ជំងឺមិនឆ្លងចំនួន៤កំពុង​គំរាម​កំហែង​អាយុ​ជីវិត​ប្រជាជន​កម្ពុជា

ជំងឺមិនឆ្លងបានក្លាយ​ជាវិញ្ញាសារ​ថ្មីមួយ សម្រាប់​បញ្ហា​សុខភាព​សាធារណៈ​​នៅកម្ពុជា ដោយ​វាបាន និងកំពុង​ក្លាយ​ជាឃាត​ករ​ លាក់​មុខយ៉ាង​សាហាវ ក្នុងការ​ផ្តាច់​ផ្តិលអាយុ​ជីវិត​ប្រជាពល​រដ្ឋ​ក​ម្ពុជា ព្រោះ​បច្ចុប្បន្ន​ជំងឺនេះ​បានគ្រប​ដណ្តប់​អត្រា​ស្លាប់ ៤៦ ភាគរយ​នៃអត្រាស្លាប់​សរុប​របស់​ប្រជាពល​រដ្ឋ​កម្ពុជា។

1លោកវេជ្ជបណ្ឌិត ផេង យុដាលីន អ្នកជំនាញ​ផ្នែក​សុខភាព​សាធារណៈ​នៃមន្ទីរ​​ពេទ្យ​កាល់ម៉ែត បានថ្លែង​ឲ្យដឹងកាល​ពីថ្ងៃ​​ម្សិល​ម៉ិញថា ពីមុន​ប្រជាជន​យើងចាប់​អា​រម្មណ៍​តែជំងឺឆ្លង ប៉ុន្តែ​បច្ចុប្បន្ន​ជំងឺមិន​ឆ្លងបាន និង​កំពុង​ក្លាយជា​បញ្ហា​សុខភាព​​សាធា​​រណៈ​ធ្ងន់​ធ្ងរ ដែលបាន​និងកំពុង​សម្លាប់​មនុស្សជា​ច្រើននៅ​លើពិភព​លោក ក៏​ដូចជា​​ប្រទេស​កម្ពុជា ដែល​ប្រជាជន​កម្ពុជា​៤៦​ភាគ​រយ​ បានស្លាប់​ដោយសារ​​ជំងឺ​មិន​ឆ្លង ក្នុង​ចំណោម​អត្រាស្លាប់​សរុប​នៅកម្ពុជា។

លោកបន្តថា មានមូលហេតុមួយ​ចំនួនដែល​បណ្តាល​ឲ្យកើត​ជំងឺ​មិនឆ្លង​ ដូច​ជា​​ការមិន​សូវហាត់​ប្រាណ ការ​ទទួល​ទាន​អាហារ​ រហ័ស​ទាន់ចិត្ត​ច្រើន ការ​បរិភោគ​​ចំណី​​អាហារគ្មាន​អនាម័យ និងមានសារ​ជាតិគីមី​ច្រើន និងការ​ជក់បារី និងផឹក​ស្រា​ច្រើន​ផង​ ដែរ​។ លោកបន្តថា ជំងឺមិន​ឆ្លងធំៗ​ចំនួន​៤ ​ដែលគ្រូ​ពេទ្យជួប​ប្រទះ​ញឹក​ញាប់​​​ជាងគេ​មានដូច​ជា ទី១​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរ ក្បាល ដាច់​សសៃ​ឈាម​បេះដូង ទី២ ជំងឺទឹក​នោម​ផ្អែម ទី៣ មហា​រីក និងទី៤ គឺ​ជំងឺ​ផ្លូវ​ដង្ហើម។

លោកវេជ្ជបណ្ឌិត ផេង យុដាលីន បាន​បន្តថា​ជំងឺមិន​ឆ្លងវា​ទទួលខុស​ត្រូវលើ​ការ​ស្លាប់៨០​ភាគរយ នៅលើ​ពិភព​លោក និង​ ទទួល​ខុសត្រូវ​លើអត្រា​ស្លាប់៤៦​ភាគ​រយ នៃអត្រា​ស្លាប់​សរុប​នៅកម្ពុជា ដែលជា​ចំណុច​គួរឲ្យ​ព្រួយ​បារម្ភ ហើយ​ប្រជាព​ល​រដ្ឋ​ ខ្មែរ​តែងចាត់​ទុកជំងឺ​មិនឆ្លង​ជាជំងឺ​អ្នកមាន ប៉ុន្តែ​នេះជាការ​យល់​ច្រទ្បំ​ព្រោះជំងឺ​​នេះកើត​មានលើ​គ្រប់​មនុស្ស មិនថា​អ្នក​មាន​ ឬ​អ្នកក្រី​ក្រ​នោះទេ។

យោងតាមការអង្កេតរបស់អង្គការ​សុខភាព​ពិភព​លោក​បាន​បង្ហាញ​ថា ប្រជា​ពល​រដ្ឋ​កម្ពុជា​១១​ភាគរយ​កើត​ជំងឺ​​ទឹកនោម​ផ្អែម​ ហើយ​អ្នករស់​នៅទីក្រុង​កើត​ជំងឺ​​នេះច្រើន​ជាងអ្នក​ជនបទ និង​ជំងឺ​លើស​ឈាម​ឬទ្បើង​សម្ភាធឈាម​មាន​ជាង​៣ភាគ​រយ។

លោកវេជ្ជបណ្ឌិត ផេង យុដាលីន បានបន្ត​ថា តាមការ​អង្កេត​នេះ បាន​បង្ហាញ​ថា​ជំងឺទាំង​នេះមាន​និន្នាការ​កើនទ្បើង​នៅ​កម្ពុជា​ ដែលជាក្តី​ព្រួយបារម្ភ​របស់​ប្រជា​ជន​កម្ពុជា និងក្រសួង​សុខាភិបាល​របស់​យើង ដែលបាន​និងកំពុង​ជំរុញ​អប់រំ​ប្រជាព​ល​រដ្ឋ ឲ្យ​ មាន​ការយល់​ដឹងពី​វិធី​ការពារ និងកាត់​បន្ថយ​ផលវិបាក​របស់​ជំងឺនេះ។

លោកបន្តថា ដើម្បីកាត់បន្ថយ​ជំងឺ​នេះ ប្រជាពល​រដ្ឋ​គ្រប់រូប​ត្រូវហាត់​ប្រាណ​​ឲ្យបាន​ពី​២០​ ទៅ​៣០នាទី ជារៀង​រាល់ថ្ងៃ​ឈប់​ ពិសា​បារី និងកាត់​បន្ថយ​ការទទួល​​ទាន​ស្រា និងកុំ​ឧស្សាហ៍​ញុំា​អាហារ​រហ័ស​ទាន់ចិត្ត ដែល​ម្ហូប​អាហារ​ទាំងនោះ​មាន​ផ្ទុក​សារ​ជាតិ​បង្កឲ្យមាន​ជំងឺធាត់ និងងាយ​បង្កឲ្យ​កើតជំងឺ​មិនឆ្លង​នានា។

​សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative