៨ខែឆ្នាំនេះ ជំងឺ​គ្រុនឈាម​សំលាប់​កុមារ​កម្ពុជា​៣១​នាក់

យោងតាម​របាយការណ៍​​របស់​​មជ្ឈ​មណ្ឌល​​ជាតិ​ ប្រយុទ្ធ​​នឹង​ជំងឺ​គ្រុនចាញ់​​ប៉ារ៉ាស៊ីត​​សាស្ត្រ-​បាណក​​សាស្ត្រ បាន​ឲ្យដឹង​ថា​ ក្នុង​​រយៈ​ពេល​៣៧​សប្តាហ៍​ ស្មើនឹង​៨ខែ ឆ្នាំ​២០១៥​នេះ ជំងឺគ្រុន​ឈាម​​បានកើត​​ឡើង​​ចំនួន ១០,១១៤​ករណី (អត្រា​​អាំង​តង់​​ស៊ី​តេ ៦២.៥ ​ភាគរយ ក្នុង​ចំណោ​ម​១០ម៉ឺន​​នាក់) កើនឡើង​​ចំនួន​៧,៥១២​ករណី បើ​ធៀប​​នឹង​ឆ្នាំ​២០១៤ ដែលមាន​​ចំនួន​ ២,៦០២ ​ករណី។

23222ក្នុងចំណោម​​ករណី​​គ្រុនឈាម ​ដែល​​បាន​​រកឃើញ ករណី​​ស្លាប់មាន​ចំនួន៣១ករណី ស្មើ​នឹង​០.៣​ភាគរយ និង​ទាប​​ជាង​អត្រា​​ស្លាប់​នៅ​​ឆ្នាំ២០១៤ ដែល​មាន០.៦​ភាគរយ។ លទ្ធផល​​នេះ​​បញ្ជាក់​​ឲ្យ​ឃើញថា ប្រជាពល​រដ្ឋ​​កម្ពុជា​​យល់ដឹង​​ខ្ពស់​ពី​របៀប​​ការពារ​​ជំងឺ​គ្រុនឈាម​​តាម​រយៈ​ ការអ​ប់រំ​​សុខភាព​​នៅតាម​​សហគមន៍ និង​ជា​ពិសេស​​តាម​សាលា​រៀន និង​​ភាព​ប្រសើរ​ឡើង​នៃ​​គុណភាព​​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ។

របាយការណ៍​ដែល​ចេញ​ផ្សាយ​ កាលពី​​ថ្ងៃទី​២៨ ខែ​កញ្ញា បាន​ឲ្យ​​ដឹងថា​​ជំងឺ​គ្រុនឈាម​​នៅ​កម្ពុជា​​ប្រែប្រួល​​តាម​​រដូវ ដោយ​មាន​កម្រិត​​ចម្លង​​នៅក្នុង​​រដូវ​វស្សា។  ជាក់ស្តែង​​នៅ​ឆ្នាំ​នេះ ករណី​​នៃ​ជំងឺ​គ្រុនឈាម​​មានការ​កើន​ឡើង ប៉ុន្តែ​​ការកើន​ឡើង​នេះ ស្ថិត​ក្នុង​​ភាព​អាច​​គ្រប់គ្រង​​បាន ដោយ​តួ​លេខ​​នេះ​ស្ថិត​នៅក្រោម​​ខ្សែបន្ទាត់​​ប្រកាស​អាសន្ន។

ខេត្ត​ក្រុង​ចំនួន៨ ដែល​រកឃើញ​​មាន​ករណី​​ជំងឺ​គ្រុនឈាម​​ច្រើនជាង​គេ រួមមា​ន​ខេត្ត​កំពង់ចាម សៀមរាប កំពង់ធំ កណ្តាល ក្រុងភ្នំពេញ បន្ទាយ​មានជ័យ ព្រៃវែង និង​ខេត្ត​កំពង់ស្ពឺ ហើយ៧១​ភាគរយ​​នៃ​ករណី​​ជំងឺ​គ្រុនឈាម ត្រូវបាន​​រកឃើញ​​នៅលើ​​កុមារ​​អាយុ​​ចន្លោះ​​ពី៥ដល់​១៤ឆ្នាំ។

មិនមែន​មានតែ​កម្ពុជា​ដែលមាន​កើនឡើង​​ករណី​​នៃ​ជំងឺ​គ្រុនឈាម​​នេះ ប្រទេស​មួយ​ចំនួន​​នៅ​តំបន់​​អាស៊ី​អាគ្នេយ៍​​ក៏មាន​​ការ​កើនឡើង​​ដែរ ក្នុងនោះ​​រួមមាន​​ប្រទេស​ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​សឹង្ហ​បុរី​​ជាដើម។ តាម​ការ​វិភាគ​​ទិន្នន័យ​​របស់​​អង្គការ​​សុខភាព​​ពិភព​លោក ជំងឺគ្រុន​ឈាម​​ក្នុង​សកល​លោក បាន​កើន​ឡើង៣០​ដង​ក្នុង​​រយៈពេល​៥០ឆ្នាំ​​ចុង​ក្រោយ​នេះ ក្នុង​នោះ​​ប្រជាជន​​ប្រមាណ​២,៥០០​លាន​នាក់ ប្រឈម​មុខ​នឹង​​ការឆ្លង​​ជំងឺ ក្នុង​ចំណោម​​ប្រទេស​​ជាង​១០០​ប្រទេស។

ទោះបីជា​ជំងឺគ្រុនឈាម​​ឆ្នាំនេះ មានការ​​កើនឡើង​​ជាងឆ្នាំ​មុនៗ ប៉ុន្តែ​​ករណី​​ស្លាប់​ថយ​ចុះ​ក្តី មជ្ឈ​មណ្ឌល​​ជាតិ​​ប្រយុទ្ធ​​នឹង​ជំងឺ​គ្រុនចាញ់​​ប៉ារ៉ាស៊ីត​​សាស្ត្រ-​បាណក​​សាស្ត្រ នៅតែ​​អំពាវនាវ​​ឲ្យ​ប្រជា​ពលរដ្ឋ​​មានការ​​ប្រុង​ប្រយ័ត្ន ព្រោះ​ថា​កន្លង​មក​​ករណី​​ជំងឺគ្រុន​ឈាម​​នៅ​កម្ពុជា តែងមាន​​ការផ្ទុះ​​ជាង​រៀង​រាល់៣​ទៅ៥ឆ្នាំ​​ដូចជា​​នៅ​ឆ្នាំ​១៩៩៨​(ករណី​ឈឺ​១៦,២១៦ និង​ស្លាប់​៤៧៥)​ ឆ្នាំ​២០០៧​(ករណី​ឈឺ​៣៩,៤៦០ និង​ស្លាប់​៤០៤នាក់) និង​នៅ​​ឆ្នាំ២០១២​(ករណី​​ឈឺ​៤០,៩០៩ និង​​ស្លាប់​១៨៩​នាក់)​ មានន័យ​ថា​ការ​ផ្ទុះ​រាត​ត្បាត​ម្តង​ទៀត​អាច​​នឹង​កើត​​មាននៅ​ចន្លោះ​​ឆ្នាំ២០១៥ និង​២០១៧ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative