រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមអ្នក​បញ្ជា​ទិញ

លោក អ៊ិត សំហេង​ រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ កាល​ពីរសៀល​ថ្ងៃទី​១៦ កញ្ញា ២០១៥ បាន​អនុ​ញ្ញាត ឱ្យក្រុម​អ្នក​បញ្ជា​ទិញនៃ​ម៉ាកល្បីៗ​មកពី ACT គ្រុប និង IndustriALL Global Union ចូល​ជួបសម្តែង​ការគួរ​សម​ និង​ពិភាក្សា​ការងារ​នៅទីស្តី​ការ​ក្រសួង។

IMG_20150916_150922ក្នុងនាមរាជរដ្ឋាភិបាល លោក អ៊ិត សំហេង បាន​វាយ​តម្លៃខ្ពស់​ចំពោះចំណាប់​អារម្មណ៍ក្នុងការ​វិនិយោគរបស់​ក្រុមហ៊ុន​ម៉ាកល្បីៗ​របស់​ពិភព​លោក​​នៃ​ ACT គ្រុប ថាជាកា​លានុវត្តភាពស​ម្រាប់​ការអភិវឌ្ឍ​វិស័យឧស្សាហ​កម្មផែ្នក​វាយណភ័ន​កាត់ដេរ​នៅកម្ពុជា។

លោករដ្ឋមន្ត្រីបាន បន្តថា ​រយៈ​ពេលពេល​ជាង ១០ឆ្នាំចុង​ក្រោយនេះ កម្ពុជាមាន​ការរីកចំរើន​ផ្នែកឧស្សាហ​កម្ម​យ៉ាងឆាប់​រហ័ស​ពិសេស​ក្រោយ​ឆ្នាំ១៩៩៨  “យើងចាប់​ផ្តើមពី ៤ ឬ៥រោង​ចក្រ ហើយការនាំ​ចេញមានតម្លៃ​ត្រឹមតែ ៤ឬ៥​លានដុល្លា​អាមេរិក​តែប៉ុណ្ណោះ។ តែបច្ចុប្បន្ន កម្ពុជាមាន​រោងចក្រ ជាង​១០០០ ហើយការនាំ​ចេញមានតម្លៃ​រហូត​ដល់ ៦០០០ លាន​ដុល្លាអាមេរិក​”។ ពេលនោះឱកាស​ការងារបាន​តែ ២ឬ៣ ម៉ឺននាក់​តែ បច្ចុប្បន្ន រហូត​ដល់ជាង ៧០ម៉ឺន​នាក់ នេះតែក្នុង​ផ្នែកវាយន​ ភ័ណ​កាត់​ដេរ និងកម្មន្ត​សាល។  បើនិយាយអំពីសេរី​ភាព​សហជីព ពីមុននៅ​កម្ពុជា​មានតែ ១ឬ​២ សហជីព​ទេ តែបច្ចុប្បន្ន​មានដល់​ទៅជាង ៣០០០​សហជីព។ សេដ្ឋកិច្ច​កម្ពុជាមាន​ការរីក​ចម្រើន​គួរឱ្យកត់​សម្គាល់ ជាមួយ​កំណើន​ជាមធ្យម ៧%។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជា​បានផ្តល់​សច្ចាប័ន​លើអនុ​សញ្ញា​របស់អង្គការ​អន្តរជាតិ​ខាងការ​ងារ (ILO) ចំនួន ១៣ ដែល​មានអនុសញ្ញា​ស្នូល ចំនួន ៥ បានផ្តល់​សច្ចាប័ន​ក្រោយឆ្នាំ​១៩៩៨។ លើសពី​នេះ កម្ពុជា​មានការព្រម​ព្រៀងអនុវត្ត​គម្រោង​រោងចក្រកាន់​តែប្រសើរ​របស់អង្គការ​​I​LO (ILO/​BFC)។​“ទាំងអស់​នេះ វាមិនមែន​ជារឿងចៃ​ដន្យទេ ពោលគឺរាជ​រដ្ឋាភិបាល​កម្ពុជា​យើង មានគោល​នយោបាយ​ច្បាស់លាស់​ដើម្បី​អភិវឌ្ឍ​ខ្លួនឱ្យ​ក្លាយជា​ប្រភព​ផ​លិត​ទំនិញនាំចេញ​មួយ​ប្រកប​ដោយ​គុណភាព ភាពស្អាត​ស្អំ និងការ​គោរពសិទ្ធិ​កម្មករ​និយោជិត ក៏ដូច​ជាការបង្ករ​បរិយាកាស​ឱ្យមាន​ភាពងាយ​ស្រួលដល់​អ្នកវិនិយោគ​ផងដែរ” ឯកឧត្តម​រដ្ឋមន្រ្តី​បានបញ្ជាក់។

កម្ពុជាជាប្រទេសដំបូង​បង្អស់​ក្នុងតំបន់​ដែលបានបង្ហាញ​ដល់ពិភពលោក​ពីការប្តេជ្ញា​ក្នុងការ​ផ្លាស់ប្តូរ​របស់​ខ្លួនលើ​វិស័យ​ឧស្សា​ហកម្ម​កាត់ដេរ តាមរយៈ​ការចុះកិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម ដោយផ្សា​ភ្ជាប់នឹង​លក្ខខណ្ឌ​ការងារជាមួយស​ហរដ្ឋអា​មេរិក ​កាល​ពី​ឆ្នាំ​១៩៩៩។

លោករដ្ឋមន្រ្តីបានលើកឡើងថា នឹង​បន្តលើពី​ដំណើការ​នៃការកំណត់​ប្រាក់ឈ្នួល​អប្បបរមា​នៅកម្ពុជា របស់​គណៈ​កម្មការ​ប្រឹក្សា​ការងារ ក្រោមជំនួយ​បច្ចេក​ទេសពី​អង្គការ​ILO។  ការកំណត់​នេះធ្វើឡើង​ជាលក្ខណៈ​ត្រីភាគី មានរូប​មន្ត និងយន្ត​ការ​ច្បាស់លាស់​ផ្នែកលើ​កត្តា​សេដ្ឋកិច្ច និងសង្គម​។គណៈ​កម្មការ​ប្រឹក្សា​ការងារក៏បាន​ប​ង្កើតឱ្យមាន​យន្តការ​សិក្សាស្រាវ​ជ្រាវអំពី​ប្រាក់ឈ្នួល​ត្រីភាគី ដែលមាន​សមាសភាព ៩រូប​ស្មើគ្នា​ក្នុង​ឆ្នាំកន្លង​មក ហើយការ​កំណត់ប្រាក់​ឈ្នួលនេះ​ក៏មានកាល​កំណត់​ជាក់លាក់ គឺ សម្រាប់​ត្រីមាសទី​៣ជារយៈ​ពេលនៃ​ការពិភាក្សា រីឯ​ដើមត្រីមាសទី៤ ជាពេល​សម្រេច​នៃការដំឡើង​ប្រាក់​ឈ្នួល ហើយប្រាក់​ឈ្នួលនឹងត្រូវ​ប្រកាស​ដាក់ឱ្យអនុវត្ត​នៅថ្ងៃទី១ មករា​ ឆ្នាំបន្ទាប់។ ឆ្នាំកន្លង​មកយើង​សម្រេច​ដំឡើង​ប្រាក់ឈ្នួល​ ២៨% ​គឺកើនឡើង​ពី១០០ ដុល្លា ទៅ១២៨​ដុល្លា។ ពិតណាស់​ដែលចំនួននេះ​មិនត្រូវបាន​ការពេញ​ចិត្ត ដោយខាង​សហជីព​គិត​ថាតិច រីឯខាង​និយោជក គិតថា​ច្រើន។ ប៉ុន្តែ​លោក មានក្តី​រីករាយដែល​គេឈប់​មានជម្លោះ​នឹងគ្នា។  ក្នុងនាម​រាជរដ្ឋា​ភិបាល​លោក​ អ៊ិត សំហេង សូមអរគុណ​ដល់អ្នក​វិនិយោគ និង​អ្នក​បញ្ជាទិញ​ដែលនៅ​តែផ្តល់​ការសហការ​វិនិ​យោគ និង​បញ្ជា​ទិញពី​កម្ពុជា។ ជាបទ​ពិសោធន៍​ពីឆ្នាំ​ចាស់ ប្រាក់​ឈ្នួល​ឆ្នាំ​២១០៦ កំពុងចាប់​ដំណើរការ។

លោករដ្ឋមន្ត្រីជឿជាក់ថាបច្ចុប្បន្ន គ្រប់ភាគី​គឺមាន​គោលជំហរ​អំពីប្រាក់​ឈ្នួលរៀង​ៗខ្លួន ហើយ​ក្រសួងក៏​ទើបតែបាន​រៀបចំ​សិក្ខា​សាលាត្រីភាគី​ក្រោមជំនួយ​បច្ចេក​ទេស​ពីILO ដើម្បីបង្ហាញ​អំពីការរក​ឃើញប្រាក់​ឈ្នួលឆ្នាំ​២០១៦ ​រួចហើយ។ នៅ​ថ្ងៃ​ទី២៥ ខាងមុខ​នេះ នឹងមានការ​ប្រជុំគណៈ​កម្មការ​ប្រឹក្សា​ការងារ។ ការប្រជុំ​នេះ មិនមែន​ជាការកំណត់​អំពីប្រាក់​ឈ្នួលទេ តែគ្រាន់តែ​ដើម្បីកំណត់​ពីយន្តកា​រតែប៉ុណ្ណោះ។

សម្រាប់សេចក្តីព្រាង​ច្បាប់​សហជីព ក្រសួង​បានទទួលយក​គំនិតយោបល់​ពីគ្រប់ភាគី ដែលបាន​ផ្ញើមកឱ្យ​ជាធាតុ​ចូល មាន​ខាង​សហជីព និយោជក អង្គការ ILO និង​សហជីព​អន្តរ​ជាតិ ជាដើម។

ក្រុមអ្នកបញ្ជាទិញបានលើកឡើងថា ACT គ្រុប​ដែលមាន​សមាជិក​ជាក្រុមហ៊ុន​លក់រាយ​ចំនួន ១៤ ភាគ​ច្រើន​នៅអឺរ៉ុប និង​មាន​ទំនាក់ទំនង​ជិតស្និទ​ជាមួយ IndustriALL​ Global​ Union ពិតជា​មានការ​សាទរជា​មួយយន្តការ​នៃការដំ​ឡើងប្រាក់​ឈ្នួល​អប្ប​បរមាន​របស់​កម្ពុជា។  ប្រតិភូនៃអ្នក​បញ្ជាទិញ​ទទួល​ស្គាល់ថា ការដំឡើង​ប្រាក់ឈ្នួល​ពិតជាមាន​ការលំបាល​ខ្លាំងណាស់​សម្រាប់​រដ្ឋាភិបាល “សហជីព​ចង់បាន​ច្រើន ឯ​និយោជក​ចង់ឱ្យតិច” បើដំឡើង​តិចក៏ពិបាក​សម្រាប់​ការរស់​នៅ តែបើច្រើនពេកមុខ​ជាលែកមានអ្នក​មកវិនិយោគ​មិនខាន។

ក្រុមអ្នកបញ្ជាទិញ បានបន្តថា ម៉ាក​សញ្ញា និងអ្នកលក់​រាយទទួល​ស្គាល់ជាយូរ​មកហើយ​នូវ​​សារៈ​សំខាន់​​នៃការធានា​នូវលក្ខ​ខណ្ឌ​សមរម្យសម្រាប់​កម្មករក្នុង​ខែ្សសង្វាក់ផ្គត់ផ្គង់​ជាសកល​របស់ខ្លួន។ ប្រតិភូបានបន្ត​ថា ដោយពិនិត្យ​ឃើញនូវអត្ថ​ប្រយោជន៍​នៃវិធីសាស្ត្រ​រួបរួមគ្នា និងវិធីសាស្ត្រ​រួមមួយ អ្នកលក់​រាយ និងម៉ាកសញ្ញា​ទំាងឡាយបាន​ជួបជុំគ្នា​ដើម្បី​បង្កើត​គោល​ការណ៍ផ្តល់​សិទ្ធិ​អំណាច។ គោលការណ៍​នេះមាន​បំណង​ស្រាយបំភ្លឺ​ឱ្យបានច្បាប់​លាស់អំពី​ទស្សាទាន តួនាទី និង​ទំនួល​ខុសត្រូវរបស់​គ្រប់ភាគី ដើម្បី​សម្រេច​បាននូវប្រាក់​ឈ្នួលមួយ​ដែលបំពេញ​នូវតម្រូវការ​មូលដ្ឋានរ​បស់កម្មករ និងការ​ចរចារ​មួយ​តាម​រយៈដំណើរ​ការក៏សម​ស្រប ដូចការ​លើកឡើង​ពីខាងដើម។

ប្រតិភូអ្នកបញ្ជាទិញបានបញ្ជក់​ថា ក្នុងនាម​ជាហត្ថ​លេខី​នៃគោល​ការណ៍ផ្តល់សិទ្ធ​អំណាច យើងយល់​ព្រមធ្វើ​ការងារ​ប្រកប​ដោយ​តម្លាភាព កិច្ច​សហប្រតិ​បត្តិ​ការ និងដោយ​សុទ្ធចិត្ត ដើម្បី​ធានា​ថា កាតព្វកិច្ច​ចំពោះ​គ្នាទៅវិញ​ទៅមក​និងគោល​ការណ៍​ផ្តល់សិទ្ធិ​អំណាច​ដែលបាន​កំណត់​ត្រូវបាន​បំពេញ​តាម។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ២០១៥ 

Google Analytics Alternative