ស្វែងយល់ពីបុណ្យសែននំ​ព្រះខែ​ ជាពិធី​បុណ្យ​ធំលំដាប់​ទីពីរ​របស់​ជនជាតិ​ចិន

ពិធីបុណ្យបុណ្យសែននំ​ព្រះខែ ឬពិធី​បុណ្យ​ពាក់​កណ្តាល​សរទរ​ដូវ ជាពិធី​បុណ្យ​ប្រពៃ​ណីចិន​នឹងឈាន​ចូលមក​ដល់នៅ​ថ្ងៃ​ ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៥ នេះ​ដែល​នៅប្រទេស​ចិន ព្រឹត្តិការណ៍​នេះគឺជា​ពិធីបុណ្យ​ធំទីពីរ ដែលមាន​ថ្ងៃឈប់​សម្រាក​រយៈ​ ពេល​៣ថ្ងៃ​គឺចាប់​ពីថ្ងៃទី​២៥ ដល់ថ្ងៃ​ទី​២៧ ខែ កញ្ញា​នេះ។

1កាលពីឆ្នាំមុន ដែលកាលពីឆ្នាំ​មុនពិធី​បុណ្យបុណ្យ​សែននំ​ព្រះខែ ឬពិធីបុណ្យ​ពាក់កណ្តាល​សរទរដូវ ប្រារព្វ​ធ្វើឡើង​នៅថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ។

យោងតាមឯកសារចិន បានឲ្យដឹងថា​បុណ្យពាក់​កណ្តាល​សរទ​រដូវ​ឈានចូល​មកដល់​តាមប្រតិទិន​ចន្ទគតិចិន​គឺចំថ្ងៃ​ទីដប់​ប្រាំ ក្នុង​ខែទីប្រាំបី ដែលជាពិធី​បុណ្យ​ធំលំដាប់​ទីពីរបន្ទាប់​ពីបុណ្យ​រដូវផ្ការីក ឬ បុណ្យ​ចូលឆ្នាំ​ចិន។ ឈ្មោះ​បុណ្យ​មួយនេះ​ គឺ​យក​លំនាំចេញ​ពីការរៀប​ចំពិធី​បុណ្យ ដែលបាន​ប្រារព្ធ​ធ្វើនៅពាក់​កណ្តាល​សរទរដូវ​ដែលសព្វ​ថ្ងៃប្រែក្លាយ​ឈ្មោះជា​ “បុណ្យ​ សែន​នំព្រះ​ខែ” វិញ។

បុណ្យពាក់កណ្តាលសរទរដូវ គឺ​ជាទំនៀម​ទម្លាប់​ដែលថ្វាយ​តង្វាយ​ការ​គោរព​បូជា​ដល់ព្រះ​ចន្ទ។ ប្រជាជន​ចិន​សម័យ​បុរាណ​ បានសង្កេត​នូវចលនា​ព្រះចន្ទ្រ​ដែលមាន​ទំនាក់​​ទំនង​ទៅនឹងការផ្លាស់​ប្តូររដូវ​កាល​និងការប្រមូល​ផលិត​ផល​កសិកម្ម​។ហេតុ ​ដូច្នេះ ដើម្បី​សម្តែងនូវ​ការដឹងគុណ​ចំពោះ​ព្រះចន្ទ្រ និងអប​អរពិធី​រដូវ​ប្រមូល​ភោគផល​កសិកម្ម ប្រជាជន​ចិន​បានរៀប​ចំសែន​ តង្វាយ​ភោគផល​កសិកម្ម​ដល់ព្រះចន្ទ្រ​នៅកំឡុង​ថ្ងៃនៃ​សរទរដូវ។

ទំនៀមទម្លាប់នេះបានកើតមាន​ចាប់តាំងពី​រជ្ជកាល​រាជវង្ស​ចូវ មុន​គ្រិស្ត​សក​រាជ ឆ្នាំ១០៤៦​-១២៥០ ហើយ​ពិធី​បុណ្យ នេះ​ ប្រារព្ធ​ធ្វើតែ​ក្នុងសាច់​ញាតិ​រាជវង្ស​ប៉ុណ្ណោះ ដែល​សម័យ​នោះមិន​មានប្រវត្តិ​កំណត់ ត្រារក្សា​ស្តី ពីការ​រៀបចំពិ​ធី​បុណ្យ នេះ​ឲ្យ បានច្បាស់​លាស់ឡើយ​។ ក្រោយមក​ក្នុងរជ្ជកាល​រាជវង្ស​សួយ​ក្នុងគ្រិស្ត​សករាជ​ឆ្នាំ៥៨១​-៦១៨ និងរជ្ជ​កាល​រាជវង្ស ថាំង គ.ស ឆ្នាំ ៦១៨​-៩០៧​ដែលមាន​ភាព​រុង​រឿង​ក្នុងសង្គម​សេដ្ឋកិច្ច​វប្បធម៌ និងមាន​ជីវភាព​ធូរធារ បាន​ប្រណិ​ប័តន៍​នូវទំនៀម​ទម្លាប់​ពិធី ​ថ្លែង​អំណរគុណ​ដល់ព្រះចន្ទ្រ បានឈាន​ជ្រៀត​ចូលមកក្នុង​មជ្ឈដ្ឋាន​ប្រជាជន​ទូទៅ និងក្រុមរា​ជវង្ស​បានបន្ស៊ី​បញ្ចូល​គ្នា។ ពិធីរៀប​ចំពាក់​កណ្តាល​សរទរដូវ​របស់​ប្រជាជន គឺមាន​សេរីភាព​ច្រើន ជាងពិធី​រៀបចំ​ដោយក្រុម​រាជវង្ស ដោយមិន​បាន​ ប្រកាន់​យកថ្ងៃ​ជាក់លាក់សម្រាប់​ប្រារព្ធ ពិធីបុណ្យ​សរ​ទរដូវ​ឡើយ។ ហេតុ​ដូច្នេះ​ទើបមានការ​កំណត់យក​ថ្ងៃទីដប់​ប្រាំ ខែទី​ ប្រាំបី តាមប្រតិ​ទិន​ចន្ទគតិ​ចិន គឺជាថ្ងៃ​មានខែ​ពេញវង់​យកមកធ្វើ​ជាថ្ងៃសែន​តង្វាយ​ដល់ព្រះ​ចន្ទ្រ ព្រឹត្តិ​ការណ៍​នេះ គឺបាន​ កើត​ឡើងនៅក្នុង​រជ្ជកាល​រាជវង្ស​ថាំង។ នាសម័យ​នោះផងដែរ​នៅក្នុង​សម័យរាជ វង្សសុង​ខាងជើង​គ.ស ឆ្នាំ​៩៦០​-១១២៧​ បុណ្យ​ពាក់កណ្តាល​សរទរដូវ បានក្លាយ​ជាពិធីបុណ្យ​ប្រពៃណី​យ៉ាងទូលំ​ទូលាយ​រួចជា​ស្រេច​ទៅហើយ។

តាមទំនៀមទម្លាប់ប្រពៃណីចិន នៅថ្ងៃ​បុណ្យនេះ​ក្រុម​សមាជិក​គ្រួសារ​ជួបជុំគ្នា​ដោយរៀប​ចំតង្វាយ​សែនព្រះ​ចន្ទ្រ ដោយ​កោត សរសើរ​រស្មីព្រះ​ចន្ទ្រពេញ​វង់ដោយ​ពន្លឺត្រចះ​ត្រចង់​ បរិភោគ​នំព្រះខែ និង​បួងសួង​សុំ​សេចក្តី សុខ​សប្បាយ​ដល់ញាតិ​មិត្តភក្តិ​ ដែល​រស់នៅ​ជិតឆ្ងាយ​ឲ្យមាន​សេចក្តី​សុខសប្បាយ​ អាយុ​យឺនយូរ និងប្រកប ដោយ​សេចក្តីសុខ​ចម្រើន។ ក្រៅពី​នោះ​មាន​ ទំនៀម​ទម្លាប់​ខ្លះបាន រៀបចំអុជ​ចង្កៀង​គោម និង រាំរបាំ​នាគ របាំតោ​(លោតម៉ុង ​សាយ)​យោង​តាមភូមិ​ភាគខ្លះ។ ទំនៀម​ ទម្លាប់​នេះ​គឺអាស្រ័យ​លើការប្រកាន់​យកតាមការ​ប្រតិបត្តិ​ជាប្រពៃណី​ក្នុងបណ្តា​ជនជាតិ​ភាគតិច​នីមួយៗ​ដូចជា​សម្រាប់​ប្រពៃណី​ជន​ជាតិម៉ុងហ្គោល​បានរៀប​ចំ “ពិធី ដេញចាប់​ព្រះចន្ទ្រ​” និង “ពិធី​លួចបន្លែ​ផ្លែ​ ឈើ” ក្នុងទំនៀម​ទម្លាប់ ជនជាតិ តុងជា​ដើម។

នំសែនព្រះខែ គឺជាអាហារពិ​សស​ម្រាប់ឱកាស​បុណ្យ​ពាក់កណ្តាល​សរទរដូវ​។ នៅថ្ងៃ​បុណ្យ  មនុស្ស​បានរៀប​តង្វាយ​នំ សែន​ព្រះខែ និងមាន​ពិធី​បរិភោគ​នំព្រះ​ខែ។ នំសែន​ព្រះខែ​មានរស​ជាតិ និង​ទម្រង់​ផ្សេងៗគ្នា​តាមចំណូល​ចិត្តក្នុង​ភូមិភាគ។ ជាទូទៅ​នំ​ព្រះខែមាន​រាងមូល ដែលជា និមិត្តរូប​នៃការជួប​ជុំសមា​ជិក​ក្រុម​គ្រួសារ ហេតុនេះ​ការ​អង្គុយ ជួបជុំគ្នា​បរិភោគនំព្រះ​​ខែ​ ក្រោម​ពន្លឺ​ព្រះចន្ទ្រ​ពេញវង់ គឺបាន​ធ្វើ ឲ្យនឹក​រលឹក​ដល់ញាតិ​មិត្តដែល​ស្ថិតនៅ​ទីឆ្ងាយ។ សព្វថ្ងៃ​មនុស្ស​ម្នា​បានយក​នំសែន​ ព្រះខែ​ធ្វើ​អំណោយ​ដល់ញាតិ​មិត្ត និង បានបង្ហាញ​ការបួង​សួងឲ្យ​មានសេចក្តី​សុខ​សប្បាយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative