រដ្ឋមន្ត្រីក្រសួង​ការ​ងារ ជួប​ពិភក្សា​ការងារ​ជាមួយ​ឯក​អគ្គ​រដ្ឋទួត​ឥណ្ឌា​ថ្មី

លោកអ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​កាលពី​ថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ​២០១៥ បាន​អនុញ្ញាត​ឱ្យ​ លោក វ៉ារីន ស្រ៊ីវ៉ាស្តាវ៉ា (Vareen​Srivastava) ឯកអគ្គ​រដ្ឋ​ទូត​ឥណ្ឌា​ថ្មីប្រចាំ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភា​ក្សា​ការ​ងារ​នៅ​ទីស្តី​ការ​ក្រសួង។

2002លោករដ្ឋមន្រ្តីបានមាន​ប្រសាសន៍ ថា​ទំនាក់​ទំនង​កម្ពុជា​-ឥណ្ឌា ពិត​ជាមាន​ភាពល្អ​​ប្រសើរ​ខ្លាំងណាស់​សម្រាប់​ពេល​បច្ចុប្បន្ន​ហើយ​​លោក​សូម​វាយតម្លៃ​ខ្ពស់ចំពោះ​ចំណង​មិត្ត​ភាព​​ដ៏​យូ​រ​អង្វែង​នេះ។ ជាក់ស្តែង​ក្នុងពេល​ថ្មីៗ​នេះ មាន​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​មួយរបស់​លោកអនុ​ប្រធានា​ធិបតី​ឥណ្ឌា​មក​កម្ពុជា។ លោក អ៊ិត សំហេង បាន​បន្តថា រដ្ឋា​ភិបាល​ឥណ្ឌា​ពិតជា​បានជួយ​មក​កម្ពុជា​ជាច្រើនពិសេស​លើវិស័យ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ។

គួរបញ្ជាក់ថា សាធារណរដ្ឋឥណ្ឌា បាន​​ធ្វើ​សហ​ប្រតិ​បត្តិ​ការ​​ជាមួយ​ក្រសួង​ការ​ងា​រ និង​​​​បណ្តុះ​​​បណ្តាល​​​វិជ្ជា​ជីវៈ ​លើ​​វិស័យ​​អប់រំ​​បណ្តុះ​​បណ្តាល​បច្ចេក​ទេស និង​​វិជ្ជា​ជីវៈ ចាប់​​តាំង​​ពី​ឆ្នាំ​​២០០៥ ​ក្នុង​នោះ​​​មាន​​សកម្ម​​ភាព​​ធំៗ​ ដូចជា​៖ ១- បង្កើត​វិទ្យា​ស្ថាន​​អភិ​វឌ្ឍន៍​​សហគ្រិន​ភាព​​កម្ពុជា-​ឥណ្ឌាៈ (CIEDI)​ ២-ការផ្តល់​អាហា​រូប​ករណ៍​ដល់មន្រ្តី​ក្រសួង និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ និង ៣- គម្រោង​បង្កើត​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​ជំនាញ​កម្ពុជា-​ឥណ្ឌា (CISDC) នៅ​ខេត្ត​តាកែវ ដែលនឹង​បើកបណ្តុះ​បណ្តាល​លើ ៣ ​ផ្នែក​ធំៗ​  គឺ១-ផ្នែក​អភិវឌ្ឍន៍​សហគ្រិន​ភាព ២-ផ្នែក​បណ្តុះ​​​ប​ណ្ដាល​វិជ្ជា​ជីវៈ  និង៣​-ផ្នែក​បណ្តុះ​បណ្តាល​ភាសា​អង់គ្លេស​។ កាល​ពី​ខែ​សីហា ឆ្នាំ២០១៥ កន្លង​ទៅនេះ​ក្រុម​ការងារ​បច្ចេក​ទេស​ក្រសួង​បានប្រជុំ​កែតម្រូវ​លើសេចក្តី​ព្រាង MoU និង​បានផ្ញើ​ជូ​ន​ក្រសួង​ការ​បរទេស​ឥណ្ឌា ដើម្បី​ពិនិត្យ និ​ង​ផ្តល់​យោ​បល់ ហើយ​រដ្ឋា​ភិបាល​ឥណ្ឌា​ក៏បាន​បញ្ជូន​គណៈ​ប្រតិភូ មកធ្វើ​ទស្សន​កិច្ច​ពិនិត្យ​ទីតាំង​បង្កើត​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៏​ជំនាញ​កម្ពុជា​-ឥ​ណ្ឌា​នៅខេត្ត​តាកែវ​រួចរាល់​ដែរ។

លោករដ្ឋមន្រ្តី ក៏បានជម្រាបជូន​ភ្ញៀវឱ្យ​ដឹងថា ក្រសួង​កំពុង​ស្ថិតក្នុង​ដំណាក់​កាលនៃ​ដំណើរ​ការប្រជុំ​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០១៦ លើផ្នែក​វាយន​ភ័ន​កាត់ដេរ​សំលៀក​បំពាក់ និងដេរ​ស្បែង​ជើង។ ក្រសួង​ការងារ មានតួ​នាទី​ជាអ្នក​សម្រប​សម្រួល​ដល់ដំណើរ​ការកំណត់​ប្រាក់ឈ្នួល​ដែលមាន​លក្ខណៈ​ជាត្រីភា​គី​នេះ ក្រោម​ជំនួយ​គាំទ្រ​បច្ចេក​ទេស​ពីអង្គ​ការ​ ILO។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថាក្រសួង​ក៏កំពុង​ស្ថិតក្នុ្ងង​តំណាក់​កាល​បញ្ចប់​ការព្រាង​ច្បាប់ស្តី​ពីសហជីព។ ច្បាប់នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​រក្សា​នូវសុខ​ដុម​នីយ​កម្មក្នុង​ទំនាក់​ទំនង​វិជ្ជាជីវៈ និង​ការលើក​កម្ពល់​លក្ខ​ខណ្ឌ​ការងារ​នៅ​កម្ពុជា។

ជាការឆ្លើយតបលោក Vareen​Srivastava មាន​ការរីក​រាយ​ចំពោះ​ការ​ស្វាគមន៍ និង​មាន​ការ​ពេញ​ចិត្ត​ចំពោះ​ទំនាក់​ទំនង​ដ៏​ល្អ​តំាង​ពីយូរ​លុងរវាង​ប្រទេស​ទាំងពីរ។

លោកឯកអគ្គរដ្ឋទូត បន្តថា លោក​នឹងខិត​ខំបំពេញ​តួនាទី​ជម្រុញ​ឱ្យទំនាក់​ទំនង​រវាង​កម្ពុជា-​ឥណ្ឌា​កាន់តែ​ប្រសើរ​ឡើង​ហើយ​ឯកឧត្តម​ក៏នឹង​គាំទ្រ​រាល់​សកម្មភាព​របស់​ក្រសួង​ និងរាជ​រដ្ឋាភិបាល​កម្ពុជា។

លោក​ទទួលស្គាល់ថា«​ការ​កំណត់​ប្រាក់​ឈ្នួល​ពិតជា​មានការ​លំបាក​ណាស់ ឥណ្ឌា​ក៏ជួប​ប្រទះ​នឹងបញ្ហា​នេះដែរ ​“ថៅកែ​ចង់​ឱ្យប្រាក់​ឈ្នួល​តិច រីឯកម្មករ​ចង់បាន​ច្រើន»។

ចំពោះកិច្ចសហប្រតិបត្តិការរ​វាង​កម្ពុជា​-ឥណ្ឌា ពាក់​ព័ន្ធ​ការ​បង្កើត​វិទ្យាស្ថាន​អភិ​វឌ្ឍន៍​សហគ្រិន​ភាព​កម្ពុជា-​ឥណ្ឌា និង​ពិសេស​គម្រោង​ថ្មីអំពី​ការ​បង្កើត​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​ជំនាញ​កម្ពុជា-​ឥណ្ឌា​នៅខេត្ត​តាកែវ។បញ្ហា​នេះ លោក​ទួតថា នឹង​ខិតខំ​ជម្រុញ​ឱ្យមានការ​ចុះអនុស្សា​រណ​យោគ​យល់​គ្នាលើ​គម្រោង​នេះឱ្យបាន​ជោគ​ជ័យ​ឆាប់រ​ហ័ស។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative