ថ្នាក់ដឹកនាំបុគ្គលិកព្រីន​ស៍ហ្វាយ​នែន​ចូលរួម​បរិច្ចាគ​ឈាម អបអរ​សាទរ​ទិវា​ប្រកាស​រដ្ឋ​ធម្មនុញ្ញ

ដើម្បីចូលរួមអបអរ​សាទរ​ទិវា​ប្រកាស​រដ្ឋ​ធម្មនុញ្ញ និងស្រប​ពេល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ នឹងខិត​កៀក​ចូលមក​ដល់នា​ពេលដ៏​ខ្លីខាង​មុខនេះ​ថ្នាក់ដឹក​នាំបុគ្គលិក​នៃព្រីនស៍ហ្វាយ​នែន​ភីអិល​ស៊ី​សហការ​ជាមួយ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម កាលពីរសៀល​ថ្ងៃ ទី ២៤ កញ្ញា ឆ្នាំ​២០១៥ បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ដើម្បី​ជួយសង្គ្រោះ​ដល់អ្នក​ដែលត្រូវ​ការឈាម​ជា​ចាំបាច់។

1បើតាមលោក ផន ភារិទ្ធ នាយក​ប្រតិបត្តិ​អភិ​វឌ្ឍន៍​ធុរកិច្ច នៃព្រីន​ស៍​ហ្វាយ​នែន​ភីអិល​ស៊ី បាន​មាន​ប្រ​សាសន៍​ថា ការ​រៀបចំ​បរិច្ចាគ​ឈាម​នេះធ្វើ​ឡើងក្នុង​គោល​បំណង​ដើម្បី​ចូលរួម​អប​អរ​សាទរ​ទិវា​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​រដ្ឋធម្ម​នុញ្ញ​ជាផ្លូវ​ការ​ហើយ​ម្យ៉ាងទៀត​វាកៀក​នឹងពិធី​បុណ្យភ្ជុំ​បិណ្ឌ​ផងហើយ​ដែលតាម​ពុទ្ធឪវាទ​ថា «បើយើង​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​វាប្រសើរ​ជាងធ្វើ​បុណ្យ​៧វត្តទៅ​ទៀត» ទើប​យើងសំរេច​ប្រកាស​ឲ្យបុគ្គលិក​និងអ្នកស្ម័គ្រ​ចិត្តមកពី​ខាងក្រៅ​ដើម្បី​ចូលរួម​បរិច្ចាគ​ឈាមដល់​មជ្ឈមណ្ឌល​ជាតិផ្តល់​ឈាមក្នុង​ការរួម​ចំណែក​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស។

លោកបានបន្តថាជាងនេះ​ទៅទៀត ការរៀប​ចំពិធី​នេះវាក៏​ស្របទៅ​នឹងគោល​ការណ៍​របស់​ព្រីនស៍​ហ្វាយ​នែន​ភីអិល​ស៊ី​ដែរ​ព្រោះ​ថាក្រៅពី​ផ្តល់សេវា​កម្ចី​ប្រាក់ដល់​ប្រជាពល​រដ្ឋ​ហើយយើង​ក៏មានសេវា​មួយទៀត​គឺការជួយ​សង្គម​ដោយ​ផ្តោត​លើការ​អប់រំ បរិស្ថាន និង សុខមាល​ភាព។ នៅពេល​ដែលយើង​បើក ដំណើរ​ការជាផ្លូវ​ការយើងនឹង​យកប្រាក់​ចំណេញ​មួយចំណែក​ទៅជួយ​ដល់ការងារ​សង្គម​ទាំងនេះ ។

លោកបានបន្ថែមថាបច្ចុប្បន្ន​នេះព្រីន​ស៍ហ្វាយ​នែន​ភីអិលស៊ី ដែលជា​ក្រុមហ៊ុន​មួយបំរើ​សេវាកម្ចី​នៅប្រទេស​កម្ពុជា នៅមិន​ទាន់​បើកដំណើរ​នៅឡើយ​ទេតែយើង​មានគំរោង​បើកដំណើរ​ការនៅក្នុង​អំឡុងខែ​វិច្ឆិកា​ខាងមុខ​នេះ។ ទោះបី​ជានៅមិន​ទាន់​ដំណើរ​ការក៏ពិត​មែនតែ​យើងបាន​ធ្វើសកម្ម​ភាព​ការងារ​សង្គម​រួចហើយ​ដូចជា​កាលពីថ្មីៗ​នេះយើង​ក៏បាន​យក​អំណោយ​ទៅ​ចែក​ជួន​ដល់ចាស់​ជរា​នៅខេត្ត​តាកែវ និង​កំពង់​ស្ពឺ។

លោក ផន ភារិទ្ធ បានឲ្យដឹង​ទៀតថា​នេះជា​លើក​ទី១ ហើយ​ដែលយើង​រៀបចំក​ម្មវិធី​បរិច្ចាគ​ឈាម មាន​អ្នកចូល​រួមមិន​ច្រើន​ទេ​ដោយសារ​តែការផ្សព្វ​ផ្សាយ​តាមរយៈ​ហ្វេប៊ុក​មានរយៈ​ពេលខ្លី​តែឆ្នាំ​ក្រោយយើង​មានគំរោង​រៀបពិធី​បរិច្ចាគ​ឈាម​១ឆ្នាំ​ម្តងហើយ​សង្ឃឹម​ថានឹង​មានអ្នក​ចូលរួម​ច្រើនជាង​នេះ។

លោកថា «ការបរិច្ចាគ​ឈាម​នេះមាន​សារសំខាន់​ណាស់​ព្រោះថា​យើងជាខ្មែរ​ត្រូវចេះ​ជួយគ្នា​ទៅវិញ​ទៅមក​ហើយ​​ការបរិច្ចាគ​ឈាម​នេះក៏ជា​ការរួមចំណែក​មួយជួយដល់​អ្នកដែល​ត្រូវការ​ឈាម ជាចាំបាច់​ហើយអាហ្មឹង​នេះម្តង​គេម្តងយើងជួន​កាលបង​ប្អូន​គេជួន​កាលបងប្អូន​យើងហើយ ម្យ៉ាងទៀត​ការបរិច្ចាគ​ឈាមិន​ធ្វើឲ្យប៉ះ​ពាល់ដល់​សុខភាព​យើងទេ»។

លោកបានបន្តទៀតថា «ដូចនេះ​យើង​មិនគួរ​ខ្លាចទេ​ហើយសូម​អំណាវ​នាវដល់​មហាជន និង​យុវជន​ខែ្មរគួរ​តែចូល​រួម​បរិច្ចាគ​ឈាម ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​ព្រោះ​យើង​ជាខ្មែរ​ដូចគ្នា»។

លោក ខៀវ សុភក្រ្ត ដែល​បានទទួល​ដំណឹង​ពីកម្មវិធី​បរិច្ចាគ​ឈាម​តាមរយៈ​មិត្តភក្តិ​បានលើក​ឡើងថា​ «ការផ្តល់​ឈាម​នេះ​គឺ​ជាការងារ​មនុស្សធម៌​មួយជួយ​ដល់អ្នក​ដែលត្រូវ​ការឈាម។ នេះគឺជា​លើកទី១​ហើយ ដែលលោក​បានចូលរួម​ផ្តល់​ឈាមតែ​មិនមាន​ការព្រួយ​បារម្ភ​នោះទេតែ​លោកបែរ​ជាមានអារម្មរណ៍​សប្បាយ​ទៅវិញ​ទេដោយ​សារបានរួម​ចំណែក​ជួយដល់​សង្គម​ »​។

លោកបានបន្តថា លោក​គាំទ្រ​ដែលព្រីនស៍​ហ្វាយ​នែនភីអិល​ស៊ី រៀបចំ​កម្មវិធី​នេះដោយ​លោកគិត​ថាវាជាការ​ល្អប្រសើរ​ណាស់​ព្រោះ​ថាវា បានរួម​ចំណែក​ដល់ការងារ​មនុស្ស​ធម៌​សង្គម។

រីឯកញ្ញា ទេព ស្រីពេជ្រ បុគ្គិក ព្រីនស៍ហ្វាយ​នែនភី​អិលស៊ី បានលើក​ឡើងថា​នេះជាលើក​ទី១​ដែលបាន​ចូលរួម​បរិច្ចាគ ឈាម​ តែ​កន្លងមក​ធ្លាប់ដែរតែ​មិនគ្រប់​គីឡូត្រូវ​គ្រូពេទ្យ​ហាមមិន​ឲ្យផ្តល់។ កញ្ញាបាន​បន្តថា «ការផ្តល់​ឈាមនេះ​អាចជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​យើងហើយ​ខ្លួនយើក៏​អាចផ្លាស់​ប្តូរកោសិកា​ចាស់ចេញ​ដែរនិយាយ​រួមវាក៏​មានផល​ល្អសំរាប់​ខ្លួនយើង​ដែរ»។

ជាចុងក្រោយកញ្ញា ទេព ស្រីពេជ្រ បាន​អំពាវ​នាវ​ឲ្យយុវវ័យ​ចូលរួម​បរិច្ចាគ​ឈាម​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជួយ​សង្គ្រោះ​ដល់​ប្រជាជន​ព្រោះថា​វាមិនត្រឹម​តែជួយ​សង្គ្រោះ​អាយុជីវិត​មនុស្សទេ​វាថែមទាំង​ជួយដល់ខ្លួន​យើងផង​ដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative