ជំងឺមហារីក​សុដន​បញ្ហា​ប្រឈម និង​ការ​ការ​ពារ

ជំងឺមហារីក​សុដន ជាជំងឺ​មហារីក​មួយ​ប្រភេទ ក្នុង​ចំណោម​ជំងឺ​មហារីក​ដទៃ​ទៀតដែលបាន និង​កំពុង​កើនទ្បើង​នៅលើ​ពិភព​លោក និង​ប្រទេស​កម្ពុជា ដោយ​សារ​​ចំនួន​ស្រ្តី​ដែលរង​គ្រោះ​ដោយ​សារជំងឺ​នេះ បានកើន​ទ្បើងនៅ​តាមមន្ទីរ​ពេទ្យ​នានា។

អ្វីជាជំងឺមហារីកសុដន

1លោកវេជ្ជបណ្ឌិត ចាន់ វីរៈ ឯកទេស​រូបភាព​វេជ្ជ​សាស្រ្ត និង​វិទ្យុ​សាស្រ្ត ដែល​​បានធ្វើ​ការងារ​យ៉ាង​សកម្ម​ទាក់ទង​ជំងឺ​មហារីក​  បាន​ថ្លែងឲ្យ​ដឹងកាល​ពីពេលថ្មី​នេះ​ថា ដើម្បី​ស្វែងយល់​ពីជំងឺ​មហារីក​សុដន យើងគួរ​ស្គាល់​សរីរៈសាស្រ្ត​នៃជំងឺ​មហា​រីក​សុដន​ ព្រោះ​​​សុដន​របស់ស្រ្តី​ផ្សំដោយ​កោសិកា​ពីរយ៉ាង គឺ​កោសិកា​ទ្រទ្រង់​និងកោ​​សិកា​កំពេញ​ទឹកដោះ ដែល​មាន​ជាលិកា​ទឹកដោះ​ និង​ជាលិកា​បំពង់​ទឹកដោះ។

មូលហេតុ

រហូតមកទល់ពេលនេះ អ្នកវិទ្យា​សាស្រ្ត មិនទាន់​ឃើញមូល​ហេតុ​បណ្តាល​ឲ្យ​កើតជំងឺ​នេះនោះ​ទេ ប៉ុន្តែគេ​អាចដឹង​ថាជំងឺ​មហា​រីកសុដន បណ្តាល​មកពីការបំរែ​​បំរួល​នៃកោសិកា​ដែលលូត​លាស់​ឥតឈប់​ឈរ ដែលមិន​អាចគ្រប់គ្រង​បាន ។​ សព្វ​ថ្ងៃ​នេះ​​អ្នក​វិទ្យា​សាស្រ្ត រកឃើញ​មូលហេតុ​មួយទៀត គឺកោសិ​កា​ឈ្មោះ HER2 ដែលជា​​កោសិ​កា​ដ៏កាច​សាហាវ និងមាន​ការរីក​លូតលាស់​ខ្លាំង ដូច្នេះ​ទើប​អ្នកវិទ្យា​សាស្រ្ត​​សព្វថ្ងៃកំពុង​រកឱសថ​ទប់​កោសិកា​នេះ កុំឲ្យរីក​លូតលាស់​និងមិនឲ្យ​​ដំនើរ​ការ​ត​​ទៅ​​ទៀត​។

កត្តាជំរុញ

លោកវេជ្ជបណ្ឌិត ចាន់ វីរៈ បាន​ពន្យល់​ថា មានមូល​ហេតុច្រើ​ន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ងាយកើត​ជំងឺ​មហារីក ទី១ ទាក់​ទង​នឹង​កត្តា​អាយុ គឺស្រ្តី​ចាប់ពី​៥០ដល់​​វ័យ​៧០​ឆ្នាំ តែង​ប្រឈម​មុខនឹង​ជំងឺនេះ​ច្រើនជាង​គេ ទី២ ទាក់ទង​នឹងកត្តា​តំណ​ពូជ ទី៣ កត្តា​ អ័រ​ម៉ូន​ភេទស្រ្តី គឺស្រ្តី​ដែលឆាប់​មានរដូវ​ពេក​(មុនអាយុ​១២ឆ្នាំ) និងស្រ្តី​ដែល​ងាយ​​មិនងាយ​​អស់រដូវ (ក្រោយ​អាយុ​៥៥ឆ្នាំ) និង​ ស្រ្តី​មិនដែលមាន​កូនឬមាន​កូននៅ​​អាយុចាស់​ពេកក៏​​ប្រឈមមុខ​នឹងជំងឺនេះ​ផងដែរ ទី៤ការ​មិនបំបៅ​ដោះកូន​ក៏​ជា​បញ្ហា​​ប្រឈម​ផងដែរ និង​ទី៥ ទាក់ទង​នឹងកត្តា​បរិស្ថាន មិនហាត់​ប្រាណឬ​មានជំងឺ​​ធាត់​ពេក​ក៏ប្រឈម​នឹងជំងឺ​នេះផង​ដែរ។

ក្រុមស្រ្តីប្រឈមមុខខ្ពស់

​ស្រ្តីគ្រប់រូបអាច​ប្រឈម​មុខនឹង​ជំងឺនេះ ប៉ុន្តែ​គេសង្កេត​ឃើញ​ថាស្រ្តី​ដែល​មាន​​​ជីវភាព​ខ្ពស់ប្រឈម​ជំងឺនេះ​ច្រើន​ជាង​ស្រ្តី​រស់​ក្នុង​ជីវភាព​ក្រីក្រ ដោយ​សារវា​ទាក់ទង​​នឹង​ចំណី​​អា​ហារ និង​ហ្សែន។

រោគសញ្ញា

លោកវេជ្ជបណ្ឌិត ចាន់ វីរៈ បាន​បន្តថា រោគ​សញ្ញាជំងឺ​មហារីក​សុដន មានដូច ជាមាន​ដុំសាច់រ៉ឹង ជាប់​ស្បែក​សុដន​ប៉ែល​មិន​ស្មើ​គ្នា ស្បែក​សុដនទ្បើង​ជ្រីវជ្រួញ និងចុង​​សុដនវៀច​(ជួនកាល​ចុងសុដន​លឹបចូល​ខាងក្នុង) និងជួន​កាលសុដន​ស្រ្តី​ចេញ​​​ទឹក​រងៃ ប៉ុន្តែ​ពេលកើត​តំបូងជំងឺ​នេះគ្មាន​រោគសញ្ញា​នោះទេ។

ការធ្វើរោគវិនិច្ឆ័យ

គេអាចប្រើ​ប្រាស់វិធី​សាស្រ្ត​គាប​សុដន ដើម្បី​រកជំងឺ​មហារីក​នេះ តាម​រយៈ​រូប​ភាព​វេជ្ជសាស្រ្ត ដែលស្រ្តី​មានវ័យ​៥០ឆ្នាំ​ទ្បើង​គួរ​គាប​សុ​ដន​ពីរដង​ក្នុងមួយ​ឆ្នាំ ហើយស្រ្តី​ដែលមាន​ប្រឈម​មុខខ្ពស់គួរ​ពិនិត្យ​មួយឆ្នាំ​ម្តង។ ចំនែក​ស្រ្តីវ័យ​ក្មេង​អា​យុ​​ក្រោម​​៥០​ឆ្នាំ គឺពិបាក​រកឃើញ​សាច់ឬ​កោសិកា​មហារីក​​ណាស់ ព្រោះ​កោសិ​កា​​សុដន​នៅក្រាស់។

វិធីសាស្រ្តការពារ

គេអាចការពារ​ជំងឺនេះ​បានតាម​រយៈ​ការហាត់​ប្រាណ ការ​បំបៅដោះ​កូន ការ​ទទួល​ទានចំណី​អាហារ​មិនសូវ​មានជាតិ​ខ្លាញ់​ មិន​សូវមាន​ជាតិគីមី​ជាដើម។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ២០១៥  

Google Analytics Alternative