រដ្ឋមន្រ្តីសុ​ខាភិបាល បើក​សនិ្នសីទ​ទន្ត​សាស្រ្ត​អន្តរជាតិ​​លើក​ទី៧

រដ្ឋមន្រ្តីសុខាភិបាល លោក​វេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង បានអញ្ជើញ​ចូលរួម​​បើក​ស​ន្និ​សីទ​ទន្ត​សាស្រ្ត​អន្តរជាតិ​លើកទី​៧ ដែល​លោកចាត់ទុក​វិស័យ​នេះជា គឺជាផ្នែក​​មួយ​ក្នុង​វិស័យ​​សុខាភិបាល​ដែលបានរួម​ចំណែកយ៉ាង​សំខាន់ ដល់ការ​​អភិវឌ្ឍន៏​​សេដ្ឋ​កិច្ច​សង្គម និងការ​កាត់បន្ថយ​ភាព​ក្រីក្រ។

2លោក​ទន្តបណ្ឌិត សុខុម រិទ្ឋីវុធ ប្រធាន​ក្រុម​ប្រឹក្សា​គណះទន្ត​ពេទ្យ​​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធីបើក​សន្និសីទ​កាលពីថ្ងៃ​ម្សិលម៉ិញ​ ថា ក្នុងច​រន្ត​​សមាហ​រណ​កម្មក្នុងតំបន់ និង​សាកល​​ភាវូបនី​យកម្ម និងក្នុង​យុគសម័យ​វិទ្យាសាស្រ្ត​បច្ចេកវិទ្យា ជឿន​លឿន ធន ធាន​បញ្ញាវន្ត​យើង តម្រូវមាន​សមត្ថភាព​ខ្ពស់ប្រកប​ដោយបទ​ពិសោធន៏ មាន​សី​ល​ធម៌​ល្អ មានការ​ទទួល​ខុសត្រូវ​ក្នុងវិជ្ជា​ជីវះ​របស់​ខ្លួន ដែលធ្វើ​ឲ្យមាន​ជំនឿ​ទុកចិត្ត​ពី​​អតិថិជន។

លោកបន្តទៀតថា ​“ដើម្បីធានា​បាននូវការ​អភិវឌ្ឍន៏​ដោយ​ចិរភាព រាជ​រដ្ឋា​ភិ​បា​ល​កម្ពុជា បាន​អនុវត្ត​ជាជំហ៊ានៗ និង​ដោយ​ជោគ​ជ័យ​នូវយុទ្ធសាស្រ្ត​អភិវឌ្ឍន៏​មុំមួន ដែលក្នុង​​នោះ ការក​សាងសមត្ថភាព​ធនធា​បញ្ញាវន្តជា​ការចាំបាច់​បំផុត”។  លោក​​បន្ត​ថា  “ពិតណាស់​ការអភិវឌ្ឍន៏​សមត្ថភាព​វិជ្ជាជីវះ ជាកត្តា​មួយដ៏សំខាន់​មិនអាច​ខ្វះ​​បាន នាសម័យ​ចរន្ត​សមាហរណ​កម្ម​សេវា​កម្មឆ្លង​ដែនក្នុង​តំបន់ និងសាកល​លោក ជាពិ​សេ​​ស​ការលើក​ដំកើន កិត្យា​នុភាព ឥស្សរ​ភាព និងសេចកី្ត​ថ្លៃថ្នូរ​ក្នុងការ​ប្រកប​​វិជ្ជា​ជីវះ”។

​លោកវេជ្ជបណិ្ឌត ម៉ម ប៊ុនហេង បានថ្លែង​ថា “វិស័យ​ទន្តសាស្រ្ត​គឺជាផ្នែកមួយ​​ក្នុង​​វិស័យ​​សុខាភិបាល ដែលបាន​រួមចំណែក​យ៉ាងសំខាន់ ដល់ការអភិវឌ្ឍន៏​​សេដ្ឋកិច្ច​​សង្គម និងការ​កាត់បន្ថយ​ភាព​ក្រីក្រ​នៅកម្ពុជា​ តាមរយះ​ការលើក​កម្ពស់​​សុខភាព​​មាត់​ធ្មេញ ដើម្បីពង្រឹង​នូវការទ្រ​ទ្រង់​រាង្គ​​កាយ​របស់​មនុស្ស ដែលផ្តល់​នូវសុខភាព​​កាន់​តែ​ប្រសើរ​ឡើង និងផ្តល់​ឱកាសដល់​ប្រជាពលរដ្ឋ​​ចូលរួម​​យ៉ាងពេញ​ទំហឹង ក្នុង​​ស​កម្មភាព​លើកស្ទួយ​ជីវភាពរស់​នៅកាន់តែល្អ​ប្រសើរ ស្របតាម​យុទ្ធសាស្រ្ត​​ចតុ​កោ​ណ​​ដំណាក់កាលទី៣​របស់រាជរដ្ឋា​ភិបាល”។

លោករដ្ឋមន្រី្តបានសូម​ឲ្យទន្តពេទ្យ​​ទាំងអស់ បន្តពង្រឹង​ក្នុងការផ្តល់​​សេវា​​ទន្ត​សាស្រ្ត ដោយកិតិ្ត​យស និងឥស្សរ​ភាព​វិជ្ជាជីវះ​ ដើម្បីបន្តភាព​ឈានមុខ​ក្នុង​វិស័យ​​សុខាភិបាល​ក្នុងព្រះ​រាជាណា​ចក្រ​កម្ពុជា ក៏ដូច​ជាការត្រៀម​លក្ខណះ​សម្បតិ្ត​សមា​ហរ​ណ​កម្មក្នុង​តំបន់អាស៊ាន​នាបំណាច់​ឆ្នាំ២០១៥ ស្របតាម​កិច្ច​ព្រម​ព្រៀងសី្តពី​ការ​ទទួលស្គាល់​គ្នាទៅវិញ​ទៅមក លើសេវា​កម្មក្នុង​ក្របខណ្ឌ​អាស៊ាន។ទន្ទឹមនឹង​នេះ ក្រសួង​សុខា​ភិបាល​បានផ្តោត​ការយកចិត្ត​ទុកដាក់ និងមានវិធាន​ការចំពោះ​អ្នក​ផ្តល់​​សេវា​សុខា​ភិបាល ទាំងសា​ធារណៈនិងឯកជន ដែលគ្មាន​គុណ​​វុឌ្ឍិ គ្មាន​សីលធម៌​វិជ្ជា​ជីវះ គ្មាន​អាជ្ញាប័ណ្ណ ដែលធ្វើឲ្យ​ប៉ះ​ពាល់ដល់​ឥស្សរភាព និងកិត្តិ​យស​វិជ្ជាជីវះ ពិសេសដូច​ជាការចម្លង​រោគរលាក​ថ្លើម និងHIV​នាំឲ្យបាត់បង់​​សុវតិ្ថភាព នៃការ​រស់​​នៅរបស់​ប្រជាពល​រដ្ឋ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative