ជំងឺមហារីកសុដន​បញ្ហា​ប្រឈម​និងការការពារ

ជំងឺមហារីកសុដនជាជំងឺ​មហារីក​មួយប្រភេទ ក្នុង​ចំណោម​ជំងឺ​មហារីក​ដទៃ​​ទៀតដែល​បាននិង​កំពុង​កើនទ្បើង​នៅលើ​ពិភព​លោក និង​ប្រទេស​កម្ពុជា ដោយសារ​​ចំនួនស្រ្តី​ដែលរង​គ្រោះដោយ​សារជំងឺ​នេះ បានកើន​ទ្បើងនៅ​តាមមន្ទីរ​ពេទ្យ​នានា​។

អ្វីជាជំងឺមហារីកសុដន

99លោកវេជ្ជបណ្ឌិត ចាន់ វីរៈ ឯកទេស​​រូបភាព​​វេជ្ជសាស្រ្ត និងវិទ្យុ​​សាស្រ្ត ដែល​បាន​​ធ្វើការងារ​​យ៉ាងសកម្ម​​ទាក់ទង​​ជំងឺ​​មហារីក​ ​បានថ្លែង​​ឲ្យដឹង​​កាលពី​ពេល​ថ្មីនេះ​​ថា ដើម្បី​ស្វែង​យល់​ពីជំងឺ​​មហារីក​​សុដន យើងគួរ​​ស្គាល់​​សរីរៈសាស្រ្ត​​នៃជំងឺ​​មហា​រីក​​សុដន​​ ព្រោះ​​សុដន​​របស់​ស្រ្តី​ផ្សំ​ដោយ​កោសិកា​​ពីរយ៉ាង គឺ​កោសិកា​ទ្រទ្រង់​​និងកោ​សិកា​​កំពេញ​​ទឹកដោះ ដែលមាន​ជា​លិកា​ទឹក​ដោះ​ ​និង​​ជាលិកា​​បំពង់​​ទឹកដោះ។

មូលហេតុ

រហូតមកទល់ពេលនេះ អ្នកវិទ្យា​សាស្រ្តមិន​ទាន់ឃើញ​មូលហេតុ​បណ្តាល​ឲ្យ​កើត​ជំងឺនេះ​នោះទេ ប៉ុន្តែ​គេអាច​ដឹងថា​ជំងឺ​មហា​រីកសុដន បណ្តាល​មកពីការ​បំរែ​​បំរួល​នៃកោសិកា​ដែលលូត​លាឥត​ឈប់ឈរ ដែល​មិនអាច​គ្រប់គ្រង​បាន ។​ សព្វថ្ងៃ​​នេះ​អ្នក​វិទ្យា​សាស្រ្ត​រកឃើញ​មូលហេតុ​មួយទៀត គឺកោសិ​កា​ឈ្មោះ HER2 ដែល​ជា​កោសិ​កា​ដ៏កាច​សាហាវ និង​មានការ​រីកលូត​​លាស់​ខ្លាំង ដូច្នេះ​ទើប​អ្នកវិទ្យា​សាស្រ្ត​​សព្វថ្ងៃ​កំពុងរក​ឱសថ​ទប់​កោសិកា​នេះ កុំឲ្យរីក​លូតលាស់​និងមិន​ឲ្យ​ដំនើរ​ការ​ត​​ទៅ​​ទៀត​។

កត្តាជំរុញ

លោកវេជ្ជបណ្ឌិត ចាន់ វីរៈ បាន​ពន្យល់​ថា មាន​មូល​ហេតុ​ច្រើ​នដែល​​ធ្វើឲ្យ​​មនុស្ស​ងាយកើត​ជំងឺ​មហារីក ទី១ ទាក់​ទង​​នឹង​កត្តា​អាយុ គឺស្រ្តី​ចាប់ពី​៥០ដល់​​វ័យ​៧០ឆ្នាំ តែង​ប្រឈម​មុខនឹង​ជំងឺនេះ​ច្រើនជាង​គេ ទី២ ទាក់ទង​នឹងកត្តា​តំណ​ពូជទី៣ កត្តា​ អ័រម៉ូន​ភេទស្រ្តី គឺស្រ្តី​ដែលឆាប់​មានរដូវ​ពេក​(មុនអាយុ​១២ឆ្នាំ) និងស្រ្តី​ដែល​ងាយ​​មិនងាយ​​អស់រដូវ​(ក្រោយ​អាយុ​៥៥ឆ្នាំ) និង​ ស្រ្តីមិន​ដែលមាន​កូនឬ មានកូន​នៅ​អាយុ​ចាស់ពេកក៏​​ប្រឈមមុ​ខនឹងជំងឺ​នេះផង​ដែរ ទី៤ការ​មិនបំបៅ​ដោះកូន​ក៏​ជា​បញ្ហា​​ប្រឈម​ផងដែរ និងទី៥ ទាក់ទង​នឹងកត្តា​បរិស្ថាន មិនហាត់​ប្រាណ​ឬមានជំងឺ​​ធាត់​ពេក​ក៏ប្រឈម​នឹ​ងជំងឺនេះ​ផងដែរ។

ក្រុមស្រ្តីប្រឈមមុខខ្ពស់

​ស្រ្តីគ្រប់រូបអាច​ប្រឈម​មុខនឹង​ជំងឺនេះ ប៉ុន្តែ​គេសង្កេត​ឃើញ​ថាស្រ្តី​ដែល​មាន​​​ជីវភាព​ខ្ពស់​ប្រឈម​ជំងឺ​នេះច្រើន​ជាងស្រ្តី​រស់​ក្នុង​ជីវភាព​ក្រីក្រ ដោយសារ​វាទាក់​ទង​នឹង​​ចំណី​​អា​ហារ និង​ហ្សែន។

រោគសញ្ញា

លោកវេជ្ជបណ្ឌិត ចាន់ វីរៈ បាន​បន្តថា រោគ​សញ្ញាជំងឺ​មហារីក​សុដន​មានដូច ជាមាន​ដុំសាច់​រ៉ឹងជាប់​ស្បែក សុដន​ប៉ែល​មិនស្មើ​គ្នា ស្បែក​សុដន​ទ្បើងជ្រីវ​ជ្រួញ និង​ចុង​សុដន​វៀច​(ជួនកាល​ចុងសុដន​លឹបចូល​ខាងក្នុង) និងជួន​កាលសុដន​ស្រ្តី​ចេញ​​​ទឹក​​រងៃ​ ប៉ុន្តែ​ពេល​កើតតំបូង​ជំងឺនេះ​គ្មានរោគ​សញ្ញា​នោះទេ។

ការធ្វើរោគវិនិច្ឆ័យ

គេអាចប្រើប្រាស់​វិធីសាស្រ្ត​គាប​សុដន ដើម្បី​រកជំងឺ​មហារីក​នេះ តា​មរយៈ រូប​ភាព​វេជ្ជសាស្រ្ត ដែលស្រ្តី​មានវ័យ​៥០ឆ្នាំ​ទ្បើង​គួរ​គាបសុ​ដន​ពីរដង​ក្នុងមួយ​ឆ្នាំ ហើយស្រ្តី​ដែលមាន​ប្រឈម​មុខខ្ពស់​គួរពិនិត្យ​មួយឆ្នាំ​ម្តង។ ចំនែកស្រ្តី​វ័យក្មេង​​អា​យុ​​ក្រោម​​៥០​ឆ្នាំ គឺពិបាក​រកឃើញ​សាច់ឬ​កោសិកា​មហារីក​​ណាស់ ព្រោះ​កោសិ​កា​​សុដន​នៅក្រាស់។

វិធីសាស្រ្តការពារ

គេអាចការពារ​ជំងឺនេះ​​បានតាម​​រយៈ​​ការហាត់​​ប្រាណ ការ​​បំបៅ​​ដោះកូន ការ​ទទួល​​ទានចំណី​​អាហារ​​មិនសូវ​​មាន​​ជាតិ​​ខ្លាញ់​ មិន​​សូវមាន​​ជាតិគីមី​​ជាដើម។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០១ ខែ​តុលា ឆ្នាំ២០១៥                                           

Google Analytics Alternative