កូនភ្លោះ​ ហេតុអ្វី?

នៅប្រទេស​កម្ពុជា​ក៏ដូច​ជាប្រទេស​ដទៃដែរ តែងតែ​កើតមាន​ករណីកូនភ្លោះ ជួនកាល​ជាកូនភ្លោះពីរ ជួនកាលបី ឬច្រើន។ ប៉ុន្ដែកូន​ភ្លោះច្រើន នៅពេល​សម្រាល កម្រនឹង​ឃើញមាន​ជីវិតរស់​នៅ​​​ណាស់់។ គេឃើញ​មានផងដែរ ករណី​កូនភ្លោះខ្លះ ជាស្រី​ទាំងពីរ ឬប្រុស​ទាំងពីរ។ ករណី​កូនភ្លោះ​ខ្លះមាន​ខ្លួនមួយ ក្បាល​ព្រែកពីរ ជើងបួន​ក៏មាន។  ស្ដ្រីជាម្ដាយ​នៅពេលដែល​មានកូនភ្លោះ​អាចចាត់ ទុកថាជា​ស្ដ្រីមានគ្រោះ​ថ្នាក់មិន​ធម្មតា​ផងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅក្នុង​ទំព័រសុខភាព​បន្ដពូជ និងសុខភាព​ផ្លូវភេទ ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកបញ្ហា​កូនភ្លោះ​មកបកស្រាយ​ជូនលោក​អ្នកឱ្យបាន​ជ្រាបតាមរយៈ​កិច្ចសម្ភាសន៍​ជាមួយលោក​សាស្ដ្រាចារ្យ​មហាបរិញ្ញា គុំ កាណាល់ ដែល​ជាប្រធាន​មជ្ឈមណ្ឌល​ជាតិគាំ ពារមាតា និងទារក។

មូលហេតុ​នាំឱ្យមាន​កូនភ្លោះ?

តាមក្បួន​វេជ្ជសាស្ដ្រ កូនភ្លោះ​ត្រូវចែក​ចេញជាពីរ គឺកូនភ្លោះ​សុទ្ធ និងកូនភ្លោះ​មិនសុទ្ធ។

១. កូនភ្លោះសុទ្ធ ៖ តាមធម្មជាតិ មេជីវិត​ឈ្មោលមួយ និងមេ​ជីវិតញី​មួយធ្វើ​ឱ្យកកើត​បានជា​មេជីវិត​ដំបូង។ នៅពេល​ខ្លះមេជីវិត​ដំបូងបំលែង​ខ្លួនលឿនពេក ធ្វើឱ្យបំបែក​ខ្លួនវាជាពីរ នាំឱ្យបាន​ជាកូនពីរ។ ពេលនោះ វានឹង​ក្លាយជាកូន​ភ្លោះសុទ្ធ។ ដូច្នេះកូនភ្លោះ សុទ្ធ គឺកើត​ឡើងដោយ​សារមេជីវិត​ញីមួយជួប​ជាមួយ​មេជីវិត​ឈ្មោលមួយ ហើយ​បំប្លែងខ្លួន​បានជាពីរ។

កូនភ្លោះ​សុទ្ធមាន​លក្ខណៈ​ដូចតទៅ។ ប្រសិន​បើកូននោះ គឺជាកូនស្រី នាំឱ្យកូន​ភ្លោះនោះ​ស្រីទាំង​ពីរនាក់។ ហើយបើជា កូនប្រុស គឺប្រុស​ទាំងពីរនាក់។ កូនទាំង​ពីរនាក់​នេះមានមុខ​មាត់ដូចគ្នា មានអត្ដចរិត​ពីកំណើត​ដូចគ្នា និងមាន​ហ្សែន​ដូចគ្នា។

កូនភ្លោះ​សុទ្ធនៅ​ពេលវិវឌ្ឍន៍​នៅក្នុងពោះ មានស្ថាន​ភាពបែប “កូនមួយ​ត្រូវបាន​រស់ដោយ​កូនម្នាក់ទៀត ហើយ​កូនមួយ ទៀតនោះ​ត្រូវរស់​ដោយសារ​គេចិញ្ចឹម”។ ដូចនេះ កូនមួយ​ត្រូវតូច​ជាងកូន​មួយទៀត។ ពីព្រោះ​កូនដែល​ជាអ្នក​ចិញ្ចឹមកូន​មួយទៀត នោះពិបាក​ណាស់ ជួនកាល​អាចស្វិត​ងាប់នៅ​ក្នុងពោះ​ក៏មាន ហើយកូន​ដែលត្រូវគេ​ចិញ្ចឹមរីក​ធំធាត់ឡើង។

២. កូនភ្លោះ​មិនសុទ្ធ ករណី​នេះកើត​ឡើងដោយ​សារការ​ជួបគ្នារវាង​មេជីវិតពីរ ឬមេជីវិត​ច្រើន​ផ្សេងគ្នា។ មានន័យ​ថាមេ ជីវិតញី​ពីរជួប​មេជីវិត​ឈ្មោលពីរ នាំឱ្យកូន​កើតជា​កូនភ្លោះ អាចមាន​ភេទដូចគ្នា ឬខុសគ្នា។ ករណី​នេះច្រើន​តែកើតឡើង​ដោយសារ ភាពមិន​ធម្មតា​របស់មេ​ជីវិតញី ដែលចេញ​មកច្រើន​ក្នុងមួយខែៗ ដែលជា​ធម្មតាចេញ​តែមួយប៉ុណ្ណោះ​ក្នុងមួយខែ។

កូនភ្លោះ​មិនសុទ្ធ​មានលក្ខណៈ​ដូចតទៅ។ នៅពេល​វិវឌ្ឍន៍​នៅក្នុងផ្ទៃ ជីវិត​របស់កូន​ទាំងពីរនេះ​ដាច់ចេញដោយឡែកៗ ពីគ្នា។ ប្រសិនបើ​មានមេជីវិត​ញីបីបួនប្រាំ ឬអាចច្រើន​ជាងនេះ​ជួបគ្នា នាំឱ្យមាន​កូនភ្លោះបី បួន ប្រាំ ឬច្រើន។ កូនភ្លោះ​មិនសុទ្ធ​មានអត្ដចរិត និងមុខមាត់​ខុសប្លែកពីគ្នា។

ម្យ៉ាងទៀត ស្ដ្រីខ្លះ​មានកូន​ភ្លោះច្រើន ជួនជាកូន​ភ្លោះសុទ្ធផង និងជួនកាល​លាយមិន​សុទ្ធផង។ គួរបញ្ជាក់​ផងដែរ​ថាតាម ការសិក្សា​បានបង្ហាញ​ថាកូនភ្លោះ​ជាកត្ដា​តំណពូជ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផលវិបាក​នៃការមាន​កូនភ្លោះ

ដំណាក់​កាលដំបូង ស្ដ្រីដែល​មានកូនភ្លោះ នៅពេល​មានផ្ទៃពោះ អាចចាត់​ទុកថា​ជាស្ដ្រី​កំពុងប្រឈម​នឹងគ្រោះ​ថ្នាក់មិន​ធម្មតា​ឡើយ។ នៅពេល​កំណកំណើត​ដំបូង ម្ដាយចាញ់​ខ្លាំងណាស់ ក្អួត​ចង្អោរ​ខ្លាំង មិនដូច​ស្ដ្រីដែល​មានគភ៌ធម្មតា​នោះឡើយ ព្រោះត្រូវ ចិញ្ចឹម​ទារកពីរ។

ដំណាក់​កាលបន្ទាប់ ស្ដ្រីជាមាតា​ពិបាកទ្រាំ​នឹងការ​មានគភ៌ ពីព្រោះ​ទំហំស្បូន​ធំខុសធម្មតា ផ្ទៃមាតា​កាន់តែធំ កាន់តែធ្ងន់។ ផ្ទៃពោះ​ធំមិនមែន​ដោយសារ​តែទារក​២នៅក្នុង​ផ្ទៃនោះទេ គឺដោយ​សារទឹក​ភ្លោះច្រើន​ផងដែរ។ ទារក​មួយមាន​ទឹកភ្លោះ​ប្រហែល​ពីរលី ត្រ ប្រសិន​បើទារកពីរ មានទឹកភ្លោះ​កាន់តែច្រើន។ ទាំងទឹក​ភ្លោះបូករួម​ជាមួយ​ទម្ងន់ទារក ធ្វើឱ្យ​ផ្ទៃពោះ​ម្ដាយរិត​តែធំ និងរិត​តែធ្ងន់ ប្រៀបដូច​ជាគាត់ស្ពាយ​ទឹកមួយធុង​ដាក់នៅពី​មុខយ៉ាង​ដូច្នោះដែរ។

ជួនកាល​ធ្វើឱ្យកណ្ដាប់​ចង្កេះខ្សោយ ដែលជា​រឿយៗ​ធ្វើឱ្យមាន​ការសម្រាល​មិនគ្រប់ខែ។ ប្រសិន​បើទារកភ្លោះ​សម្រាលមក មិនគ្រប់ទម្ងន់ និងថែម​ទាំងមិន​គ្រប់ខែ​ទៀតនោះ ទារក​កម្រនឹង​មានជីវិត​ល្អប្រសើរ​ណាស់។ ទារក​មិនគ្រប់​គីឡូមានន័យ​ថាទារកមាន ទម្ងន់មិន​គ្រប់២គី​ឡូកន្លះទេ នាំឱ្យទារក​ពិបាកចិញ្ចឹម ទារកមាន​សតិបញ្ញា​មិនល្អ។ ប៉ុន្ដែផ្ទុយ​ទៅវិញ ប្រសិន​បើទារក​នោះកើតគ្រប់ គីឡូ និងគ្រប់ខែ គឺអាចរស់​បានប្រសើរ។

ជាមួយ​គ្នានោះមាន​ប្រជាពលរដ្ឋ​ខ្មែរមួយចំនួន​តូចបាន​ជឿទៅ​លើជំនឿ​ផ្សេងៗ ដោយឃើញ​ទារកខ្លះ​កើតមក​មានក្បាល​ព្រែកជាប់២​ជើង៨​ខ្លួន១ជាដើម។ ការពិតករណីនេះ គឺកើត​ឡើងដោយ​សារការបំលែង​នៃកូនភ្លោះ​នោះមិនចប់​សព្វគ្រប់ (បំលែងមិន ដាច់)។

ម្ដាយអាច​ជួបគ្រោះ​ថ្នាក់រហូត​បាត់បង់​ជិវិតបាន នៅក្រោយ​ពេលសម្រាល ដែលបណ្ដាល​មកពីមាន​ធ្លាក់ឈាម​ច្រើន ដោយ សារទំហំ​ស្បូនធំពេក និងរលុង​ពេក។

ដំបូន្មាន​អ្នកជំនាញ

នាពេល​បច្ចុប្បន្ននេះ មានអេកូ​សម្រាប់ឆ្លុះ​ពិនិត្យមើល​ទារកក្នុងផ្ទៃ មិនសូវចោទ​ជាបញ្ហា​ឡើយ។ ការពិនិត្យ​ផ្ទៃពោះ ជារឿង​ចាំបាច់។​ត្រូវដឹងថា​រាល់គភ៌​សុទ្ធតែអាច​មានគ្រោះថ្នាក់។ បុរសជា​ស្វាមីត្រូវ​ចូលរួម​ចំណែក​ដឹងឮអំពី​ស្ថានភាព​របស់ប្រពន្ធ​នៅពេល​មានផ្ទៃពោះ​និងជួយ​ស្វែងរក​សេវាត្រឹមត្រូវ​ដើម្បីឱ្យ​ប្រពន្ធ​សម្រាលបុត្រ។ ពាក្យ​ស្លោកមួយ​ឃ្លាបាន​ពោលថា ផ្ទៃពោះ គឺជាជីវិត ដែលមាន​ឯកសិទ្ធិ​ពិសេស ជាពេល​វេលាដែល​មានជីវិត​ពិសេស។ យើងត្រូវ​ធ្វើយ៉ាងណា​ឱ្យច្បាស់ថា​មានគភ៌​មិនមាន​គ្រោះថ្នាក់។

ដូច្នេះ​នៅពេល​ស្ដ្រីមាន​ផ្ទៃពោះ ពោះធំ​លឿនពេក មានអាការ​ចាញ់ខ្លាំងពេក ស្ដ្រីគួរ​តែទៅជួប​ជាមួយ​គ្រូពេទ្យ។ ជាមួយ ស្ថានភាព​ចាញ់ គ្រូពេទ្យ​ធ្វើការ​វិភាគរោគ​ថាគាត់​ចាញ់ដោយ​សារអ្វី ដោយសារ​មានកូន ដោយសារ​កូនភ្លោះ ឬដោយ​សារការ​ឈឺ ក្រពះ។ មានតែ​គ្រូពេទ្យទេ ទើបអាច​ថ្លឹងថ្លែង​ថាតើសុខភាព​ម្ដាយអាចពផ្ទៃ​បានដែរ​ឬទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative