មន្ទីរពេទ្យ​គន្ធបុប្ផា ​គ្រោង​​ដាក់​​អោយ​​ដំណើរ​ការ​​អាគារ​​សម្ភព​​ថ្មី​​ក្នុង​ពេល​​ឆាប់ៗ​​នេះ​

​លោក​សាស្ត្រាចារ្យ​វេជ្ជ​បណ្ឌិត Beat ​Richner ប្រធាន​​ស្ថាបនិក​ និង​ជា​ប្រធាន​​មូលនិធិ​​មន្ទីរ​ពេទ្យ​កុមារ​​គន្ធ​បុប្ផា បាន​ឲ្យ​​ដឹង​​កាលពី​​ថ្ងៃទី ៣០ ខែកញ្ញា​  ២០១៥​​ ថា​អាគារ​​សម្ភព​​ថ្មី​​មួយ​​របស់​​មន្ទីរពេទ្យ​​នេះ​នឹង ត្រូវ​​ដាក់​អោយ​​ដំណើរ​ការ​ក្នុង​ពេល​​ឆាប់ៗ​​ខាងមុខ​នេះ ដើម្បី​ជួយ​​សម្រួល​​ដល់​ការងារ​​សម្រាល​កូន​ដែល​​ចេះតែ មានការ​​កើន​ឡើង​​ពីមួយ​​ថ្ងៃ​ទៅ​មួយថ្ងៃ ។

34353លោក​វេជ្ជបណ្ឌិត​ បាន​ថ្លែង​​យ៉ាង​ដូច្នេះ​​នៅឯ​​មន្ទីរ​ពេទ្យ​​កុមារ​​ជ័យ​វរ្ម័ន​ទី៧ ខេត្ត​សៀមរាប ​ពេល​​ទទួល​អំណោយ​​ចំនួន​​ពីរ​ម៉ឺន​​ដុល្លារ​ ពី​លោក​ស្រី កុយ សាលី​ណា ភរិយា​​របស់​​នាយ​​ឧ​ត្ត​ម​​សេនីយ៍​ ខេង សុមេធ អគ្គ​​ស្នងការ​រង​​នគរបាល​ជាតិ ដើម្បី​​រួម​ចំណែក​​ដល់​ការ​ប្រើប្រាស់​​ជួយសង្គ្រោះ​​សុខភាព​ និង​​ជីវិត​​កុមារ ។​

លោក​វេជ្ជបណ្ឌិត Beat Richner  មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ស្ត្រី​​ជា​មាតា​​ដែល​មក​​ទទួល​​សេវា​ពិគ្រោះ និង​សម្រាល​កូន​​នៅ​​ក្នុង​មន្ទីរ​ពេទ្យ​​មាន​ចំនួន​​កើនឡើង​​គួរ​​ឲ្យ​កត់​​សម្គាល់​ គឺ​ប្រមាណ​​ពី ៥០០ នាក់ ​ទៅ ៦០០ នាក់​​ក្នុង​មួយ​ថ្ងៃ​ដែល​​ក្នុង​ចំនួន​​នេះ មន្ទីរ​ពេទ្យ​​បានផ្តល់​​សេវា​​សម្រាល​កូន​ជា​​មធ្យម​ក្នុ​ង ១ ថ្ងៃ ៧៥ កំណើត ។ មាតា​​សម្រាក​​រង់ចាំ​​ការ​​សម្រាល និង សម្រាល​កូន​​រួច​ក្នុង១ថ្ងៃ​ប្រមាណ​​ជិត ២០០ នាក់ ។​

លោក​បាន​ឲ្យ​ដឹងថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​​នេះ លោក​បាន​សាង​សង់​រួច​រា​ល់ ហើយ​​អាគារ​សម្ភព​​មួយ​ថ្មី​​ផ្សេង​ទៀត​​នឹង​ត្រូវ​បើក​​សម្ពោធ​​ដាក់​ឲ្យ​​ប្រើប្រាស់​​ជា​ ផ្លូវការ​​នាពេល​​ឆាប់ៗ​​ខាងមុខនេះ។  អាគារ​សម្ភព​​ថ្មី​នេះ​​មាន​លទ្ធភាព​​ដូច​អាគារ​​ចាស់​​ដែរ គឺអាច​​ទទួល​​មាតា​​ឲ្យ​សម្រាល​កូន​បាន​​ចំនួន ៨ នាក់​​ក្នុងពេល​​តែមួយ ។

លោក​វេជ្ជបណ្ឌិត Beat Richner បាន​​បញ្ជាក់​ថា ​បច្ចុប្បន្ន មន្ទីរ​ពេទ្យ​​កុមា​រ​​គន្ធ​បុប្ផា​​ទាំង​អស់ គឺ​ត្រូវ​ការ​ថវិកា​​ចំណាយ​​មិន​តិច​ជាង​៤៦​លាន​​ដុល្លារ​​នោះទេ​​ក្នុង​១​ឆ្នាំ ដែល​​ចំនួន​ ៨៥% នៃ​ថវិកា គឺ​រំពឹង​​ទៅលើ អំណោយ​​សប្បុរស​ជន​​ឯកជន ក្នុង​នេះ​​ឧបករណ៍​​តន្ត្រី​​បេ​ត​តូ​​សេល​​ឡូ​​មិត្ត​សម្លាញ់​​របស់​លោក ក៏បាន​​រួម​ចំណែក ជួយ​​ស្វែង​រក​ថវិកា​​សប្បុរស​​ផងដែរ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០១ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative