៨ខែ​ឆ្នាំនេះ ​គ្រោះ​ធម្មជាតិ​ បាន​សម្លាប់​​មនុស្ស​៧៦នាក់ និង​​របួស​១៨៨នាក់

គ្រោះធម្មជាតិ​នៅ​ក្នុង​រយៈ​ពេល៨ខែ​​ឆ្នាំ២០១៥​នេះ ​បាន​កើត​ឡើង​ចំនួន​១៨៦​លើក និង​​សម្លាប់​​មនុស្ស​៧៦នាក់​ និង​​របួស​ ១៨៨ នាក់​ ព្រមទាំង​​បាន​បំផ្លាញ​​លំនៅស្ថាន ​របស់​​បងប្អូន​​ប្រជាពល​រដ្ឋ​​អស់​រាប់​​រយ​ខ្នង​​បន្ថែមទៀត។

2លោក កែវ វី អ្នកនាំ​ពាក្យ​នៃ​​គណៈ​កម្មាធិការ​​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​បាន ឲ្យដឹង​ថា ក្នុង​រយៈ​ពេល៨ខែ​​ក្នុង​ឆ្នាំ​២០១៥​ នេះ​​បាតុភូត​​ភ្លៀង​ និង​ខ្យល់​​កន្ត្រាក់​ បានកើត​​ឡើង​ចំនួន​១៨៦​លើក ​ធ្វើ​ឲ្យ​​មនុស្ស​១២នាក់​ស្លាប់ និង​១៣០​នាក់​​ទៀត រងរបួស​​លើសពី​នេះ និង​បាន​បង្ក​​ឲ្យ​មាន​ការ​ខូច​ខាត ផ្ទះ​សម្បែង​​របស់​​ពលរ​ដ្ឋ​​ធ្ងន់ធ្ងរ​មាន​​ចំនួន​១៦១៦​ខ្នង និង​ខូច​ខាត​ជា​​មធ្យម​​ចំនួន​ ៦ពាន់១៤៦ខ្នង​​រួមទាំង​​សាលារៀន​​ចំនួន​៤០អគារ និង​អគារ​ផ្សេងៗមាន​​ចំនួន​២៦អគារ។

លោក​បន្តថា​ចំពោះ​​ករណី​​រន្ទះបាញ់​​វិញ​ មកដល់​ពេលនេះ​ បានសម្លាប់​​មនុស្ស​៦៤នាក់​ រងរបួស​៥៨នាក់ និង​​សត្វ​ពាហនៈ​​ចំនួន​​៤០ក្បាល់ ​បាន​ស្លាប់។ ចំនួន​នេះ​បើ​​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ដូចគ្នា​​កាលពី​ឆ្នាំ​២០១៤ ចំពោះ​​គ្រោះថ្នាក់​​ដោយ​ខ្យល់​ព្យុះ​មានការ​​កើនឡើង​ប្រហែល​៥០ភាគរយ ប៉ុន្តែ​គ្រោះ​ថ្នាក់​ដោយសារ​​រន្ទះ​បាញ់​វិញ គឺ​ប្រហាក់​ប្រហែល​កាល​ពី​ឆ្នាំ​កន្លង​ទៅ​​ដែរ។  មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​បាតុភូត​​ខ្យល់​កន្ត្រាក់​​មានការ​កើនឡើង​​ដោយសារ ប្រទេស​​កម្ពុជា​​មានការ​ប្រែ​ប្រួល​អា​កាស​​ធាតុ និង​ទទួល​រង​ព្យុះ​​ក្នុង​តំបន់​​ផងដែរ។

លោក ​កែវ ​វី ​បាន​បញ្ជាក់ថា កត្តា​​ខាងលើនេះ បណ្តាល​មកពី​ការប្រែ​ប្រួល​​អាកាស​ធាតុ ព្រោះថា​ អាកាស​ធាតុ​​វា​ពាក់​ព័ន្ធ​នឹង​​បាតុភូត​ធម្មជាតិ​​ដែល​អាច​​កើតមាន​ឡើង​ដូច​ជា​ខ្យល់​ព្យុះ​ក្នុង​​តំបន់ វា​កើត​មាន​ច្រើន​​ពេល​យប់ និង​មាន​​នៅតាម​​បណ្តាល​​ខេត្ត​ច្រើន​វា​អាច​បង្កើត​ជា​ជ្រលង​​សំពាធ​​ទាប ឬ​ជ្រលង​​​វិសំ​ពាធ​​ដែល​បង្ក​​ឲ្យ​មាន​ភ្លៀង មាន​ខ្យល់​​តិច ឬ​ខ្លាំង​​មកលើ​​កម្ពុជា ដែលជា​​ហេតុ​នាំ​​ឲ្យ​មាន​គ្រោះ​ធម្មជាតិ កើតឡើង​​នៅ​កម្ពុជា។  លោក​​បាន​បញ្ជាក់​​បន្ថែម​​ថា ​ខេត្ត​ដែល​​រងគ្រោះ​​ដោយសារ​​បាតុភូត​ធម្ម​ជាតិ​​ធ្ងន់ធ្ងរ​​ជាងគេ​គឺ មាន​ខេត្ត​កំពង់ចាម ព្រះវិហារ ឧ​ត្ត​រ​​មានជ័យ បាត់ដំបង បន្ទាយ​មានជ័យ និង​ខេត្ត​ពោធិ៍សាត់។ លោក​ ក៏​បាន​អំពាវ​នាវ​ដល់​​ប្រជាពល​រដ្ឋ​ឲ្យ​មាន​ការ​ប្រុង​​ប្រ​យ័​ត្ត​ជា​និច្ច ក្នុងករណី​​មាន​ភ្លៀង​ត្រូវ ប្រុង​កុំ​​ប្រើ​ទូរស័ព្ទ និង​មិន​ត្រូវ​កាន់​វត្ថុ​​ណា​ដែល​មាន​ជាតិ​ដែក​​ហើយ​កុំ​ជ្រក​​ភ្លៀង​នៅ​ក្រោម​ដើម​ឈើ​ដាច់ខាត។

ដើម្បី​បង្ការ​ការពារ​គ្រោះ​បាតុ​ភូត​ធម្ម និង​បង្កើន​​ការយល់​ដឹង​អំពី​​ការកាត់​បន្ថយ និង​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​​ឲ្យ​បាន​​ទូលាយ​​ដល់​មូលដ្ឋាន​​ត្រូវ​ផ្ដោតលើ​​ចំណុច​សំខាន់​៣ គឺ​បង្កើន​​កម្រិតយល់ដឹង​​ក្នុងចំណោម​​សហគមន៍ ពិសេស​​ស្ត្រី​​និង​កុមារ លើក​កម្ពស់​​សហគមន៍​​ឲ្យ​មាន​ភាព​ធន​​នឹង​គ្រោះ​មហន្តរាយ និង​សុវត្ថិភាព​​ឲ្យ​កាន់​ប្រសើរ តាមរយៈ​តួនាទី​​ទទួលខុស​ត្រូវ​របស់​​សហគ​មន៍ និង​អាជ្ញាធរ​​គ្រប់​​កម្រិត ដើម្បី​កាត់​បន្ថយ​ហានិភ័យ​​គ្រោះមហន្ត​រាយ និង​ចំណុច​​ចុងក្រោយ​​ជំរុញ​​កិច្ចប្រឹង​ប្រែង​និង​​បង្កើន​ភាព​​មើលឃើញ​​លើ​តួនាទី​​របស់​​អាស៊ាន និង​លើក​កម្ពស់​វិធីសាស្ត្រ​​ក្នុងការ​កាត់​បន្ថយ​​ហានិភ័យ​​គ្រោះមហន្ត​រាយ​​ចំពោះ​​សាធារណ​ជន​​ទូទៅ។ ការងារ​គ្រប់​គ្រង និង​កាត់​បន្ថយ​​គ្រោះ​មហន្តរាយ​​គឺជា​ភារ​កិច្ច​​របស់​​មនុស្ស​​គ្រប់គ្នា៖ ដោយ​ត្រូវ​​កសាង​​សមត្ថភាព​​យល់ដឹង​​បន្ថែម​​សំខាន់​​យល់ដឹង​​ពី​បញ្ហា​​គ្រោះមហន្តរាយ​​ឲ្យ​បាន​ស៊ី​ជម្រៅ​ផ្សព្វ​ផ្សាយ​ទាំង​​ធម្មជាតិ​​ទាំង​​មនុស្ស​​ទាំង​ការប្រែ​ប្រួល​អាកាស​ធាតុ​ឲ្យ​បាន​​ដល់​ប្រជាពល​រដ្ឋ​ពិសេស​ក្មេង។

សូមបញ្ជាក់ថា៖ គិត​ចាប់​តាំងពី​ឆ្នាំ​២០០០ មកទល់​ពេលនេះ​​គ្រោះ​មហន្ត​រាយធម្ម​ជាតិ នៅ​កម្ពុជា​​បាន​បំផ្លាញ​​ទ្រព្យសម្បត្តិ​ខូច​ខាត​គិត​​ជា​ទឹកប្រាក់​​អស់​ជិត២​ពាន់​លាន​​ដុល្លារ និង​មាន​​មនុស្ស​​ស្លាប់​ជិត​២ពាន់​​នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative