សវសរៀបចំកម្មវិធី​ទស្ស​នាចរ​សម្រាប់​អ្នកចង់​រៀន​ជំនាញ​ពេទ្យ

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខា​ភិបាល (សវស) បាន​រៀបចំ​កម្ម​វិធី​ទ​ស្ស​នា​​​ចរ​ជាលើក​​តំបូង ដើម្បី​ឲ្យសិស្សា​នុសិស្ស​ដែល​បាន​ប្រលង​ជាប់​សញ្ញា​​បត្រ​​បាក់​ឌុប ​បានសិក្សា​ស្វែងយល់​ពីសាលា​នេះ មុន​ពួក​គេ​សម្រេច​ចិត្តជ្រើស​រើស​​សិក្សា​​លើ​មុខ​​​វិជ្ជាវិទ្យា​សាស្រ្ត​សុខា​ភិបាល។

DSC00787លោកសាស្រ្តាចារ្យ សាផុន វឌ្ឈនៈ សាកល​វិទ្យា​ធិការ​នៃសាកល​វិទ្យា​ល័យ​​វិទ្យា​​សាស្រ្ត​សុខាភិ​បាល បាន​ថ្លែងទៅ​កាន់​និស្សិត​ ចូល​រួមក្នុង​កម្មវិធី​ទស្សនា​ចរ​ប្រ​មាណ​៣០០​នាក់​ នា​ព្រឹក​​ថ្ងៃទី​២៥ កញ្ញា នេះ​ថានេះ​ជាប្រវត្តិ​សាស្រ្ត​របស់​សាកល​​វិទ្យា​ល័យ​ ដែល​បាន​រៀប​ចំកម្ម​វិធីនេះ​ទ្បើង ព្រោះ​តាំងពី​បង្កើត​​សាកល​វិទ្យា​ល័យ​​នេះមក ស្ថាប័ន​នេះមិន​​ដែលបាន​រៀបចំ​កម្ម​វិធី​បែប​នេះ​ទេ។លោក​បន្តថា កម្មវិធីនេះ​​មានគោល​ដៅផ្តល់​ព៌ត​មាន ដល់អ្នក​មានបំណង​សិក្សា​ជំនាញ​វិទ្យា​សាស្រ្ត​​សុខា​ភិបា​ល​បាន​យល់​សិក្សា​ស្វែង​យល់​មាន​សភាព​ដូច​ម្តេច មាន​ភាព​លំបាក និងងាយ​​ស្រួ​ល​យ៉ាង​ណា ហើយ​ពេល​សិក្សា​បញ្ចប់​មានទីផ្សារ​ការងារ​យ៉ាង​ដូចម្តេច និងអាច​យក​ទៅប្រើប្រាស់​បាន​យ៉ាង​ណា។

លោកបន្តថា “ការសម្រេច​ចិត្តមក​រៀនរបស់​ប្អូនៗ គឺត្រូវ​មានការ​គាំទ្រ​ពីសំ​ណាក់​ឪពុក​ម្តាយ ព្រោះ​បើគ្មាន​ការគាំទ្រ​ពីពួក​គាត់ទេ ប្អូនៗ​ក៏មិន​អាចមក​រៀននៅ​ទីនេះ​បានដែរ”។ លោកបន្ត​ថា “ការ​ទទួល​បានព៌ត​មាន​ច្បាស់​លាស់ មុន​សម្រេច​ចិត្ត​មក​រៀន​ជំនាញ​ពេទ្យនៅ​ទីនេះ មានសារៈ​សំខាន់​ណាស់ ដើម្បីកុំ​ឲ្យជួប​បញ្ហានៅ ពេល​​សិក្សា​ព្រោះ​កន្លង​មកមាន​និស្សិតឆ្នាំ​ទី៤ និងទី​ ៥ ពួកគេ​បានជួប​បញ្ហានៅ​ពេល​ពួកគេ​ឃើញឈាម និង​ពេលវះ​កាត់អ្នក​ជំងឺ ដោយពួក​គេប្រាប់​ថាពួក​គេវិល​មុខ​ពេល​​ឃើញ​ ឈាម និងពេល​វះកាត់​អ្នកជំងឺ”។

ជាមួយនឹងការបង្ហាញពី​ព៌តមាន ពី​ជំនាញ​ដែលត្រូវ​រៀន​សាកល​វិទ្យា​ល័យ​ក៏​បាន​បង្ហាញ​ពីបន្ទប់​រៀន ពីកន្លែង​បង្ហាត់​បង្ហាញ​ និង​បន្ទប់​អនុវត្តន៍​ជាក់ស្តែង​នៅសា​ក​ល​វិទ្យាល័យ​នេះ ដើម្បី​ជាមូល​ដ្ឋាន​សម្រាប់​និស្សិត​ធ្វើការសម្រេច​ចិត្តមក​សិក្សា​នៅ​​សាកល​វិទ្យាល័យ​នេះ។

លោកសាស្រ្តាចារ្យ សាផុន វឌ្ឈនៈ បាន​បន្ត​ថា នេះជា​ធាតុផ្សំ​ដ៏មានសារៈ​សំខា​ន់ សម្រាប់​ប្អូនៗ​ធ្វើការ​សម្រេច​ចិត្តរៀន​វិជ្ជា​ពេទ្យ ដែលវិជ្ជា​ពេទ្យ​មានមុខ​ជំនាញ​ជា​ច្រើន​ដែលត្រូវ​សិក្សា និងជ្រើស​រើស ដូចជា​គិលានុប​ដ្ឋាក ឆ្មប ឱសថ​សាស្រ្ត ទន្តទ វឌ្ឈន​សាស្រ្ត សុខភាព​សាធារណៈ ជំនាញ​វិជ្ជ​សាស្រ្ត​ជាដើម​ក៏សុទ្ឋតែ​ជា​ជំនាញ​​ទាក់ ទងនឹង​វិជ្ជាពេទ្យ។ ដូចនេះ​ប្អូនៗ​អាច​សាក​សួរ​ឲ្យបានច្រើន ដើម្បី​យកចំណេះ​ដឹង និងព៌តមាន​ឲ្យបានសព្វ​ជ្រុងជ្រោយ​មុនធ្វើការ​សម្រេច​ចិត្តថា តើត្រូវ​ជ្រើ​ស​រើស​ ជំនាញ​ណាមួយ​ក្នុងជំនាញ​ទាំងនេះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative