អ្នកវិភាគសេដ្ឋកិច្ច​ថា៖ ក្រុម​ហ៊ុន​​ប្រេង​​ឥន្ធនៈ​គ្មាន​ជំហរ​​ក្នុងការ​ទម្លាក់​​តម្លៃ​ប្រេង​​សាំង​​

ក្រុមហ៊ុនប្រេង​ឥន្ធនៈ​នៅ​​កម្ពុជា ហាក់​ដូច​ជា​​មិន​​បង្ហាញ​​ជំហរ​ច្បាស់​​​លាស់​​ដូច​ការ​​សន្យា​​ជាមួយ​​រាជរដ្ឋា​​ភិបាល លើ​​​​​បញ្ហា​​​តម្លៃ​​​​ប្រេង​​សាំង​ បើ​ទោះ​​បីជា​ខ្លួន​​​​​អាច​បញ្ចុះ​​​តម្លៃ​​ឲ្យ​​ស្រប​តាម​ទីផ្សារ​​អន្ដរ​​ជាតិ​ក្ដី។ នេះបើ​​ការ​លើក​ឡើង​​របស់​​​អ្នក​​វិភា​គ​​​ផ្នែក​​​សេដ្ឋកិច្ច ស្របពេល​​​ដែលតម្លៃ​​ប្រេង​​​ឥន្ធនៈ​នៅកម្ពុជា​​ស្ថិតនៅ​ទ្រឹង និង​​មិន​ទាន់​​​ទម្លាក់​​ចុះបន្ថែម​​​ទៀត​។​​

3លោកស្រី ចន្ធី អ្នកវិភាគ​ផ្នែកសេដ្ឋកិច្ច​​ឯករាជ្យ​បានលើក​ឡើង​នៅ​ថ្ងៃទី១៧ កញ្ញា​ កន្លង​មកថា លោក​​មិនយល់​​ថាហេតុ​​ផ​ល​​អ្វី​ បានជា​ក្រុមហ៊ុន​ប្រេង​​ឥន្ធនៈ​នៅ​កម្ពុជា ​មិន​អាច​​បញ្ចុះ​តម្លៃ​ប្រេង​​សាំងបាន ស្រប​ពេល​ដែល​​តម្លៃប្រេង​​នៅលើ​ទីផ្សារ​​អន្ដ​រ​​​ជាតិ​​បានបន្ដ​ធ្លាក់ចុះ​យ៉ាងគំហុក​នោះ។ ប្រសិន​បើទូទាត់​​ថ្លៃដើម​ ការដឹក​ជញ្ជូន និងការ​កែច្នៃ​ក៏​​តម្លៃប្រេង​​ឥន្ធនៈ​​នៅ​កម្ពុជា ​មិន​អាចមាន​​តម្លៃថ្លៃ​ដូចពេល​​បច្ចុប្បន្ន​នេះ​ដែរ។លោកថា ​បើមែន​ទែនទៅ​តម្លៃ​ប្រេង ​អាចស្ថិត​​ត្រឹមតែ​៧០សេន​ប៉ុណ្ណោះ​​ក្នុង​មួយ​​​លីត្រ ។

​អ្នកវិភាគសេដ្ឋកិច្ចរូបនេះបន្ថែម​ថា ប្រសិន​បើ​ក្រុម​ហ៊ុន​​ប្រេង​ជាប់កិច្ច​សន្យា​​ជាមួយ​​បរទេស​​អំពី​ការ​​កំណត់​​តម្លៃ​​នាពេល​អនា​គត ដែលជា​ហេតុធ្វើ​ឲ្យការ​នាំចូល​​ប្រេងថ្លៃ ក៏ក្រុម​ហ៊ុន​ទាំងនោះ​អាច​បង្កើត​​កិច្ចសន្យា​​ថ្មីផ្សេង​ទៀត ​ដើម្បី​​អាច​នាំ​ចូល​​ប្រេង​​ឥន្ធនៈក្នុង​តម្លៃ​ថោក​​បានដែរ។ ដូច្នេះ​ក្រុមហ៊ុន​​នាំចូល​ប្រេង​គួរ​តែធ្វើលទ្ធ​កម្ម ​ដើម្បី​​បញ្ចុះ​​តម្លៃ​​ប្រេង​ឲ្យ​​សមទៅ​នឹងតម្លៃ​លើទី​ផ្សារ​អន្ដរ​ជាតិ។ លោក ស្រី ចន្ធី បាន​​បន្ថែម​​ថា ​ការសន្យា​​របស់​ក្រុមហ៊ុន​ប្រេង​ជាមួយ​​រដ្ឋា​ភិបាល ​កាល​ពី​ពេលថ្មីៗ​កន្លង​​ទៅនេះ គឺ​គ្រាន់តែជា​ការធ្វើ​ឡើង​ដើម្បី​ដោះទាល់​មួយគ្រា​សិនតែ​ប៉ុណ្ណោះ។

ដោយឡែក​លោក ចាន់ សុផល ប្រធាន​​មជ្ឈ​មណ្ឌល​​សិក្សា​គោល​នយោបាយ បាន​លើក​ឡើង​ថា ប្រេង​​សាំង​នៅកម្ពុជា​គឺ​មាន​តម្លៃថ្លៃ បើធៀប​ទៅនឹង​​និន្នាការ​​អន្ដរ​​ជាតិ ដែលគួរ​តែធ្វើការ​បញ្ចុះ​​ឲ្យថោក​​ជាងនេះ​បន្ដិច។ លោក​​កត់​​សម្គាល់​​​ថា តម្លៃ​​ប្រេង​​​សាំង​នៅកម្ពុជា​អាចថ្លៃ បើទោះ​បីជាទីផ្សារ​អន្ដរ​ជាតិ​មានការ​ធ្លាក់ចុះ ដោយ​ក្នុងនោះ ​គឺយើង​​មិន​អាច​​ធ្វើការ​ប្រៀប​ធៀប​​តម្លៃ​ទិញ​​ចូលប្រេង​ដុំ និង​ប្រេង​​សម្រា​ប់​​លក់​រាយ​​ឲ្យដូចគ្នា​នោះទេ។ មួយវិញ​ទៀត វាក៏អាច​​មក​ពី​កត្តា​​ចំណាយ​​ថ្លៃដើម ប្រាក់​ខែ​បុគ្គលិក ថ្លៃដឹក​ជញ្ជូន រួមផ្សំជា​មួយនឹង​តម្លៃ​ពន្ធ ដែលតម្រូវ​​ឲ្យក្រុម​ហ៊ុន​​ប្រេង​​​ឥន្ធនៈ​ត្រូវ​ពិ​ចារណា​ក្នុងការ​បញ្ចុះ​តម្លៃ​ផងដែរ។

ទោះជាយ៉ាង​ណា​លោក ចាន់ សុផល បាន​ថ្លែង​បន្ថែម​ថា តម្លៃ​ប្រេងសាំង​​នៅ​កម្ពុជា​អាចនឹង​​ធ្លាក់ចុះ ​ប្រសិន​បើក្រុម​ហ៊ុន​​មាន​​ឆន្ទៈ​ក្នុង​បញ្ចុះ​​មែន​នោះ។ អ្នកវិភាគ​​សេដ្ឋកិច្ច​ដដែល​​បន្ថែម​​ថា ដើម្បី​​ឲ្យមាន​យុត្តិ​ធម៌​​ផ្នែក​​សេដ្ឋកិច្ច ទាល់តែ​រដ្ឋ​ដើរ​តួនាទី​​ជាអ្នក​លក់​ ឬ​សហកា​រ​​​ជាមួយ​ក្រុមហ៊ុន​ធំណា​មួយ ដើម្បី​​កំណត់​​ថ្លៃគោល​​តែ​ម្ដង។ លោក​ថា​​ ដូចជា​​ប្រទេស​ថៃ​ជាដើម​ ដែល​មាន​ក្រុមហ៊ុន​​សា​ធារណៈ​​របស់​​​រដ្ឋជាអ្នក​​កំណត់​​ថ្លៃប្រេង​​សាំង ឲ្យក្រុម​ហ៊ុនឯក​ជន​រត់​​តម្លៃតាម។

កាលពីថ្ងៃទី៣ ខែ​កញ្ញា ​ឆ្នាំ​​២០១៥ កន្លង​​ទៅ​ក្រសួងពាណិជ្ជ​កម្ម​បានបើក​កិច្ច​ប្រជុំ​​​ជាមួយ​​ក្រុមហ៊ុ​ន​នាំចូល​​ប្រេង​ធំៗ​​ និង​តំណាង ​​ក្រសួង​​ពាក់​ព័​ន្ធ​ ​ដើម្បី​ពិនិត្យ​​អំពី​​លទ្ធភាព​​ក្នុងការ​បញ្ចុះ​តម្លៃ​ប្រេង​​ឲ្យ​ស្រប​ទៅតាម​​ទីផ្សារ​​អន្ដរ​ជាតិ។

​ក្រោយកិច្ចប្រជុំក្រុម​ហ៊ុន​ភាគ​ច្រើន​​បាន​សន្យា​ថា​ នឹងធ្វើការ​ពិចារ​ណា​ដើម្បី​​ពិនិត្យ​​ក្នុងការ​​បញ្ចុះ​​តម្លៃ​​ប្រេង​​សាំង​​របស់ខ្លួន។ ទោះ​ជាបែប​នេះក្ដី អស់រយៈ​ពេល​ជាង​​១សប្ដាហ៍​ហើយ ដែល​​តម្លៃ​ប្រេង​សាំង​​នៅកម្ពុជា​ជា​ពិសេស​​រាជ​ធានី​ភ្នំពេញ​​​គឺស្ថិត​នៅ​​ស្ងៀម​​ទ្រឹង​ ដោយមិន​ទាន់មាន​ការទម្លាក់​ចុះ​បន្ថែម​ទៀតសោះ ក្នុងនោះ​​ប្រេង​​សាំង​​ធម្មតា​មានតម្លៃ​​៣៨៥០​​រៀលក្នុង​មួយ​លីត្រ  និង​ប្រេង​​ស៊ូពែ​មាន​តម្លៃ ៤០៥០​រៀល​ក្នុងមួយ​លីត្រ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative