សហជីព​ និង​​និយោជក ​ខ្វែង​គំនិត​​គ្នា​ក្នុង​ការ​ដាក់​បញ្ចូល​​តួលេខ​​ចរចា​​ប្រាក់​​ឈ្នួល​​សំរាប់​ ឆ្នាំ២០១៦

ក្រុម​សហជីព​ទាំង​អស់ ​បាន​ឯកភាព​គ្នា​យក​​តួលេខ​​រួម​១៦៨​ដុល្លារ សម្រាប់​​ការចរចា​រ​ប្រាក់​​ឈ្នួល​​អប្ប​បរមា​​ឆ្នាំ២០១៦​ ដែល​​នឹង​ធ្វើ​ឡើង​​នៅ​ដើម​ខែ​តុលា ខាង​មុខនេះ។ ប៉ុន្តែ​​សំរាប់​​ក្រុម​ភា​គី​​ខាង​​និយោជក យល់​ព្រម​​ដាក់​ត្រឹម ១៣៣​ដុល្លា​​ប៉ុណ្ណោះ​។

333333ការបង្ហាញ​តួលេខ​​សំរាប់ការ​​​ច​រចារ​​ប្រាក់​​​ឈ្នួល​​អប្ប​បរមា​​ឆ្នាំ​២០១៦ ក្រោយ​​បញ្ចប់​​កិច្ចប្រជុំ​​ពិភាក្សា នៅ​ព្រឹក​​ថ្ងៃទី​២៩ ខែកញ្ញា​ ឆ្នាំ​២០១៥ នៅ​ទីស្តី​ការក្រសួង​​ដោយមាន​​ការចូល​រួម​ពី​លោក​​លោក ហេង សួរ ប្រធាន​​ក្រុម​ការងារ​​សម្រប​សម្រួល​​ប្រាក់​​ឈ្នួល​។

ទោះជា​យ៉ាងនេះ​​ក្តី នៅក្នុង​​កិច្ចប្រជុំ​​នោះ ក្រោម​​ការ​សម្រប​សម្រួល​​របស់​​ក្រុមប្រឹក្សា​​ការងារ  ភាគី​​ខាង​​ន​យោជក​​ក៏បាន​​រំកិល​​តួលេខ​​ពី​ការ​យល់ព្រម​​ដំឡើង​​ពីដំបូង​​ត្រឹម​៣% នៃ​ប្រាក់​​ឈ្នួល​​ឆ្នាំ​ចាស់​១២៨​ដុល្លារ ឱ្យ​ឡើង​មក ៣,៧%វិញ ពោល​គឺ​ន​យោជក​ បាន​​យក​តួលេខ​​ប្រហែល​​នឹង ១៣៣​ដុល្លារ ដើម្បី​​ដាក់បញ្ចូល​​ក្នុង​ការ​ចរចា ។

បើតាម​លោក ហេង សួរ អ្នកនាំ​ពាក្យ​​ក្រសួង​​ការងារ និង​​ជា​ប្រធាន​​ក្រុមការ​ងារ​​សម្រប​សម្រួល ប្រាក់​​ឈ្នួល បានឱ្យ​ដឹងថា​ «ការ​ចរចារ​​ប្រាក់​ឈ្នួល​​ព្រឹក​នេះ មាន​​ការវិវត្ត​​​ជា​វិជ្ជមាន​​ច្រើន ដោយ​ភាគី​នីមួយៗ​មាន​ភាព​ចាស់ទុំ​​គោរព​​គ្នា​ទៅវិញ​ទៅមក និង​រក​ឃើញ​នូវ​តួ​លេខ​​រួម​​របស់ភាគី​នីមួយៗ ជា​កិច្ច​​ចាប់ផ្តើម ភាគី​​និយោជក បាន​ដាក់​នូវ​តួលេខ​​កំណើន​៣% លើ​ឆ្នាំ​​ចាស់​តែ​​នៅ​មុន​ពេល​​ចប់​ម៉ោង​១២នេះ​ភាគី​​និយោជក​​បាន​តម្លើង​​ដល់ ៣,៧% លើ​ឆ្នាំ​​ចាស់» ។

រឿង​បញ្ហា​ការចចារ​ប្រាក់​ឈ្នួល​​នេះដែរ​​អ្នកនាំ​ពាក្យ​​ក្រសួង​​ការងារ​ និង​​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ ​បាន​ធ្លាប់​បាន​ធ្វើ​ការ​​អំពាវ​នាវ​ដល់​​គ្រប់ភាគី​​ទាំង​​សហជីព​ និង​​និយោជក ​សូមកុំ​​យក​ភាគី​​ណាមួយ​​ធ្វើជា​ចំណា​ត់​​ខ្មាំង​​ក្នុង​ការ​ចចារ​រឿង​​ប្រាក់​​ឈ្នួល​​អប្ប​បរមា​​របស់​​កម្ម​ករ។ ដោយ​លោក​​បាន​បញ្ជា​ក់​ថា​ត្រូវ​​ព្យាយាម​​សំរេច​ឲ្យ​​បាន​នូវ​អ្វី​​ដែលជា​ផល​ប្រយោជន៍​​រួម​សំរាប់​​កម្មករ​​ក្នុង​វិស័យ​​សំលៀក​បំពាក់​​ផលិត​​ស្បែកជើង ​និង​គិត​ដល់​​កំលាំង​​ពលកម្ម​​ថ្មី​ដែល​​ត្រូវ​ចូល​ក្នុង​ទីផ្សារ​ការងារ។

លោក ​ហេង ​សួរ ​ក៏បាន​អំពាវ​នាវ​​ឲ្យ​អ្នក​សិក្សា​​ស្រាវ​ជ្រាវ​ និង​អ្នក​​សារពត៌​មាន​ថា​​ការ​ចចារ​​ស្តីពី​ប្រាក់​​ឈ្នួល​​កម្មករ​​ក្នុង​​វិស័យ​​កាត់​ដេរ​​សំលៀក​បំពាក់​ និង​​ស្បែក​ជើង​ នេះ​ដោយ​​ផ្តោត​តែ​​ទៅលើ​ប្រាក់​​ឈ្មួ​ល​​អប្ប​បរមា​ទេ​មិន​មែន​​ច​ច​រា​​លើ​ប្រាក់​​ឈ្នួល​​រស់​នៅ​នោះ​ទេ​សូម​កុំ​មានការ​​យល់​ច្រឡំ។ ដូចនេះ​​សូមអ្នក​​សិក្សា​ស្រាវជ្រាវ​​យល់​ឲ្យ​​ច្បាស់​​នូវ​និយម​ន័យ​ប្រាក់​​ឈ្នួល​នេះ។

លោក​ថា «បើសិន​អ្នក​សិក្សា​​ស្រាវ​ជ្រាវ​​មាន​ជំនាញ​​ច្បាស់​លាស់​ បានដឹង​​ពី​និយម​ន័យ​នេះ​​តែ​មិន​​ធ្វើតាម​​ហើយ​​បំភ័ន្ត​​ដល់​​កម្មករ​​ឲ្យ​មាន​ការ​យល់​ច្រឡំ​​នាំ​ឲ្យ​​បង្កើត​ជា​បញ្ហា​​សង្គម​​មួយ​ដោយ​សារតែ​​ក្លែងបន្លំ​​និយមន័យ​​ប្រាក់​​ឈ្នួល​​អប្ប​បរមា​​ទៅជា​​ប្រាក់​​ឈ្នួល​រស់​នៅ​ក្នុង​ន័យ​គោ​ល​បំ​​ណង​​ដោយ​​ចេតនា​​នោះ​អាច​​បង្កដោយ​​ភ័នច្រឡំ​​ហើយ​បើ​​មាន​ជន​​ទី៣​បកស្រាយ​​បន្ត​ទៀត​​នោះ​បង្ក​​ឲ្យ​មាន​​បញ្ហា​​សង្គម​​កាន់តែ​ខ្លាំង។ ដូចនេះ​​គួរតែ​​បំភ្លេច​ចោល​ទៅ​​ពាក្យ​ថា​​ប្រាក់​ឈ្នួល​​រស់នៅ​​ត្រូវ​គិត​តែ​ប្រាក់​​ឈ្នួល​​អប្ប​បរមា​​វិញ​ព្រោះ​​វា​សម​​ស្រម​តាម​ច្បាប់​​អន្តរជាតិ​​ក៏ដូចជា​​អង្គកា​រ​ខាង​​ការ​ងារ​​អាយ​ឡូ​​ដែល​បាន​កំណត់»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​​កម្ពុជា បាន​សម្រេច​​ដំឡើង​​ប្រាក់​​ឈ្នួល​​អប្ប​បរមា ដល់​​កម្មករ​​វាយ​ន​​ភណ្ឌ​​កាត់ដេរ និង​​ផលិត​​ស្បែក​ជើង ជា​រៀង​រាល់ឆ្នាំ​​ចាប់តាំង​ពី​ឆ្នាំ២០១៣​មក ដើម្បី​ឱ្យ​កម្មករ​​ទទួល​បាន​ប្រាក់ខែ​​សមរម្យ ហើយ​​នៅ​ឆ្នាំ​២០១៥​នេះ​ ប្រាក់​ខែ​​របស់​​កម្មករ​​ក៏បាន​ឡើង​​ពី១០០​ដុល្លារ ដល់​១២៨ ដុល្លារ ក្នុង​មួយ​ខែ​ផង​ដែរ។ ក្នុង​ដំ​ណើរ​​ការ​ដំឡើង​​ប្រាក់​​ឈ្នួល​ដល់​​កម្មករ​​នៅ​ឆ្នាំ​​ក្រោយ​នេះ ក្រសួង​​ការងារ​​បាន​កំណត់​ថា យក​ខែ​កក្កដា ឆ្នាំ​២០១៥ ជា​ពេល​​ពិភាក្សា​​ផ្ទៃក្នុង របស់​​សហជីព​ថៅកែ​ ​រោងចក្រ និង​​ក្រសួង​​ការងារ  ខែ​កញ្ញា​​នេះ ជា​ពេល​​ចាប់ផ្តើម​​ពិភាក្សា ប្រាក់​ឈ្នួល​​ត្រីភាគីហើយ​យក​​ដើមខែ​​តុលា ជា​ពេល​​ប្រជុំ​​សម្រេច​​ប្រាក់​ឈ្នួល និង​​យក​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៦ ជា​ពេល​​ដំឡើង​​ប្រាក់​​ឈ្នួល​​តែម្តង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative