កម្ពុជាមានសេវា​សុខាភិបាល​ខុស​ច្បាប់​សរុប​ចំនួន​៣៩៤២​កន្លែង

គិតត្រឹមខែសីហាឆ្នាំ​២០១៥ នេះនៅ​ទូទាំង​ប្រទេស​មានសេវា​សុខា​ភិបាល ខុស​ច្បាប់​សរុប​ចំនួន​៣៩៤២​កន្លែង និង​មាន​ច្បាប់​ ចំនួន​៨៥០២​កន្លែង។

1ចំណែកឱសថស្ថាន​ឱសថ​ស្ថានរង​កឱសថ​ស្ថារង​ខ មាន​សរុប​ចំនួន​២០៥៥​កន្លែង នៅ​ទូទាំង​ប្រទេស (មាន​ច្បាប់​ទាំង​អស់) ​និង​គ្រឹះស្ថាន​ផលិត​ឱសថ​គ្រឹះស្ថាន​អាហរ័ណ​នីហរ័ណ និងសាខា​គ្រឹស្ថាន​អាហ័រណ​នីហរ័ណ គ្រឿង​សំអាង មជ្ឈ​មណ្ឌល​ កែ​សម្ផស្ស និងសាខា​មានច្បាប់​ចំនួន​៥២៤​កន្លែង។

លោកឱសថបណ្ឌិត ហេង ប៊ុនគៀត ប្រធាន​នាយក​ដ្ឋាន​ឱសថ ចំណី​អាហារ​បរិក្ខា​ពេទ្យ និង​គ្រឿង​សំអាង បាន​មាន​ប្រសាសន៍​ ថា​បច្ចុប្ប​ន្ន​នេះមាន​ខេត្តមួយ​ចំនួន នៅតែ​មានផ្ទះ​លក់ឱសថ​អត់ច្បាប់​សេវា​សុខា​ភិបាល​ខុស​ច្បាប់កើត​ឡើង​វិញ​មិនតែ​ ប៉ុណ្ណោះ​​ក៏មាន​ការលេច​ឡើងនូវ​ការផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​អនាធិប​តេយ្យ​គ្មាន​ការ​អនុញ្ញាតិ​ពីក្រសួង​សុខា​ភិបាល​នូវ​ផលិត​ ផល​បំប៉ន​សុខភាព​ឬអាហារ​បំប៉ន​សុខភាព​ឬឱសថ​បូរាណឬ​គ្លីនិក​ឯកជន ឬមន្ទីរ​ពេទ្យ​ឯកជន​មជ្ឈ​មណ្ឌល​ ថែរក្សា​សម្ផស្ស​ហើយ​ទាំងថែម​បំផ្លើសការ​ពិតបោកប្រាស់​ប្រជាពលរដ្ឋ​ក្នុងគោល​បំណង​កេងចំណេញ​ដោយមិន​គិតពីហា​និភ័យ​របស់​ប្រជាពល​រដ្ឋ។

លោកបន្តថា «ដូចនេះវា​ទាមទារ​ឲ្យគណៈ​កម្មាការ​អន្តរ​ក្រសួង និងគណៈ​កម្មការ​រាជធានី​ខេត្ត លុប​បំបាត់​ឱសថ​ក្លែងក្លាយ​ និង​សេវាសុខា​ភិបាល​ខុសច្បាប់ ត្រូវយក​ចិត្តទុក​ដាក់ឲ្យ​កាន់តែ​ខ្លាំងក្លា ថែមទៀត​និងមាន​វិធាន​ការលុប​បំបាត់ ឱសថ ក្លែង​ក្លាយ​ និង​សេវាសុខា​ភិបាល​ខុសច្បាប់​ទាំងនេះ​ដោយ​អនុគ្រោះ»។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល និងជា​ប្រធាន​ណៈ​កម្មាការ​អន្តរ​ក្រសួង លុប​បំបាត់ ឱសថ ក្លែង​ ក្លាយ ធ្លាប់​បានមាន​ប្រសាសន៍​ថា «ចាប់​ពីពេល​នេះ ទៅប្រធាន​មន្ទីរ សុខា​ភិបាល​ខេត្ត ទាំងអស់​ត្រូវ​ខិត​ខំលុប​បំបាត់​សេវា​ ខុស​សុខាភិបាល​ខុស​ច្បាប់ ឲ្យបាន​ហើយបើសិន​បើធ្វើ​ការណែនាំ​ដល់​ពួកគេ (សេវា​សុខា​ភិបាល ដែលខុស​ច្បាប់​ទាំង​នោះ) ​ហើយនៅ​តែមិនព្រម​អនុវត្តតាម​ទៀតនោះត្រូវ​សហការ​ជាមួយអាជ្ញាធរ​ខេត្ត​និងព្រះរាជអាជ្ញា​រៀបចំសំណុំ​រឿងបញ្ជួន​ទៅកាន់​តុលាការតែម្តង​ដើម្បីទុក​ឲ្យច្បាប់​ជាអ្នកដោះ​ស្រាយ​ទៅព្រោះ​ថាយើងមាន​ច្បាប់អស់​ហើយ។ ដូចនេះ​សូមប្រើប្រាស់​វា​​ទៅ​ដើម្បី​លុបបំបាត់​សេវា​សុខាភិបាល​ខុសច្បាប់​ឲ្យអស់​នៅទូទាំង​ប្រទេស»។

លោករដ្ឋមន្ត្រីបានបន្តទៀត​ថា « យើង​ដឹងថា​ឱសថ​ក្លែង​ក្លាយ និងសេវា​សុខា​ភិបាល​​ខុស​ច្បាប់ គឺជា​បញ្ហា​របស់ យើង​ទាំង​ អស់​គ្នា​ដូចនេះ​សមាជិក ​សមាជិកា នៃគណះ​កម្មាធិការ​អន្តរ​ក្រសួង និង​ប្រធាន​​លេខាធិការ​ដ្ឋាន​លុប​បំបាត់ ឱសថ​ក្លែង​ក្លាយ​ និង​សេវាសុខា​ភិបាល​ខុស​ច្បាប់ រាជធានី​ខេត្តទាំង​២៥ យើងត្រូវ​រួបរួម​គ្នាបន្ត​លុបបំបាត់​ឲ្យអស់កុំ​ឲ្យកើត​ជាថ្មី ស្រប​តាម​ សេចកី្ត​សម្រេច​លេខ​៣៣ សសរ ចុះថ្ងៃ​ទី២៩ ខែ៨ ឆ្នាំ​២០០៥ របស់​រាជរដ្ឋា​ភិបាល ។ យើងអាច​ធ្វើការងារ​ទាំងអស់​នេះបាន​ ហើយ​វា​គ្មាន​ការ​​លំបាក​ទេ ព្រោះយើង​មានច្បាប់ លិខិត​បទដ្ឋាន គណះ​កម្មាធិការ ដែលចាត់​តាំងដោយ​រាជរដ្ឋា​ភិបាល ហើយ​​ក៏​​មាន​សេចកី្ត​ប្រកាស​រួមរបស់​ក្រសួង​សុខា​ភិបាល និងក្រសួង​មហាផ្ទៃ ដូច្នេះ​សូមឲ្យ​បងប្អូន​ដែលជា​​មន្រី្ត​សុខា​​ភិបាល​​ទាំង​ អស់​ចូល​រួមប្រតិបតិ្ត​ឲ្យបាន ជៀស​វាងការរិះ​គន់រ​បស់​សាធារ​ណះ​ជន ក៏ដូច​ជាជៀស​វាងការ​​ទទួល​​ខុសត្រូវ​ចំពោះ​សុខភាព​ របស់​ប្រជាពល​រដ្ឋ​យើង ដែល​រាជ​រដ្ឋាភិបាល​ប្រគល់​ជូន» ។

សេវាសុខាភិបាលខុស​ច្បាប់នេះ បានបង្ក​ឲ្យមាន​បាតុភាព និង​គ្រោះ​ថ្នាក់​ដល់​ប្រជាពល​រដ្ឋ។ ជាក់ស្តែង​ករណី​ផ្ទុះ​ជំងឺ​អេដស៍​ នៅ​ឃុំរកា​ស្រុក​សង្កែ​តាមរយៈ​ការចាក់ថ្នាំ​ពីគ្រូពេទ្យ​បើកអាជីវកម្ម​មិនស្រប​ច្បាប់ បានធ្វើ​ឲ្យមនុស្ស​ចាស់​ក្មេង រាប់​រយនាក់​ បាន​ឆ្លងជំងឺ​នេះ។

លោករដ្ឋមន្ត្រីបាន​បន្ថែម​ថា «យើងមាន​បទ​ពិសោធន៍​រួចមក ហើយ​នៅឃុំ​រការ​ដូចនេះ​យើង មិនចង់​ឲ្យមាន​ករណី​កើត​ ឡើង​ម្តង​ទៀត​ទេ»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative