គ្រូពេទ្យ​យុវជន​​សម្តេច​តេជោ សហការ​ជាមួយ​មន្ទីរ​ពេទ្យ​ជោរ៉ៃ ផ្តល់​ការ​ព្យាបាល​ដល់​អ្នក​ជំងឺក្រីក្រឥតគិតថ្លៃ

ក្រុមគ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេជោ សហការ​ជាមួយ​មន្ទីរ​​ពេទ្យ​ជោរ៉ៃ​ភ្នំពេញ​បាន​សហការ​គ្នា​ដើម្បី​ផ្តល់ការ​ព្យា​បាល​អ្នកជំងឺ​ក្រីក្រ​​ដោយ​​ឥតគិត​ថ្លៃ រយៈ​​ពេលបី​ថ្ងៃចាប់​ពីថ្ងៃទី១០ ដល់​១២ កញ្ញា​ខាង​មុខនេះ។

1លោក ងី ហុងណាម អគ្គ​នាយក​មន្ទីរ​ពេទ្យជោ​រ៉ៃ​ភ្នំពេញ បាន​ថ្លែងឲ្យ​ដឹងថា មន្ទីរ​ពេទ្យ​ជោរ៉ៃ សាង​សង់ទ្បើង​ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​នាយក​រដ្ឋមន្រ្តី​នៃប្រទេស​ទាំងពីរ គឺសម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​នាយក​រដ្ឋមន្រ្តី ង្រ្វៀន តាន់យ៉ុង នៃ​​សាធា​ រណៈ​រដ្ឋវៀត​ណាម។  លោកបន្ត​ថា នេះជា​លើកទី​១ហើយ ដែល​មន្ទីរ​ពេទ្យ​​ជោរ៉ៃ បាន​សហការ​ជាមួយ​ក្រុមគ្រូ​ពេទ្យស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ ដើម្បីផ្តល់​​ការព្យាបា​ល​ដល់អ្នក​ជំងឺក្រីក្រ ប៉ុន្តែ​វាជា​លើកទី២​សម្រាប់​មន្ទីរ​ពេទ្យដែល​បានផ្តល់​​ការ​ព្យា​បាលដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយឥត​គិតថ្លៃ។

លោកបន្តថា ចាប់តាំងពី​បើកដំណើរ​ការរហូត​មកទល់​ពេលនេះ មន្ទីរពេទ្យ​​បាន​ផ្តល់ការ​ព្យាបាលដល់​ប្រជាពល​រដ្ឋចំនួន​ជាង ១០ម៉ឺន​នាក់ និងបាន​ធ្វើការវះ​កាត់​អ្នកជំងឺ​ស៊ី​​ជម្រៅ និងស្មុគ្រ​ស្មាញ​តាមបច្ចេក​វិទ្យាទំនើប​ចំនួនជាង​៨០០​ហើយ បាន​​ទទួល​ការជា​សះស្បើយ​១០០​ភាគរយ។ លោកបន្ត​ថា សេវាកម្ម​ពិនិត្យ និង​ព្យាបាល​ជំងឺនៅ​ទីនេះ ធ្វើទ្បើង​តាមស្តង់ដា​វេជ្ជសាស្រ្ត​ និង​ប្រកបដោយ​ក្រមសីលធ៌ម​ខ្ពស់ ក្រោមការ​ជួយជ្រោម​ជ្រែងពីគ្រូ​ពេទ្យកម្ពុជា និងក្រុម​គ្រូពេទ្យ​មកពីមន្ទីរ​ពេទ្យជោរ៉ៃ​​ប្រទេស​វៀតណាម។

តាមគំរោងរយៈពេលបី​ថ្ងៃនេះ ក្រុមគ្រូ​ពេទ្យយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេជោ និងគ្រូពេទ្យនៃ​មន្ទីរពេទ្យ​ជោរ៉ៃ​ភ្នំពេញ នឹងផ្តល់​ការព្យាបាល​ដល់ប្រជាពល​រដ្ឋក្រីក្រ ចំនួន​៥០០នាក់។

លោកស៊ូ សុផាន់ណា ប្រធាន​ផ្នែកប្រតិបត្តិ​នៃក្រុមគ្រូ​ពេទ្យស្ម័គ្រ​ចិត្តយុវជន​​សម្តេច​តេជោ បានថ្លែង​អំណរ​គុណ​ដល់មន្ទីរ​ពេទ្យ​ជោរ៉ៃ​ភ្នំពេញ ដែលលោក​បានចាត់​ទុក​ជាប្រវត្តិ​សាស្រ្តថ្មី​មួយទៀត នៃកិច្ច​សហប្រតិ​បត្តិការ​រវាងស្ថាប័ន​ទាំងពីរ ក្នុង​​ការ​ផ្តល់​សេវា​ព្យាបាលដល់​ប្រជាពលរដ្ឋ​ដោយឥត​គិតថ្លៃ។  លោកបាន​រំលឹក​ពីការបង្កើត​ក្រុមគ្រូ​ពេទ្យយុវជន​សម្តេច​តេជោ និងបាន​ចុះជួយ​ព្យាបាល​ដល់ប្រជាពល​រដ្ឋ​ក្រីក្រ នៅតាម​តំបន់ដាច់​ស្រយាល​លើខេត្ត រាជធានី​ជាច្រើន ដោយបាន​ជួយពិនិត្យ​​ព្យា​បាល​ដល់ប្រជា​ពលរដ្ឋ​រាប់ម៉ឺន​នាក់ ដោយមិន​គិតពីព៌ណ​សម្បុរ ឬនិន្នាការ​នយោ​បាយ​​ទ្បើយ។

លោកបន្តថា ក្រុមគ្រូ​ពេទ្យស្ម័គ្រ​ចិត្តយុវជន​សម្តេច​តេជោ ត្រូវបាន​ផ្តួចផ្តើម បង្កើតទ្បើង​ដោយសម្តេច​អគ្គ​មហាសេនា​បតី​ តេជោ ហ៊ុន សែន និងសម្តេច​កិត្តព្រឹទ្ឋ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាត​ក្រហម​កម្ពុជា ដើម្បីចុះ​ជួយព្យាបាល​​និងសម្រាល​ទុកលំបាក​ប្រជាពល​រដ្ឋ ក៏ដូចជា​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​ផងដែរ។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative