​ទុក​រថយន្ត​នោះរយៈ​ពេល ៣ថ្ងៃ នៃ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​នោះ​តែម្តង​»។

32422ការលើកឡើង​របស់​លោករុន រ័ត្នវាសនា នេះ​បានធ្វើ​ឡើងកាល​ពីព្រឹក​ថ្ងៃទី០២ ខែតុលា ឆ្នាំ​២០១៥  ខណៈ​ពេល​ដែល​លោក​បាន​ដឹកនាំ​កម្លាំង​៥០នាក់ ជាមួយ​នឹងរថយន្ត​ចំនួន ១២​គ្រឿង ចុះត្រួត​ពិនិត្យ​គ្រប់​កន្លែង គ្រប់​ច្រក​ល្ហក​តាម​បណ្តា​ចំណត​រថ​យន្ត នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​ពន្យល់​ណែនាំ និងចែក​ខិត្ត​បណ្ណ​ផ្សព្វ​ផ្សាយ​​អប់រំ​ចំនួន​៥,០០០​សន្លឹក ដល់អ្នក​បើក​បរ​រថយន្ត​ឈ្នួល រថយន្ត​ក្រុង កុំឲ្យដឹក​សំពីង​សំពោង​ដាក់​មនុស្ស​លើស​ចំណុះ ដែលជា​ហេតុ​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​។

ក្រៅពីការចុះ​ត្រួត​ពិនិត្យ លោក​ឧត្តម​សេនីយ៍ រុន រ័ត្នវាសនា នឹង​ដាក់​កម្លាំង​ព័ទ្ធ​ជុំវិញទីក្រុង​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​ធំៗ ដើម្បី​បន្ត​ឆែកឆេរ និងត្រួត​ពិនិត្យ​រថយន្ត​ដឹក​មនុស្ស និង​ទំនិញ​លើសការ​កំណត់ ចេញ​ពី​ទីកុ្រង​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​នានា នៅ​ក្នុងរយៈ​ពេល៣​ថ្ងៃនៃថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ។

លោកឧត្តមសេនីយ៍បាន​ព្រមាន​ថា « ប្រសិន​បើរថយន្ត​ណាមួយ​ហ៊ានល្មើស​ច្បាប់​ចរា​ចរណ៍ លោកនឹង​ចាប់​ឃាត់​ទុក​រថយន្ត​នោះ​រយៈពេល ៣ថ្ងៃ នៃថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នោះតែម្តង»។

ជាការពិតបញ្ហាគ្រោះថ្នាក់​ចរា​ចរណ៍​គឺជាបញ្ហា​ដ៏ក្តៅ​មួយរបស់​សង្គម​កម្ពុជា​ព្រោះថា​វាបាន​សំលាប់​មនុស្ស​ប្រមាណ​ពី៥​ ទៅ​៦នាក់ និង​រងរបួស​២០ ទៅ​៣០នាក់ ជារៀង​រាល់ថ្ងៃ។ វា​មិនត្រឹម​តែធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេវាថែម​ទាំង​ធ្វើឲ្យ​បាត់​បង់​ធនធាន​មនុស្ស​ផងដែរ។

វិធានការរបស់សមត្ថកិច្ច​ខាងលើ​ត្រូវបាន​មហាជន​មានការ​សារទរ និង​គាំទ្រ ហើយ​ប្រសិន​បើធ្វើបាន​មែននោះ​សង្ឈឹម​ថា​អត្រា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅក្នុង​ឪកាស​បុណ្យភ្ជុំ​ខាងមុខ​នេះនឹងកាត់​បន្ថយ​បានច្រើន​មិនដូច​ឆ្នាំមុនៗ​នោះឡើយ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០២ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative