ស្ថានភាព​ជំនន់​ទឹកភ្លៀង​​ថយចុះ តែ​ផ្ទះ​​ប្រជាពល​រដ្ឋ​​ជាង​២០០ខ្នង​​​រង​ការ​ខូចខាត ​

លោក កែវ វី នាយក​ខុទ្ទកាល័យ​​នៃ​គណៈ​កម្មាធិការ​​ជាតិ​គ្រប់​គ្រង​​គ្រោះ​មហន្ត​រាយ​បានឲ្យដឹង​ថាដោយ​សារ​​កម្លាំង​​ខ្យល់​​បោក​បក់​ខ្លាំង កាលពី​​ថ្ងៃទី​១៧ កញ្ញា កន្លងទៅ​មាន ​ផ្ទះ​​ប្រជាពល​រដ្ឋ​ចំនួន​៦ខ្នង​នៅ​​ខេត្តកោះ​កុង​បាន​​ដួលរលំ និង​​ផ្ទះ​​ប្រមាណ​​ជា​២៤៤​ខ្នង​ទៀត​​រង​ការខូច​ខាត ។

5លោក កែវ វី បាន​ឲ្យ​ដឹងថា ក្រៅពី​ខូចខាត​​ផ្ទះ​​ប្រជាពល​រដ្ឋ​​នោះ ក៏មាន​ផ្លូវ​​ចំនួន​២កន្លែង និង​ទូក​​នេសាទ​​ចំនូ​ន​២ ទទួល​រង​​ការ​ខូចខាត​​ដែរ ដោយសារ​​កម្លាំង​​ខ្យល់​បោក​បក់​ខ្លាំង នៅក្នុង​​ក្រុង​​ខេម​រភូមិន្ទ ស្រុក​​មណ្ឌលសីមា ស្រុក​​បទុម​​សាគរ និង​​ស្រុក​​គី​រី​សាគរ ខេត្ត​កោះកុង។ បើតាម​​លោក កែវ វី នៅក្នុង​​ស្រុក​​ស្ទឹងហាវ ខេត្ត​​ព្រះសីហនុ ក៏មាន​ផ្ទះ​​ប្រជាពលរដ្ឋ​​ចំនួន​១៤ខ្នង​​ទៀត​​រង​​ការខូច​ខាត​ដែរ។

លោក កែវ វី បន្ថែមថា​ដោយឡែក​​ប្រជាពល​រដ្ឋ​ចំនួន ៥ភូមិ ក្នុង​​ឃុំ​បឹង៥ ៥ស្រុក​​ប​វិល ខេត្ត​បាត់ដំបង​​វិញ អាជ្ញាធរ​​កំពុង​​បន្ត​ការ​ជម្លៀស ពួកគេ​​ទៅរក​ទី​ទួល​​មាន​សុវត្ថិ​ភាព​ជា​បណ្តោះ​អាសន្ន ខណៈ​ដែល​ជំនន់​​ទឹកភ្លៀង​​កំពុង​លិច​លង់​ផ្ទះ​​របស់​​ពួកគេ។ ​រីឯ​ស្ថានភាព​​នៅ​ខេត្ត​កំពត​​វិញ​ ជំនន់​ទឹក​ភ្លៀង​​បាន​បង្ក​ឲ្យ​​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពល​រដ្ឋ​៤៣៨៣ គ្រួសារ ក្នុង​​ចំនួន​៤សង្កាត់ ក្នុង​ក្រុង​​កំពត និង​ចំនួន​៥ឃុំ ក្នុងស្រុក​​ទឹកឈូ ខេត្ត​កំពត ដែល​ធ្វើ​​ដីស្រែ​​ចំនួន​២២៩១​ហិកតា​​រង​ការ​ខូ​ត​​ខាត និង​មាន់ ទា ជាង ៣០​ក្បាល​​ងាប់។ ហើយ​នៅ​ពេលនេះ​​អាជ្ញាធរ​ខេត្ត​បាន​ប្រើ​ប្រាស់​​កាណូត ដើម្បី​ចែក មី ទឹក​សុទ្ធ ជាដើម សម្រាប់​​ប្រជាពលរដ្ឋ​​ទាំងនោះ។

នាយខុទ្ទកាល័យ​រូប​នេះ បាន​បញ្ជាក់​ថា ជំនន់​​ទឹកភ្លៀង​​នៅ​ខេត្ត​​តាម​តំបន់​​មាត់សមុទ្រ​​នោះ គឺ​ទឹកបាន​​ស្រក​ចុះ​​ជា​បណ្ដើរៗ​ ប្រមាណ​​ជា៣០ ទៅ៤០សង់​ទីម៉ែត្រ​​ហើយ។ តែ​យ៉ាង​ណា​គណៈកម្មាធិការ​​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ នៅតែ​​តាមដាន​​ស្ថានភាព​​នេះ​បន្ដទៀត ព្រោះថា នៅ​​តំបន់ភ្នំ គឺ​ផ្ទៃមេឃ​​នៅមាន​​សភាព​​ខ្មៅ​អួរ​អាប់​​នៅឡើយ។

លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជានា​យក​​ខុទ្ទកា​ល័យ​ក្រសួង​​ធនធាន​ទឹក និង​ឧតុ​និយម បាន​ឲ្យ​ដឹង​ថាចាប់ពី​​ថ្ងៃទី១៨ ដល់​​ថ្ងៃទី២០ សម្ពាធ​​ទឹក​អាច​​ស្រក​ចុះ​​វិញ ដោយសារ​​ផុត​ឥទ្ធិពល​​ខ្យល់​នៅក្នុង​​សមុទ្រ​​ចិន​ភាគ​ខាងត្បូង។ ប៉ុន្តែ​កម្ពុជា​​នឹង​ទទួល​រង​ឥទ្ធិ​ពល​សម្ពាធ​​ទាប​ថ្មី​មួយ​ទៀត មកលើ​តំបន់​​ជាប់​ផ្ទៃ​សមុទ្រ និង​តំបន់​​មួយចំនួន​​នៅ​ទូទាំង​ប្រទេស​​កម្ពុជា ចន្លោះ​ពី​ថ្ងៃ​ទី២០ ​ទៅ​​ថ្ងៃទី២១ កញ្ញា​​ខាងមុខនេះ។ ឥទ្ធិពល​សម្ពាធ​ទាប​​នឹង​បង្ក​ឲ្យ​​មាន​រលក​ធំៗ និង​មាន​​ភ្លៀង​​ធ្លាក់​ច្រើន។

លោក ចាន់ យុ​ត្ថា បានបន្ត​ថា ឥទ្ធិពល​​សម្ពាធ​​ទាប​ថ្មី​​មួយ​នេះ ដែល​​កំពុង​​តែមាន​​សក​ម្ម​ភាព​​នៅក្នុង ប្រទេស​​បង់​ក្លា​​ដេ​ស នឹង​​បក់​កាត់​​ប្រទេស​ហ្វី​លីពីន មក​អាង​​ទន្លេមេគង្គ​​ប្រទេស​​ថៃ ហើយ​វា​​នឹង​បង្ក​​ឲ្យ​មាន​ឥទ្ធិពល​​មកដល់​​ប្រទេស​​កម្ពុជា​ដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative