កុមារកម្ពុជា៤លាននាក់​​ នឹង​ទទួលបាន​វ៉ាក់សាំង​ជំងឺ​រលាក​ខួរក្បាលនៅឆ្នាំក្រោយ

កុមារកម្ពុជាប្រមាណ៤លាននាក់ នឹងទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ខួរ​ក្បាល​នៅ​ក្នុង​​​យុទ្ធ​នា​ការ​ផ្តល់​វ៉ាក់​សាំង​នេះ​ ​នៅ​ទូទាំងប្រទេសនៅ​ដើមឆ្នាំ ២០១៦ ខាងមុខនេះ។

4បច្ចុប្បន្ននេះ​វ៉ាក់សាំង​ការពារ​រលាក​ខួរក្បាល​នេះ​ មាន​នៅតាម​ខេត្ត​ចំនួន៦ រួមមាន​ខេត្ត​កំ ពង់​ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ តាកែវ ស្វាយរៀង​ និង​ខេត្តបាត់ដំបង ​ហើយ​តាម​រំពឹងទុក​នឹងមាន​កុមារ​ជិត១១ម៉ឺន​នាក់​ មាន​អាយុ​ចាប់ពី៩ខែ​ ដល់២ឆ្នាំ ​នឹង​ទទួលបាន​ការចាក់​​វ៉ាក់​សាំង​​នេះ​ក្នុង​​រយៈ​ពេល​១ឆ្នាំ​​គឺ​ចាប់​ពី​ខែ​ធ្នូ​​ឆ្នាំ​២០១៤ ដល់​ខែ​ធ្នូ​ឆ្នាំ​២០១៥​ខាង​មុខ។ វ៉ាក់សាំ​រលាក​ខួរ​ ក្បាល​នេះ​បាន​មក​ពីការ​ជួយ​ឧបត្ថម្ភ​ពីអង្គ​ការ Path។

លោក​វេជ្ជបណ្ឌិត​ កែវ​ សំឡី ​មន្ត្រី​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​ បាន​មានប្រសាសន៍ថា​ យើង​នឹង​បញ្ចូល​វ៉ាក់សាំង​រលាក​ខួរក្បាល​នេះ​ទៅក្នុង​កម្មវិធី​ជាតិ​ ផ្តល់​ថ្នាំ​បង្ការ​ហើយ​នៅ​ដើមឆ្នាំ​ក្រោយនេះ​នឹង​បើក​យុទ្ធនា​ការផ្តល់​វ៉ាក់សាំង​នេះ​នៅ​ទូ​ទាំ​ប្រទេស​តែម្តង​ដល់​កុមារ​ប្រមាណ៤លាននាក់ ដែលមាន​អាយុ​ចាប់ពី៩ខែ​ដល់១៥ឆ្នាំ។

លោក​បាន​បន្តថា​ ក្នុងការ​ត្រៀម​ផ្តល់​វ៉ាក់សាំង​រលាក​ខួរក្បាល​នេះ​ ដល់​កុមារ​នៅ​ឆ្នាំក្រោយ​​បច្ចុ​ប្បន្ន​នេះ​​កម្ម​វិធី​​ជាតិ​​កំពុង​ តែ​ធ្វើ​ការ​​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​ស្តីពី​ការផ្តល់​វ៉ាក់​សាំង​​រលាក​​ខួរ​ក្បាល​ និង​វ៉ាក់​សាំង​​ស្វិតដៃ​ជើង​​តាម​របៀប​​ចាក់ ។

លោក ​កែវ​ សំឡី​ បាន​បញ្ជាក់ថា​វ៉ាក់សាំង​ដែល​ផ្តល់នៅ​ដើមឆ្នាំ​ក្រោយនេះ​គឺ​អង្គការ​ហ្គា​វី (GAVI) ជា​អ្នកផ្តល់​ឲ្យ​រួមទាំង​ថវិកា​មួយចំនួន។ ប៉ុន្តែ​ថវិការ​ដែល​អង្គការ​ហ្គា​វី​ ផ្តល់នៅ​មិនទាន់​គ្រប់​ក្នុង​ការបើក​យុទ្ធនាការ​ទូទាំងប្រទេស​ទេ ​ព្រោះ​យុទ្ធនាការ​នេះ​ត្រូវការ​ថវិកា​ច្រើន។ លោក​បាន​ឲ្យ​ដឹងថា​យើង​កំពុងតែធ្វើការ​ទំនាក់ទំនង​ជាមួយ​អង្គការធំៗមួយចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក​អង្គការ​យូ​នី​សេ​ហ្វ​និង​អង្ក​ការ ​Path ដើម្បី​ស្វះ​ស្វែងរក​ថវិកា​ដើម្បី​បំពេញបន្ថែម​ក្នុង​ការបើក​យុទ្ធនាការ​នៅ​ដើមឆ្នាំ​ក្រោយនេះ។

កាល​រ​ថ្ងៃទី២៥ មិថុនា ២០១៥ នៅទីស្តីការក្រសួងសុខាភិបាលអង្គការ​សុខភាព​ពិភពលោក​​បាន​ប្រកាស​​ផ្តល់​​វិ​ញ្ញា​ប​ត្រ​​ប័ន​​ទទួល​ស្គាល់​ថា​ប្រទេស​កម្ពុជា ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុងការ​លប់បំបាត់បាន​ទាំងស្រុង​នូវ​ជំងឺ​ក​ញ្ជ្រិ​លបន្ទាប់ពី​កម្ពុជា​បានទទួល​ជោគជ័យ​លើ​ការលុប​បំបាត់​​ជំងឺ​​ស្វិត​ដៃ​ជើង​​កាល​ពី​ឆ្នាំ២០០០រួចមក។

គួរបញ្ជាក់ថារហូតមកដល់​ពេលនេះ​កម្មវិធី​ជាតិ​បានផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​ចំនួន៩មុខ​រួមមាន​ជំងឺរបេង ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ ជំងឺ​ខាន់ស្លាក់ ក្អកមាន់  តេតាណូស ស្វិតដៃជើង រលាក​សួតរ រលាក​ស្រោមខួរ​ និង​ជំងឺ​ក​ញ្ជ្រិ​ល។  ចំណែក​វ៉ាកសាំង​ដែល​ត្រូវ​ផ្តល់​មាន​វ៉ាក់សាំង​របេង ស្វិតដៃជើង  រលាក​សួត  រលាក​ថ្លើម​ប្រ​ភ​ទ​បេ  វ៉ាក់សាំង​ប៉ែ​នតា​វ៉ាឡង់​ ដែល​រួមបញ្ចូល​គ្នា​ជំងឺ៥មុខ វ៉ាក់សាំង​ក​ញ្ជ្រិ​ល វ៉ា​ក់​សាំ​ស្អូច​បូ​កក​ញ្ជ្រិ​ល វ៉ាកសាំង​តេតាណូស​សំរាប់​ស្ត្រី ​និង​វ៉ា​ក់​សាំរលាកខួរក្បាលដែលគ្រោង បើក​យុទ្ធនាការ​នៅ​ឆ្នាំក្រោយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative