បេក្ខជនជាប់និទ្ទេស​A ឆ្នាំនេះ​កើនជាង​ឆ្នាំមុន​ជិត១០​ជិត​ដង តែ​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​២០១៣ដែរ

ចំនួនបេក្ខជនប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬបាក់​ឌុបនៅ​ឆ្នាំនេះ មាន​​បេក្ខ​ជន​​ជាប់និទ្ទេស​A មាន​ការកើន​ឡើង​ ជិត​១០ដង បើធៀប​នឹងឆ្នាំ​មុនតែ​ចំនួន​នេះ វាប្រហាក់​ប្រហែល​នឹងឆ្នាំ​២០១៣ ដែរ​ដែលជា​ឆ្នាំ​ដែល​ក្រសួង​អប់រំ នៅមិន​ ទាន់​ធ្វើកំណែ​ទំរង់។

897យោង​តាម​​សេចក្ដីប្រកាស​​ព័ត៌មាន ​របស់​​ក្រសួង​​អប់រំ​ ដែល​​បាន​​ចេញ​ផ្សាយ​​​កាល​ពីរសៀល ថ្ងៃទី១២​ ដែលជា​ថ្ងៃប្រកាស លទ្ធផល​ប្រលង សំរាប់​មណ្ឌល​ភ្នំពេញ​ និង​ខេត្ត​កណ្តាល និងថ្ងៃទី​១៣ កញ្ញា នៅ​តាម​​ខេត្ត​ផ្សេងៗ​​ទៀតបាន​​ឲ្យ​ដឹង​ថា​ បេក្ខជន​​ប្រឡង​​ជាប់​សម័យ​​ប្រឡង​​ឆ្នាំ​២០១៥​​នេះ​ មាន​ចំនួន​​៤៦៥៦០​​នាក់​ ត្រូវជា​​៥៥,៨​៨​ភាគរយ ​នៃ​បេក្ខជន​​វត្តមាន​​ចំនួន ​៨៣៣២៥​ នាក់ ក្នុងនោះ​មាន​បេក្ខជន​​ជាប់​​និទ្ទេស​A​ មាន​ចំនួន​​១០៨​​នាក់ និទ្ទេស​B​​ មាន​​១០៨៥ និទ្ទេស​​C ​៣២៩២ និទ្ទេស​​D ៦០៩៣ និង​​និទ្ទេស ​E ៣៥៩៨២​។  ក្នុងចំណោម​​បេក្ខជន​​ជាប់ ​និទ្ទេស​​A ​ទាំង​១០៨​​នាក់​នោះ ​មកពី​​រាជធានី​​ភ្នំពេញ​​៤៨​នាក់ សៀមរាប​​១៤នាក់ បាត់​ដំបង​​៧នាក់  ​ត្បូងឃ្មុំ​ និង​តាកែវ​​៦​​នាក់​​ក្នុង​១​ខេត្ត  ខេត្ត​កណ្ដាល និង​កំពង់​ចាម​​៥​នាក់​​ក្នុង​១​ខេត្ត  កំពត​៤​​នាក់​ ព្រះវិហារ កំពង់ធំ​ បន្ទាយ​មានជ័យ ក្រចេះ និង​ព្រះ​សីហនុ​​២​នាក់​ក្នុង​១​ខេត្ត ហើយ​​កំពង់ស្ពឺ ស្វាយរៀង និង​​ប៉ៃលិន ម្នាក់​ក្នុង​​១​ខេត្ត។

ចំនួននេះបើប្រៀប​ធៀប ទៅនឹងឆ្នាំ​មុនឃើញ​ថា មានការ​កើនឡើង​ជិត១០​ដង ដែលឆ្នាំ​មុន​ប្រលង បាក់ឌុប​ឆ្នាំ​២០១៤ គឺជា​ឆ្នាំ ដែលក្រសួង​អប់រំ​យុវជន និងកីឡា​បានធ្វើ​កំណែ​ទំរង់​ជាលើក​ដំបូង​មាន បេក្ខជន​ជាប់​និទ្ទេស​ A ចំនួន​១១​​នាក់ និង​​និទ្ទេស B​ ចំនួន​២៨០​​នាក់​សំរាប់​ប្រលង​លើក ទី១ក្នុង ចំណោម​បេក្ខជន​ប្រលង​ជាប់ចំនួន​២៣១២៦​​នាក់ ត្រូវជា​ ២៥,៧២ ភាគ​រយ ក្នុង​ ចំណោម​បេក្ខជន​ចូលរួម ប្រលង​ជិត៩ម៉ឺន​នាក់។  រីឯប្រលង លើកទី​២វិញ មិនមា​នបេក្ខជន​​ប្រលង​ជាប់និទ្ទេស​ A  និង B​ទេគឺ​​ទទួល​​បាន​និទ្ទេស​ C ចំនួន​​១​នាក់ និទ្ទេស D ចំនួន​​៥៥​នាក់ និង​​និទ្ទេស E ចំនួន ១​០.៨១៥​ នាក់ក្នុង​បេក្ខជន​ប្រលង ជាប់​ ១០៨៧១​ នាក់ ត្រូវជា​១៧,៩៤​ភាគរយ។  សរុបមក​ឆ្នាំមុនមាន បេក្ខជន​ប្រលង​ជាប់ចំនួន ជាង​៣៣៩៩៧​នាក់ ស្មើនឹង​ជាង ​៤០,៦៧%​ភាគរយ។ ប៉ុន្តែឆ្នាំ​នេះក្រសួង​អប់រំ​យុវជន និងកីឡា​មិនរៀបចំ ប្រលង​លើកទី២ ដូចកាល​ពីឆ្នាំ​២០១៤ កន្លង​ទៅ​ នោះ​ទេ។

បេក្ខជន​ដែល​​ប្រឡង​ជាប់ ​បាន​និទ្ទេស​ A ១១​នាក់ ក្នុងនោះ​នៅ​ភ្នំពេញ​ជាប់ ៣​នាក់ ១. ផាង វ៉េងឣាន ​(ប្រុស)  ២. សម្បត្តិ វិបុលរ័ត្ន (ស្រី)  ៣. នាង បូរា ​(ប្រុស)​។  កណ្តាល ជាប់និទ្ទេស​A២ នាក់​៤. រ៉េន សុខពេជ្រ (ប្រុស)​ ៥. ឈីវ ស៊ីសាង​ (ប្រុស)។កំពង់ឆ្នាំង ១ នាក់  ៦. ចាន់ ពិចិត្រ (ប្រុស) កំពង់ចាម ១ នាក់  ៧. អិត ស្រីពៅ (ស្រី) ព្រៃវែង ១ នាក់  ៨. យាន សោភា  (ស្រី ) សៀមរាប ២ នាក់  ៩. អ៊ិន សុខផល្គុន (ស្រី)  ១០. វណ្ណ លីដា (ប្រុស) កំពង់ស្ពឺ ១ នាក់  ១១. ចាន់ កិត្យាភារ៉ា(ស្រី)។ ពួក​គេ​ទាំង១១​នាក់ បានទទួល​ការគាំទ្រយ៉ាង​ខ្លាំងពី​សំណាក់ ប្រមុខ​រាជរដ្ឋា​ភិបាល ថ្នាក់ដឹក​នាំក្រសួង និង​ស្ថាប័ន​នានា​ ផ្តល់​រង្វាន់​លើកទឹក​ចិត្តដល់​ពួកគេពិសេស​ពីប្រជាពល​រដ្ឋទូទាំង​ប្រទេស​តែម្តង។

ប៉ុន្តែយ៉ាងណាក៏ដោយ ចំនួន​បេក្ខជន​ប្រលង​ជាប់និទ្ទេស A នៅឆ្នាំ​នេះមាន ចំនួន​ប្រហាក់​ប្រហែល​នឹង ឆ្នាំ២០១៣​ដែល​ជាឆ្នាំ​ ដែល​ក្រសួង​អប់រំ​យុវជន និងកីឡា​នៅមិនទាន់ ធ្វើ​កំណែ​ទំរង់​នៅឡើយ​ពោលគឺ​ជំនាន់​លោកអ៊ឹម​សិទ្ធី​ជារដ្ឋ​មន្ត្រី។

តាមរបាយការណ៍បាន​ឲ្យដឹងថា កាលពី​ឆ្នាំ​២០១៣​មានបេក្ខជន​ប្រលង​ជាប់បាក់​ឌុប ចំនួន​៨៦,៤៨% ក្នុង​ចំណោម បេក្ខជន​ ចូល​រួមប្រលង​សរុប​១១៤៤១៤​នាក់។ ក្នុងចំណោម​នោះដែរ​មានបេក្ខជន​ប្រលង​ជាប់និទេ្ទស​A ចំនួន​១០៥នាក់​ដែល ៥៨នាក់​ នៅមណ្ឌល​​ប្រលង​រាជធានី​ភ្នំពេញ នឹងនិទេ្ទស​B មាន៣៥០៥​នាក់ និទ្ទេស​C ១៧៨០១​នាក់ និទ្ទេសD ៣៧៥២២​នាក់​ និង​និទ្ទេស​E មាន៣៧០៩០​នាក់។

ពាក់ព័ន្ធនឹងបេក្ខជនប្រលង​ជាប់ច្រើន​ជាងឆ្នាំ​មុននេះ​ដែរ លោកហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន និងកីឡា បាន​ មាន​ប្រសាសន៍​ថាមូលហេតុ​ដែលសិស្ស មានអត្រា​ប្រលង​ជាប់ច្រើន​ជាងឆ្នាំ​មុន គឺដោយ​សារតែនៅ​ឆ្នាំនេះ សិស្ស​បាន​ត្រៀម លក្ខណ​បានល្អ​ប្រសើរ ពោលគឺ​ពួកគាត់​បានទទួល​ការ​បំប៉ន​បន្ថែម មេរៀន​សំខាន់ៗ​ចំនួន៤គឺ​រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា និង គណិតវិទ្យា ដែលមាន​ការជួយ​ជ្រោមជ្រែង​ពីក្រសួង​អប់រំ​យុវជន និងកីឡា សហពន​សហព័ន្ធ យុវជន​កម្ពុជា ក្រុមការ​ងារថ្នាក់​ ជាតិចុះ​ជួយតាម​មូលដ្ឋាន​លោកគ្រូ​អ្នគ្រូ​ដែលធ្វើឲ្យ​សិស្ស​ប្រលង​ឆ្នាំនេះ​មានសមត្ថ​ភាពពិត​ប្រាកដ។ លោករដ្ឋ​មន្ត្រី បន្តថា​ «សិស្ស​ជាប់ឆ្នាំ​នេះគឺជាប់​ដោយសមត្ថ​ភាពពិត​ប្រាកដ​គឺថាសិស្ស​ពូកែគឺ​ពូកែមែន»។

លោកហង់ ជួនណារ៉ុន បាន​សំណូម​ពរដល់​សិស្ស​ដែលប្រលង​ធ្លាក់ សូមកុំ​អស់​សង្ឃឹម​អាចចូល​រៀន​ឡើងវិញ។ បើមិន​ចង់​ រៀន​ទេអាច​ទៅស្វែង​រកមុខ​ជំនាញ​វិជ្ជាជីវៈ​តាមសាលា​បណ្តុះ​បណ្តាល​នានាឬអាច​រៀនបំពេញ​វិជ្ជា​ឬស្វ័​យរិន​ក៏បាន។

អ្នកជំនាញផ្នែ​កអប់រំ​បានផ្តល់​យោបល់ថា​ ការ​ប្រឡង​​ធ្លាក់ មិន​មាន​​ន័យ​ថា ​បេក្ខជន​​ដើរ​ដល់​​ចំណុច​​ទាល់ច្រក​​ទេពោល​ គឺ​មាន​ផ្លូវជាច្រើន​ដែលត្រូវ​ជ្រើសរើស​ដើរ។ មានជំរើស​ចំនួន​​៣​ប្រភេទ ដែល​​សិស្ស និង​​បេក្ខជន​​ស្វ័យរិន អាច​​បន្ត​រៀន​​បាន​គឺ ទី​១ អាច​រៀន​ត្រួតថ្នាក់​ទី​១២​ឡើងវិញ ទី​២​អាច​​រៀន​ជំនាញ​​បច្ចេក​វិជ្ជា​ផ្សេងៗ និង​ទី​៣ អាច​រៀន​​បរិញ្ញាបត្រ​​រង​១​ឆ្នាំ បូក​​និង​មួយ​​ឆមាស​ ហើយ​​បន្ត​រៀន​​៤​ឆ្នាំ យក​​បរិញ្ញា​បត្រ។ ​ការ​រៀន​​ពី​បរិញ្ញា​បត្រ​រង ទៅ​ជា​​បរិញ្ញា​បត្រ​នេះ គឺជា​​សញ្ញាប័ត្រ​​ចុងក្រោយ ដែល​​ក្រសួង​​អប់រំ បាន​​ទទួល​​ស្គាល់ ថា​មាន​តម្លៃ​ជាង​​សញ្ញាប័ត្រ​​មធ្យម​សិក្សា​ទុ​តិយភូមិ ដែល​ពួក​គេ​មិន​បាន​ប្រឡង​​ជាប់​នោះ។

ប្រលងបាក់ឌុបឆ្នាំនេះ បានប្រព្រឹត្ត​ទៅកាល​ពីថ្ងៃ​ទី២៤ និង២៥ សីហា នៅគ្រប់​រាជធានី​ខេត្ត ចំនួន ១៥០ មណ្ឌល ចែក​ចេញជា​ ៣៤២៧ បន្ទប់ មាន​បេក្ខជន​ប្រលង​ចំនួន​៨៣៣២៥​នាក់ ក្នុងនោះ​បេក្ខជន​៧០៩៧៣​នាក់ មកពី​គ្រឹស្ថាន សិក្សា​រដ្ឋ និងបេក្ខ​ជន​ ៤៥២៧​នាក់ មកពីគ្រឹស្ថាន​សិក្សា​ឯកជន និង​បេក្ខជន​ចំនួន៣​៤៩៤ជា​បេក្ខជន​ស្វ័យរិន។ ក្នុងដំណើរ​ការ ប្រលង​ឆ្នាំនេះ ក្រសួង​ អប់រំ បានចំណាយ​ថវិកា​ប្រមាណ​៣លាន​ដុល្លា​អាមេរិក ដោយប្រើ​ប្រាស់បុគ្គលិក ប្រមាណ២​ពាន់នាក់ ពោលគឺក្នុង​ចំណោម​ បេក្ខជន​ម្នាក់ចំណាយ​ប្រមាណ​១៣ម៉ឺន​រៀល។

នៅក្នុងរយៈពេលពីរថ្ងៃ នៃការប្រលង​បាក់ឌុប​នៅឆ្នាំនេះ មានបេក្ខជន​ប្រលង មាន​បញ្ហា​សុខភាព ចំនួន​ជិត៧០​នាក់ ក្នុងនោះ​ មាន​បេក្ខជន​ខ្លះដួល​សន្លប់​ហើយ​ពិសេស​នៅ ថ្ងៃទី​២៥ សីហា ដែលជា​ថ្ងៃប្រលង​បញ្ចប់នៃការ​ប្រលង​មានរឿង​គួរឲ្យ​ភ្ញាក់​ផ្អើល​ បាន​កើតឡើង​នៅមណ្ឌល​ប្រលង​ខេត្ត​កោះកុង។  ដោយមាន​បេក្ខនារី​ម្នាក់ នៅ​មណ្ឌល​អនុវិទ្យាល័យ ជាស៊ីម ស្មាច់​ មាន​ជ័យ ខេត្តកោះកុង បានឈឺពោះ​សម្រាលកូន ដោយពុំបាន​ប្រឡង​មួយវិញ្ញាសា​ចុងក្រោយ​នៃថ្ងៃបញ្ចប់​ទៀតផង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative