វិធីសាក់​បបូរមាត់

បច្ចុប្បន្ននេះ របៀបតុប​តែងខ្លួន និងកែសម្ផស្ស​មានច្រើន​បែបច្រើន​យ៉ាងប្រកប​ដោយ​បច្ចេកទេស​ទំនើបៗ និងផលិតផលល្អៗជាច្រើន​ដើម្បី​កែច្នៃសម្ផស្ស​ឱ្យស្រស់ស្អាត​លើសពី​ធម្មជាតិ។ ការសាក់​នៅលើ​ដងខ្លួន និងផ្ទៃមុខ​ត្រូវបាន​ទទួលការ​និយមសម្រាប់ មនុស្ស​សម័យថ្មី។ ការសាក់​លើដងខ្លួន​អាចច្នៃ​ជារូបភាព​ផ្សេងៗ។ ចំណែក​ឯការសាក់​នៅលើ​បបូរមាត់ ចិញ្ចើម និងលើ​រង្វង់ភ្នែក ភាគច្រើន​ក៏ជាការ​ចូលចិត្ដ​របស់នារី​ទាន់សម័យដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការសាក់​បបូរមាត់​ជាប្រធានបទ​មួយដែល​ទស្សនាវដ្ដី សុខភាពយើង លើកមក​ជម្រាបជូន​លោកអ្នក​សម្រាប់ជា​ការស្វែងយល់។ លោកអ្នក​នឹងបានយល់​ដឹងអំពីវិធីសាក់ អត្ថប្រយោជន៍ និងផលប៉ះពាល់​នៃការសាក់​បបូរមាត់ តាមរយៈ​ការជួប​សម្ភាសន៍ជា មួយលោកស្រី សុផាន មុំ អ្នកជំនាញ​នៅហាង​កែសម្ផស្ស​ម៉ិញតាំ។

ការសាក់​បបូរមាត់ ជាអ្វី?

ការសាក់​បបូរមាត់ គឺសំដៅ​ទៅលើ​វិធីធ្វើឱ្យ​បបូរមាត់​មានរបៀប មានពណ៌​ស្រស់ស្អាត ជាប់បានយូរ។ ការសាក់​បបូរមាត់ មានពីរប្រភេទ គឺការសាក់​ផ្ទៃបបូរមាត់ និងការសាក់​រឹមបបូរមាត់។

វិធីសាក់​បបូរមាត់

ការសាក់​បបូរមាត់​ធ្វើឡើង​ទៅតាម​ដំណាក់កាល​ដោយឡែកៗ​ពីគ្នា។ ជាដំបូង អ្នកជំនាញ​ត្រូវដឹង​ថាអតិថិជន​របស់ខ្លួនមាន ទម្រង់​បបូរមាត់​បែបណា និងចង់​បានពណ៌អ្វី។ សាក់​បបូរមាត់​មានពីរ​យ៉ាង គឺសាក់​រឹមបបូរមាត់​ជារាង​បេះដូង និងសាក់​តាមលំនាំ​រឹមបបូរមាត់ចាស់។ អ្នកដែលមាន​បបូរមាត់ពណ៌​ខ្មៅពីធម្មជាតិ ឬ​ដោយ​ការប្រើ​ផលិតផលខុស ហើយ​ចង់ប្ដូរពណ៌​បបូរមាត់ គាត់ត្រូវសាក់ ពេញផ្ទៃ​បបូរមាត់​តែម្ដងដើម្បី​ប្ដូរពណ៌ពី​ខ្មៅទៅជា​ក្រហមព្រឿងៗ​ជាដើម។ ការសាក់​រឹមបបូរមាត់ ឬសាក់ផ្ទៃ​បបូរមាត់មាន​វិធីសាក់ តែមួយបែប​ដូចគ្នា។

មុនសាក់​បបូរមាត់ អ្នកជំនាញ​ត្រូវសម្អាតមាត់​អតិថិជន​ឱ្យស្អាត​ជាមុនសិន ហើយទើប​យកថ្នាំស្ពឹក​មកជូតពីលើ​បបូរមាត់។ បន្ទាប់មក យកម្ជុល​ចាក់លើ​បបូរមាត់ ឱ្យជាតិថ្នាំ​ស្ពឹកជ្រាបចូល​ទៅក្នុង​បបូរមាត់។ ថ្នាំស្ពឹក​ជួយបន្ថយ​ការឈឺចាប់​នៅពេលសាក់។ ក្រោយពី​បបូរមាត់​ស្ពឹកហើយ អ្នកជំនាញ​បានយកម្ជុល​សម្រាប់សាក់ ដែលមាន​លាយពណ៌​តាមចិត្ដ​អតិថិជនចង់បាន ដូចជាក្រហមតិចៗ ក្រហមដិត ការ៉ុត ផ្កាឈូកជាដើម មកសាក់ជា​រឹមបបូរមាត់​មានរាង​បេះដូង ឬ​ផ្ទៃបបូរមាត់​ទាំងអស់តែម្ដង។ ថេរវេលា​នៃការសាក់ មិនយូរ​ប៉ុន្មានទេ អាស្រ័យ​ទៅតាម​ការចង់បាន​របស់​អតិថិជន ប្រមាណ​ពី៣០នាទីទៅ​១ម៉ោងប៉ុណ្ណោះ។ ការសាក់ម្ដងៗ​មានតម្លៃប្រមា ណជា៦០ដុល្លារ។ ក្រោយពេលសាក់ អតិថិជន​ត្រូវតមការ​ទទួលទានអាហារ​មួយចំនួន ដូចជាសាច់គោ គ្រឿងសមុទ្រ ត្រកួនជាដើម ប្រយោជន៍​ចៀសវាងការ​លេចចេញជាផ្លែ ឬ​ហើមសាច់។

អត្ថប្រយោជន៍​នៃការសាក់​បបូរមាត់

ការសាក់​នេះមាន​អត្ថប្រយោជន៍​សម្រាប់ផ្នែក​សោភ័ណភាព អាចលើក​សម្រស់​ធម្មជាតិបាន​មួយកម្រិត។ ជាងនេះ​ទៅទៀត ការសាក់​បានធ្វើឱ្យ​សុភាពនារី​ដែលរវល់​ក្នុងការ​បំពេញការងារ គ្មានពេលវេលា​គ្រប់គ្រាន់​ក្នុងការតុប​តែងនោះ ងាយស្រួល​បានច្រើន។ ការសាក់​បបូរមាត់​អាចជាប់​បានយូរទៅ​តាមអ្នក​នាងកញ្ញា​ចង់បានជួន​រហូតដល់១០ឆ្នាំ។

ផលការ​ប៉ះពាល់នៃ​ការសាក់​បបូមាត់

ការសាក់​នេះកម្រមាន​ផលប៉ះពាល់​ណាស់ លើកលែង​តែក្នុងករណី​ដែលលោក​អ្នកទៅ​រកសេវាកម្មសាក់ ដោយគ្មាន​អ្នកជំនា ញច្បាស់លាស់ គ្មានអនាម័យ។ ព្រោះថាការ​សាក់មិន​ត្រឹមត្រូវ​តាមក្បួន បណ្ដាលឱ្យ​បបូរមាត់​កើតទៅ​ជាផ្លែសាច់ ដែលពិបាក​ព្យាបាល ឱ្យជាបើ​អាចជាក៏​ប្រើរយៈពេល​យូរដែរ។

ដំបូន្មាន​អ្នកជំនាញ

បើចង់​កែសម្ផស្ស​មិនថាតែការ​សាក់បបូរមាត់ទេ អ្នកនាង​កញ្ញាចាំបាច់​ត្រូវរក​អ្នកជំនាញ​ត្រឹមត្រូវ​ច្បាស់លាស់ ចៀសវាង ស្ដាយក្រោយ​ដោយប្រការ​ណាមួយ។ បើមិនដូច្នោះ​អ្នកនាងកញ្ញា​អាចខាតបង់​ប្រាក់កាស និងពេលវេលា​ច្រើន ហើយ​មិនអាច​ស្អាតដូចបំណង​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative