ឃាត់ខ្លួនអ្នក​លួច​ឆ្លង​ដែន​ចូល​​ទៅ​កាប់​​ឈើ​ក្នុង​​ទឹកដី​​ថៃ​១៦​​នាក់​

ប្រជាពលរដ្ឋ​ចំនួន​ ១៦​នាក់​​ត្រូវ​បាន​​កម្លាំង​​វរៈ​​ការពារ​​ព្រំដែន​​លេខ​​៣១០​​ប្រចាំ​​ទិស​​សំឡូត​​ឃាត់ខ្លួន​ កាលពី​​​ថ្ងៃទី​​២៥ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅត្រង់​​ចំណុច​​ភូមិ​​សំឡូត ឃុំ​​សំឡូត ស្រុក​​សំឡូត ខេត្ត​បាត់​ដំបង ខណៈ​​ដែល​ពួក​គេ​កំពុង​​បម្រុង​​លប​លួច​​ឆ្លង​ដែន​​ខុស​ច្បាប់​ទៅ​កាប់ឈើ​​ក្នុង​ទឹក​ដី​ ថៃ ​។​

3បើតាមលោក ​អ៊ុក សារិន​ មេ​បញ្ជា​ការ​​វរៈ​ការ​ពារ​ព្រំ​ដែន​​គោក​​លេខ​​៣១០ បាន​​មាន​ប្រសាសន៍​ថា​ លោក​​​បាន​ដឹកនាំ​កំលាំង​​ចេញ​​ប្រតិបត្តិ​ការ​​ល្បាត​ តាម​ខ្សែ​បន្ទាត់​​ព្រំដែន កម្ពុជា ថៃ បាន​​ប្រទះ​ឃើញ​​មាន​ប្រជាពល​រដ្ឋ​​ប្រមាណ​​៥០​​នាក់ ដែល​​បម្រុង​​លប​ចូល​ទៅ​​ក្នុង​ទឹក​ដី​ថៃ​​ដើម្បី​​កាប់​ឈើ​​ខុស​ច្បាប់។​

លោកបានបន្តថាបន្ទាប់ពី​​ឃើញ​សកម្មភាព​​ខុសច្បាប់​​បែប​នេះ លោក​​បាន​បញ្ជា​​ទៅ​កម្លាំង​​ទាំងអស់​​ឲ្យ​តាម​​ឃាត់ខ្លួន​​ភ្លាម​ ដើម្បី​​នាំ​យក​​មក​កាន់​អង្គភាព​​ទីបំផុត​​មនុស្ស​​ចំនួន​​១៦​នាក់​​ត្រូវ​បាន​​ឃាត់ខ្លួន ដោយឡែក​​អ្នក​ដែល​​នៅ​សេស​សល់​គឺ​​កំលាំង​​កំពុង​​តាម​​ប្រមាញ់​​រុករក​​ជា​បន្ត​​ទៀត​ នៅក្នុង​ព្រៃ​​តាម​បន្ទាត់​​ព្រំដែន​​នេះ ដោយ​សារតែ​​ពួកគេ​​បាន​រត់​​បែកខ្ញែក​​គ្នា​ពេញ​​ព្រៃ។​

តាម​ការសាកសួរ​​ទៅលើ​ជន​​ទាំង​១៦​​នាក់ ​នោះ​​រួចមក​ពួក​គេ​បាន​​សារភាព​​ថា​ ទិសដៅ​​របស់​​ពួកគេ​​គឺ​ចូល​​ទៅ​កាប់​​ឈើ​ក្នុង​ភូមិ​សាស្ត្រ​​ភូមិ​ក្រាក់​​ឌូ​ក​ ឆាង ឃុំ​ដាន​​ឈុំ​ភុ​ន ស្រុក​​បរ៉ាយ ខេត្ត​​ត្រាត ប្រទេស​​ថៃ ព្រោះ​​នៅ​ទី​នោះ​​សំបូរ​​ដោយ​​ឈើ​ជា​ច្រើន ប៉ុន្តែ​​ពួក​គេ​មិនបាន​​គិត​អំពី​​សុវត្ថិភាព​​ខ្លួន​ឡើយ ដោយ​អ្នក​​ទាំង​១៦​​នាក់​នេះ​​ភាគច្រើន​​មកពី​ឃុំ​​សំឡូត និង​​ឃុំ​​តា​តោក។​

លោក​មេបញ្ជាការ​ អ៊ុក សារិន​ បាន​​សង្កត់​ធ្ងន់​ថា បញ្ហា​​នៃ​ការ​​លបលួច​​ឆ្លងដែន​​ខុសច្បាប់​​នេះ​គឺ​ជា​ការ​បំពាន​​លើ​ផ្លូវ​​ច្បាប់​ ទាំង​ ស្រុង ហើយ​ម្យ៉ាង​ទៀត​ក៏​​ជា​សកម្ម​ភាព​​មួយ​ក្នុង​​ការ​កាប់​​បំផ្លាញ​​ព្រៃឈើ​​របស់​ ប្រទេស​​គេ​ដែរ ដែល​អាច​​ប្រឈម​មុខ​ទៅ​​នឹង​ការ​​ឃាត់​ខ្លួន​​ពី​សំណាក់​​ភាគី​ថៃ​​ផង​ដែរ ដូច្នេះ​​ហើយ​បាន​ជា​ក្រោយ​ពេល​ឃាត់​ខ្លួន​លោក​​បាន​ឲ្យ​ពួក​គេ​ធ្វើ​កិច្ច​​សន្យា និង​ធ្វើ​​ការ​អប់រំ​​ទើប​​អនុញ្ញាត​​ឲ្យ​​វិល​ត្រឡប់​​ទៅផ្ទះ​រៀង​ៗ​ខ្លួន​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative