ស្រីម៉ុច សម្រស់​ជីដូនកាកី

អ្នកនាង​ស្រីម៉ុច​ជាតារាសម្ដែង​វ័យក្មេង និងមានរូប​សម្ផស្ស​ស្រស់ស្អាត។ អ្នកនាង​ធ្លាប់សម្ដែង​ជាតួឯកក្នុង​បទចម្រៀង​ជីដូនកាកី។ សព្វថ្ងៃនេះ​អ្នកនាងមាន​បុត្រម្នាក់ហើយ ប៉ុន្ដែ​សម្រស់របស់​អ្នកនាង​​​ហាក់នៅតែ​ស្រស់ស្អាតដូចស្រី​ក្រមុំអញ្ចឹង។ តើអ្នកនាង មានវិធីថែរក្សា​សម្រស់បែប​ណាទៅ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រិយមិត្ដធ្លាប់​បានជ្រាបរួចមក​ហើយនូវវិធី​ថែរក្សាសម្ផស្ស​របស់តារា​មួយចំនួន។ សម្រាប់​លេខនេះ ទស្សនាវដ្ដី សុខភាព យើង សូមបង្ហាញជូន​​​លោកអ្នក​​​អំពី​​​វិធីថែរក្សា​​​សម្ផស្ស​​​របស់​​​អ្នកនាង​​​ស្រីម៉ុច​​​ដ៏​​​ស្រស់ស្អាត​​​វិញម្ដង។ តើតារារូបនេះ​មានវិធីថែរក្សា​សម្ផស្សខុសប្លែក​ពីតារាមុនៗ​ដូចម្ដេចខ្លះ?

ការថែរក្សា​ត្របកភ្នែក

សម្រាប់អ្នក​នាងស្រីម៉ុច​ការថែរក្សា​ត្របកភ្នែក​ជារឿងពិបាក។ ព្រោះការ​ផាត់មុខច្រើន​ញឹកញាប់​អាចធ្វើឱ្យរោម​ភ្នែកជ្រុះ ។ នៅពេល​លាងសម្អាត​អ្នកនាងជូតមុខ និងត្របកភ្នែក​យ៉ាងថ្នមៗ​ជាមួយទឹកម្យ៉ាង។ បន្ទាប់មក ទើបអ្នកនាងលាង​ជាមួយសាប៊ូ ធម្មតា ដើម្បីចៀសវាង​ការមានផលអាក្រក់​ចំពោះភ្នែក និងរោមភ្នែក។

ការថែរក្សា​ចិញ្ចើម

អ្នកនាងមិន​ចូលចិត្ដដក ឬ​កោររោម​ចិញ្ចើមច្រើនទេ គឺគ្រាន់តែកោរ​តម្រឹមតែបន្ដិចបន្ដួច​ប៉ុណ្ណោះ ព្រោះអ្នកនាង​ចូលចិត្ដ ចិញ្ចើមបែប​ធម្មជាតិ។ ម្យ៉ាងទៀត អ្នកនាងយល់​ថាការដករោម​ចិញ្ចើមនាំឱ្យ​ចិញ្ចើមឈឺ ឬហើម។ អ្នកនាងជា​នារីម្នាក់​ដែលទាន់ សម័យ និងតុបតែង​ខ្លួនតាមកាលៈទេសៈ ឬស្របតាម​កម្មវិធីនីមួយៗ។ ប៉ុន្ដែគ្រាន់តែ​ប្លែកត្រង់ថា​នៅពេលចេញដើរ​ខាងក្រៅ អ្នកនាង មិនផាត់មុខទេ ព្រោះនេះ​ជាចំណូលចិត្ដ​របស់អ្នកនាង ដែលចង់​ឱ្យស្បែកមុខ​នៅទំនេរស្អាត​តាមបែបធម្មជាតិ​គ្មានលាយឡំនឹង​ជាតិម្សៅ។

ការថែរក្សាសក់

អ្នកនាងទិញ​ផលិតផលអប់​សក់ពីប្រទេសក្រៅ តាមរយៈ​ការណែនាំ​ពីអ្នកជំនាញ​ខាងការថែ​ទាំសក់។ អ្នកនាងកក់​សក់រាល់ ពីរថ្ងៃម្ដង និងកក់ជាមួយ​ក្រែមម្យ៉ាង​សម្រាប់​បន្ទន់សក់។

ការថែរក្សា​បបូរមាត់

ចំពោះ​បបូរមាត់ អ្នកនាងមិន​សូវជាយក​ចិត្ដទុកដាក់ទេ។ ប៉ុន្ដែនៅ​ពេលចេញ​ទៅណា​មកណា អ្នកនាង​ត្រូវតែ​លាបក្រែម ម្យ៉ាងឱ្យ​បបូរមាត់​រលោង ដើម្បីកុំ​ឱ្យប្រេះ។ អ្នកនាង​មិនសូវ​ចូលចិត្ដ​លាបក្រែមអ្វី ដែលមាន​ពណ៌ដិត​ពេកនោះទេ។

ការថែ​រក្សាសុខភាព​មាត់ធ្មេញ

ផ្ទៃមុខ និងធ្មេញ​ជារឿងសំខាន់ ដែលអ្នកនាង​តែងតែ​យកចិត្ដទុក​ដាក់ជាខ្លាំង ព្រោះអ្នកនាង​ស្រឡាញ់ស្នាម​ញញឹម​ញញែម ។ អ្នកនាង​ខ្លាចក្រែង​នៅពេល​សើចដាក់​អ្នកដទៃមិនសម ជាពិសេស​នឹងឋានៈ​របស់អ្នកនាង​ជាតារា។ ម្យ៉ាងទៀត​អ្នកនាងជា​កូនស្រី ត្រូវមានភាព​ស្រស់ស្អាត និងអនាម័យ។ អ្នកនាង​តែងតែទៅ​លាងធ្មេញរៀង​រាល់៣ខែម្ដង។

ការថែរក្សា​ស្បែកមុខ

ស្រីម៉ុច​បែងចែក​ឡេសម្រាប់​លាបនៅពេល​យប់ជាបី​ប្រភេទ គឺឡេ​សម្រាប់លាប​នៅជុំវិញ​ត្របកភ្នែក ឡេលាប​កុំឱ្យមាន ស្នាមជ្រួញ​នៅតាមថ្ពាល់ និងឡេលាប​នៅលើថ្ងាស​ដើម្បីការពារ​ភាពជ្រីវជ្រួញ។ អ្នកនាង​គិតថា​អាយុកាល​របស់មនុស្ស​យើងកាន់​តែច្រើន​ស្បែកយើង​កាន់តែវិវឌ្ឍន៍​ទៅរកភាព​ជ្រីវជ្រួញ។ ដូច្នេះ​យើងត្រូវថែ​រក្សាវាកុំឱ្យ​ជ្រីវជ្រួញឆាប់រ​ហ័ស។

ការថែរក្សា​ស្បែកខ្លួន

អ្នកនាង​តែងតែ​លាបឡេ​ការពារ​កម្ដៅថ្ងៃ ដើម្បី​ទប់ទល់់​កម្ដៅថ្ងៃ​យ៉ាងក្ដៅខ្លាំង។ ជាធម្មតា អ្នកនាង​មិនចូលចិត្ដ​ទៅម៉ាស្សា ឬខាត់​ស្បែកទេ។ អ្នកនាង​ទៅធ្វើស្ប៉ា​ខ្លួនម្ដងម្កាល​នៅពេល​ទំនេរតែ​ប៉ុណ្ណោះ វាមាន​ប្រយោជន៍​ដល់ស្បែក ជួយឱ្យ​ស្បែកម៉ដ្ឋ និងភ្លឺថ្លា។ អ្នកនាងទៅ​ស្ប៉ានៅរាល់​ពេលមករដូវ។ អ្នកនាងមាន​ម៉ាស៊ីនឆ្ពុង​មួយនៅផ្ទះ។ នៅពេលឆ្ពុង អ្នកនាង​លាបក្រែមម្យ៉ាង​នៅលើស្បែក​ជាមុនសិន ទើបចូលទៅឆ្ពុង។ អ្នកនាងឆ្ពុង​រាល់៣ថ្ងៃម្ដង ដើម្បីជួយ​ឱ្យស្បែក​ភ្លឺថ្លាល្អ អស់​ជាតិក្អែល។

ការថែរក្សា​រាងនិង​ទម្ងន់

ការហាត់ប្រាណ បច្ចុប្បន្ននេះ អ្នកនាងមាន​ទម្ងន់៤៥​គីឡូក្រាម អ្នកនាងរក្សា​មិនឱ្យទម្ងន់​នេះឡើង​ទៅទៀតទេ។ ស្រីម៉ុច បានទទួល​ស្គាល់ខ្លួនឯង​ថាអ្នកនាង​ជាមនុស្ស​ពូកែតម។ នៅរៀង​រាល់ពេលព្រឹក ក្រោយពី​ងើបពីគេង អ្នកនាង​ចាប់ហាត់​ប្រាណ​នៅលើក ម្រាលឥដ្ឋ​ដោយយក​ខ្នើយសង្កត់ជើង រួចប្រឹង​ងើបដងខ្លួន​ឡើងឱ្យ​បាន១០ដង។ អ្នកនាង​ហាត់បែបនេះ​តាំងពីនៅលីវ រហូតមកដល់ ពេលនេះ ដើម្បីសម្រក​ក្បាលពោះ។ អ្នកនាង​នៅតែបន្ដ​ហាត់បែបនេះ ព្រោះអ្នក​នាងមានបុត្រ ក្បាលពោះ​អ្នកនាងធំ​ជាងមុនបន្ដិច។ អ្នកនាង​ហាត់ជារៀង​រាល់ថ្ងៃ។ វិធីនេះ​មានប្រសិទ្ធភាព​ងាយស្រួល ហើយមិន​ចំណាយ​លុយទៀតផង។ ហាត់តែរយៈ​ពេលមួយខែ ស្បែកពោះ​របស់អ្នកនាង​ឡើងរឹង និងមិនយាធ្លាក់​ទៀតផង។ ម្យ៉ាងទៀត​ការធ្វើ​ឥរិយាបថ​លើកដុំដែក​ក៏អញ្ចឹងដែរ អ្នកនាងយកដប ទឹកបរិសុទ្ធ​ចំណុះចំនួន​កន្លះលីត្រ ដាក់ទឹក​ឱ្យពេញរួចអ្នក​នាងលើកដៃ​ទាំងសងខាង​ឡើងចុះ។

ការទទួល​ទានអាហារ នៅពេលព្រឹក អ្នកនាងញុំ​នំប៉័ងមួយដុំ ដើម្បីជា​ការទ្រាប់ពោះ។ ប៉ុន្ដែអ្វី​ដែលសំខាន់ អ្នកនាងត្រូវ តែញ៉ាំ​ទឹកក្ដៅ ឬ​ទឹកបរិសុទ្ធ​មួយកែវ​នៅរាល់ពេល​ងើបពីគេង និងនៅ​ពេលរៀប​ចូលគេង។ ពីព្រោះ​អ្នកនាង​យល់ថាទឹក​មានតម្លៃ ណាស់សម្រាប់​សុខភាព​ខ្លួនប្រាណ ក៏ដូចជា​សុខភាព​ស្បែក។ អ្នកនាង​មិនទទួលទាន​អាហារណា​ដែលមាន​ខ្លាញ់ទេ ព្រោះវា​នាំឱ្យអ្នក នាងឡើង​ទម្ងន់រហ័ស។

វិធីសម្រកទម្ងន់ ស្រីម៉ុច​កាត់បន្ថយ​នូវការ​ទទួលទាន​អាហារ​ផ្សេងៗ ហើយងាក​មកបរិភោគទឹក បន្លែ និងផ្លែ​ឈើយ៉ាង ច្រើនជំនួសវិញ។ កាលពីទើប​នឹងសម្រាលកូន ស្រីម៉ុច​បរិភោគ​ច្រើនមិនតម​រយៈពេល​ចំនួនមួយខែ ដើម្បីឱ្យ​មានកម្លាំង។ បន្ទាប់ពីមួយ ខែនោះមក អ្នកនាង​បរិភោគ​តែបន្លែស្ទើរ​តែរាល់ល្ងាច​ជាមួយនឹង​ស៊ុបឱ្យឆ្អែត និងមិន​ទទួលទាន​បាយទេ។ ក្រោយពេល​សម្រាល​បុត្ររួច អ្នកនាង​យកក្អម​ដាក់អំបិលបន្ដិច ហើយដាក់​ក្អមដុតលើ​ចង្ក្រានឱ្យក្ដៅ រួចយក​មកដាក់ស្អំ​នៅលើពោះ ដើម្បីកុំ​ឱ្យក្បាលពោះ​ធំពេក។ អ្នកនាង​ធ្វើបែបនេះ​រយៈពេល១ខែ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការទទួលទានដំណេក

ការទទូលទាន​ដំណេកជារឿង​សំខាន់ណាស់​ដើម្បីសុខភាព ក្នុងមួយ​ថ្ងៃយើងត្រូវគេង​ឱ្យបាន៨ម៉ោង។ ប៉ុន្ដែការ​គេងនោះមិន មែនចេះតែ​គេងឱ្យគ្រប់​៨ម៉ោងនោះទេ។ ជាឧទាហរណ៍ មិនមែន​ចាប់ផ្ដើមគេង​នៅម៉ោងមួយក​ណ្ដាលអាធ្រាត​រហូតដល់​ម៉ោង៣ រសៀល​នោះទេ។ អ្នកនាង​យល់ថាការ​ទទួលទាន​ដំណេក​ឱ្យបាន​ពីក្បាល​ព្រលប់ ហើយភ្ញាក់​ឱ្យបានពី​ព្រលឹមវិញ ជារឿងមួយ​ល្អបំផុត។

បណ្ដាំផ្ញើរ​បស់ស្រីម៉ុច

ស្ដ្រីទាំង​ឡាយមិន​គួរបណ្ដែត​បណ្ដោយ​ខ្លួនឱ្យវិវឌ្ឍន៍​ទៅតាមអាយុ​កាលនោះ​ទេពីព្រោះ​ស្ដ្រីឆាប់ចាស់​ជាងបុរស។ ប្រយ័ត្ន ពេលដើរ​ទន្ទឹមប្ដី គេថាលោក​ស្រីជាបង​ស្រីរបស់​ប្ដីទៅវិញ។ ដូច្នេះត្រូវ​ចេះថែរក្សា​សម្ផស្ស ទោះបី​ជារវល់​យ៉ាងណា​ក៏ដោយ។ ចំពោះ ផលិតផល​ដែលប្រើ​ប្រាស់វិញ មិនត្រូវគិត​ទៅដល់តែ​ផលិតផល​ថ្លៃនោះទេ។ ខ្លួនប្រាណ​របស់យើង​ត្រូវការផលិតផល​ថែរក្សា​ស្បែកមុខ រាងកាយ ឬសក់។ ចំពោះ​ការស្លៀកពាក់ និងក្លិនខ្លួន ត្រូវសម្អាត​ខ្លួនឱ្យ​បានស្អាត និងមាន​អនាម័យ​ជានិច្ច។ ស្ដ្រីដែលស្អាត មិនមែនស្អាតតែ​នៅលើការ​ផាត់មុខតែ​មួយមុខ​នោះទេ។

ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ ៖ ស្រីម៉ុច
  • អាយុ ៖ ២៣ឆ្នាំ
  • គម្ពស់ ៖ ១.៦០ម៉ែត្រ
  • ទំហំទាំបី ៖ ៣៤, ២៥, ៣៦
  • អាជីពពីមុន ៖ តារាបង្ហាញម៉ូដ
  • អាជីពបច្ចុប្បន្ន ៖ តារាសម្ដែង (ឆ្នាំ២០០៤)
  • បងប្អូន ៖ ៥នាក់ (ជាកូនទី៥)
  • ស្ថានភាពគ្រួសារ ៖ រៀបការហើយ មានបុត្រម្នាក់
  • ទីកន្លែងកំណើត ៖ នៅភ្នំពេញ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative