ការរួម​ភេទពេល​មករដូវ

រយៈពេល​បីបួនថ្ងៃ​ក្នុង១ខែ ការមក​រដូវបង្ក​បញ្ហាដល់​ទំនាក់​ទំនង​ស្នេហា និងផ្លូវភេទ​របស់ប្ដី​ប្រពន្ធ ឬគូសង្សា។ តើត្រូវដាក់ជីវភាព​ផ្លូវភេទ​ពេលមក​រដូវនេះ នៅក្នុង​រង្វង់ក្រចក ឬបែប​ណា? រវាងការ​ខ្ពើម​​​រអើម និងការ​ពុះកញ្ជ្រោល​នៃកាមតណ្ហា ឬការត្រេកត្រអាល ការអៀន​ខ្មាស និងការហាម​មិនគួរ​និយាយ​ចេញ សុទ្ធតែ​ជាបញ្ហា​ដែលកើត​មានចំពោះ​លោកអ្នកគ្រប់​ពេលវេលា ហើយដែល តែងតែ​លើកជា​សំណួរឡើង។ គេអាច​រួមភេទពេល​មករដូវ​បានឬទេ? គេតែង​និយាយថា ស្ដ្រីមាន​អារម្មណ៍ផ្លូវភេទ​ស្រើបស្រាល​ពេល មករដូវ តើពិត​ដែរឬទេ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីជួយ​លោកអ្នក ទស្សនាវ​ដ្ដីសុខភាពយើង សូមលើក​យកខ្លឹមសារ​សំខាន់ៗ ទាក់ទង​នឹងការរួមភេទ​ពេលមក​រដូវ​នេះមក ជម្រាបជូន។

ឈាម​រដូវជាទឹក​រំអិលសម្រួល​ការរួមភេទ

ពេលមករដូវ ប្រដាប់ភេទ​មិនមានការ​ផ្លាស់ប្ដូរផ្នែក​សរីរៈសាស្ដ្រ​នោះទេ ដូចជាមិន​មានការរីក​ប៉ោង ការរួមស្វិត ឬមិនមាន កាមារម្មណ៍​ពិសេស​ដោយឡែក​ណាមួយ​ឡើយ។ ការចាប់​ផ្ដើមដំណើរ​ការមក​រដូវជាប់​ពាក់ព័ន្ធ​ទៅនឹងការ​ប្រែប្រួលនៃ​ភ្នាសមុយ​កឺស្បូន ដែលបង្ក​ឡើងដោយ​ការប្រែប្រួល​អ័រម៉ូននៅ​ចុងវដ្ដរដូវ។ បរិមាណ​ឈាមរដូវ និងរយៈ​ពេលមករដូវ មានការ​ប្រែប្រួល​ទៅតាមស្ដ្រី ម្នាក់ៗ ចំណុះ​រវាងពី២ ទៅ២៥មី​លីលីត្រ និងរយៈ​ពេលពី២​ទៅ៧ថ្ងៃ នេះបើគិត​សម្រាប់ស្ដ្រី​ដែលមករដូវ​មានវដ្ដ​២៨ថ្ងៃ។

ដោយសារ​ការផ្លាស់ប្ដូរ ឬប្រែប្រួល​អ័រម៉ូននេះ ស្ដ្រីមួយ​ចំនួនមាន​អាការមិន​ស្រួលខ្លួនតិច ឬច្រើន​ផងដែរ មានដូច​ជាការឈឺ ចុកខ្លួន ចង្អោរ ឈឺក្បាល ហេវហត់ អស់កម្លាំង មិនស្រួល​ក្នុងចិត្ដ​ក្នុងអារម្មណ៍​ពេលមក​រដូវច្រើន​ជាដើម។ វិបត្ដិ​នៃការមក​រដូវនេះ អាចរំខាន​ជាខ្លាំង​ដល់ការរស់​នៅក្នុងសង្គម និងជីវភាព​ស្នេហា។ ប៉ុន្ដែទោះ​បីជាបែប​ណាក៏​ដោយ មិនទាន់​មានការហាម​ឃាត់បែបវេជ្ជ សាស្ដ្រ​ណាមួយមិន​ឱ្យរួមភេទ​ពេលមក​រដូវនោះទេ។ តាមក្បួន​វេជ្ជសាស្ដ្រ ឈាម​រដូវមិនមែន​ជាបម្រាម​ផ្លូវភេទ​នោះទេ លើកលែងតែ ករណីមាន​ជម្ងឺកាមរោគ ឬជម្ងឺ​ឆ្លងតាម​ផ្លូវភេទ។ ក្នុងករណី​នេះ ឈាមអាច​ជម្រុញ ឬ​បង្កើន​ការឆ្លង​រោគតាម​ផ្លូវភេទ។ ដូច្នេះ សូមកុំ ភ្លេចគិត​គូអំពីការ​ឆ្លងជម្ងឺដោយ​បង្ការខ្លួន បើជាមួយ​ដៃគូសង្ស័យ សូម​ប្រើស្រោម​អនាម័យ​ជាដើម។

ព្រមរួម​ភេទទេ ពេល​មករដូវ?

ការហូរ​ឈាមរដូវ មិនរំខាន​ដល់ការ​ស៊កបញ្ចូល​លិង្គទៅ​ក្នុងទ្វារមាស​នោះទេ។ ប៉ុន្ដែ​ស្ដ្រីមួយ​ចំនួន​បដិសេធ​ការរួមភេទ​នៅពេល​មករដូវ ដោយ​ហេតុផល​ថាគាត់​មានខ្លួន​ប្រាណ​មិនស្អាត និងក្លិន​ស្អុយ​អាក្រក់។ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​មួយ ដែលធ្វើ ឡើងដោយ​សហគ្រាស​ណាណា បានបង្ហាញ​ថាមាន​ស្ដ្រី៨០%​មិនមាន​ទំនាក់ទំនង​ផ្លូវភេទ ឬ​ការរួមភេទ​ពេលមក​រដូវ ៧៥%មិន​ទទួល ការ​បបោស​អង្អែល​ផ្លូវភេទ និង៤៦%​មិនព្រម​ទៅគេង​លើគ្រែ​ជាមួយ​មិត្ដប្រុស ឬ​ស្វាមី​នៅពេល​យប់មក​រដូវ​នោះទេ។ បងស្រី​គន្ធា​បាន ទទួលស្គាល់ថា “បែបនេះ​មិនធ្វើ​ឱ្យនាង​ខ្ញុំឈឺ​ចាប់ទេ ប៉ុន្ដែ​នាងខ្ញុំ​មិនចូលចិត្ដ​ទេ ហើយ​បុរស​ស្នេហ៍របស់​នាងខ្ញុំ​ក៏មិន​ចូលចិត្ដដែរ។ ព្រោះ ថាឈាម​ក្រហមឆៅ​នៃដៃគូ​រួមភេទ​របស់គាត់​បានបន្លាច​គាត់។ ជាទូទៅ យើងតម​មិនរួមភេទទេ លើកលែង​តែពេលមក​រដូវជិតអស់ ព្រោះពេល​រួមភេទ​ហើយ មិនមាន​ឈាមនៅ​លើកម្រាលពូក មិនប្រឡាក់ភ្លៅ និងក្បាលពោះ។ មានឈាម​ក្រហមឆ្អៅ​អញ្ចឹង នាងខ្ញុំ សូមសារភាព​ថាគ្មាន​អារម្មណ៍ទេ។”

ករណីខាង​លើនេះ មិនមែន​កើតមាន​គ្រប់ស្ដ្រី​ទាំងអស់​នោះទេ។ ផ្ទុយ​ទៅវិញ មានស្ដ្រី​មួយចំនួនបាន​លើកឡើង​ថាការរួម ភេទពេល​មករដូវ​មានរសជាតិ​ពិសេស​ណាស់។ អ្នកនាង​សូភី​សូមចូល​ខ្លួនធ្វើជា​សាក្សីដោយ​អះអាងថា “ពេលនាង​ខ្ញុំមករដូវ​នាងខ្ញុំមាន អារម្មណ៍​ពុះកញ្ជ្រោល​កើតឡើង​ទ្វេដង រីឯការ​ទទួល​សេចក្ដីសុខ​ដល់កំពូល​មានភាពងាយ​កើតបែប​គំហុក  កើន​ទ្វេឡើង​ដល់១០ដងឯ ណោះលើស​ពីធម្មតា។ ការ​មករដូវ​ពិតជា​រំខាននាង​ខ្ញុំខ្លាំង​ណាស់ ដោយសារ​វាមានរយៈ​ពេលពេញ​១សប្ដាហ៍​តែម្ដង។ តែជឿ​នាងខ្ញុំ​ចុះនាងខ្ញុំ​នៅតែឆ្លៀត​រួមភេទ​អញ្ចឹង ព្រោះ​ថាឈាម​រដូវមិនធ្វើឱ្យ​នាងខ្ញុំខ្ពើម​ខ្លួនឯង​នោះទេ ផ្ទុយទៅ​វិញធ្វើ​ឱ្យនាងខ្ញុំមាន​អារម្មណ៍​ប្លែក ត្រេកត្រអាល​ខុសពីធម្មតា នាងខ្ញុំពិត​ជាចង់។”

ចំពោះ​បុរសវិញ ក៏មាន​មតិយោបល់​មិនសូវជាខុស​ប៉ុន្មានដែរទេ។ លោក​ដារ៉ូ​បានលើក​ឡើងថា “សេចក្ដី​ស្រឡាញ់​មិនមានអ្វី រាំងស្កាត់ ឬ​ហាមឃាត់​បានឡើយ ហើយការ​តមរយៈ​ពេល៥ថ្ងៃ ពិតជា​យូរខ្លាំង​ណាស់។” ចំណែក​បុរស​ផ្សេងទៀត​បានទទួល​ស្គាល់នូវ ការដាក់​ពិន័យនេះ។ បុរសទាំង​អស់បាន​សារ​ភាពថា​ការរៀប​ចំខ្លួន​ខ្លះមុន​ជាប្រការ​ចាំបាច់ ដូចជា​ត្រូវមាន​សំពត់ ឬ​ក្រណាត់​អេប៉ុង ទ្រាបពូក ងូតទឹក​សម្អាត​ខ្លួនមុន​ចាប់ផ្ដើម​ការរួមភេទ​ជាដើម។ ចំណុច​ទាំងនេះ គូស្នេហ៍​គ្រប់រូប​ពិតជា​មានល្បិច​រៀងៗខ្លួន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការរួម​ភេទពេល​មករដូវ​អាចឱ្យ​មានផ្ទៃពោះ?

សព្វថ្ងៃនេះ មាន​គំនិត​ចម្រូង​ចម្រាស់​ជាច្រើន មិនទាន់​បានដោះ​ស្រាយបាន​ត្រឹមត្រូវ អ្នកខ្លះ​ថាអញ្ចេះ អ្នកខ្លះ​ថាអញ្ចុះ។ ប្រវត្ដិ​រឿងរ៉ាវ​ប្រឆាំង​គ្នាបែបនេះ មិនចប់​មិនហើយ​ឡើយ។ ទស្សនាវដ្ដី​សុខភាពយើង សូមចូលរួម​ធ្វើការឆ្លើយ​បំភ្លឺសំណួរ​ដែលចោទ​ឡើង ថាតើ​អាចមាន​ផ្ទៃពោះ​ឬទេ ពេលមាន​ការរួមភេទ​ក្នុងអំឡុង​ពេលមករដូវ។

ករណី​រួមភេទ​ពេលមករដូវ ការតាំង​គភ៌ពិត​ជាអាច​កើតឡើង តែដោយ​កម្រ។ ព្រោះថាការ​មានកូនរបស់​ស្ដ្រីភេទ​អាចកើត មានក្រៅ​ពីពេល​ធ្លាក់​មេជីវិតញី ឬអូវុល (ពេលធ្លាក់​អូវុលនៅ​កណ្ដាល​វដ្ដរដូវ)។ ករណីរ​ដូវដើរ​មិន​ទៀងទាត់ ការជួប​គ្នារវាង​មេជីវិត ទាំងពីរ​អាចកើត​មានឡើង ពេលមិន​ទាន់មក​រដូវចប់។ ដូច្នេះ​ប្រសិនបើ​មិនចង់​មានផ្ទៃ​ពោះទេ បើមាន​ការរួមភេទ​ពេលមក​រដូវ សូមសម្រេច​ចិត្ដប្រើ​វិធីពន្យារ​កំណើតផង។

ដំបូន្មាន​អ្នកនិពន្ធ

ការមក​រដូវជា​បំណែក​ជីវិត​ធម្មតា​របស់​ស្ដ្រីភេទ។ មិនមាន​ហេតុផល​ណាមួយ​ដែល​តម្រូវឱ្យ​លោកអ្នកនាង​ដាក់​ជីវិភាព​ផ្លូវភេទ​នៅក្នុង​រង្វង់ក្រចក​មួយនោះទេ​(លែងគិត​គូផ្ដាច់ខ្លួន​ពីដៃ​គូរួមភេទ) លើកលែង​តែករណី​ស្ដ្រីមករដូវ​មានការ​ឈឺចាប់ រដូវដើរមិន ស្រួល​ឬ​ករណី​វិបត្ដិ​វដ្ដរដូវផ្សេងៗ​ទៀតតែ​ប៉ុណ្ណោះ។ បើមាន​ការសង្ស័យ សូមស្វែង​រកការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាងផ្លូវភេទ និងខាង​រោគស្ដ្រី។ ទាំងការ​បបោសអង្អែល​កាមារម្មណ៍ និងការ​ស៊កលិង្គ​ចូលក្នុង​ទ្វារមាស មិនខុស​គ្នាពីពេល​មិនមក​រដូវទេ។ សូមបរាជ័យ​រាល់គំនិត​អកុសល​ទាំងឡាយ។ សូមប្រិយ​មិត្ដអ្នកអាន​រង់ចាំអាន​អត្ថបទអប់​រំផ្លូវភេទល្អៗ នៅលេខ​ក្រោយៗទៀត លើទំព័រ​ទស្សនាវដ្ដី​សុខភាពយើង ដូចជា​ការរួមភេទ​ពេលមាន​ផ្ទៃពោះ ការរួម​ភេទក្រោយ​ពេលសម្រាល​ជាដើម។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative