បេក្ខជនប្តឹងតវ៉ា​លទ្ធផល​ប្រលង​បាក់ឌុប​ឆ្នាំនេះ​កើនដល់​ជាង​១០០​នាក់​ហើយ

បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា បាន​ប្រកាស​លទ្ធផល​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុទិយ​ភូមិ ឬបាក់​ឌុប​ កាលពី​ថ្ងៃ​ទី១២ កញ្ញា សំរាប់​រាជធានី​ភ្នំពេញ និងខេត្ត​កណ្តាល និង២៣​ខេត្ត​ទៀត ថ្ងៃ​ទី១៣ កញ្ញា រួច​មក​រហូត​មកដល់​ពេលនេះ​មាន​បេក្ខជន​ប្រមាណ​ជាង​១០០នាក់ បានដាក់​ពាក្យប្តឹង​ជំទាស់​លទ្ធផល​ប្រលង​ដោយ​ឲ្យ​ក្រសួង​ត្រួត​ពិនិត្យ​សំណេរ​របស់​ពួក​គេឡើង​វិញ។

777777ការតវ៉ារបស់បេក្ខជននេះ បានធ្វើ​ឡើង​បន្ទាប់​ពីក្រសួង​អប់រំ​យុវជន និងកីឡា បានធ្វើ​ការ​ប្រកាស​ដល់​បេក្ខជន​មាតា​បិតា​អ្នក​អា​ណា​ព្យាបាល ឬអ្នក​ពាក់ព័ន្ធ​ដែលមិន​ពេញចិត្ត​នឹងលទ្ធផល​ប្រលង​សញ្ញាបត្រ​ម​ធ្យម​សិក្សាទុតិយ​ភូមិ ឬបាក់​ឌុប​នៅឆ្នាំ​នេះអាច​មានសិទ្ធិ​ប្ដឹង​តវ៉ា​ក្នុងរយៈ​ពេល៣០ថ្ងៃ ចាប់ពី​ថ្ងៃប្រកាស​លទ្ធផល ប្រឡង​នេះត​ទៅ។  ដោយអ្នក​ប្ដឹងតវ៉ា​ត្រូវ​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ ត្រឹម​ត្រូវ មាន​ភស្តុតាង មាន​ឈ្មោះ មុខ​របរ អាស័​យ​ដ្ឋាន​ច្បាស់​លាស់ និងមាន​ការទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជាធរមាន។  ក្នុងករណី​មានពាក្យ​បណ្ដឹង ឬពិនិត្យ​ឃើញថា ការ​ប្រឡង​មានភាព មិន​ប្រក្រ​តីលើកិច្ច​ការ​របស់​បេក្ខជន​ និង​លើការ​អនុវត្ត​ភារកិច្ច​របស់​គណៈមេ​ប្រយោគ និង​គណៈ​ក​ម្មការ​ផ្សេងៗ ក្រសួង​ត្រូវបង្កើត គណៈ​កម្មការ​កោសល្យ​វិច័យ។

ពាក់ព័ន្ធនឹងបញ្ហានេះលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថារហូត​មកដល់​ពេលនេះ​មានបេក្ខជន​ប្រលង​ធ្លាក់បាក់​ឌុប បានដាក់​ពាក្យប្តឹង​នឹងលទ្ធផល​ប្រលង​ប្រមាណជាង​១០០នាក់​ហើយ ក្រុមការ​ងារ​កំពុង​ធ្វើការ​ដើម្បី​ពិនិត្យ​មើលពាក្យ​បណ្តឹង​ទាំងនេះ ព្រោះថា​យើងមិន​អាចយក​ទាំងជាង​១០០នាក់​នោះទេ គឺ​យើងរើស​តែសំណូម​ ពរ​ណាដែល​ជាក់ស្តែង​មានហេតុ​ផល។ លោករដ្ឋ​មន្ត្រី​បានបន្តថា តែបើ​គ្រាន់តែ​សួរថា​មូលហេតុ​អ្វីបាន​ជាគាត់​ប្រលង​ធ្លាក់វា​ក៏​ពិបាកដែរ។ តែបើសិន​គាត់រៀន​ពូកែ​តែស្រាប់​តែធ្លាក់​ដោយមានការ​បញ្ជាក់​អំណះ​អំណាង​ច្បាស់លាស់​នោះយើង​នឹង​ពិនិត្យ​មើលឡើង​វិញ។  លោករដ្ឋមន្ត្រី​បានបញ្ជាក់​ថា «នៅថ្ងៃ​ទី១២​តុលា ការត្រួត​ពិនិត្យ​នឹងចប់​ហើយ​ប្រកាស​លទ្ធផល​នៅថ្ងៃនោះ​តែតែ​ម្តង»។

តាមលទ្ធផលប្រលង បាន​ឲ្យ​​ដឹង​ថា បេក្ខជ​ន​​ប្រឡង​​ជាប់​​សម័យ​​ប្រឡង​​ឆ្នាំ​២០១៥​​នេះ​ មាន​ចំនួន​​៤៦៥៦០​​នាក់ ​ត្រូវជា​​៥៥,៨​៨​ភាគ​រយ ​នៃ​បេក្ខ​ជន​​វត្តមាន​​ចំនួន​​៨៣៣២៥​ នាក់ ក្នុង​នោះមាន​បេក្ខជន​​ជាប់​និទ្ទេស​A​ មាន​ចំនួន​​១០៨​​នាក់ និទ្ទេស​​B​ មាន​​១០៨៥ និទ្ទេស​C​៣២៩២ និទ្ទេស​​D ៦០៩៣ និង​​និទ្ទេស​ ​E ៣៥៩៨២​។ ក្នុងចំណោម​​បេក្ខជន​​ជាប់ ​និទ្ទេស​​A​ ទាំង​​១​០៨​​នាក់​​នោះ​មក​ពី​រាជធានី​​ភ្នំពេញ​​៤៨​នាក់ សៀមរាប​​១៤នាក់ បាត់ដំបង​​៧នាក់ ​ត្បូងឃ្មុំ​ និង​តាកែវ ​៦​នាក់​ក្នុ​ង​​១​ខេត្ត  ខេត្ត​កណ្ដាល និង​​កំពង់​ចាម​​៥​នាក់​ក្នុង​​១​ខេត្ត កំពត​​៤​នាក់​ ព្រះវិហារ កំពង់ធំ បន្ទាយ​មានជ័យ ក្រចេះ និង​​ព្រះសីហនុ​​២​នាក់​​ក្នុង​១​ខេត្ត ហើយ​​កំពង់ស្ពឺ ស្វាយរៀង និង​​ប៉ៃលិន ម្នាក់​​ក្នុង​១​ខេត្ត។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០១ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative