ក្រសួងអប់រំ​ផ្តល់​សិទ្ធ​៣០ថ្ងៃ ឲ្យបេក្ខជន​ប្តឹង​តវ៉ា​លទ្ធផល​ប្រលង​បាក់ឌុប

ក្រសួងអប់រំយុវជន និងកីឡា បានធ្វើការ​ប្រកាស​ថា ប្រសិន​បើ​បេក្ខជន មាតា​បិតា អ្នក​អាណា​ព្យាបាល​ឬអ្នកពាក់​ព័ន្ធ​ដែលមិន​ពេញចិត្ត​នឹងលទ្ធផល​ប្រលង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬបាក់​ឌុបនៅ​ឆ្នាំនេះ អាចមាន​សិទ្ធិប្ដឹង​តវ៉ា​ក្នុងរយៈ​ពេល​៣០ ថ្ងៃ ចាប់ពី​ថ្ងៃប្រកាស​លទ្ធផល ប្រឡង​ នេះតទៅ។

1លទ្ធផលប្រលងបាក់ឌុប ក្រសួង​អប់រំ បាន​ប្រកាស​រួចហើយ​នៅរាជ​ធានី​ភ្នំពេញ និងខេត្ត​កណ្តាល កាលពី​រសៀល​ថ្ងៃទី ១២ កញ្ញា និងបន្ត​ប្រកាស​នៅទូទាំង​ប្រទេស តាម​បណ្តាល​ខេត្តទាំង២៣​ទៀត ចាប់ពី​ម៉ោង៧​ព្រឹក ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៥​នេះ។

យោង​តាម​សេចក្ដីប្រកាស​​ព័ត៌មាន​ របស់​​ក្រសួង​អ​ប់រំ​ ដែល​បាន​ចេញផ្សាយ​​កាលពី​រ​សៀល ថ្ងៃ​ទី​១២ ដែលជា​ថ្ងៃ​ប្រកាស​លទ្ធ​ផ​ល​ប្រលង សំរាប់​មណ្ឌល​ភ្នំពេញ និងខេត្ត​កណ្តាល និងថ្ងៃ​ទី១៣ កញ្ញា នៅ​តាមខេត្ត​ផ្សេងៗ​ទៀតបាន​​ឲ្យ​ដឹង​ថា បេក្ខជន​​ប្រឡង​ ជាប់​​សម័យ​​ប្រឡង​ ឆ្នាំ​២០១៥​​នេះ​ មាន​ចំនួន​​៤៦៥៦០​​នាក់ ​ត្រូវជា​​៥៥,៨​៨​ភាគរយ ​នៃ​បេក្ខជន​​វត្តមាន​​ចំនួន​​៨៣៣២៥​ នាក់ ក្នុងនោះ​មានបេក្ខជន​​ជាប់​និទ្ទេស​A​ មាន​ចំនួន​​១០៨​នាក់ និទ្ទេស​​B​ មាន​​១០៨៥ និទ្ទេស​​C ៣២៩២ និទ្ទេស​​D  ៦០៩៣ និង​និទ្ទេស ​E ​៣៥៩៨២​។ ក្នុងចំណោម​​បេក្ខជន​ជាប់ ​និទ្ទេស​​A​ ទាំង​១០៨​​នាក់​ នោះ​មកពី​​រាជធានី​​ភ្នំពេញ ​៤៨​នាក់ សៀមរាប​ ១៤នាក់ បាត់ដំបង​​៧នាក់ ​ត្បូងឃ្មុំ​ និង​តាកែវ​ ៦​នាក់​​ក្នុង​១​ខេត្ត  ខេត្តកណ្ដាល និង​កំពង់ចាម​ ៥​នាក់​​ក្នុង​១​ខេត្ត  កំពត​៤​​នាក់​ ព្រះវិហារ កំពង់ធំ បន្ទាយ​មានជ័យ ក្រចេះ និង​ព្រះ​សីហនុ​ ២​នាក់​ក្នុង​១​ខេត្ត ហើយ​កំពង់ស្ពឺ ស្វាយរៀង និង​ប៉ៃលិន ម្នាក់​ក្នុង​១​ខេត្ត។

យោងតាមទំព័រហ្វេប៊ុក​របស់​ក្រសួង​អប់រំ បានឲ្យ​ដឹងថា ក្នុងករណី​មិនពេញចិត្ត​នឹងលទ្ធផល​ប្រលងនេះ​បេក្ខជន មាតា​បិតា​ អ្នក​អាណា​ព្យាបាល ឬអ្នក​ពាក់ព័ន្ធ​ដែលមិន​ពេញចិត្ត​នឹងលទ្ធផល នៃការ​ប្រឡង មានសិទ្ធិ​ប្ដឹងតវ៉ា​ក្នុង​រយៈ​ពេល៣០​ (សាម ​សិប) ថ្ងៃ ចាប់ពី​ថ្ងៃប្រកាស​លទ្ធផល​ប្រឡង។ ដោយអ្នក​ប្ដឹងតវ៉ា​ត្រូវសរសេរ​ជាលាយ​លក្ខណ៍​អក្សរ​ត្រឹមត្រូវ មាន​ភស្តុតាង​ មាន​ឈ្មោះ មុខ​របរ អាស័យ​ដ្ឋានច្បាស់​លាស់ និងមាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់​ជាធរ​មាន។ ទំព័រ​ហ្វេសប៊ុក​ខាងលើ​បានឲ្យដឹង​បន្តថា ក្នុងករណី​មានពាក្យ​បណ្ដឹង ឬពិនិត្យ​ឃើញថា ការប្រឡង​មានភាពមិន​ប្រក្រតី​លើកិច្ចការ​របស់​បេក្ខជន និង​លើការ​អនុវត្តភារ​កិច្ច​របស់​គណៈមេ​ប្រយោគ និង​គណៈ​កម្មការ​ផ្សេងៗ ក្រសួង​ត្រូវបង្កើត ​គណៈ​កម្មការ​កោសល្យ​វិច័យ។

ពាក់ព័ន្ធនឹងការប្តឹងជំទាស់​នេះដែរ កាលពី​រសៀល​ថ្ងៃទី១២ កញ្ញា ឆ្នាំ​២០១៥ កញ្ញា ធី សុវណ្ណថា ដែល​មានការ​លេចធ្លោ​នៅ​ក្នុងទំព័រ​ហ្វេសប៊ុក​នោះ បានស្នើ​សុំទៅ​ក្រសួង​អប់រំ ពិនិត្យ​កំណែ​វិញ្ញាសារ​របស់ខ្លួន​ឡើងវិញ បន្ទាប់ពី​ខ្លួនប្រលង​ធ្លាក់។

កញ្ញា​ធី ​សុវណ្ណ​ថា ​បាន​​ប្រកាស​ ដោយ​សរ​សេរ​តាម​​ហ្វេ​ស​ប៊ុ​ក​​របស់​​នាង​​ថា នាង​នឹង​​មិន​តវ៉ា​ និង​​មិន​ធ្វើ​បាតុកម្ម ប្រឆាំង​​នឹង​លទ្ធផល​​ប្រឡង​​នេះ​ទេ តែ​នាង​​នឹង​ស្នើ​​ឲ្យ​ក្រសួង​​អប់រំ​​ពិនិត្យ​​កំណែ​​វិញ្ញាសា​​ររបស់​​នាង​ឡើងវិញ។

កញ្ញា​ធី ​សុវណ្ណ​ថា​ បាន​សរ​សេរ​លើ​​ហ្វេ​ស​ប៊ុ​ក​​របស់​​នាង ហើយ​បង្ហោះ​​កាលពី​រសៀល​ថ្ងៃទី១២ កញ្ញា ​ថា «​ស្ទើរ​​មិន​គួរ​​ឲ្យ​ជឿ​ លទ្ធផល​​បាក់​ឌុប​​របស់ខ្ញុំ​​គឺ “​ធ្លាក់​” ខ្ញុំ​មិន​​ប្រឆាំង​​តវ៉ា និង​មិន​​ធ្វើបាតុកម្ម ប្រឆាំង​​លទ្ធផល​​ប្រឡង​នេះ​​ទេ​ តែ​ខ្ញុំ​នឹង​​ស្នើសុំ​​ក្រសួង​​អប់រំ ដើម្បី​​ពិនិត្យ​​កំណែ​​វិញ្ញាសា​​​របស់ខ្ញុំ​»​។

ការ​សរសេរ​បង្ហោះ​​លើ​អា​ខោ​ន​​របស់​​នាង ក្រោយពី​​នាង​ដឹង​​ថា ​នាង​បាន​​ធ្លាក់​ការ​​ប្រឡង​​បាក់​ឌុប ដែល​​ក្រសួង​បាន​​ប្រកាស​​លទ្ធផល​ជា​ផ្លូវការ​​កាលពី​រ​សៀល​ថ្ងៃ​​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥​​នេះ​។ លទ្ធផល​​នោះ​បាន​​បង្ហាញ​​ឲ្យ​ឃើញ​ថា ​មិ​ន​មាន​​ឈ្មោះ​នាង​​នៅ​ក្នុង​​បញ្ជី​​ឈ្មោះ​ លទ្ធផល​​ប្រឡង​​បាក់​ឌុប​​ឆ្នាំ​នេះ​ឡើយ ហើយ​​លទ្ធផល​​បែបនេះ​ក៏​​បាន​ធ្វើ​ឲ្យ​​នាង​ខកចិត្ត​​មិន​ស្ទើរ​​ទេ ព្រោះ​កាល​ពី​ម្សិលមិញ​​នាង​បាន​​សរសេរ​​លើ​អា​ខោ​ន​​របស់​ខ្លួន​​ថា ​«​ថ្ងៃស្អែក​ ចេញ​លទ្ធផល​​បាក់​ឌុប ប្រសិន ខ្ញុំ​ជាប់​​និទ្ទេស​A​ ត្រូវ​​ទទួល​​រង្វាន់​​ពី លោក ហ៊ុន សែន​​តើ​ខ្ញុំ​ត្រូវ​​ធ្វើ​យ៉ាង​ណា​?​។ ជាពិសេស​​​​ជាង​នេះ​​ទៅ​ទៀត​​បាន​ធ្វើ​​ឲ្យ​នាង​បាក់​អំនួត និង​ត្រូវ​​បាន​​បណ្ដាញ​​សង្គម​​ហ្វេ​ស​ប៊ុ​ក​​ធ្វើការ​​បង្ហោះ​នូវ​​លទ្ធផល​​នៃ​ អំនួត​​របស់​នាង ព្រម​ទាំង​ចែក​ចាយ​ជា​​បន្តបន្ទាប់​​អម​ជា​មួយ​ការ​​ការ​សរ​សេរ​​រិះគន់​​ផង​ដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative